សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, September 3, 2013

ឥណ្ឌា​ដាក់បញ្ចូល​យន្តហោះ​ដឹកជញ្ជូន​ទ័ព​ធំ​បំផុត​នៅលើ​ពិភពលោក ចូលក្នុង​កងកម្លាំង​ការពារជាតិ​​


ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ បានដាក់​បញ្ចូល​ទៅក្នុង​កងកម្លាំង​ការពារជាតិ​របស់ខ្លួន នូវ​ប្រភេទ​យន្តហោះ​ដឹកជញ្ជូន​ទ័ព​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក C-17 Globemaster III ។​
​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា A.K. Antony បាន​និយាយថា ការដាក់បញ្ចូល​ជា​ផ្លូវការ នូវ​ភេទ​យន្តហោះ​ដឹកទ័ព​ធុន​ធ្ងន់ C-17 ទម្ងន់ ៧០ តោន​នេះ គឺ​ដើម្បី​បម្រើ​សេវាកម្ម​បន្ថែម នៅឯ​មូលដ្ឋាន​ទ័ពអាកាស Hindon ដែលមាន​ចម្ងាយ ៣០ គីឡូម៉ែត្រ ពី​រដ្ឋ​រដ្ឋធានី New Delhi ។​

​លោក Antony បាន​បន្តថាៈ “​ការដាក់បញ្ចូល​យន្ត​ហោះ​នេះ គឺជា​ដំណើរ​អភិវឌ្ឍន៍​ដ៏​ធំធេង​មួយ សម្រាប់​កងទ័ព​ឥណ្ឌា ហើយ​វា​នឹង​ប្រតិបត្តិ​តាម​គម្រោង​យុទ្ធសាស្ត្រ​ដ៏​ប៉ិនប្រសព្វ​មួយ និង​ក៏​ជា​ប្រតិបត្តិការ​មិនមែនជា​ប្រពៃណី​ផងដែរ​” ។​

​យន្តហោះ​នេះ ត្រូវបាន​ផលិតឡើង​ដោយ​អាមេរិក អាច​ដឹក​កងទ័ព​បាន​ប្រហែល ១៥០ នាក់ និង​ត្រូវបាន​បម្រុង ដើម្បី​ជំនួស​ឲ្យ​យន្តហោះ IL-76 ផលិត​ដោយ​រុស្ស៊ី​ដែលមាន​វ័យ​ចំណាស់​ទៅហើយ ។​

​សូមបញ្ជាក់ថា រហូតមកទល់​ពេលនេះ ឥណ្ឌា​បានទទួល​យន្ត​ដឹកជញ្ជូន​ទ័ព C-17 ចំនួន ៣ គ្រឿង​ហើយៗ រំពឹងថា នឹង​ទទួលយក ៧ គ្រឿង​បន្ថែមទៀត នៅ​ចុងឆ្នាំ​ក្រោយនេះ ដែល​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ឥណ្ឌា​បាន​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១១ ៕​

ប្រភពពី៖ ខ្មែរស្ថាបនា

ស៊ីរី ជា​ជង្រុក​ស្តុក​អាវុធគីមី​ដ៏​សំខាន់​មួយ និង​មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​ពិភពលោក

រូបថត​លោក​ប្រធានាធិបតី​ស៊ីរី អាសាដ
REUTERS/Khaled al-Hariri/Files
 នៅ​ ក្នុង​ប្រទេស​ស៊ីរី អ្វី​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​កំពុង​ព្រួយបារម្ភ និង​បញ្ចេញ​ប្រតិកម្ម​ខ្លំាង​នោះ គឺ​ការ​ប្រើ​អាវុធគីមី។ រហូត​មក​ដល់​សព្វថ្ងៃ និង​ឲ្យ​តែ​មាន​ការ​ផ្ទុះ​ចេញ​នូវ​ការ​ប្រើអាវុធគីមី​ម្តងៗ រដ្ឋាភិបាល និង​ក្រុមប្រឆំាង​តែងតែ​បាន​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក។ តើ​វត្តមាន​អាវុធគីមី​នៅ​ស៊ីរី​បាន​ចាប់​កំណើត​យ៉ាង​ដូចម្តេច និង​ថា​តើ​មាន​ប្រទេស​ណា​ខ្លះ​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ស៊ីរី​ឲ្យ​ចេះ​ ផលិតអាវុធគីមី ?

អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ដើម​ទសវត្ស​ឆ្នំា ៨០ បន្ទាប់​ពី​ប្រទេស​ស៊ីរី​បាន​ចាញ់​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ចំនួន ៣លើក​បន្តបន្ទាប់​គ្នា គឺ​ឆ្នំា ១៩៦៧ ១៩៧៣ និង​ម្តង​ទៀត​ក្នុង​ឆ្នំា ១៩៨២។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ​ដែល​ស៊ីរី​បាន​ផ្តើម​អភិវឌ្ឍ​កម្មវិធី​អាវុធ​គីមី​ ស្ងាត់ៗ​ដោយ​លើក​យក​ហេតុផល​ថា អ៊ីស្រាអែល​ក៏​បាន​លួច​ធ្វើ​ការ​អភិវឌ្ឍន៍​គ្រាប់បែក​បរមាណូ​ដែរ។ ទីក្រុង​ដាម៉ាស​បាន​ពន្យល់​បក​ស្រាយ​ថា ខ្លួន​មិន​អាច​បោះបង់​ចោល​នូវ​កម្មវិធី​អាវុធគីមី​របស់​ខ្លួន​បាន​ទេ ដរាប​ណា​អ៊ីស្រាអែល​នៅ​តែ​ជា​ប្រទេស​គំរាមកំហែង​សន្តិសុខ​ចំពោះ​ខ្លួន​នោះ។ ស៊ីរី​បាន​ចាប់​ផ្តើម​ផលិត​អាវុធគីមី​ដោយ​ខ្លួន​ឯង​ក្នុង​ឆ្នំា ១៩៧១ នៅ​មជ្ឈមណ្ឌល​សិក្សា និង​ស្រាវជ្រាវ​ក្នុង​ទីក្រុង​ដាម៉ាស។ សព្វថ្ងៃ មជ្ឈមណ្ឌល​នេះ​ជា​អ្នកគ្រប់គ្រង​កម្មវិធី​អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

នៅ​ពេល​ចាប់​ផ្តើម​ផលិត​អាវុធគីមី​លើកដំបូង ទីក្រុង​ដាម៉ាស​អត់ស្គាល់​បច្ចេកវិជ្ជា និង​ក៏​គ្មាន​ចំណេះដឹង​ផ្នែក​វិទ្យាសាស្រ្ត​អ្វី​ដើម្បី​ផលិតអាវុធគីមី​ឲ្យ​ បាន​ជោគជ័យ​ដែរ។ តែ​ជំនួយ​ពី​ប្រទេស​ជិតខាង ក៏​ដូច​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​អនុញ្ញាត​ឲ្យ​ស៊ីរី​ក្លាយ​ជា​ប្រទេស​ ដែល​អាច​ផលិត​អាវុធគីមី​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ដែល​មាន​បរិមាណស្តុក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពិភពលោក។ បទពិសោធន៍ និង​សមត្ថភាព​នៃ​ការ​ផលិត​អាវុធគីមី​ដែល​ស៊ីរី​មាន​បច្ចុប្បន្ន គឺ​បាន​មក​ពី​ជំនួយ​របស់​អ្នកដទៃ​តែ​ម្តង។

