សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, September 4, 2013

អាមេរិក​កំពុង​ចលនា​នាវាចម្បាំង​នៅ​ម​ជ្ឈឹ​ម​បូព៌ា​

 
AFP បាន​ដកស្រង់​សម្តី​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់ កាលពី​ម្សិលមិញ ឲ្យ​ដឹងថា នាវា​ពិឃាត USS Mahan បាន​ចាក​ចេញពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ ។ មន្ត្រី​ដដែល​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់នេះ បាន​ប្រាប់ថាៈ នាវា​ពិឃាត Mahan កំពុងធ្វើដំណើរ​រំកិល​មក Norfolk ដែលជា​កំពុងផែ “​ផ្ទះ​” របស់​វា នៅ​រដ្ឋ Virginia ។​
​ការចត​នាវា​ពិឃាត Mahan បានធ្វើ​ឲ្យ​ចំនួន​នាវា​ពិឃាត​របស់​អាមេរិក នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ថយចុះ​សល់ ៤ គ្រឿង ។ នាវា​ពិឃាត ៤ គ្រឿង​នេះ សុទ្ធសឹង​មាន​បំពាក់​កាំជ្រួច​មី​ស៊ី​ល Tomahawk សម្រាប់​វាយលុក​លើ​គោលដៅ​ទាំងឡាយ នៅ​ស៊ី​រី គ្រា​មាន​បទបញ្ជារ​ពី​ប្រធានាធិបតី អូ​បា​ម៉ា ។​
 នាវា USS Nimitz កំពុង​ចូលដល់​សមុទ្រ​ក្រហម មិន​ឆ្ងាយ​ពី​ប្រទេស​ស៊ី​រី ប៉ុន្មាន​ទេ​

​ប៉ុន្តែ កងទ័ពជើងទឹក​អាមេរិក លាក់​ជិត​ពី​ចំនួន​កាំជ្រួច Tomahawk មាន​លើ​នាវា​ទាំងនោះ ។ ពួក​អ្នកវិភាគ បាន់​ប៉ាន់​ស្មានថា លើ​នាវា​និ​មួយៗ មាន​មី​ស៊ី​ល​នេះ ប្រមាណ ៤៥ គ្រាប់ ។​

​ជាធម្មតា មន្ទីរ​បញ្ច​កោណ តែង​ទុក​នាវា​ពិឃាត ៣ គ្រឿង នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដោយ​ដាក់​ក្រោម​បញ្ជារ​របស់​កង​នាវាចម្បាំង​ទី​៦ ចំណុះ​ទ័ពជើងទឹក ហើយ​ភារៈកិច្ច​សំខាន់ គឺ​សម្រាប់​វាយ​ស្កាត់​កាំជ្រួច (​បង្ហារ​) ។​

​ ប៉ុន្តែ ទ័ព​អាមេរិក ទើប​ចាត់​ឲ្យ​នាវា​ដឹកជញ្ជូន​ទ័ព​ឡើងគោក USS San Antonio មកកាន់​តំបន់​នេះ​វិញ ។ នាវា​នេះ ដែលមាន​បណ្តា​ឧទ្ធម្ភាគចក្រ និង​កងទ័ព​ថ្មើរជើង​រាប់រយ​នាក់ អាច​ត្រូវបាន​បញ្ជូនមក សម្រាប់​បម្រើ​ឲ្យ​ករណី​ជម្លៀស​បន្ទាន់ ប្រតិភូ​ការទូត​របស់​អាមេរិក ក្នុង​តំបន់​នេះ ។​



ស្របពេល​គ្នា​នោះដែរ នាវាចម្បាំង​១​ក្រុម នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Nimitz កំពុង​ចាក​ចេញពី​មហាសមុទ្រ​ឥណ្ឌា ហើយនឹង​មកដល់​សមុទ្រ​ក្រហម “​ប៉ុន្មាន​ថ្ងៃ​ទៀត​” នាវា​ផ្ទុក​យន្តហោះ និង​នាវា​ពិឃាត ៤ គ្រឿង​ទៀត អមដំណើរ​សុទ្ធសឹង​ផ្ទុក​កាំជ្រួច Tomahawk ។ ក្រៅពីនោះ នៅមាន​នាវា​ល្បាត​សមុទ្រ USS Princetion ផងដែរ ។​

​មន្ត្រី​ ការពារជាតិ​ម្នាក់ទៀត ឲ្យ​ដឹងថា ក្រុម​នាវា​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ​នេះ ពុំមាន​ភារៈកិច្ច​ពិសេស​អ្វី​ទេ ក្រៅពី​បង្ហាញ​វត្តមាន​នៅក្នុង​តំបន់ ។ ប៉ុន្តែ បើ​ចាំបាច់ ត្រូវ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​នោះ វា​នឹង​បន្ថែមចំនួន​មី​ស៊ី​ល Tomahawk ទ្វេដង​លើ​ស៊ី​រី ។​

​ក្រោយពី ​កិច្ចសន្ទនា​នៅ​សេត​វិមាន លោក អូ​បា​ម៉ា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ុយអែត ហើយ​ក្រោយមក ទៅកាន់​រុស្ស៊ី ដើម្បី​ចូលរួម​សន្និសីទ​កំពូល G20 ៕​
​កងកម្លាំង​ស៊ី​រី ប្រៀប​ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត​


















ប្រភពពី៖ ខ្មែរស្ថាបនា

Tuesday, September 3, 2013

ឃាតកម្ម​ស្ត្រី​ម្នាក់​ ត្រូវ​ជន​ដៃ​ដល់​មិន​ស្គាល់​មុខ​សម្លាប់​ កាត់​ក្បាល​ដាច់​ត្រឹម​ក. ​នៅ​លើ​ផ្លូវ​គ្រួស​ក្រហម ​ក្នុង​ក្រុមហ៊ុន​ទុមរីង​រ៉ាប់​ប៊ើ​


