សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, July 3, 2013

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​ចាប់​ផ្ដើម​បិទ​ផ្សាយ​នៅ​គណកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត

ដោយ អ៊ឹម រច
លោកទេព និថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត
RFI/Pen Bona
ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​រៀប​ចំ​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​សម្រួល​ដល់អ្នក​បោះ​ឆ្នោត​ឲ្យ​ងាយ​រក​ឃើញ​ឈ្មោះ​របស់​ពួក​គេ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ នៅ​ឆ្នាំ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចាត់​ចែង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ គណកម្មការ​ឃុំ-សង្កាត់ តាំង​ពី​១​ខែ​មុន​ការ​បោះ​ឆ្នោត ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​មុន​ៗ។


ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​មុន​ៗ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់ ត្រូវ​បាន​បិទ​ផ្សាយ​នៅ គណៈកម្មការ​ឃុំ-សង្កាត់ រៀប​ចំ​ការ​បោះ​ឆ្នោត មួយ​ខែ​មុន​ការ​បោះ​ឆ្នោត។ សម្រាប់​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១២ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ត្រូវ​បាន​បិទ​ផ្សាយ​នៅ​គណៈកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត តែ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។
លោក​ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ឲ្យ​ដឹង​ថា ឆ្លង​កាត់​តាម​ការ​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សា​​ជាមួយ​តំណាង​គណបក្ស និង​អង្គការ​សង្គម​ស៊ីវិល​កន្លង​មក មាន​ការ​លើក​សំណើ​នេះ​ឡើង ដោយ​ហេតុ​ថា ប្រជាពលរដ្ឋ ចង់​ពិនិត្យ​មើល​បញ្ជី​បោះ​ឆ្នោត​មុន ដើម្បី​ផ្ទៀង​ផ្ទាត់​ជាមួយ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​គាត់។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ខុស​ពី​ឯកសារ​បញ្ជាក់​ អត្តសញ្ញាណ​របស់គាត់ គាត់​ត្រូវ​រក​ឯកសារ​អត្តសញ្ញាណ​មួយ​ណា​របស់​គាត់ ដែល​ត្រឹម​ត្រូវ​ដូច​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បោះ​ឆ្នោត។

លោក​ទេព នីថា បញ្ជាក់​បន្ថែម​ថា ការ​បិទ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​យូរ​១​ខែ​មុន​ការ​បោះ​ ឆ្នោត​នេះ គ្រាន់​តែ​ជា​ការ​បន្ថែម លើ​មធ្យោបាយ​ទាំង​ឡាយ​ដែល គ.ជ.ប. បាន​ធ្វើ​កន្លង​មក ដើម្បី​ជួយ​សម្រួល​អ្នក​បោះ​ឆ្នោត​ឲ្យ​ងាយ​រក​ឃើញ​ឈ្មោះ​របស់​ខ្លួន​ក្នុង​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

អ្នក​បោះ​ឆ្នោត អាច​ស្វែង​រក​ឈ្មោះ​របស់​ខ្លួន តាម​រយៈ​គេហទំព័រ www.voterlist.org.kh លេខ​ទូរស័ព្ទ​ពិសេស​ឥត​គិត​ថ្លៃ​​៥​ខ្សែ គឺ (០១១⁄០១៦⁄០៨១⁄០៨៦⁄០៩៩ ៩៨ ៧៧ ៦៦) និង​ការ​ចុះ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ដល់​គេហដ្ឋាន​ផ្ទាល់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា កន្លង​មក​នេះ៕
ប្រភពពី៖ ខេមរភាសា