យោង​តាម​មជ្ឈមណ្ឌល​សិក្សា​ផ្នែក​សន្តិសុខ​អន្តរជាតិ និង​គ្រប់គ្រង​គ្រឿងសព្វាវុធ​ឲ្យ​ដឹង​ថា អេហ្ស៊ីប គឺ​ជា​ប្រទេសទី១​​ដែល​បាន​លក់​សមាសភាពគមី​ទៅ​ឲ្យ​ស៊ីរី មុន​សង្រ្គាម Kippour ក្នុង​ឆ្នំា ១៩៧៣។ តែ​តំាង​ពី​ទសវត្ស​ឆ្នំា ៨០ មក ទីក្រុង​ដាម៉ាស​ក៏​បាន​ផ្តើម​អភិវឌ្ឍ​កម្មវិធី​អាវុធគីមី​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សហភាពសូវៀត អ៊ីរ៉ង់ ចិន និង​ប្រទេស​កូរ៉េខាងជើង។ ស៊ីរី​មាន​ទីតំាង​ផលិត​អាវុធគីមី​មិន​តិច​ជាង ៤កន្លែង​ទេ។ យោង​តាម​ក្រុមហ៊ុន Global Security មាន​សមាសភាព​គីមី​ភាគច្រើន​ត្រូវ​បាន​ស៊ីរី​នំា​ចូល​ពី​ប្រទេស​អឺរ៉ុប ដូច​យ៉ាង​ហូឡង់ ស្វីស បារំាង អូទ្រីស និង​អាល្លឺម៉ង់។ ពី​ប្រទេស​បារំាង ទីក្រុង​ដាម៉ាស​បាន​ទិញ​ផលិតផល​ថ្នំាពេទ្យ​មួយ​ចំនួន​ដែល​អាច​យក​ទៅ​ផ្សំ​ ធ្វើ​ជា​អាវុធគីមី​បាន នេះ​បើ​យោង​តាម​ក្រុមហ៊ុន Global Security។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​ស៊ីរី​ក៏​បាន​នំា​ចូល​នូវ​ផលិតផល​គីមី​មួយ​ចំនួន​ដែល​អាច​ប្រើ​ បាន​នៅ​ក្នុង​វិស័យ​កសិកម្ម​ផង និង​ផ្សំ​ធ្វើ​ជា​អាវុធគីមី​គ្រប់​ប្រភេទ​ផង។

គឺ​ទើប​តែ​នៅ​ក្រោយ​ឆ្នំា ១៩៨៥ ទេ ដែល​ការ​នំា​ចូល​សមាសភាពគីមី​មាន​ការ​លំបាក​ខ្លំាង ក្រោយ​ពី​អង្គការ Australia Group បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ការ​ពង្រឹង​លើ​ការ​នំា​ចេញ​ផលិតផល​គីមី។ អង្គការ Australia Group ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ៤០ ដើម្បី​ប្រយុទ្ធប្រឆំាង​នឹង​ការ​សាយភាយ​សារធាតុ​គីមី ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ប្រើ​អាវុធគីមី​ប្រឆំាង​ជនជាតិ Kurde ក្នុង​ប្រទេស​អ៊ីរ៉ាក់។ តំាង​ពី​ពេល​នោះ​មក និង​ដើម្បី​អាច​បន្ត​ការ​អភិវឌ្ឍន៍​កម្មវិធី​អាវុធគីមី​របស់​ខ្លួន ទីក្រុង​ដាម៉ាស​ក៏​បាន​ងាក​ទៅ​រក​តែ​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លិច​ពីរ​ ប្រទេស គឺ​រុស្ស៊ី និង​អ៊ីរ៉ង់។

យោង​តាម​ក្រុម​អ្នកឯកទេស​យោធា ស៊ីរី​ច្រើន​ស្តុក​សារធាតុគីមី​របស់​ខ្លួន​ក្រោម​ទ្រង់ទ្រាយ​ជា​វត្ថុរាវ​នៅ ​ក្រោមដី​យ៉ាង​ជ្រៅ និង​ដោយ​មាន​សន្តិសុខ​យ៉ាង​ត្រឹមត្រូវ​នៅ​តាម​មូលដ្ឋាន​យោធា​សំខាន់ៗ​របស់​ ខ្លួន។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ស្តុកទុក​នៅ​ក្នុង​រូងព្រៃភ្នំ​ដាច់​ស្រយាល​ដែរ។ តាម​ក្រុមអ្នកឯកទេស​យោធា​ដដែល ស៊ីរី​បាន​យក​សារធាតុគីមី​ទៅ​ដាក់​នៅ​ក្នុង​ក្បាលគ្រាប់មីស៊ីលអន្តរទ្វីប ឬមួយ​ក៏​នៅ​ក្នុង​ក្បាលគ្រាប់កំាភ្លើងត្បាល់​ជា​ដើម។ មាន​សារធាតុគីមី​ជា​ច្រើន​ប្រភេទ​ដែល​ស៊ីរី​បាន​ផលិត ក្រោម​រូបភាព​ជា​ឧស្ម័នគីមី តែ​អ្វី​ដែល​គ្រប់គ្នា​បាន​និយាយ និង​បាន​ឮ​មក​ដល់​ពេល​នេះ​នោះ គឺ​ការ​ប្រើ​ឧស្ម័នសារ៉ាង « Gaz sarin) ពី​សំណាក់​ទាហាន​ស៊ីរី​វាយប្រហារ​លើ​ក្រុមប្រឆំាង។ ឧស្ម័នសារ៉ាង គឺ​ជា​ឧស្ម័នពុលខ្លំាង និង​ដែល​មាន​ប្រតិកម្មផ្ទាល់​យ៉ាង​សាហាវ​លើ​ប្រព័ន្ធសរសែប្រសាទ​របស់​មនុស្ស ក៏​ដូច​ជា​សត្វ។

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​អាច​ដឹង​បាន​ទេ​ថា តើ​ស៊ីរី​មាន​ស្តុកបរមាណ​អាវុធគីមី​ប៉ុន្មាន​តោន​នោះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទៀត ក៏​ក្រុម​ប្រទេសលោកខាងលិច​ដែល​មាន​អាមេរិក​ជា​មេខ្លោង ក៏​នៅ​តែ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា របបក្រុង​ដាម៉ាស​ជា​អ្នក​ប្រើ​អាវុធគីមី​សម្លាប់​ពលរដ្ឋខ្លួន។ តែ​ទីក្រុង​ដាម៉ាស​ធ្លាប់​បាន​បញ្ជាក់​ម្តងហើយ ម្តង​ទៀត​ថា ខ្លួន​ប្រើ​អាវុធគីមី​តែ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ឈ្លានពាន​ពី​ខាង​ក្រៅ​ តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​ប្រើ​ដើម្បី​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ទេ។ អ្វី​ដែល​បស្ចិមលោក​ហ៊ាន​អះអាង​នៅ​ពេល​នេះ​នោះ​គឺ​ថា ស៊ីរី គឺ​ជា​ជង្រុក​ស្តុកអាវុធគីមី​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ក្នុង​ ពិភពលោក។ តែ​ទីក្រុង​ដាម៉ាស​ធ្លាប់​បាន​បញ្ជាក់​ម្តងហើយ ម្តង​ទៀត​ថា ខ្លួន​ប្រើ​អាវុធគីមី​តែ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ឈ្លានពាន​ពី​ខាង​ក្រៅ​ តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​ប្រើ​ដើម្បី​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ទេ។

គួរ​រម្លឹកជូន​ថា ស៊ីរី​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញាអន្តរជាតិ​ស្តីពី​ការ​ហាម​ប្រើ​ អាវុធគីមី​ទេ តែ​បាន​គំាទ្រ​ការ​ហាម​មិន​ឲ្យ​ប្រើ​អាវុធ​ប្រល័យលោក​នៅ​តំបន់ដើមបូព៌ា។ ចំណែក​ប្រទេស​អ៊ីស្រាអែល​វិញ ទីក្រុង​ហ៊្សេរុយសាឡិម​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញាអន្តរជាតិ​ស្តីពី​ការ​ ហាម​ប្រើ​អាវុធគីមី តែ​នៅ​មិន​ទាន់​បាន​ឲ្យ​សច្ចាប័ន​ទេ៕

ប្រភពពី៖ ខេមរភាសា

លោក​បារ៉ាក់ អូបាម៉ា​សុំភ្លើងខៀវ​ពី​សភាអាមេរិក មុន​នឹង​វាយប្រហារ​លើ​​ស៊ីរី


លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និងលោក​​អនុប្រធានាធបតី Joe Biden
REUTERS/Mike Theiler
លោក​ ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរិ៍ ទី៣១ សីហា​ថា លោក​បាន​សម្រេចចិត្ត​រួច​ហើយ​ក្នុង​ការ​ប្រើកម្លំាង​យោធា​ដើម្បី​វាយប្រហារ​ ប្រទេស​ស៊ីរី។ ប៉ុន្តែ​មុន​នឹង​អាច​ចាប់​ផ្តើម​យុទ្ធនាការ​នេះ លោក​អូបាម៉ា​បាន​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​អាមេរិក​ជាមុន​សិន។ ដោយឡែក​នៅ​ថ្ងៃ​អាទិត្យ ទី១ កញ្ញា​នេះ បណ្តា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​សម្ព័ន្ធអារ៉ាប់​ក៏​បាន​បើក​ កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។