ឧត្តរមានជ័យ៖ ស្ត្រី​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​មិន​ស្គាល់​មុខ​សម្លាប់​កាត់​ក្បាល​ដាច់​ចេញពី​ស្មារ​ គួរឲ្យ​អាណោច​អាធ័​ម​នៅ​លើ​ផ្លូវ​គ្រួស​ក្រហម​នៅក្នុង​ក្រុមហ៊ុន​ទុមរីង​រ៉ាប់​ប៊ើ ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​រឿង​ករណី​គំនុំ​សំលាប់​បំបិទ​មាត់​តាំងពី​យប់​ដោយ​សារ​តែ​នារី​រងគ្រោះ​ស្គាល់​មុខ​ជន​ដៃ​ដល់​​ និង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយគ្នា​។​
​            ហេតុការណ៍​ធ្វើ​ឲ្យ​​ភ្ញាក់​ផ្អើល​នេះ​ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៣ ​កញ្ញា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ម៉េង​ ឃុំ​អន្លង់វែង ​ស្រុក​អន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មាន ​បន្ទាប់​ពី​កម្មករ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ទុម​រីង​រ៉ាប់​ប៊ើ​ បាន​ប្រទះឃើញ​សព​ស្រី្ត​រងគ្រោះ ​ត្រូវ​គេ​កាត់​ដាច់​ក្បាល​នៅ​កណ្តាលផ្លូវ​គ្រួស​ក្រហម​ ចំងាយ​៨០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦៧B ​ក្នុងភូមិ​សាស្ត្រ​ក្រុមហ៊ុន​ទុមរីង​រ៉ាប់​ប៊ើ​ បន្ទាប់​មក​កម្ម​កររ​បស់​ក្រុមហ៊ុន​ បាន​ស្រែក​ឆោ​​ឡោ​និង​បាន​ហៅ​អ្នកភូមិ​អូរ​តា​ម៉េង​ ព្រម​ទាំង​ផ្តល់​ដំណឹង​ដល់​សាច់ញាតិ​ជន​រងគ្រោះ​មក​មើល​ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ ថា​ស្ត្រី​រង​គ្រោះ​មាន ឈ្មោះ​ ព្រឹម ​សា​វ៉ាន​ អាយុ​២១​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​។​
​             ក្នុង​ករណី​ឃាតកម្ម​សម្លាប់​ខាងលើ​ យោងតាម​របាយការណ៍រ​បស់​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​រដ្ឋា​ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ឲ្យ​ដឹង​ សព​ស្ត្រី​រង​គ្រោះ​មាន​សភាព​ត្រូវ​ជន​ដៃដល់​សម្លាប់​មាន​គ្នាច្រើន​នាក់​ដោយ​ប្រើប្រាស់​សម្ភារៈ​មុត​ដូច​ជា ​ពូថៅ​ ឬ​កាំបិទ ​ឬ​ដាវ​មុត ​នៅ​អំឡុង​យប់​រំលង​អា​ធ្រា​តុ​ថ្ងៃទី​០២ ​កញ្ញា ​ឆ្នាំ​២០១២​ ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​មិន​ស្គា​ល់​មុខ​អារ​.ក ​ដាច់​ពី​លើ​ស្មារ​យក​ទៅដាក់​នៅ​កណ្តាលផ្លូវ​គ្រួស​ក្រហម​។ ​តាម​អាកា​រៈ​ភិនភាគ​សព​នារី​រងគ្រោះ​ អាច​មាន​ទំនាក់ទំនង​នឹង​ជន​ដៃ​ដល់​ជាមួយគ្នា​ជិតស្និត ​ហើយ​ជន​ដៃ​ដល់​ឆ្លៀតឱកាស ​ពេល​នារី​គ្រោះ​អាច​ស្រវឹង​ ឬ​ដេក​លក់​ រួច​សម្លាប់​នៅ​កន្លែង​ផ្សេង ​រួច​យក​មក​ទំលាក់ចោល​នៅក្នុង​ក្រុមហ៊ុន​ទុមរីង​រ៉ាប់​ប៊ើ ​ព្រោះ​ដោយ​សារ​ស្ថាន​ភាព​សព​នារី​រងគ្រោះ​ មិន​មាន​ស្លាក​ស្នាម​ប្រតាយប្រតប់ ​ហើយ​ខោអាវ​ពុំ​មាន​ប្រឡាក់​ដី ​រីឯ​ឈាម​ពុំ​មាន​ច្រើន​ នៅ​កន្លែង​សព​មាន​បន្សល់​ទុក​នូវ​ម៉ូតូ​ជន​រង​គ្រោះ​កញ្ចាស់​ពុំ​មាន​ស៊េរី​ឆ្នាំ​សល់​តែ​ឆ្អឹង​នៅ​កន្លែង​កើត​ហេតុ​។​
​             តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រងគ្រោះ​ឈ្មោះ ​ព្រឹម ​សា​វ៉ាន​ ខាង​លើ​មានកូន​ចំនួន​៣​នាក់​ ហើយ​បាន​បែកបាក់​គ្នា​ជាមួយ​ប្តី​របស់ខ្លួន​ប្រហែល​៥ ​ទៅ​៦​ខែ ​ហើយ​នៅមុន​កើត​ហេតុ​ប្រហែលជា​ម៉ោង​៥​ល្ងាច​ ថ្ងៃទី​០២​ ខែកញ្ញា​ ឆ្នាំ​២០១៣ ​នៅ​ពេល​នោះ​មាន​គេ​ទូរស័ព្ទ​ទៅ​នារី​គ្រោះ​ឲ្យ​ទៅ​យក​លុយ​ តែ​ក្រុមគ្រួសារ​សាច់ញាតិ​មិន​បាន​ចាប់អារម្មណ៍ ​និង​សួរនាំ​អ្វី​ឡើយ ស្រាប់​តែ​នារី​រង​គ្រោះ​ចេញ​ទៅ​បាត់​ពុំ​មាន​ដំណឹង​ រីឯ​ទូរស័ព្ទ​ក៏​តេ​មិន​ចូល ​ដោយ​ស្មាន​ថា​ទៅ​ដេក​លេង​ផ្ទះ​មិត្ត​ភ័​ក្តិ លុះ​ព្រឹក​ថ្ងៃទី​០៣ ​កញ្ញា​ ឆ្នាំ​២០១៣ ​ទើប​គេ​ផ្តល់ដំណឹង​ថា ​នារី​រងគ្រោះ​ត្រូវ​គេ​សម្លាប់​កាត់​ក្បាល​ចោល ​នៅ​ផ្លូវ​គ្រួស​ក្រហម​ក្នុង​ក្រុមហ៊ុន​ទុមរីង​រ៉ាប់​ប៊ើ​៕

























