សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, August 19, 2013

ក្រុម​ចោរ​​អស់​លក្ខណ៍​ចូល​ប្លន់​ហើយ​ផ្ទុះ​អាវុធ​មិន​ចេញ​ ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​១ដៃ​១​ជើង​ទ្រម​ខ្លួន



ព្រះសីហនុ ៖ ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ត្រូវ​អស់​លក្ខណ៍​ដោយ​សារ​តែ​នៅ​ពេល​ ប៉ុន​ប៉ង​​ចូល​ប្លន់​​អ្នក​ដូរ​លុយ​នៅ​ក្នុងផ្ទះ​ ប៉ុន្តែ​ដោយ​សារ​តែ​​​អស់​លក្ខណ៍​​បាញ់​មិន​ចេញ​គ្រាប់​កាំភ្លើង​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ម្នាក់​១​ដៃ​១ជើង​ឡើង​ទ្រម​ខ្លួន​។ ចំណែក​​ក្រុម​ចោរ​២​នាក់​ដែល​ជា​បក្ខ​ពួក​បាន​នាំ​គ្នា​គេច​ខ្លួន​អស់​ បន្សល់​ទុក​កាំភ្លើង​ខ្លី​២​ដើម​។
ប្រភព ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​ដូរ​លុយ នៅ​ខាង​ត្បូង​ជាប់​នឹង​ផ្សារ​លើ ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ។
បើ ​តាម​សាក្សី​ជា​ច្រើន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ពេល​កើត​ហេតុ​ខាង​លើ គេ​បាន​ឃើញ​ក្រុម​​​ចោរ​ប្លន់​ចំនួន​៣​នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពណ៌ ​ខ្មៅ ឆ្នាំ​២០០៨ ពុំ​ស្គាល់​ស្លាក​លេខ បាន​ឈប់​នៅ​មុខ​ផ្ទះ​កើត​ហេតុ។​ ប្រភព​បន្ត​ថា ភ្លាម​ៗ​នោះ មាន​បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​គេ​បាន​ចុះ​ពី​លើ​ម៉ូតូ ហើយ​ដក​កាំ​ភ្លើង​ពី​ចង្កេះ​បាញ់​សំដៅ​ទៅ​លើ​ម្ចាស់​ផ្ទះ ក្នុង​គោល​បំណង​បាញ់​សម្លាប់​ប្លន់​ទ្រព្យ​សម្បត្តិ​។ ប៉ុន្តែ​ដោយ​សារ​តែ​ដល់​ថ្ងៃអន្សា​​ កាំ​ភ្លើង​របស់​ជន​សង្ស័យ​នោះ​បាញ់​មិន​ផ្ទុះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ​នៅ​ក្បែរ​នោះ បាន​ស្ទុះ​ទៅ​ប្រតាយ​ប្រតប់​ព្រួត​គ្នា​ចាប់​បាន​ម្នាក់​រួម​នឹង​កាំ​ភ្លើង​ ខ្លី​មួយ​ដើម។ រីឯ​បក្ខ​ពួក​ចោរ​ប្លន់​២​នាក់​ទៀត​ភ័យ​ស្លន់​ស្លោ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន ហើយ​ភ្លាត់​ស្នៀត​ជ្រុះ​កាំភ្លើង​១​ដើម​​ថែម​ទៀត​។
អធិការ ​នគរបាល​​​​ក្រុង​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​មាន​ឈ្មោះ​អ៊ិត ស៊ីដា ភេទ​ប្រុស អាយុ៤២​ឆ្នាំ មុខ​របរ ជាង​សំណង់ រស់​នៅ​ស្រុក​ដងទង់​ ខេត្ត​កោះកុង។​ ក្រោយ​ពេល​ឃាត់​ខ្លួន​សមត្ថកិច្ច​បាន​ដក​ហូត​កាំភ្លើង​ខ្លី​ម៉ាក K-54 ១​ដើម មាន​៦​គ្រាប់ និង​ម៉ាក K-59 ១ ​ដើម​ទៀត​មាន​៥​គ្រាប់។ ចំណែក​ជនសង្ស័យ​២​នាក់​ដែល​រត់​គេច​ខ្លួន​បាត់​រួម​ជាមួយ​ម៉ូតូ​នោះ សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​អត្ត​សញ្ញាណ ដើម្បី​យក​មក​​ផ្ដន្ទាទោស។
សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សំណាង​១​ក្នុង​១​ពាន់​គ្រោះ​ថ្នាក់​ដែល​ជន​រងគ្រោះ​ឈ្មោះ​កៅ ធូង ភេទ​ប្រុស អាយុ៤៤​ឆ្នាំ មុខរបរ​ដូរ​លុយ បាន​រួច​ផុត​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​ប្លន់​ទ្រព្យ​សម្បត្តិ​ ដោយ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​​មិន​បាន​សម្រេច​ដោយ​សារ​តែ​ ក្រុម​ចោរ​អស់​លក្ខណ៍​បាញ់​​​មិន​ចេញ​គ្រាប់​កាំភ្លើង។ សមត្ថកិច្ច​ក៏​សាក​សួរ​មនុស្ស​២​នាក់​ទៀត​ផង​ដែរ​ដើម្បី​ស៊ើប​អង្កេត​រក​មុខ ​សញ្ញា​ចោរ​ប្លន់​បន្ត​ទៀត៕ ប្រភពពី៖ កម្ពុជាថ្មី

No comments:

Post a Comment