តាម​ធម្មតា បណ្តា​រដ្ឋមន្រ្តី​ការបរទេស​នៃ​សម្ព័ន្ធអារ៉ាប់​គ្រោង​នឹង​បើក​កិច្ចប្រជុំ​ នៅ​ថ្ងៃ​អង្គារ ទី៣ កញ្ញា​សប្តាហ៍​ក្រោយ។ តែ​ដោយ​មាន​សំណើ​បន្ទាន់​ពី​ប្រទេស​សមាជិក​មួយ​ចំនួន កិច្ចប្រជុំ​ក៏​បាន​សម្រេច​បើក​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី១ កញ្ញា​នេះ។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ជួយ​គំាទ្រ​អន្តរាគមន៍​យោធា​អន្តរជាតិ​លើ​ប្រទេស​ស៊ីរី និង​ស្វែង​រក​សេចក្តីសម្រេចចិត្ត​មួយ​ដើម្បី​ដាក់ទ័ណ្ឌកម្ម​លើ​របប​ក្រុង​ ដាម៉ាស​ដែល​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​កាល​ពី​ថ្ងៃទី២១ សីហា។ សម្រាប់​ក្រុម​ប្រទេស​លោកខាងលិច សម្ព័ន្ធអារ៉ាប់ គឺ​ជា​សម្ព័ន្ធមិត្ត​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ប្រតិបត្តិការយោធា​លើ​ ប្រទេស​ស៊ីរី។ តែ​មាន​ប្រទេស​សមាជិក​ខ្លះ​នៃ​សម្ព័ន្ធអារ៉ាប់​កំពុង​បន្ត​ខ្វែងគំនិត​គ្នា​ ចំពោះ​ប្រតិបត្តិការ​យោធា​អន្តរជាតិ​លើ​ស៊ីរី ដូច​ដែល​ពួក​គេ​ធ្លាប់​និយាយ​មិន​ចុះសម្រុង​គ្នា​កន្លង​មក នៅ​ពេល​ណា​ដែល​មាន​ប្រទេស​អារ៉ាប់​ណា​មួយ​ទទួល​រង​ការ​វាយប្រហារ​យោធា​ពី​ ក្រុមប្រទេស​បស្ចិមលោក។

នៅ​ម្ខាង មាន​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​កាតារ​ដែល​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​ស៊ីរី​តំាង​តែ​ពី​ដើម​មក​ ម្ល៉េះ។ ប្រទេស​ទំាង​ពីរ​នេះ​បាន​សម្លឹង​ឃើញ​អន្តរាគមន៍​យោធា​អន្តរជាតិ​លើ​ស៊ីរី​ថា ជា​ទង្វើ​ផ្តួលរំលំ​របបស៊ីរី​ស្របច្បាប់​របស់​លោក​ប្រធានាធិបតី​អាសាដ។ នៅ​ម្ខាង​ទៀត មាន​ប្រទេស​អាល់ហ្សេរី អេហ្ស៊ីប និង​ទុយនេស៊ី​ដែល​បាន​ប្រឆំាង​ដាច់ខាត​នឹង​អន្តរាគមន៍​យោធា​អន្តរជាតិ។ ប្រទេស​ទំាង​បី​នេះ​បាន​លើក​យក​ហេតុផល​សន្តិសុខ ដោយសារ​តែ​ខ្លួន​មាន​ទីតំាង​ភូមិសាស្រ្ត​ក្បែរ​ប្រទេស​ស៊ីរី។ ចំណែក​ប្រទេស​លីបង់ និង​ហ្ស៊កដានី​ក៏​មិន​ចង់​ឲ្យ​មាន​អន្តរាគមន៍​ដែរ។ តែ​អ្វី​ដែល​សម្ព័ន្ធអារ៉ាប់​បាន​ឯកភាព​គ្នា​កន្លង​មក គឺ​ការ​ចាត់​ទុក​ទង្វើ​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​នៅ​ស៊ីរី​ថា ជា​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​រន្ធត់​ដែល​រដ្ឋាភិបាល​ស៊ីរី​ជា​អ្នក​ទទួលខុសត្រូវ ​ទំាង​ស្រុង។

នៅ​ថ្ងៃ​នេះ បើ​សម្ព័ន្ធអារ៉ាប់​ឯកភាព​គ្នា​ក្នុង​ដាក់​ទ័ណ្ឌកម្ម​លើ​រដ្ឋាភិបាល​ស៊ីរី និង​គំាទ្រ​ឲ្យ​មាន​អន្តរាគមន៍​យោធា​អន្តរជាតិ​លើ​ស៊ីរី សម្ព័ន្ធអារ៉ាប់​ប្រាកដ​ជា​អំពាវនាវ​ឲ្យ​ធ្វើ​ឡើង ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ មាន​ន័យ​ថា មិន​មែន​អាមេរិក បារំាង ឬ​មួយ​ក៏​ក្រុម​សម្ព័ន្ធមិត្ត​របស់​អាមេរិក ជា​អ្នកសម្រេច​ទេ។

លោក​អូបាម៉ា​មិន​ចំាបាច់​សុំ​ភ្លើងខៀវ​ពី​សភា​ទេ

តាម​ធម្មតា លោក​អូបាម៉ា​មិន​ចំា​បាច់​សុំ​ភ្លើងខៀវ​ពី​សភា ដើម្បី​ប្រើ​កម្លំាងទ័ព​វាយប្រហារ​ប្រទេស​ណា​មួយ​ទេ ប្រសិន​បើ​លោក​ពិនិត្យ​ទៅ​ឃើញ​ថា ទង្វើ​របស់​ថ្នាក់ដឹកនំា​ប្រទេស​នោះ គឺ​ជា​ទង្វើ​អមនុស្សធម៌ និង​ដែល​អាច​បង្ក​អសន្តិសុខ ឬមួយ​ក៏​នំា​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិកំាង។ ជាទូទៅ និង​មុន​សម្រេចចិត្ត​វាយប្រហារ​តែ​ម្នាក់​ឯង ប្រធានាធិបតី​អាមេរិក​តែង​តែ​បាន​ព្យាយាម​ប្រមែប្រមូល​សម្ព័ន្ធមិត្ត ដោយ​ឆ្លងកាត់​ភ្លើង​ខៀវ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។ តែ​នៅ​ពេល​ណា​ដែល​គ្មាន​ការ​ឯកភាព​នៅ​ក្នុង​រង្វង់​ក្រុមប្រឹក្សា​សន្តិសុខ ប្រធានាធិបតី​ក៏​ចាប់​ផ្តើម​និយាយ​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ តែ​នៅ​ទីបំផុត មាន ឬ​ក៏​គ្មាន​សម្ព័ន្ធមិត្ត​ចូលរួម ប្រធានាធិបតី​អាច​ចាត់ការ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ទំាង​សុំ​ការ​អនុញ្ញាត​ពី​សភា​ផង។ ជាក់ស្តែង ការ​វាយប្រហារ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នំា ២០០៣ ដោយ​លោក George W Bush។

លោក​អូបាម៉ា​បាន​ពន្យល់​រួច​ហើយ​ថា លោក​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ត​តែ​ម្នាក់​ឯង ដោយ​មិន​ត្រូវ​ការ​សុំ​ភ្លើងខៀវ​ពី​សភា​ទេ តែ​លោក​យល់​ថា បើ​មាន​ការ​ឯកភាព​ពី​សភា​បន្ថែម​ទៀត​នោះ ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​ស៊ីរី​នឹង​កាន់​តែ​មាន​ឥទ្ធិពល​ខ្លំាង និង​មាន​ទម្ងន់​ថែម​ទៀត។

តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ឃើញ​ថា នេះ​អាច​ជា​យុទ្ធសាស្រ្ត​មួយ​របស់​លោក​អូបាម៉ា ព្រោះ​ថា ទី១ លោក​ចង់​បង្វែរ​ការ​សម្រេចចិត្ត​របស់​ខ្លួន ទៅ​ជា​ការ​សម្រេចចិត្ត​របស់​សភា​ដែល​គណបក្សប្រឆំាង​មាន​សម្លេង​ភាគច្រើន។ ក្នុង​ករណី​ដែល​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​ទទួល​បាន​ជោគជ័យ លោក​អូបាម៉ា​អាច​បញ្ចេញ​មោទនភាព​របស់​ខ្លួន តែ​បែរ​ជា​បរាជ័យ​ទៅ​វិញ​នោះ លោក​​អូបាម៉ា​អាច​និយាយ​ថា សភា​ក៏​មាន​ចំណែក​ទទួល​ខុសត្រូវ​ដែរ។

ទី២ លោក​អូបាម៉ា​ចង់​ពន្យារ​ពេល​បន្ថែម​ទៀត ព្រោះ​ថា​សភា​អាមេរិក​នឹង​ចូល​បវេសនកាល​នៅ​ថ្ងៃទី៩ កញ្ញា។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ លោក​អូបាម៉ា​អាច​បន្ត​ស្វែង​រក​សម្ព័ន្ធមិត្ត ក្រៅ​ពី​បារំាង ក៏​ដូច​ជា​បន្ត​និយាយ​បញ្ចុះបញ្ចូល​ចិន និង​រស្ស៊ី​នា​ឱកាស​ជំនួបកំពូល G២០ នៅ​រុស្ស៊ី​នា​ថ្ងៃទី៤ និង៥ កញ្ញា​ខាង​មុខ និង​ទី៣ អាច​ថា លោក​អូបាម៉ា​មិន​មែន​ជា​អ្នកចូលចិត្ត​សង្រ្គាម ឬមួយ​ក៏​លោក​មិន​ចង់​ចាយលុយ ចំ​ពេល​ដែល​អាមេរិក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច។

ការ​សុំ​ភ្លើងខៀវ​ពី​សភា ជា​រឿង​ប្រថុយប្រថាន​របស់​លោក​អូបាម៉ា!