ប្រភពពី៖ ក្រុងកម្ពុជា

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ចងក្រង​កេរដំណែល​​បទភ្លេង​បុរាណ​ខ្មែរ


ក្រុម​ភ្លេង​ខ្មែរ​បុរាណ​​សម្តែង​បទភ្លេងចាស់ៗ​​ដែល​ជិត​ផុត​រលត់។​​

អ្នកសារព័ត៌មាន​ខក​ចិត្តនឹង​ការមកដល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​



រូបថតដោយ ណាត សុភាព
ក្រុមអ្នកសារព័ត៌មាន មាន​ទាំង​ផ្នែក​ទូរទស្សន៍ វិទ្យុ កាសែត និង​អន​ឡា​ញ សម្តែង​ការខកចិត្ត ដែល​មន្ត្រី​រដ្ឋាភិបាល អមដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មកពី​ប្រទេស​ចិន​វិញ មិន​បាន​បើក​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី​។​
​នៅ​រសៀល​ថ្ងៃ​អង្គារ ម៉ោង​ប្រមាណ​ជា​៣និង​១០​នាទី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់ បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១០ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
គណៈប្រតិភូ ដែល​ទៅ​ទទួល​លោកនាយក​រដ្ឋមន្ត្រី នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់  និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង​។​
​អ្នកសារព័ត៌មាន​សម្តែង​ការខកចិត្ត ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល អមដំណើរ ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ មិន​បាន​បើក​ឲ្យមាន​សន្និសីទ​សារព័ត៌មាន នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខណៈ​ពួកគេ​បាន​រង់ចាំ​នៅ​ក្នុង​បន្ទប់​។  នេះ​ហាក់ដូចជា​ប្លែក​ខុសពី​ធម្មតា ដែល​តែងតែ​មាន​មន្ត្រី​ណា​មួយ ចេញមុខ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ពី​លទ្ធផល​នៃ​ការទទួល​បាន​ពីកិច្ចប្រជុំ​។​
​អ្នកយក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក ម៉ៃ គុណ​មករា សំដែង​ការខកចិត្ត​ចំពោះ​ការរង់ចាំ​យក​ព័ត៌មាន ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​។ លោក​បន្ថែមថា ទំនងជា​មាន​អាថ៌កំបាំង​អ្វី​មួយ​ទាក់ទង​នឹង​នយោបាយ ទើប​មន្ត្រី​រដ្ឋាភិបាល មិន​ធ្វើ​សន្និសីទ​សារព័ត៌មាន ​៖ "​យើង​គ្រាន់តែ​ចង់ដឹងថា បញ្ហា​នៅ​ពីក្រោយ​ខ្នង ដែល​គាត់​មាន​ជំនួប​នោះ មាន​ទាក់ទង​នឹង​នយោបាយ​ឬ​ក៏​អត់​ទេ ដោយសារ​ពុំ​មាន​ការធ្វើ​អត្ថាធិប្បាយ ទាក់ទង​នឹង​កិច្ចប្រជុំ អញ្ជឹង​ជា​ការសោកស្តាយ ក្នុងនាម​យើង​ជា​អ្នកយកព័ត៌មាន អ្នក​តាម​ប្រមាញ់​ព័ត៌មាន ហើយ​យើង​ចង់បាន ស្អី​ដែល​ថ្នាក់ដឹកនាំ​យើង​ដែល​គាត់​ខាងក្រៅ ហើយ​គាត់​ពាំនាំ​អ្វី​មក​ប្រទេស​ជាតិ ដើម្បី​ជំរាប​ប្រជាពលរដ្ឋ​យើង​ឲ្យបាន​ដឹង​ពី​ដំណើរ​ថ្មីៗ​នៃ​ជំនួប​"​។​
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង មានប្រសាសន៍ថា កាល​ដែល​រដ្ឋមន្ត្រី​ដទៃទៀត មិន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយសារ​ពេលវេលា ​៖ “​មិន​មាន​បំណង​អ្វី​មិន​ល្អ​ទេ ដូច​ខ្ញុំ​បាន​ជម្រាប​អំបាញ់មិញ​អញ្ជឹង គឹ​ថា​ពេល​ខ្លះ​ក៏​ធ្វើ ពេល​ខ្លះ​ក៏​មិន​ធ្វើ តាម​ការចាំបាច់​”​។​
ក្នុងឱកាស​ទស្សនកិច្ច​នេះ លោកនាយ​រដ្ឋមន្ត្រី បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក លី ខី​ឈាង ​(Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន និង​ជួប​ជាមួយ លោក លី ជី​ហេង​(Li Jiheng) អភិបាលខេត្ត​យូ​ណាន់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
មិនទាន់មាន​សេចក្តីរាយការណ៍​ថា​តើ លោក ហ៊ុន សែន បាន​ចូល​គាល់​ព្រះមហា​ក្សត្រ​សម្ដេច ព្រះបរមនាថ នរោត្តម​សីហមុនី ដែល​កំពុង​គង់ប្រថាប់​នៅ​ក្រុង​ប៉េកាំង​ឬ​យ៉ាងណា​៕
ប្រភពពី៖ VOD

បទពិសោធន៍​សង្រ្គាមអ៊ីរ៉ាក់​ហាក់​ដូច​ជា​បាន​ធ្វើ​ឲ្យ​បស្ចិមលោក​រារែក​ក្នុង​ការ​វាយប្រហារ​ស៊ីរី !