ចង្កៀងគោម​ដុត​ឆេះ​រោងចក្រ​ខ្ទេច​គ្មាន​សល់​
























​ករណី​អគ្គីភ័យ​ដ៏​ធំ​មួយ បាន​ដុត​កម្ទេច​កៅស៊ូ ១០០.០០០ តោន នៅ​រោងចក្រ​មួយ នា​ប្រទេស​អង់គ្លេស ហើយ “​ជនល្មើស​” គឺជា​ចង្កៀង​គោម​១ ផលិត​នៅ​ប្រទេស​ចិន ។​
​ករណី​អគ្គីភ័យ​ដ៏​ធំ នៅ​រោងចក្រ​ច្នៃ​ផលិត​កៅស៊ូ J & A Young នៅ Smethwock, Birangham តំបន់ West Midland នា​យប់​ថ្ងៃទី​៣០ មិថុនា ។​
​មេប៉ូលីស​ពន្លត់អគ្គីភ័យ លោក Steve Vincent បាន​ឲ្យ​ដឹងថា អគ្គីភ័យ​គ្របដណ្តប់​លើ​រោងចក្រ​ទាំងមូល ក្នុងអំឡុងពេល​តែ ៨ នាទី​ប៉ុណ្ណោះ បន្ទាប់ពី​ចង្កៀង​គោម១ បាន​ធ្លាក់ចុះ​មកលើ​ឃ្លាំងទំនិញ ។ គេ​បាន​ពិនិត្យឃើញ​ចង្កៀង​គោម​នេះ តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ។

 អគ្គីភ័យ​នេះ មាន​កម្ពស់ ១៨០០ ម៉ែត្រ​

 ​វត្ថុ​ធាតុ​កៅស៊ូ​កែច្នៃ​ប្រមាណ ១០០.០០០ តោន ត្រូវ​ឆេះ​ខ្ទេច​គ្មាន​សល់​

 ​រថយន្ត​ពន្លត់អគ្គីភ័យ ៣៥ គ្រឿង និង​ទាហាន ២០០ នាក់ បាន​បញ្ជូន​មកកាន់​ក​ន្លែ​ង​កើតហេតុ​

​ទាហាន​ពន្លត់អគ្គីភ័យ ១០ នាក់ រងរបួស ក្នុង​ប្រតិបត្តិ​នេះ​

 ​ពលរដ្ឋ​នៅក្បែរនោះ ត្រូវ​ប្រកាសអាសន្ន​ឲ្យ​បិទ​បង្អួច​ទ្វារ ដើម្បី​បញ្ជៀ​ស​ផ្សែង​

​ទាហាន​ពន្លត់អគ្គីភ័យ​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​




 ចង្កៀង​គោម កំពុង​និយម​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ហើយ​គេ​ក៏មាន​កង្វល់​នឹង​លទ្ធភាព​បង្ក​អគ្គីភ័យ​របស់​វា​ផងដែរ ។​

ប្រភពពី៖ ខ្មែរស្ថាបនា


អ្នកភូមិចំនួន ៤ ក្នុងស្រុកបន្ទាយស្រី លើកគ្នាមកតវ៉ាឲ្យអាជ្ញាធរដោះស្រាយ ដីទំនាស់ជាង ៧០០ ហិចតា

សៀមរាប: អ្នកភូមិប្រមាណជិត ១០០ នាក់ មកពីភូមិចំនួន ៤ នៃស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី៣ ខែកក្កដា បានលើកគ្នាមកតវ៉ាឲ្យអាជ្ញាធរ ខេត្តជួយដោះស្រាយដីទំនាស់ ៧៩៥ ហិចតា ប៉ុន្តែក្រុមអ្នកភូមិបានវិលទៅមូលដ្ឋានរៀងខ្លួនវិញ នៅព្រឹកថ្ងៃដដែល បន្ទាប់ពីមន្ត្រីសាលាខេត្ត បានសម្របសម្រួល។
  
ភូមិទាំង ៤ ដែលមានដីទំនាស់ រួមមាន ភូមិស្គន់មានដី ១២០ ហិចតា ភូមិត្បែងខាងលិច ៤២៧ ហិចតា ភូមិតាពេន ៩០ ហិចតា និងភូមិតានី ១៥៨ ហិចតា។
ក្រុមអ្នកភូមិ ដែលធ្វើដំណើរដោយគោយន្តកន្ត្រៃ ចំនួន ៦ គ្រឿងនោះ សមត្ថកិច្ចពុំបានអនុញ្ញាតឲ្យចូលទៅកាន់ក្រុងសៀមរាបទេ គឺនៅចរចាគ្នាត្រឹមតែចំណុចរង្វង់មូល ស្រុកបន្ទាយស្រី។