នៅ​សហរដ្ឋអាមេរិក​សព្វថ្ងៃ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​មាន​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​ ព្រឹទ្ធសភា។ ដូច្នេះ លោក​អូបាម៉ា​មិន​បារម្ភ​ពី​ការ​បោះឆ្នោត​ប្រឆំាង​នៅ​ព្រឹទ្ធសភា​ទេ។ គឺ​នៅ​រដ្ឋសភា​ដែល​លោក​អូបាម៉ា​ត្រូវ​បារម្ភ ព្រោះ​ថា គណបក្សប្រឆំាង គឺ​គណបក្ស​សាធារណរដ្ឋ ជា​អ្នក​មាន​សម្លេង​ភាគច្រើន។ ដូច្នេះ ពួក​គេ​អាច​បោះឆ្នោត​ប្រឆំាង​នឹង​សំណើ​របស់​លោក​អូបាម៉ា ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កន្លង​មក ទាក់ទង​នឹង​គម្រោង​កំណែទម្រង់​ផ្ទែក្នុង​មួយ​ចំនួន​របស់​លោក​អូបាម៉ា។ ជាក់ស្តែង កំណែទម្រង់​លើ​ការ​ប្រើ​អាវុធ ថវិកា ឬមួយ​ក៏​អន្តោប្រវេសន៍។

នៅ​ពេល​នេះ​ទៀត និង​ដើម្បី​ឲ្យ​សំណើ​របស់​ខ្លួន​អាច​ចេញ​រួច លោក​អូបាម៉ា​ត្រូវ​ការ​សម្លេង​គំាទ្រ​ពី​គណបក្ស​សាធារណរដ្ឋ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា សំណើ​សុំ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​របស់​លោក​អូបាម៉ា​នា​ពេល​នេះ គឺ​ជា​ប្រធានបទ​ពិសេស​មួយ​ដែល​មាន​ការ​គំាទ្រ និង​ប្រឆំាង​ពី​ក្រុម​គណបក្ស​របស់​លោក​អូបាម៉ា និង​គណបក្សប្រឆំាង។ នៅ​ម្ខាង គឺ​ពួក​អ្នកសន្តិភាព​និយម នៅ​ម្ខាង​ទៀត គឺ​ពួក​អ្នកឯកានិយម រីឯ​នៅ​ចន្លោះ​កណ្តាល គឺ​ក្រុមអ្នក​ដែល​មិន​អាច​បំភ្លេច​សង្រ្គាមជូរចត់​នៅ​អ៊ីរ៉ាក់​ឆ្នំា ២០០៣ ដោយ​ពួក​គេ​ចង់​បាន​ការ​ធានា​បន្ថែម​ទៀត​ថា ភស្តុតាង​ប្រើអាវុធគីមី​នៅ​ស៊ីរី ពិត​ជា​ភស្តុតាង​មួយ​ជាក់ច្បាស់ មិន​ច្រឡំ​ដូច​នៅ​អ៊ីរ៉ាក់​ទេ។

ដូច្នេះ គេ​ត្រូវ​រង់ចំា​មើល​នៅ​ក្រោយ​ថ្ងៃទី៩ កញ្ញា ថ្ងៃ​ចូល​បវេសនកាល​របស់​សភា​អាមេរិកំាង​ទើប​ដឹង​ថា តើ​មាន ឬ​មិន​មាន​សង្រ្គាម​ប្រឆំាង​ស៊ីរី។ តែ​លោក​អូបាម៉ា​បាន​បញ្ជាក់​រួច​ហើយ​ថា ទ័ពអាមេរិក​បាន​ដាក់​ពង្រាយ​អាវុធ និង​ត្រៀមខ្លួន​ដើម្បី​បើក​ប្រតិបត្តិការ​នៅ​ថ្ងៃ​ស្អែក នៅ​សប្តាហ៍ក្រោយ ឬ​មួយ​ក៏​នៅ​ខែ​ខាង​មុខ។ សម្រាប់​រូប​លោក​អូបាម៉ា លោក​ក៏​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចេញ​បញ្ជា៕

ប្រភពពី៖​​​ ខេមរភាសា

លោក​ហ្វ្រង់ស័រ ​ហូឡង់​ជាប់កុន​ក្នុង​សំណុំរឿង​ស៊ីរី​​ដោយសារ​ភាពរារែក​របស់​​​លោក​អូបាម៉ា


លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោក​បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន កាល​ពីថ្ងៃ​ទី១៨ ឧសភា ២០១២ (រូបថតឯកសារ)
REUTERS/Jeff Haynes
បារាំង​គឺ​ជា​ប្រទេស​ដែល​បាន​ចេញមុខចេញ​មាត់​ខ្លាំងជាងគេ​ ​ជាមួយ​អាមេរិក ក្នុងគម្រោង​វាយប្រហារ​លើ​របបដឹកនាំ​លោក​បាស្ហា អាល់អាសាដ ដែល​គេចោទ​ថា​បាន​ប្រើ​អាវុធ​គីមី​វាយប្រហារ​លើ​ប្រជាជន​ស៊ីវិល។ ក៏ប៉ុន្តែ ការ​សម្រេច​របស់​លោក​អូបាម៉ា ដែល​រុញ​បញ្ហា​ស៊ីរី​ទៅ​ឲ្យ​សភា​ជា​អ្នក​អនុម័ត កំពុង​តែ​ធ្វើ​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ឯកោ ក្នុងសំណុំរឿង​ស៊ីរីនេះ។



សំណួរ-នាយករដ្ឋន្រ្តី​អង់គ្លេស​បាន​ប្រកាស​ដកខ្លួន ពី​គម្រោង​វាយប្រហារ​លើ​ស៊ីរី ដោយសារ​តែ​សភា​អង់គ្លេស​បាន​បោះឆ្នោត​ជំទាស់។ ចំណែក​ឯលោក​អូបាម៉ា​ក៏​បាន​​រុញ​បញ្ហា​ស៊ីរី​ទៅ​ឲ្យ​សភា​អាមេរិក​ជា​អ្នក​ សម្រេច​ដែរ។ ចុះ​រដ្ឋាភិបាល​បារាំង​វិញ? តើ​​លោក​ប្រធានាធិបតី ​ហ្វ្រង់ស័រ ហូឡង់​ គ្រោង​ជ្រើសរើស​យក​ផ្លូវណាដែរ?
 
លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ចាត់​ឲ្យ​​លោក​នាយករដ្ឋមន្រ្តី​ ហ្សង់ម៉ាក់ អេរ៉ូ (Jean-Marc Ayrault) ជួប​ប្រជុំ​​​ជាមួយ​ថ្នាក់ដឹកនាំ​សភា​បារាំង នៅ​យប់ថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​អំពី​ភស្តុតាង ដែល​ទីភ្នាក់ងារ​ចារកិច្ច​បារាំង​ប្រមូលបាន ហើយ​ដែល​បញ្ជាក់​ ពី​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅស៊ីរី។

ក្រៅពីនេះ លោក​ហ្វ្រង់ស័រ ហូឡង់ ដូចជា​គ្មាន​ជម្រើស​អ្វី ក្រៅពី​រង់ចាំ​ការ​សម្រេច​របស់​សភា​អាមេរិក​នោះទេ ពីព្រោះ​បារាំង​មិនមាន​សមត្ថភាព​ខាង​យោធា​ ហើយ​ក៏​មិនមាន​ឆន្ទៈ​នយោបាយ ក្នុងការ​​បើក​ប្រតិបត្តិការ​យោធា​នៅស៊ីរី តែម្នាក់​ឯងនោះដែរ។

ការណ៍​ដែល​​លោក​អូបាម៉ា​សម្រេច​រុញ​សំណុំរឿង​ស៊ីរី ទៅ​ឲ្យ​សភា​ជា​អ្នក​សម្រេច កំពុង​តែ​ធ្វើ​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់ ស្ថិត​ក្នុង​ភាព​ឯកោ ហើយ​កំពុង​តែ​ទទួលរងនូវការ​រិះគន់​ ពី​សំណាក់​បក្ស​ប្រឆាំង នៅ​ក្នុង​ប្រទេស​បារាំង។

កាសែត​បារាំង ចេញផ្សាយ នៅថ្ងៃ​ចន្ទ​នេះ បាន​នាំគ្នា​ធ្វើ​បទអត្ថាធិប្បាយ ដោយ​មាន​អត្ថន័យ​​ជារួម​ថា “លោក​ហ្វ្រង់ស័រ ហូឡង់ កំពុង​តែ​ជាប់អន្ទាក់​លោក​អូបាម៉ា ក្នុង​សំណុំរឿង​ស៊ីរី”។

យើងឃើញ​ថា ក្រោយពី​លោក​ដេវីដ កាម៉េរ៉ន (David Cameron) នាយករដ្ឋមន្រ្តី​អង់គ្លេស​ ប្រកាស​ដកខ្លួន​ចេញ​ពី​គម្រោង​វាយប្រហារ​លើ​ស៊ីរី លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ថា​បារាំង​មិន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ទេ ពោលគឺ ​បារាំង​ចង់ដាក់ទោស​រដ្ឋាភិបាល​ស៊ីរី ដែល​ប្រើ​អាវុធគីមី​លើ​ជនស៊ីវិល។ ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង Le Monde លោក​ហូឡង់ បាន​បញ្ជាក់ទៀត​ថា បារាំង​ចង់​ឲ្យ​ប្រតិបត្តិការ​យោធា​នៅស៊ីរី​បើក​ធ្វើ​នៅ​ពេលឆាប់ៗ។ ជំហរ​ឥតងាករេ​របស់​លោក​ហូឡង់​នេះ រហូត​បាន​ធ្វើ​ឲ្យ​លោក​ចន ឃែរី លើកសរសើរ​បារាំង​ជាសាធារណៈ ដោយ​ចាត់ទុក​បារាំង​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏ចំណាស់​បំផុត​របស់​អាមេរិក។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ លោក​អូបាម៉ា​ខ្លួនឯង​ក៏​មិនហ៊ាន​សម្រេច​វាយប្រហារ​លើ​ស៊ីរី ហើយ​លោក​ហូឡង់ ក៏​ត្រូវ​នៅ​ឯកោ​ម្នាក់ឯង មិនដឹង​ជា​ទៅ​ផ្លូវណា។

សំណួរ-​នៅបារាំង មុននឹង​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​បរទេស តើ​ប្រធានាធិបតី​ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​សភា​ដែរ​ឬទេ?
 
យោងតាម​រដ្ឋធម្មនុញ្ញ​បារាំង ប្រធានាធិបតី​បារាំង គឺ​ជា​អគ្គបញ្ជាការ​កងទ័ព ដែល​មាន​អំណាច​ទ័ព ហើយ​មាន​អំណាច​សម្រេច​បើក​ប្រតិបត្តិការ​យោធា​នៅ​បរទេស ដោយ​មិនចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​សភា​ទេ។

អ្វី​ដែល​ប្រធានាធិបតី​បារាំង​ត្រូវ​ធ្វើ គឺ​​ជូនដំណឹង​ទៅ​សភា អំពី​សេចក្តីសម្រេច​បើក​ប្រតិបត្តិការ​យោធា​នៅក្រៅប្រទេស ហើយ​បន្ទាប់មកទៀត ប្រសិនបើ​ប្រតិបត្តិការ​យោធា​នេះ អូសបន្លាយពេល​យូរ ទើបរដ្ឋាភិបាល​​​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​ ដើម្បី​បន្ត​ប្រតិបត្តិការ​នេះ​​តទៅទៀត។
 
នៅ​ក្នុង​គម្រោងបើក​ប្រតិបត្តការ​យោធា​នៅ​ស៊ីរី​នេះ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​កោះ​ប្រជុំ​សភា​រួចហើយ នៅ​ថ្ងៃ​ពុធ ៤កញ្ញា​ខាងមុខ​នេះ។ ក្នុង​កិច្ចប្រជុំនេះ សភា​បារាំង​​គ្រាន់តែ​ធ្វើការ​ជជែក​ដេញដោល​គ្នា​ តែ​មិន​មាន​ការ​បោះឆ្នោត​អនុម័ត​លើ​គម្រោង​វាយប្រហារ​លើ​ស៊ីរី​នេះ​ទេ។

សំណួរ-ក៏ប៉ុន្តែ បើសិន​ជា​លោក​ហ្វ្រង់ស័រ ហូឡង់ ​ចង់ដាក់​បញ្ហា​ស៊ីរី​នេះ​ទៅ​ឲ្យ​សភា​ជា​អ្នក​បោះឆ្នោត​សម្រេច តើ​​​ច្បាប់​បារាំង​អនុញ្ញាត​ឲ្យ​ធ្វើ​បែបនេះ​បាន​ដែរ​ឬទេ?

លោក​ហ្វ្រង់ស័រ ហូឡង់ អាច​ដាក់​បញ្ហា​ស៊ីរី​ទៅ​ឲ្យ​សភា​ជា​អ្នក​បោះឆ្នោត​សម្រេច ដោយ​គ្មាន​ច្បាប់​ណា​ហាមឃាត់​នោះទេ។ កន្លងមក គេ​ក៏​ធ្លាប់​ឃើញ​​មាន​ករណីបែបនេះ​កើតឡើង​ដែរ គឺ ​កាលពី​សម័យសង្រ្គាម​អ៊ីរ៉ាក់ ឆ្នាំ​១៩៩១ ប្រធានាធិបតី​បារាំង ​លោក​ហ្វ្រង់ស័រ មីតេរ៉ង់ (François Mitterand) បាន​ទៅ​សុំ​ការ​អនុញ្ញាត​ពី​សភា​ មុននឹង​បញ្ជូនទាហាន​បារាំង ទៅ​អ៊ីរ៉ាក់។

តាមពិត នៅ​អាមេរិក បើ​តាមរដ្ឋធម្មនុញ្ញ ​លោក​អូបាម៉ា​ក៏​មិនចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​ដែរ ដើម្បី​បើក​ប្រតិបត្តិការ​យោធា​នៅស៊ីរី។ ក៏ប៉ុន្តែ ប្រហែល​ជា​លោក​អូបាម៉ា​មិន​ចង់​ទទួល​អ​ម្រែក​តែម្នាក់ឯង ទើប​រុញ​បញ្ហា​នេះ​ទៅ​ឲ្យ​សភា។

ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ លោក​ហូឡង់​មិនបាន​សម្រេច​ដើរតាម​ផ្លូវ​ដូច​លោក​អូបាម៉ា​នេះ​ទេ។ មន្រ្តី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គមនិយម (Parti Socialiste) ដែល​ជា​បក្ស​កាន់អំណាច បាន​អះអាង​ថា លោក​ហ្វ្រង់ស័រ ហូឡង់​ ទំនង​ជា​មិន​ផ្លាស់ប្តូរ​ជំហរ​នេះ​ទេ។ ម្យ៉ាងទៀត ប្រធាន​គណបក្ស UMP ដែល​ជា​បក្ស​ប្រឆាំង​ធំជាងគេ នៅបារាំង ទើប​នឹង​បាន​ប្រកាស​នៅថ្ងៃ​ចន្ទ​នេះ​ថា ការធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី គឺ​ត្រូវ​ទុក​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់ ជា​អ្នក​សម្រេច ដោយ​មិនចាំបាច់​សុំ​ការ​អនុញ្ញត​ពី​សភា​ទេ។