លោក​ប្រធានាធិបតី​បារំាង François Hollande និងលោក Ahmad al-Jarba ប្រធាន​ក្រុមប្រឆំាង​ស៊ីរី នៅវិមានប្រធានាធិបតី​បារំាង
AFP PHOTO / KENZO TRIBOUILLARD

ក្នុង​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គម្រោង​នៃ​ការ​វាយប្រហារ​ប្រទេស​ស៊ីរី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សន្ទុះ​យ៉ាង​ស្វាហាប់។ ស្រាប់​តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ សីហា​ម្សិលមិញ អ្វីៗ​ហាក់​ដូច​ជា​បាន​ស្ងប់ស្ងាត់​បន្តិច​មក​វិញ។ ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឯណោះ សភា​មិន​បាន​យល់ព្រម​ឲ្យ​លោក​នាយករដ្ឋមន្រ្តី David Cameron ចូលរួម​ធ្វើ​សង្រ្គាម​ប្រឆំាង​ស៊ីរី​ជាមួយ​អាមេរិក និង​បារំាង​ទេ។ លោក​រដ្ឋមន្រ្តី​ក្រសួងការពារ​អាមេរិក​បាន​បញ្ជាក់​ថា អាមេរិក​គោរព​តាម​ការ​សម្រេច​របស់​សភា​អង់គ្លេស និង​ថា អាមេរិក​កំពុង​ស្វែង​រក​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត។


 

មាន​ប្រទេស​មហាអំណាច​ចំនួន ៣ ដែល​បាន​ផ្តួចផ្តើម​គំនិត​វាយប្រហារ​ស៊ីរី​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ រួមមាន​អាមេរិក អង់គ្លេស និង​ប្រទេស​បារំាង។ ប្រទេស​ទំាង​បី​នេះ​ក៏​បាន​បញ្ជូន​នាវាចម្បំាង និង​យន្តហោះចម្បំាង​របស់​ខ្លួន​ទៅ​ដាក់​ជិត​ប្រទេស​ស៊ីរី​រួច​ជា​ស្រេច ពោល​គឺ​រង់ចំា​តែ​ការ​ផ្តើម​ប្រតិបត្តិការ​ប៉ុណ្ណោះ។ ស្រាប់​តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ សីហា​ម្សិលមិញ សភា​អង់គ្លេស​បែរ​ជា​បាន​បដិសេធ​មិន​ឲ្យ​លោក​នាយករដ្ឋមន្រ្តី David Cameron ចូលរួម​ធ្វើ​សង្រ្គាម​ប្រឆំាង​ស៊ីរី​ជាមួយ​បារំាង និង​អាមេរិក​ទៅ​វិញ។

ពិត​ណាស់​ថា អវត្តមាន​របស់​ប្រទេស​អង់គ្លេស​នៅ​ក្នុង​គម្រោង​វាយប្រហារ​ស៊ីរី​ពេល​នេះ បាន​ធ្វើ​ឲ្យ​បារំាង ពិសេស​អាមេរិក​បាត់បង់​សម្ព័ន្ធមិត្ត​មួយ​យ៉ាង​សំខាន់​របស់​ខ្លួន។ តែ​លោក​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អាមេរិក Chuck Hagel ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ហ្វីល្លីពីន​បាន​ថ្លែង​នៅ​ថ្ងៃ​ នេះ​ថា អាមេរិក​គោរព​តាម​សេចក្តីសម្រេច​របស់​សភា​អង់គ្លេស និង​ថា អាមេរិក​ក៏​កំពុង​បន្ត​ស្វែង​រក​ដៃគូ​អន្តរជាតិ​ផ្សេង​ទៀត។ នៅ​ឯ​ទីក្រុង​វ៉ាស៊ីតោន​ឯណោះ សេតវិមាន​ធ្លាប់​បាន​ធ្លោយពាក្យ​ថា លោក​អូបាម៉ា​អាច​នឹង​សម្រេច​បើក​ការ​វាយប្រហារ​ស៊ីរី​ដោយ​កម្លំាង​អាមេរិក​ តែ​មួយ ដោយ​មិន​ត្រូវ​បាន​ជំនួយ​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ទេ។ ចំណែក​អ្នកនំាពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក​បាន​បញ្ជាក់​ថា សេចក្តីសម្រេច​របស់​លោក​អូបាម៉ា​នឹង​ត្រូវ​ផ្អែក​លើ​ផលប្រយោជន៍​អាមេរិកំាង​ ជា​ធំ ហើយ​ថា ប្រទេស​ណា​ដែល​បាន​បំពានច្បាប់​អន្តរជាតិ​ស្តីពី​ការ​ហាមប្រើ​អាវុធគីមី​នឹង ​ត្រូវ​ទទួល​ផលវិបាក​ដោយ​ចៀសមិន​រួច។ យ៉ាង​ណា​ក៏​ដោយ លោក​អូបាម៉ា​បាន​បញ្ជាក់​រួច​ហើយ​ថា លោក​នៅ​មិន​ទាន់​បាន​សម្រេចចិត្ត​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ងាក​មក​មើល​ជំហរ​របស់​ប្រទេស​បារំាង​ឯណេះ​វិញ ទីក្រុង​ប៉ារីស​ហាក់​ដូច​ជា​មិន​បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ទេ នៅ​ចំពោះ​មុខ​អវត្តមាន​របស់​ប្រទេស​អង់គ្លេស។ លោក​ប្រធានាធិបតី François Hollande បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា បារំាង​ត្រៀម​ខ្លួន​ចូលរួម​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី ទោះ​បី​ជា​គ្មាន​ប្រទេស​អង់គ្លេស​ក៏​ដោយ និង​ថា ទង្វើ​សម្លាប់រង្គាល​ដោយ​ប្រើ​អាវុធគីមី​ជា​ទង្វើ​មួយ​ដែល​មិន​អាច​អត់ទោស​ ឲ្យ​បាន​ទេ។