ក្នុងខណៈពេលកំពុងប្រមូលផ្តុំគ្នា បំពងសំឡេងដោយមីក្រូ នៅចំណុចរង្វង់មូល ស្រុកបន្ទាយស្រី អភិបាលស្រុក និងនាយក ប្រតិបត្តិ សាលាខេត្តបានចុះទៅដល់។ ការចរចាគ្នាអំពីការលើកហេតុផល របស់ក្រុមអ្នកភូមិអស់រយៈពេលជាច្រើនម៉ោង ក្រុមអ្នកភូមិក៏បានបំបែកហ្វូង វិលទៅផ្ទះរឿងខ្លួនវិញ។
  
ក្នុងការជំនួបនោះ លោក លី សំរិទ្ធ នាយកប្រតិបត្តិ សាលាខេត្តសៀមរាប បានលើកឡើងថា ទោះក្នុងករណីណា អាជ្ញាធរនឹងដោះស្រាយជូនបងប្អូន។ ដូច្នេះតំណាង ភូមិទាំង ៤ ត្រូវប្រមូកឯកសារឲ្យបានគ្រប់គ្រាន់ ហើយរសៀលថ្ងៃទី៣ខែកក្កដានេះ អភិបាលរងខេត្ត លោក នូ ផល្លា ចុះទៅដោះស្រាយដល់ភូមិតែម្តង។
គួរបញ្ជាក់ថា ក្រុមអ្នកភូមិខាងលើនេះ ធ្លាប់បានលើកគ្នាមកបិទផ្លូវជាតិលេខ៦ម្តងហើយ នៅចំណុចខាងកើតផ្សារអង្គ្រង ដើម្បីបង្ខំឲ្យអាជ្ញាធរដោះស្រាយដីទំនាស់របស់ពួកគេ។ ចំណែកឯលទ្ធផលយ៉ាងណានោះគឺ អាចដឹងនៅរសៀលថ្ងៃទី៣កក្កដានេះ បន្ទាប់ពីអាជ្ញាធរខេត្តចុះទៅដោះស្រាយដល់ភូមិកើតហេតុ៕













 ប្រភពពី៖ khmer-note

Tuesday, July 2, 2013

សាក្សី​ផ្តល់​ចម្លើយ​ផ្ទុយ​គ្នា​រឿង​សម្លាប់​ទ័ព​លន់នល់

 
លោក​ នួន ជា​​ បង​ធំ​ទី​ពីរ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​ជា​ជន​ជាប់​ចោទ​​ក្នុង​សំណុំ​រឿង​ ០០២។ រូបថត ECCC

ភ្នំពេញៈ ចម្លើយ​កសិណ​របស់​សាក្សី​លោក​ពេជ្រ ជឹម នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិលមិញ​មាន​ចំណុច​ផ្ទុយ​គ្នា​ជា​ច្រើន​ដោយ​អតីត​កម្មាភិបាល​ថ្នាក់ ​ស្រុក​រូប​នេះ​បាន​កែ​ប្រែ​សេចក្តី​ថ្លែង​ជា​ច្រើន​នៅ​ពេល​រសៀល ដែល​ខុស​ពី​អ្វី​ដែល​លោក​បាន​ថ្លែង​ក្នុង​ពេល​សវនាការ​ពេល​ព្រឹក។
ការ​ផ្លាស់​ប្តូរ​សេចក្តី​ថ្លែង​ចំណុច​ផ្លាស់​ប្តូរ​នេះ​ហាក់​ដូច​ជា​កើត ​ឡើង បន្ទាប់​ពី​លោក Victor Koppe មេធាវី​ការពារ​លោក នួន ជា បាន​ចោទ​សួរ​អំពី​ភាព​អាច​ទុក​ចិត្ត​បាន របស់​លោក ជឹម លើ​ប្រធានបទ​សម្លាប់​ទាហាន និង​មន្រ្តី​របប លន់ នល់ ដោយ​ចុង​ក្រោយ បាន​សួរ​ថា តើ​លោក ជឹម ដែល​ជា​អតីត​លេខាធិការ​ស្រុក ផ្ទាល់​បាន​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់ ពិឃាត​សត្រូវ​ដែរ​ឬ​យ៉ាង​ណា ទោះ​ផ្ទៃ​ក្នុង ឬ​ផ្ទៃ​ក្រៅ​ក្តី។