ក៏ប៉ុន្តែ បើទោះបីជា​​លោក​ហ្វ្រង់ស័រ ហូឡង់ សម្រេច​ដាក់ ឬ​មិន​ដាក់​​សំណុំរឿង​ស៊ីរី​ឲ្យ​សភា​បារាំង​អនុម័ត មុននឹង​បើក​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី លោក​ហ្វ្រង់ស័រ ហូឡង់ ប្រាកជា​នឹង​ត្រូវ​រង់ចាំ​ការ​អនុញ្ញាត​ពី​សភា​ដែរ។ មិនមែន​ចាំ​ការ​អនុញ្ញាតិ​ពី​​សភា​​បារាំង​ទេ ប៉ុន្តែ ​ការ​អនុញ្ញាត​ពី​សភា​អាមេរិក ពីព្រោះ​ថា បើ​មិនមាន​ការ​អនុញ្ញាត​ពី​សភា​អាមេរិក លោក​អូបាម៉ា​​ក៏​​​មិន​បើក​ការ​វាយប្រហារ​លើ​ស៊ីរី ហើយ​បើ​គ្មាន​អាមេរិក ក៏​លោក​ហ្វ្រង់ស័រ ហូឡង់ ​ក៏​ពិបាក​នឹង​ចេញមុខ​ទៅ​វាយប្រហារ​លើ​ស៊ីរី​តែ​ម្នាក់​ឯង​ដែរ។

ដូច្នេះ ការ​ណ៍​ដែល​លោក​អូបាម៉ា​សម្រេច​ដាក់​សំណុំរឿង​ស៊ីរី ទៅ​ឲ្យ​សភា​អនុម័ត វាធ្វើ​ឲ្យ​លោក​​ហ្វ្រង់ស័រ ហូឡង់ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាកមួយ ក្នុងន័យថា ក្នុងនាម​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អធិបតេយ្យ​មួយ ហើយ​ជា​​ប្រទេស​មហាអំណាច​យោធា​មួយ​ដែរ ប៉ុន្តែ ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​សភា​របស់​ប្រទេស​ផ្សេង ដើម្បី​បើក​ប្រតិបត្តិការ​យោធានៅ​ស៊ីរី៕

ប្រភពពី៖ ខេមរភាសា

Monday, September 2, 2013

មាន​វិបត្តិ​ក្នុងគ្រួសារ ចាក់​សាំង​ដុត​ខ្លួន​រលាក​រលួយ តាំងពី​ក្បាល​រហូតដល់​ចុងជើង​

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត ចាក់​​សាំង​​ដុត​​សម្លាប់​​ខ្លួន​ឯង ដោយ​សារ​​តែ​មាន​​ភាព​​តាន​តឹង ក្នុង​​គ្រួ​សារ​​ដោះ​ស្រាយ​​មិន​​ចេញ ហើយ​​កូនៗ​​របស់​គាត់ តែង​តែ​មាន​​រឿង​រ៉ាវ​​ឈ្លោះ​ប្រ​កែក ជា​មួយ​​ឪពុក​ចុង មិន​សូវ​​លោះ​​ពេល​ណា​​ឡើយ ប៉ុន្តែ​ការប៉ុនប៉ង​ធ្វើអត្តឃាត​នេះ  មិនបាន​សម្រេច​ទេ គឺ​បានត្រឹមតែ​មក​ដេកពេទ្យ និង​ឈឺចាប់​ពេញ​ខ្លួន ដោយសារ​ស្នាម​រលាករ​លួ​យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ រឹម មឿ​ន ភេទ​ស្រី អាយុ ៦៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ចំការលើ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ចាក់​សាំង​ដុត​ខ្លួនឯង កាលពី​វេលា​ម៉ោង ១៥​និង​០០​នាទី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៣ បណ្ដាលអោយ​ឆេះ រលាក​រលួយ​ពេញ​ខ្លួនប្រាណ ចាប់តាំងពី​សក់​ក្បាល រហូតដល់​ចុងជើង​។​

រឿងហេតុ​ដែល​នាំ​ឲ្យ​មានការ ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​នេះ គឺ​ផ្តើមចេញពី​បញ្ហា កូនស្រី​បង្កើត​របស់ខ្លួន តែងតែ​ឈ្លោះប្រកែក ជាមួយ​ប្ដី​ចុង ហើយ​ស្ត្រី​រងគ្រោះ​ព្យាយាម​ហាមឃាត់ តែ​គ្មាន​នរណា​ស្តាប់​គាត់​ទេ ទើប​សម្រេចចិត្ត​ដុត​ខ្លួន​តែម្តងទៅ​។ បច្ចុប្បន្ននេះ ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ព្រះ​កុ​សុ​មះ ហើយ​ស្នាម​រលាក​រលួយ​ពេញ​ខ្លួនប្រាណ មើលទៅ​គួរ​ឲ្យ​អាណោចអាធ័ម​ខ្លាំងណាស់​៕

















ប្រភពពី៖ ខេមបូឌាផេក

អ្នក​វិភាគ​សង្ស័យ​ថា​មាន​ការ​ប្រឌិត​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា មាន​ការ​សង្ស័យ​ថា ព្រះរាជសារ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ផ្ញើ​ជូន​ជន​រួម​ជាតិ​របស់​ព្រះអង្គ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា​អាច​មិន​មែន​ជា​ចេតនា​លិខិត​របស់​ព្រះអង្គ។ 

 