ពិភពលោកមិនចង់ឃើញស៊ីរីក្លាយជាសង្រ្គាមអ៊ីរ៉ាក់ទី២

ការ​វាយប្រហារ​ប្រទេស​ស៊ីរី គឺ​ជា​រឿង​មួយ​យ៉ាង​រស៊ើប​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ។ គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា បដិវត្តន៍​ក្នុង​ពិភពអារ៉ាប់​ដែល​បាន​ផ្ទុះ​ដំបូង​ក្នុង​ប្រទេស​ទុយនេស៊ី បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនំា​ផ្តាច់ការ​ក្នុង​តំបន់​ធ្លាក់​ពី​អំណាច​ បន្តបន្ទាប់​គ្នា វា​លើកលែង​តែ​នៅ​ស៊ីរី​ចេញ ដែល​លោក​ប្រធានាធិបតី​អាសាដ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តំាង​ពី​ជិត ២ឆ្នំា​មក​ហើយ។

ការ​ពិបាក​កំចាត់​របប​លោក​អាសាដ​បច្ចុប្បន្ន មក​ពី​ទីមួយ ការ​មិន​ឯកភាព​គ្នា​នៅ​ក្នុង​រង្វង់​ក្រុមប្រឹក្សាសន្តិសុខ​អចិន្រ្តៃយ៍​នៃ​ អង្គការ​សហប្រជាជាតិ ព្រោះ​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​ទំាង ៥ មាន​២ប្រទេស គឺ​ចិន និង​រុស្ស៊ី​ដែល​បន្ត​គំាទ្រ​របប​លោក​អាសាដ និង​ដែល​មាន​សិទ្ធិវ៉េតូ​មិន​ឲ្យ​មាន​អន្តរាគមន៍​យោធា​នៅ​ស៊ីរី។ ដូច្នេះ អន្តរាគមន៍​យោធា​លើ​ស៊ីរី​ក្រោម​ភ្លើងខៀវ​របស់​សហគមន៍​អន្តរជាតិ គឺ​គ្មាន​ថ្ងៃ​ចេញ​រួច​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ និង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក ទីក្រុង​វ៉ាស៊ីតោន​បាន​ដើរបបួល​សម្ព័ន្ធមិត្ត​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន។ តែ​ពេល​នេះ អាមេរិក​បាន​បាត់បង់​អង់គ្លេស​ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​ម្នាក់។

ម្យ៉ាង​ទៀត អាមេរិក​ក៏​កំពុង​ប្រឈម​មុខ​នឹង​ក្រុមប្រទេស​មហាអំណាច​ផ្សេងទៀត​ដូច​យ៉ាង​ រុស្ស៊ី និង​ចិន​ដែល​ខ្លួន​ត្រូវការ​សម្រាប់​ដោះស្រាយ​សំណុំរឿង​ពិភពលោក​ផ្សេងទៀត តែ​ប្រទេស​ទំាង​នោះ​បាន​គំាទ្រ​របបស៊ីរី​យ៉ាង​ណែនដៃ។ រុស្ស៊ី​ថែម​ទំាង​បាន​បញ្ជូន​នាវាចម្បំាង​ទៅ​ដាក់​ក្បែរ​ស៊ីរី​ដើម្បី​ជួយ​ ការពារ​ស៊ីរី។ ចំណែក​ចិន​ក៏​បាន​អំពាវនាវ​ពិភពលោក​ឲ្យ​រួមគ្នា​ទប់​ស្កាត់​ការ​វាយប្រហារ​ លើ​ស៊ីរី​តាម​ផ្លូវយោធា​ដែរ។

ទន្ទឹម​គ្នា​នេះ ការ​រារែក អាល់អែក​របស់​អាមេរិក បារំាង ព្រម​ទំាង​ការ​ឆ្លើយ​បដិសេធ​របស់​សភា​អង់គ្លេស​ពេល​នេះ ក៏​ដោយសារ​បទពិសោធន៍​ក្នុង​សម័យសង្រ្គាម​អ៊ីរ៉ាក់​កាល​ពី ១០ឆ្នំា​មុន។ សង្រ្គាមអ៊ីរ៉ាក់​ដែល​កាលណោះ ក៏​ត្រូវ​បាន​អាមេរិក និង​សម្ព័ន្ធមិត្ត​ធ្វើ ដោយ​គ្មាន​ភ្លើងខៀវ​ពី​ក្រុមប្រឹក្សាសន្តិសុខ និង​យក​លេស​ថា របប​លោក Saddam Hussein មាន​ផ្ទុកអាវុធ​ប្រល័យលោក។ តែ ១០ឆ្នំា​ក្រោយ​មក គេ​នៅ​តែ​រក​មិន​ទាន់​អាច​ឃើញ​អាវុធប្រល័យលោក​របស់​លោក Saddam Hussein។