ស្រ្តីជាម្ចាស់ហាងកោសជប់ ត្រូវប៉េអឹមទំនើង បាញ់បែកប្រអប់ជើង

ភ្នំពេញ:  ស្ត្រី​ជា​ម្ចាស់​ហាង​កោស​ជប់​ម្នាក់ បាន​រងរបួស​បែក​ប្រអប់ជើង​ស្តាំ ដោយសារ​មិន​ព្រម​កោស​ជប់​ឲ្យ​មន្ត្រី​ប៉េអឹម​ទំនើង​ម្នាក់ ហើយ​ត្រូវ​ប៉េអឹម​នោះ​បាញ់​
​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ឈានចូល​ថ្ងៃទី​២ ខែ​កក្ត​ដា ឆ្នាំ​២០១៣​នេះ នៅផ្ទះ​កើតហេតុ​លេខ​លេខ​២៨២ ផ្លូវ​លេខ​៣៧១
​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ កែវ ស្រី​ពៅ អាយុ​៣៧​ឆ្នាំ មុខរបរ​បើកហាង​កោស​ជប់ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ រងរបួស​ត្រង់​ប្រអប់​​ជើងឆ្វេង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។​

 ចំណែក​ប៉េអឹម​ទំនើង​មានឈ្មោះ នី អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​
​ជនល្មើស​ប្រើប្រាស់​អាវុធ​ម៉ាក ប៉េអាកុល​។ ក្រោយពី​បង្កហេតុ​បាន​ឡើង​ជិះ​រត់​យន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ៧០១០ ចេញ​
​ទៅដោយ​សុវត្ថិភាព មិន​បង្ក​ឲ្យ​ភ្ងា​ក់​ផ្អើល​ដល់​សមត្ថកិច្ច​ឡើយ​។​ ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនល្មើស ជា​មន្ត្រី​ប៉េអឹម បាន​ទៅរក​កោស​ជប់​នៅផ្ទះ​កើតហេតុ​ខាងលើ​​ពេលទៅដល់​ជនល្មើស​មិន​ព្រម​ កោសខ្យល់​ជាមួយ​កូនចៅ​ស្ត្រី​រងគ្រោះ​នោះទេ គឺ​ចង់​កោស​ជប់​ជាមួយ​ម្ចាស់​ហាង តែ​ស្ត្រី​រងគ្រោះ​ជា​ម្ចាស់​ហាង​ជាប់រវល់​ឲ្យ​កូន​ប៉ៅ​។ ក្រោយមក​ជនល្មើស បាន​ឡើង​ជិះ​រថយន្ត​ចេញទៅ ហើយ​ហាង​កោស​ជប់​ក៏បាន​បិទ​ដែរ​។​
​ក្រោយមក​ជនល្មើស បាន​ដើរ​ត្រឡប់មក​ហាង​កោស​ជប់​វិញ ក៏​ដក់​កាំភ្លើង​ពី​ចង្កេះ បាញ់​មាត់ទ្វារ​ចំនួន ៤ គ្រាប់​ផ្ទុះ ៣ គ្រាប់​បណ្តាល​ទៅ​ត្រូវ​ប្រអប់ជើង​ស្ត្រី​រងគ្រោះ​ជា​ម្ចាស់​ហាង និង ១ គ្រាប់​ស្អុយ ហើយ​បាន​រត់គេចខ្លួន​៕
ប្រភពពី៖​​ khmer-note