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ព្រះរាជសារ​នោះ​មិន​បាន​ប្រាប់​ពី​ទី​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ដែល​ប្រការ​នេះ​មិន​ស៊ី​សង្វាក់​គ្នា​នឹង​ព្រះរាជសារ​មុនៗ​របស់​ព្រះអង្គ ហើយ​ខ្លឹមសារ​ក្នុង​ព្រះរាជសារ​ក៏​ហាក់​ដូច​ជា​មិន​ស្រប​គ្នា​នឹង​ខ្លឹមសារ​ ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​មួយ​ទៀត ផ្ញើ​ជូន​ជន​រួម​ជាតិ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា៖ «ទី​១ ខ្ញុំ​អត់​ឃើញ​ទី​កន្លែង​ដែល​លោក​ធ្វើ​ព្រះរាជសារ​ហ្នឹង ប្រៀប​ធៀប​នឹង​ព្រះ​រាជសារ​ថ្ងៃ​ទី​៧ ខែ​សីហា គឺ​លោក​បាន​បញ្ជាក់​ថា ធ្វើ​នៅ​រាជធានី​ភ្នំពេញ។ បាទ! រួច​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា នេះ​អត់​ឃើញ​មាន​ដាក់​ទី​កន្លែង ហើយ​តាម​គេ​ដឹង​ថា ព្រះអង្គ​យាង​ទៅ​ប្រទេស​ចិន។ ដូច្នេះ​បើ​សិន​ជា​ទំនៀម​ទម្លាប់​ហ្នឹង​អត់​ដាក់ ឬ​ក៏​ត្រូវ​ដាក់​ដែរ។ ទី​២ ខ្លឹមសារ​ហ្នឹង​ដូចជា​មិន​ស៊ី​សង្វាក់​ជាមួយ​ព្រះរាជសារ​ថ្ងៃ​ទី​៧ ខែ​សីហា ព្រះអង្គ​ថា ឲ្យ​ស្ងៀម​ស្ងាត់ ក៏​ប៉ុន្តែ​ព្រះអង្គ​ថា សូម​ឲ្យ​ចរចា​ដោះស្រាយ​បញ្ហា​សេសសល់​ពី​ការ​បោះ​ឆ្នោត​ហ្នឹង។ ឥឡូវ​នេះ​គឺ​ថា បែរ​ជា​ទៅ​រក​សង្កត់​ខ្លាំង​ទៅ​រក​ការ​គោរព​អនុវត្ត​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ប្រទេស​កម្ពុជា យើង​ហើយ ក៏​បាត់​ខ្លឹម​សារ​អំពាវ​នាវ​ឲ្យ​មាន​ការ​សន្ទនា​គ្នា​ជជែក​ដោះ​ស្រាយ​បញ្ហា ​ដែល​នៅ​សេសសល់​ក្នុង​កាលៈទេសៈ​មួយ​ដែល​បញ្ហា​នេះ​នៅ​មាន​ដដែល»
បញ្ហា​បច្ចេកទេស​មួយ​ទៀត គឺ​ព្រះហស្តលេខា​របស់​ព្រះអង្គ​លើ​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​មេសា និង​ថ្ងៃ​ទី​៣០ ខែ​សីហា មាន​លក្ខណៈ​ដូចបេះបិទ ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្ស័យ​ថា អាច​ជា​ការ​ចម្លង៖ «ខ្ញុំ​មិន​បាន​ផ្ទៀង​ផ្ទាត់​អី​ឲ្យ​វា​ ប្រាកដ​ប្រជា​១០០​ភាគ​រយ​នោះ​ទេ ក៏​ប៉ុន្តែ ព្រះហស្ថលេខា​ដូច​គ្នា​ច្រើន​ពេក​ធ្វើ​ឲ្យ​សង្ស័យ​ថា មនុស្ស​ម្នាក់​គឺ​មិន​អាច​ចុះ​ហត្ថលេខា ស៊ីញ៉េ​ហ្នឹង​បាន ១០០% នោះ​ទេ រួច​ខ្ញុំ​ឃើញ​ហត្ថលេខា​ទាំង​ពីរ​ហ្នឹង​ដូច​គ្នា​ខ្លាំង​ពេក។ ម៉្លោះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សង្ស័យ ក្រែង​លោ​ស្គែន​ចូល ឬ​យ៉ាង​ម៉េច»
ម៉្យាងទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា អាច​គណបក្ស​កាន់​អំណាច​ទទូច​ឲ្យ​ព្រះអង្គ​ចេញ​ព្រះរាជសារ​នេះ នៅ​ស្រប​ពេល​ដែល​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ដែល​មាន​តំណាង​សង្គម​ស៊ីវិល​ ជាតិ និង​អន្តរជាតិ​ចូល​រួម ត្រូវ​គណបក្ស​ប្រជាជន​បដិសេធ៖ «ប្រហែល​ជា​ ខាង​រដ្ឋាភិបាល​បាន​សុំ​បង្អង់​ឲ្យ​ជួយ​ចេញ​ជា​ព្រះ​រាជសារ​ហ្នឹង​មក ព្រោះ​រាជសារ​ស៊ី​សង្វាក់​នឹង​ជំហរ​របស់​គណបក្ស​ប្រជាជន។ ប្រហែល​ជា​លោក​ភ្លេច​ពី​បញ្ហា​ថា ព្រះរាជសារ​ឆ្លុះ​បញ្ចាំង​ថា ចេញ​គឺ​នៅ​ក្នុង​កាលៈទេសៈ​មួយ​គឺ​ទាំងអស់​គ្នា​គេ​ថា វា​នៅ​មាន​បញ្ហា​ដដែល​ហ្នឹង រឿង​ភាព​មិន​ប្រក្រតី​ហ្នឹង»
អំពី​លទ្ធភាព​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ ដើម្បី​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត និង​មន្ត្រី​គណបក្ស​ប្រជាជន​អះអាង​ថា មិន​អាច​ធ្វើ​ទៅ​បាន​ទេ​នោះ ដោយ​សំអាង​ថា មិន​មាន​ច្បាប់​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា នោះ​មិន​មែន​ជា​បញ្ហា​ចោទ​ទេ ពីព្រោះ​បទពិសោធន៍​កន្លង​មក រាជរដ្ឋាភិបាល​បាន​ធ្វើ​របៀប​នេះ​រួច​ទៅ​ហើយ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ គូស​បញ្ជាក់​ថា នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​ចុះ​ វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ ក៏​មិន​មាន​ច្បាប់​ឯ​ណា​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ៖ «វា​មាន​ករណីយ​មុន​ហើយ​ដែល​អាច​បង្កើត​គណៈកម្មការ​ហ្នឹង។ ក្នុង​ក្របខណ្ឌ​ច្បាប់​បោះ​ឆ្នោត​ហ្នឹង​បាន។ ករណីយ​មុន​ត្រង់​ណា គឺ​ត្រង់​សេចក្ដី​សម្រេច​របស់​សម្ដេច​នាយក​បង្កើត​ក្រុម​ស្ម័គ្រ​ចិត្ត​ជួយ​ វាស់​វែង​ដី​ធ្លី​បន្ថែម​ជា​ជំនួយ​ដល់​ក្រសួង​រៀបចំ​ដែនដី មាន​ភារកិច្ច​វាស់​វែង​ដី​ធ្លី ហើយ​និង​ចេញ​ប្លង់​រឹង​ឲ្យ​ជូន​ប្រជាពលរដ្ឋ នេះ​ដូចគ្នា​អ៊ីចឹង​ដែរ គេ​អាច​បង្កើត​គណៈកម្មការ​បច្ចេកទេស​ដើម្បី​ទៅ​ជួយ​គ.ជ.ប ហ្នឹង​ឯង នេះ​គឺ​អត់​ខុស​គ្នា​ទេ គ្រាន់​តែ​ខុស​សមត្ថកិច្ច​ប៉ុណ្ណឹង​ទេ។ លំនាំ​គឺ​វា​ដូច​គ្នា​អ៊ីចឹង និង​អាច​ធ្វើ​បាន វា​អត់​មាន​អី​ទាស់​ខុស​ទេ ព្រោះ​វា​មាន​ករណី​មុន​ហើយ គ្រាន់​តែ​បទ​បញ្ជា​សូន្យ​មួយ​របស់​នាយក​រដ្ឋ​មន្ត្រី​គេ​បង្កើត​និស្សិត​ ស្ម័គ្រ​ចិត្ត​ជួយ​បាន»
ព្រះរាជសារ​របស់​ព្រះករុណា​​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣០ ខែ​សីហា ផ្ញើ​ជូន​ជន​រួម​ជាតិ​របស់​ព្រះអង្គ ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ការ​សង្ស័យ​នោះ ក្រៅ​តែ​ពី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម ក៏​បាន​អំពាវនាវ​ឲ្យ​យក​ច្បាប់​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា មក​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត។ យន្តការ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ទាមទារ​ឲ្យ​អនុវត្ត ប៉ុន្តែ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ទទួល​យក​ដោយ​សំអាង​ថា ស្ថាប័ន​កំពូល​សម្រាប់​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺ​មាន គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ឯករាជ្យ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដែល​មាន​តំណាង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​រួម៕
ប្រភពពី៖ វិទ្យុអាស៊ីសេរី

អាមេរិក​រំកិល​កាំជ្រួច ចិន រុស្ស៊ី ពង្រឹងសមត្ថភាព​យោធា ឯ​ស៊ី​រី​ត្រៀម​មី​ស៊ី​ល​រាប់ពាន់​ដើម ខណៈ​អ៊ីស្រាអែល​ត្រៀម​ម៉ាស់​ការពារ​ជាតិពុល​