អ៊ីចឹង​ហើយ​បាន​ជា​សាធារណៈជន​ទូទៅ​ហាក់​ដូច​ជា​មាន​ការ​ប្រយ័ត្នប្រយែង​ ច្រើន​ចំពោះ​ការ​លើកឡើង​របស់​អាមេរិក​ដែល​ថា របបស៊ីរី​បាន​ប្រើ​អាវុធគមី​សម្លាប់​ជនស៊ីវិល។ ទំាង​ក្រុមតំណាងរាស្រ្ត​អង់គ្លេស ក៏​ដូច​ជា​ក្រុម​តំណាងរាស្រ្ត​អាមេរិក​របស់​បក្សប្រឆំាង ពួក​គេ​បាន​ទាមទារ​ឲ្យ​មាន​ភស្តុតាង​បន្ថែម និង​អំពាវនាវ​ឲ្យ​រង់ចំា​លទ្ធផល​នៃ​ការ​អង្កេត​របស់​ក្រុម​អធិការអន្តរជាតិ​ ដែល​នឹង​បញ្ចប់​បេសកកម្ម​នៅ​ស៊ីរី​នា​ចុង​សប្តាហ៍​នេះ។ អ្វី​ដែល​ពិភពលោក​ចង់​ចៀសវាង​មិន​ឲ្យ​កើត​មាន​ជា​ថ្មី​នោះ គឺ​ការ​ប្រែក្លាយ​ស៊ីរី ទៅ​ជា​សង្គ្រាម​អ៊ីរ៉ាក់​ទី២៕

ប្រភពពី៖ ខេមរភាសា

អាមេរិក​​កាន់​តែ​ឯកោ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី

ប្រធានាធិបតី​អាមេរិក​មាន​យោបល់​ទៅលើ​សំណុំរឿង​ស៊ីរី​ កាលពី​ថ្ងៃ​សុក្រ​ទី ៣០ សីហា ២០១៣
REUTERS/Kevin Lamarque

កាលពី​ ថ្ងៃ​សុក្រ ទី ៣០​សីហា លោក​ប្រធានាធិបតី អាមេរិក​អះអាង​ថា លោក​មិន​ទាន់​សំរេច​ចិត្ត​ចុងក្រោយ​នៅឡើយទេ ប៉ុន្តែ បាន​លើកឡើង​ពី​ជម្រើស​អន្តរាគមន៍​យោធា​រយៈពេល​កំណត់​មួយ នៅ​ស៊ីរី។ នៅថ្ងៃ​សុក្រ​ដដែល ប្រមុខ​កងទ័ព​សម្ព័ន្ធមិត្ត​អូតង់​បាន​បដិសេធ​មិន​ចូលរួម​ធ្វើ​ ប្រតិបត្តិការ​យោធា​ដោយ​ផ្ទាល់​នៅ​ស៊ីរី។




អាមេរិក​បាន​កំណត់​រួចហើយ ជំហរ យុទ្ធសាស្រ្ត​របស់​ខ្លួននៅ​ស៊ីរី ដោយ​មិន​ចាំបាច់​រង់ចាំ​លទ្ធផល​ផ្លូវការ​របស់​ក្រុមស៊ើបអង្កេត​ អ.ស.ប។ កាលពី​ថ្ងៃ​ម្សិលមិញ ប្រមុខ​ការបរទេស​អាមេរិក លោក​John Kerry បាន​លើកឡើងថា ការងាររបស់​ក្រុមស៊ើបអង្កេត​ អ.ស.ប​គ្រាន់​តែ​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ប៉ុណ្ណោះ។ លោក​John Kerry ហ៊ាន​និយាយ​ដូច្នេះ ក៏ព្រោះ​តែ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​រក​ឃើញ​ព័ត៌មាន តាំងពី​ប៉ុន្មាន​ថ្ងៃ​មកហើយ ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើប្រាស់​អាវុធ​គីមី​ទៅលើ​សង្កាត់ នៅ​ជាយក្រុង​ដាម៉ាស។

ដើម្បី​បញ្ចុះបញ្ចូល​មតិ​សាធារណៈ ជាពិសេស​ប្រជាជន និង​សភា​អាមេរិក ប្រមុខ​ការបរទេស​អាមេរិក​បាន​បង្ហាញ​ឯកសារ​ទាក់ទង​នឹង​ការប្រើអាវុធ​គីមី ពី​សំណាក់​រដ្ឋាភិបាល​លោក​បាស្ហា​អាល់​អាសាដ។ ក្នុង​ឯកសារ​៤ទំព័រ ប្រភព​ពី​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ អាមេរិក និង​ដៃគូ បាន​លួច​ចាប់ ស្តាប់​សំឡេង​សន្ទនា​របស់​មន្រ្តីជំនាញ​អាវុធគីមី ស៊ីរី​ដែល​បាន​ទទួល​បញ្ជា​បេសកកម្ម​រៀបចំ​ផលិត​អាវុធ​គីមី គឺ​នៅ​បីថ្ងៃ​មុន​ហេតុការណ៍​វាយប្រហារ​អាវុធ​គីមី។ នៅថ្ងៃ​វាយប្រហារ​ទៀតសោត គឺ​នៅ​យប់ថ្ងៃ​ពុធ​ទី ២១ សីហា ផ្កាយរណប​របស់​អាមេរិក​បាន​ថត​ចាប់​បាន​រូបភាព​បាញ់​មីស៊ីល​ផ្ទួនៗ​ចេញ​ពី​ បន្ទាយ​ទ័ព​រដ្ឋាភិបាល​ស៊ីរី សំដៅ​សង្កាត់​ដែល​គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម​ស៊ីរី។ ហើយ នៅ​ប៉ុន្មាន​នាទី​ក្រោយ មក គេ​ក៏ចាប់ឃើញ​រូបភាព វីដេអូ​របស់​ក្រុមប្រឆាំង​ស៊ីរី ដែល​បង្ហាញ​ពី​កុមារ និង​ប្រជាជន​ដេកដួលស្លាប់ ដែល​បើតាម​ការវិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ គឺមានទាក់ទង​នឹង​រោគសញ្ញា រងគ្រោះ​ដោយ​អាវុធគីមី។ តាមរបាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ជនរងគ្រោះ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី​មាន​ជាង ១៤២៩​នាក់ ក្នុង​នោះ​មាន​កុមារ ៤២៦​នាក់។