សមត្ថកិច្ច​ប្រើ​ហិង្សា​​លើ​ស្ត្រី​អ្នកភូមិបឹងកក់និង​បុរី​កីឡា​

ស្ត្រីបឹងកក់រងអំពើហិង្សាកាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
 ស្ត្រីម្នាក់នេះរងនូវការច្របាច់កសើ្ទរស្លាប់ពីកងកម្លាំងសមត្ថ​កិច្ច​ កាលពីថ្ងៃ​ម្សិល​មិញ​ នៅ​ពេល​ដែល​គាត់​និង​សកម្ម​ជន​ដី​ធ្លី​មក​ពី​សហគមន៍​បឹង​កក់​និង​បុរី​កី​ឡា ​ប្រមាណ​ជាង​១០០​នាក់​ផ្សេង​ទៀត​ បាន​ប្រ​មូល​ផ្តុំ​គ្នាតវ៉ា​នៅ​លើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស​ មុខ​សាលា​រាជធានី​ភ្នំពេញ​ ដើ​ម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហាដី​ធ្លី។
នៅព្រឹកថ្ងៃអង្គារ ទី២ ខែ​កក្កដា​នេះទៀត សកម្ម​ជន​ដីធ្លី​មកពី​សហគ​មន៍​បឹងកក់​ និង​បុរីកីឡា​ប្រមាណ​ជាង ១០០​ នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ នៅលើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស មុខ​សា​លា​រាជ​ធានីដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ពន្លឿន​នីតិវិធី​​ដោះស្រាយ ​​​ជម្លោះ​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​របស់​ពួក​គាត់ ឲ្យ​បាន​សម្រេច​​មុន​​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់​។
ការ​តវ៉ា​​របស់​ប្រជា​​ពល​រដ្ឋ​​ទាំង​នេះ ធ្វើ​ឡើង​ខណៈ​ដែល​គណ​បក្ស​នយោ​បាយ​នីមួយៗ ​រួម​ទាំង​គណ​បក្ស​ប្រ​ជា​ជន​កំពុង​ឃោស​​នា​ពីគោល​​នយោ​បាយ​«អភិវឌ្ឍ​ន៍​​ សេដ្ឋ​កិច្ច និងកំណែ​ទម្រង់​ដីធ្លី» របស់​ខ្លួន ដើម្បី​ស្វែង​រក​សំឡេង​គាំ​ទ្រ​នៅ​ក្នុង​អំឡុង​​នៃ​យុទ្ធ​នា​ការ​ឃោសនា​បោះ​ ឆ្នោត​។
ក្រុម​អ្នក​ភូមិ​បាន​សម្តែង​នូវ​ក្ដី​បារម្ភថា ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ពួក​គាត់​អាច​នឹងត្រូវ​​បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន ដោយ​បង្ខំ​សា​ជាថ្មី  ប្រសិន​បើ​អាជ្ញាធរ​មិន​គិត​គូរដោះ​​ស្រាយ​បញ្ហាវិ​វាទ​ដីធ្លី​ឲ្យ​ពួក​គាត់ ​ឲ្យ​បាន​​​រួច​រាល់​មុន​ថ្ងៃ​បោះ​ឆ្នោត​ទេ​នោះ​។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍

Monday, July 1, 2013

សង្គម​ស៊ីវិល​មួយ​ចំនួន​ថ្កោលទោស​សេចក្ដី​ណែនាំ​ក្រសួង​ព័ត៌មាន

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះគន់ និង​ថ្កោលទោស​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ដែល​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​នូវ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ជា​ភាសា​ ខ្មែរ។ សង្គម​ស៊ីវិល​ហៅ​សេចក្តី​ណែនាំ​នោះ​ថា ជា​អំពើ​រំលោភ​ច្បាប់ និង​រំលោភ​លើ​សេរីភាព​ប្រជាពលរដ្ឋ។

៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ផ្ដល់​បទ​សម្ភាសន៍ នៅ​ការិយាល័យ​របស់​លោក។
RFA/Tin Zakariya
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មិថុនា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​ជា​ភាសា​អង់គ្លេស​មួយ ដែល​រៀបរាប់​លម្អិត​ពី​ខ្លឹមសារ​នៃ​លិខិត​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ចេញ​លិខិត​ណែនាំ មាន​អត្ថន័យ​មិន​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ និង​តុល្យភាព​ពី​វិទ្យុ​បរទេស​និយាយ​ជា​ភាសា​ខ្មែរ។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្ញើ​សេចក្តី​ប្រកាស​បន្ទាន់​នេះ ទៅ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​លើ​ពិភពលោក។
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា សាធារណជន​ជាច្រើន​ជឿជាក់​ថា លិខិត​នេះ​ធ្វើ​ឡើង​សំដៅ​លើ​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អន្តរជាតិ​មួយ​ចំនួន​ទៀត ដែល​ផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​វិភាគ​លម្អិត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្រើន​ពី​ស្ថានភាព​សង្គម វប្បធម៌ និង​នយោបាយ​នៅ​កម្ពុជា។
មន្ត្រី​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​ មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា មាន​ប្រសាសន៍​ថា លិខិត​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ និង​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
នៅ​ដំណាល​គ្នា​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថ្កោល​ទោស​ចំពោះ​ក្រសួង​ព័ត៌មាន ហើយ​បាន​ហៅ​លិខិត​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ថា ជា​ចេតនា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​តែ​ម្ខាង មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​សង្គម នាំ​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ។
តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ទង្វើ​របស់​ក្រសួង​ព័ត៌មាន ជា​ទង្វើ​ខុស​ច្បាប់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច​ទំនង​ជា​ខ្លាច​ចាញ់​ឆ្នោត​គណបក្ស​ប្រឆាំង ទើប​ធ្វើ​បែប​នេះ។ ប៉ុន្តែ ការ​ធ្វើ​បែប​នេះ​មិន​ចំណេញ​ឡើយ គឺ​ខាត​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល​តែ​ម្តង។
ចំណែក​ឯ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ ​មនុស្ស (Human Rights Watch) ដែល​ទទួល​បន្ទុក​កិច្ចការ​អាស៊ី លោក ហ្វីល រ៉ូប៊ីនសាន់ (Phil RoBenson) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ឲ្យ​ពលរដ្ឋ​ទទួល​បាន​នូវ​ព័ត៌មាន​តែ​ម្ខាង​ដែល​រដ្ឋាភិបាល​ផ្តល់​ ឲ្យ។ លោក​បន្ត​ថា សេចក្តី​ណែនាំ​នេះ​ជា​បំរាម​មួយ​ដ៏​អាក្រក់​សម្រាប់​ពលរដ្ឋ​កម្ពុជា។ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន មាន​បំណង​ចង់​យក​ចំណេញ​ច្រើន​ពី​បំរាម​នេះ។
ឆ្លើយ​តប​នឹង​ការ​រិះគន់​ផ្ទួនៗ​គ្នា​បែប​នេះ ប្រធាន​នាយកដ្ឋាន​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូវុធ បកស្រាយ​ថា ក្រសួង​ព័ត៌មាន​ធ្វើ​នេះ​ដើម្បី​ធានា​កុំ​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​ លម្អៀង​កាន់​ជើង​គណបក្ស​មួយៗ​ប៉ុណ្ណោះ មិន​មាន​បំណង​បំបិទ​មាត់​បំបិទ​ត្រចៀក​ពលរដ្ឋ​នោះ​ឡើយ។ លោក​បន្ត​ថា ក្រសួង​ព័ត៌មាន មិន​អាច​ហាម​ឃាត់​ការ​ផ្សាយ​របស់​វិទ្យុ​បរទេស​បាន ទើប​សម្រេច​ចិត្ត​ផ្អាក​មិន​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ទទួល​ផ្សាយ​បន្ត​ កម្មវិធី​នៃ​វិទ្យុ​បរទេស​ទាំង​នោះ។
ទោះ​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ក៏​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះគន់ និង​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន​ដក​បំរាម​នេះ​ដែរ។ កាល​ពី​ពេល​កន្លង​ទៅ ក្រសួង​ព័ត៌មាន មិន​បាន​ហាម​ឃាត់​អ្វី​ឡើយ​ចំពោះ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​ បក្ស​កាន់​អំណាច។ ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ត្រូវ​នឹង​ថ្ងៃ​ទី២ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា វិទ្យុ​សំបុក​ឃ្មុំ ដែល​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ផ្អាក​នេះ ក៏​ត្រូវ​មន្ត្រី​ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​បិទ​កម្មវិធី​វិទ្យុ​អាស៊ីសេរី ទាំង​កណ្ដាល​ទី។
របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ អាយ.អ.អាយ (IRI) កាល​ពី​ដើម​ឆ្នាំ​២០១៣ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ១២% ដែល​ទទួល​បាន​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី៕

ប្រភពពី៖ វិទ្យុអាស៊ីសេរី