ប៉េកាំង៖ ខណៈពេល​ដែលមាន​ការតានតឹង​នៅ​មជ្ឈិមបូព៌ា ពិសេស​ការ​គំរាម​របស់​សហរដ្ឋអាមេរិក ដែលមាន​ការគាំទ្រ​ពី​អង់គ្លេស និង​បារាំង​រន្ថើន​ចង់​ប្រើ​ចំណាត់ការ​យោធា​លើ​ស៊ី​រី​នោះ ប្រទេស​មហាអំណាច​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​ចិន និង​មហាអំណាច​នុយក្លេអ៊ែរ​រុស្ស៊ី បាន​ខំ​ពិនិត្យ និង​ជំរុញ​ឲ្យ​មានការ ​ពង្រឹងគុណភាព​សមត្ថភាព​កងទ័ព​ផងដែរ​។ ពេលនេះ​អាមេរិក​កំពុង រំកិល​កាំជ្រួច ខណៈ​ស៊ី​រី​ត្រៀម​មី​ស៊ី​ល​រាប់ពាន់​ដើម និង​យន្តហោះ​ប្រតិកម្ម​ត្រៀម​តបត ឯ​អ៊ីស្រាអែល ចែកជូន​ម៉ាស់​ការពារ​ជាតិគីមី​ពុល​ឥតគិតថ្លៃ​។​
​តាម​សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ថ្ងៃទី​៣១ សីហា ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​អញ្ជើញ​ទៅពិនិត្យ​នាវា​ផ្ទុក​យន្តហោះ​ជា​លើកដំបូង​ក្នុង​ក្រុង​ដា​លៀន ខេត្ត​លៀវ​និង កាលពី​ថ្ងៃ​ពុធ ហើយ​បាន​ជំ​រុញអោយ​ពួកយោធា​ដើម្បី​ធ្វើឱ្យ​ការរួមចំណែក​កាន់តែច្រើន​ដើម្បី​ ការពារ​អធិបតេយ្យភាព​សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​។ ​
​លោក​ប្រធានាធិបតី Xi Jinping បាន​ជំរុញ​ឱ្យ​យោធា​របស់​ប្រទេសជាតិ​មួយ​នេះ​ដើម្បី​បង្កើន​កិច្ចខិតខំ​ ប្រឹងប្រែង​កាន់តែច្រើន​នៅក្នុង​កងទ័ព ខិតខំ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ក្នុងការ​ការពារ​អធិបតេយ្យភាព​សន្តិសុខ​ ជាតិ និង​ការអភិវឌ្ឍ​នៅក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​សប្តាហ៍​នេះ ​ទៅ​តំបន់​ប្រតិ​ប​ត្ដិ​ការ​យោធា​សេន​យ៉ាង និង​ជា​កន្លែង​ហ្វឹកហាត់​យន្តហោះ​ប្រយុទ្ធ​លើកដំបូង​របស់​ប្រទេស​ចិន​នៅលើ​ នាវា​។​
​នៅ​រសៀល​ថ្ងៃ​ពុធ​ទី លោក Xi Jinping បាន​ទៅ​ទស្សនា​ក្រុង​ដា​លៀន នៅ​កំពង់ផែ​ដា​លៀន​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​ក្បួន​សម្រាប់​ឆ្មាំ​ ការពារ​ដ៏​មាន​កិត្យានុភាព​របស់​អង្គភាព​យោធា​មួយ​នេះ​។​
​នៅលើ​នាវា​នោះ លោក​ប្រធានាធិបតី ក៏បាន​សួរ​អំពី​សមត្ថភាព និង​យុទ្ធោបករណ៍​របស់ខ្លួន របៀប​ដែល​ពួក​ទាហាន​ត្រូវបាន​គេ​ពង្រឹង និង​អភិវឌ្ឍន៍ នៅក្នុង​ការបណ្តុះបណ្តាល​របស់​ពួកគេ​។ លោក​ក៏បាន​សួរ​ជាពិសេស​អំពី​គ្រឿង​បរិក្ខារ កន្លែង​ស្នាក់នៅ គ្រឿងឧបភោគ​បរិភោគ និង​វេជ្ជសាស្ត្រ របស់​ពួកគេ​ថែម​ទៀតផង​។​
​ដោយឡែក នាយករដ្ឋមន្ត្រី​រុស្ស៊ី ក៏បាន​ទៅពិនិត្យ​មើល​ក្បួន​សមយុទ្ធ​យោធា សមត្ថភាព​យន្តហោះ​ប្រតិកម្ម នៅ​បណ្តា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​ផងដែរ ខណៈពេលដែល​អាមេរិក បាន​ប្តេជ្ញា​ប្រើ​កម្លាំងយោធា លើ​ប្រទេស​ស៊ី​រី ។​
​ទោះបីជា​យ៉ាងណា សម្ព័ន្ធមិត្ត​មួយចំនួន​របស់​អាមេរិក ហាក់ដូចជា​កំពុង​ស្ទាក់ស្ទើរ ខណៈ​គេ​សង្កេតឃើញ​មេដឹកនាំ​ស៊ី​រី បាន​ព្យាយាម​ប្រមូល​ទិញ​សព្វាវុធ​ទំនើបៗ​ពី​ប្រទេស​រុស្ស៊ី មក​ទប់​ទល់នឹង​ការវាយប្រហារ​របស់​អា​មេ​រិ​ក ដែល​អាច​កើតឡើង​នាពេលខាងមុខ ។
​ប្រភពព័ត៌មាន​ដែល​មិន​បញ្ចេញ​ឈ្មោះ នៅក្នុង​វិស័យ​ឧស្សាហកម្ម​ការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា លោក​អាល់ អាសាដ បាន​ទូទាត់​ទឹកប្រាក់​ក្នុង​កិច្ចព្រមព្រៀង ទិញ​កាំជ្រួច​មី​ស៊ី​ល ការពារ​ដែនអាកាស S300 ដែលមាន​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ និង​ទិញ​យន្ដហោះ​ហ្វឹកហ្វឺន​យន្ដហោះ ចម្បាំង​៣៦​គ្រឿង​តម្លៃ ៥៥០​លាន​ដុល្លារ​ទៀត ។
​អ្នកឯកទេស របស់​អ៊ីស្រាអែល​បាន​បញ្ជាក់ថា ស៊ី​រី​បាន​ទិញ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ទំនើបៗ​ខាងលើ រហូតដល់ ១៥០០​ដើម និង​ជើង​ទម្រ​ចល័ត ៥០​គ្រឿង​ដែល​អាច ដាក់ពង្រាយ​ទីតាំង​សំខាន់ៗ ដើម្បី​ទប់ទល់​រាល់​ការវាយប្រហារ​ពី​អាមេរិក​។
​ដោយឡែក កាំជ្រួច​មី​ស៊ី​ល Tomahawk ប្រមាណ ៤០០​ដើម ដែល​អាមេរិក​ត្រៀម​វាយប្រហារ​មិន​គ្រប់​សម្រាប់​ការ​វាយ​ស៊ី​រី​ឲ្យ​ចុះ​ញ៉ម នោះទេ ព្រោះតែ​ស៊ី​រី​ហាក់​គ្មាន​ញញើត អាមេរិក​ទេ នៅពេលដែល​សម្ព័ន្ធ​អាមេរិក មួយចំនួន​បាន​ដកខ្លួន​ចេញ​ដោយសារ​រឿង​ប្រើប្រាស់​អាវុធ​គីមី​។ ប៉ុន្តែ អាមេរិក​បានប្រកាស​កា​លពី​ម្សិលមិញ​ហើយ​ថា រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​ប្រមាណ​១៤២៩ នាក់ ខណៈ​រដ្ឋាភិបាល​ស៊ី​រី​ថា ពួក​ឧទ្ទាម​ជា​អ្នកប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​នេះ​។​
​ទោះបីជា​យ៉ាងណា ពេលនេះ អាមេរិក​បញ្ជូន​នាវាចម្បាំង​៥ គ្រឿង​ប្រភេទ Arleigh Burke បំពាក់​កាំជ្រួច​មី​ស៊ី​ល Tomahawk ទៅកាន់​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជា​ច្រកចូល​ក្នុងការ​វាយប្រហា​រ​ស៊ី​រី​ហើយ ។
​ប៉ុន្តែ យ៉ាងណាក៏ដោយ រុស្ស៊ី​ក៏បាន​គំរាមកំហែង លោកខាងលិច ពី​លទ្ធផល​នៃ​ការជ្រៀតជ្រែក ទៅលើ​ប្រទេស​ស៊ី​រី ដែល​នឹង​គ្មាន​លទ្ធផល ល្អ​នោះឡើយ ហើយ​ពេលនេះ នៅ​ទីតាំង​កងពល​លេខ​១១៥​របស់ កម្លាំង​ទាហាន​ស៊ី​រី​កងពល​កាំជ្រួច​មី​ស៊ី​ល បានដាក់​ពង្រាយ​គ្រប់​ច្រកល្ហក​នៅតាម ផ្លូវ​ជាយក្រុង​ដា​ម៉ា​កាស ដោយ​ប្រើប្រាស់ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ចល័ត និង​បាញ់ ដោយ​ស្វ័យ​ប្រ​វ​ត្ដិ ។ ការដាក់​ពង្រាយ នោះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ សីហា ក្រោយ​អាមេរិក បារាំង អង់គ្លេស បាន ប្រកាស​ត្រៀម​វាយប្រហារ​ស៊ី​រី​។ ទាហាន ស៊ី​រី​មាន​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ Scud 20 ដើម ទំនើប​បំផុត ដែលមាន​ប្រវែង​ដល់ ទៅ​១១​ម៉ែត្រ បាញ់​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ដែល​អាច​ទប់​ទល់ ឬ​វាយ បក​ទៅលើ​គោលដៅ​នានា​របស់​អាមេរិក និង​លោកខាងលិច​។​
​ចំណែក​អ៊ីស្រាអែល​វិញ ដោយ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​នៃ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​សាស្ដ្រ​ពី​ ប្រទេស​ស៊ី​រី ហើយ​ខ្លាច​ក្រុម​ឧទ្ទាម​ដែលមាន​គំនុំ​ជាមួយ​អ៊ីស្រាអែល បើក​ការ វាយប្រហារ​ដោយ​អាវុធ​ទាំងនោះ​ធ្វើឱ្យ​ពលរដ្ឋ​អ៊ីស្រាអែល និង​ប្រទេសជិតខាង​ស៊ី​រី​នាំគ្នា​សម្រុក​ទៅ​ទិញ​ម៉ាស់​ការពារ​ជាតិពុល កន្លែង​ខ្លះ​ចែកជូន​ឥតគិតថ្លៃ​។ នេះ​បើតាម​សារព័ត៌មាន​វ៉ាស៊ីនតោន​ប៉ុស្ដិ៍ កាល ពីថ្ងៃ​ទី​២៨ សីហា​៕ ​
ស៊ីរី



 ប្រភពពី៖ ខេមបូឌាផេក