មួយវិញ​ទៀត ដែល​រដ្ឋមន្រ្តី​ការបរទេសហ៊ាន​និយាយ​ថា អាមេរិក​មាន​ជំនឿ​មុតមាំ​ថា គឺ​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ​ដែល​បាន​ប្រើអាវុធ​គីមី ក៏ព្រោះ នៅក្នុង​សំឡេង​ដែល​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក លួច ស្តាប់​មន្រ្តី​ស៊ីរី​ដែល​បាន​និយាយ​ឆ្លើយឆ្លង​គ្នា សំដែង​ការព្រួយ​បារម្ភ​ខ្លាច​ថា ក្រុមស៊ើបអង្កេត អ.ស.ប​ចូល​ទៅ​រកឃើញ​ភស្តុតាង ពី​ការប្រើអាវុធ​គីមី។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាមេរិក វាច្បាស់ណាស់​ថា គេ​ត្រូវ​ធ្វើ​អន្តរាគមន៍​យោធា​ទៅលើ​ស៊ីរី​ដោយ​ខានមិនបាន ហើយ​អាមេរិក​នឹង​ធ្វើ​ជាមួយ​អូស្ត្រាលី និង​ប្រទេស​អេមីរ៉ា អារ៉ាប់រួម។ គេ​មិន​ដឹងថា តើ​អន្តរាគមន៍​យោធា​នឹង​ធ្វើ​នៅពេលណាទេ។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ត្រឹមតែ​លើកឡើង​ ពីការសហការ​ជាមួយ​សម្ព័ន្ធ​មិត្ត​ចាស់ ដូចជា​បារំាង បន្ទាប់​ពី អាមេរិក​បាន​បាត់បង់​ដៃគូ​អង់គ្លេស ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ហាម​មិន​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ចូល​ធ្វើ​ អន្តរាគម​យោធា​ជាមួយ​អាមេរិក។

បន្ទាប់ពី​អង់គ្លេស ប្រទេស​នៅ​អឺរ៉ុប​ក្រៅពី​បារាំង បាន​បង្ហាញ​ការរារែក​មិនចង់​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា​ជាមួយ​អាមេរិក។ អាល្លឺម៉ង់ បដិសេធ​រាល់​លទ្ធភាព​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា នៅ​ស៊ីរី។ ទីក្រុង​ប៊ែឡាំង​ដែល​ចង់​រង់ចាំ​លទ្ធផល​ការងារ​របស់​ក្រុមស៊ើបអង្កេត​របស់​ អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា ខ្លួន ត្រៀម​គាំទ្រ​សកម្មភាព​អន្តរជាតិ ទាំងឡាយ​ណា​ដែល​ចេញ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ តែប៉ុណ្ណោះ។ អង្គការ​អូតង់វិញ ដែល​តាមពិត​មាន​កងកម្លាំង​របស់ខ្លួន នៅ​ប្រទេស​តួកគី ជាប់ព្រំដែន​ជាមួយ​ស៊ីរី​រួចហើយនោះ បាន​បង្ហាញ​ជំហរ​មិន​ចង់ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការវាយប្រហារ​យោធា​លើ​ ស៊ីរី។ តាម​លោកអគ្គលេខាធិការ​អង្គការ​អូតង់ គេ​មាន​ភស្តុតាង​ច្បាស់​ដែល​បញ្ជាក់ថា របប​ស៊ីរី​ប្រើ​អាវុធ​គីមី ប៉ុន្តែ យ៉ាងណាក៏ដោយ អូតង់ នៅ​តែ​ចង់​ឲ្យ​មាន​ការចរចា​ផ្លូវ​នយោបាយ ថ្នាក់​អង្គការ​សហប្រជាជាតិ ជាង​ការប្រើកម្លាំង ធ្វើសង្រ្គាម។

នៅ​ចំពោះមុខ​រារែក​របស់​ដៃគូ​សម្ព័ន្ធមិត្ត លោក​អូបាម៉ា​បាន​ចេញមុខ​មក​បន្ទន់​ជំហរ​របស់​អាមេរិក ដែល​បើតាម ​ប្រមុខ​ការបរទេស​អាមេរិកថ្លែង នៅក្នុង​សន្និសីទ​កាសែត នឹងធ្វើ​អន្តរាគមន៍​យោធា ដោយ​ខានមិនបាន។ លោក​អូបាម៉ា​បាន​ចេញមក​បកស្រាយ​ថា លោក​នៅមិនទាន់​សម្រេចចិត្ត​ជ្រើសរើស​ជម្រើស​ចុងក្រោយ​នៅឡើយទេ។ នៅក្នុង​ពេល​ប្រទេស​ អង់គ្លេស (សមាជិក​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ អ.ស.ប)​បដិសេធ​មិន​ចូលរួម​ជាមួយ​អាមេរិក ហើយ​អង្គការ​អូតង់​ក៏​បង្ហាញ​ជំហរ​រារែក​ទៀតនោះ លោកអូបាម៉ា​បាន​លើកឡើង​ពី​បញ្ហា​មនុស្សធម៌ ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​ដៃគូ​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន និង​បញ្ជាក់ពី​ភាព​ស្របច្បាប់​ខាងមនុស្សធម៌​របស់​អាមេរិក ក្នុង​រឿង​ធ្វើ​អន្តរាគមន៍​យោធា​នៅស៊ីរី។ សម្រាប់​អូបាម៉ា អាមេរិក​មិនអាច​ទទួល​យកបាន​ការប្រើអាវុធ​គីមី​ដែល​បាន​សម្លាប់​មនុស្សស្រី និង​កុមារ នៅស៊ីរី។

រដ្ឋបាល​លោកអូបាម៉ា​បាន​និយាយធានា​ថា ការវាយប្រហារ​បើសិន​ជាមាន​ទៅលើ​ស៊ីរី គឺ​នឹង​មាន​ពេល​កំណត់​មួយ គឺនឹង​មិន​បណ្តាល​ឲ្យ​មាន​ផលវិបាក ឬ​ប៉ះពាល់​រាលដាល​ទៅ​ជា​សង្រ្គាម​បង្ហូរឈាម នៅ​តំបន់​ដើមបូព៌ា ដូចជាការព្រួយបារម្ភ​របស់​ប្រទេស​មួយ​ចំនួនទេ។ អ៊ីស្រាអែល និង​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​មាន​ព្រំដែន​ជាប់​ស៊ីរី បាន​សំដែង​ការព្រួយបារម្ភដែល​ថា ការវាយប្រហារ​របស់​អាមេរិក​មាន​រយៈពេល​វែង និង​ដែល​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រទេស​ក្នុង​តំបន់ ជាពិសេស​អ៊ីរ៉ង់ និង​រុស្ស៊ី។

ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ​ប្រញាប់​ប្រញាល់​ចាកចេញ​ពី​ទីក្រុង​ដាម៉ាស មុនពេល​កំណត់

អ្នកយកព័ត៌មាន​ប្រទេស​លោកខាងលិច​វាយតម្លៃថា ការប្រញាប់​ចាកចេញ​ពី​ស៊ីរី ក៏ព្រោះតែ​ក្រុមស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ (១៣​នាក់) ខ្លាច​ក្រែង​មាន​ការវាយប្រហារ​យោធា​របស់​អាមេរិក ទៅលើ​ស៊ីរី។ កាលពី​មួយ​ថ្ងៃ​មុន គឺ​នៅ​យប់​ថ្ងៃ​សុក្រ រដ្ឋបាល​លោក​អូបាម៉ា​ទើបតែ​បញ្ជាក់​ពី​ជម្រើស​អន្តរាគមន៍​យោធា រយៈពេល​មាន​កំណត់ ​នៅ​ស៊ីរី។

ក្រុមស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​​បាន​ប្រមូល​ភស្តុតាង​យ៉ាងច្រើន ពីកន្លែង​កើតហេតុ ពោល​គឺ​កន្លែង​ដែល​រងការវាយប្រហារ​អាវុធ​គីមី កាលពី​១០​ថ្ងៃ។ ហើយ​ពួកគេ នឹង​ធ្វើ​ដំណើរ​ទៅទីក្រុង​ឡាអេ ដើម្បី​វិភាគ​លើ​គំរូ ភស្តុតាង​ទាំងនោះ។ បើតាម​អ្នកនាំពាក្យ​របស់​លោកបាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា គេ​បាន​បញ្ជូន​ការងារ​វាយតម្លៃ​ជំហានដំបូង​របស់​ក្រុមស៊ើបអង្កេត នៅ​ស៊ីរី ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ពិនិត្យ​មើលរួចហើយ កាលពី​ថ្ងៃ​សុក្រ។ ចំណែក​លទ្ធផល​ផ្លូវការស្តី​ពី​ការមាន​ប្រើអាវុធ​គីមី មែន ឬ​យ៉ាងណា​នោះ គឺ​គេ​ត្រូវ​រង់ចាំ​ពីរ​សប្តាហ៍ទៀត៕

ប្រភពពី៖ ខេមរភាសា

ឥណ្ឌា​ដាក់បញ្ចូល​យន្តហោះ​ដឹកជញ្ជូន​ទ័ព​ធំ​បំផុត​នៅលើ​ពិភពលោក ចូលក្នុង​កងកម្លាំង​ការពារជាតិ​​


ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ បានដាក់​បញ្ចូល​ទៅក្នុង​កងកម្លាំង​ការពារជាតិ​របស់ខ្លួន នូវ​ប្រភេទ​យន្តហោះ​ដឹកជញ្ជូន​ទ័ព​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក C-17 Globemaster III ។​
​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា A.K. Antony បាន​និយាយថា ការដាក់បញ្ចូល​ជា​ផ្លូវការ នូវ​ភេទ​យន្តហោះ​ដឹកទ័ព​ធុន​ធ្ងន់ C-17 ទម្ងន់ ៧០ តោន​នេះ គឺ​ដើម្បី​បម្រើ​សេវាកម្ម​បន្ថែម នៅឯ​មូលដ្ឋាន​ទ័ពអាកាស Hindon ដែលមាន​ចម្ងាយ ៣០ គីឡូម៉ែត្រ ពី​រដ្ឋ​រដ្ឋធានី New Delhi ។​

​លោក Antony បាន​បន្តថាៈ “​ការដាក់បញ្ចូល​យន្ត​ហោះ​នេះ គឺជា​ដំណើរ​អភិវឌ្ឍន៍​ដ៏​ធំធេង​មួយ សម្រាប់​កងទ័ព​ឥណ្ឌា ហើយ​វា​នឹង​ប្រតិបត្តិ​តាម​គម្រោង​យុទ្ធសាស្ត្រ​ដ៏​ប៉ិនប្រសព្វ​មួយ និង​ក៏​ជា​ប្រតិបត្តិការ​មិនមែនជា​ប្រពៃណី​ផងដែរ​” ។​

​យន្តហោះ​នេះ ត្រូវបាន​ផលិតឡើង​ដោយ​អាមេរិក អាច​ដឹក​កងទ័ព​បាន​ប្រហែល ១៥០ នាក់ និង​ត្រូវបាន​បម្រុង ដើម្បី​ជំនួស​ឲ្យ​យន្តហោះ IL-76 ផលិត​ដោយ​រុស្ស៊ី​ដែលមាន​វ័យ​ចំណាស់​ទៅហើយ ។​

​សូមបញ្ជាក់ថា រហូតមកទល់​ពេលនេះ ឥណ្ឌា​បានទទួល​យន្ត​ដឹកជញ្ជូន​ទ័ព C-17 ចំនួន ៣ គ្រឿង​ហើយៗ រំពឹងថា នឹង​ទទួលយក ៧ គ្រឿង​បន្ថែមទៀត នៅ​ចុងឆ្នាំ​ក្រោយនេះ ដែល​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ឥណ្ឌា​បាន​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១១ ៕​

ប្រភពពី៖ ខ្មែរស្ថាបនា