លោក Truong Tan Sang ប្រធានាធិបតីវៀតណាម

លោក Truong Tan Sang ប្រធានាធិបតីវៀតណាម
REUTERS/Kham
នៅថ្ងៃចន្ទ ទី២ កញ្ញាដើមសប្តាហ៍ក្រោយ
ប្រទេសវៀតណាមនឹងប្រារព្ធខួបគម្រប់ ៦៨ឆ្នំានៃការប្រកាសឯករាជ្យ។
នៅក្នុងឱកាសនោះ មានអ្នកទោសជាង ១៥
០០០នាក់នឹងទទួលបានការលើកលែងទោសពីលោកប្រធានាធិបតី។
ប៉ុន្តែជាថ្មីម្តងទៀត
គ្មានអ្នកទោសនយោបាយណាម្នាក់នឹងត្រូវដោះលែងទេ។
REUTERS/Kham
យោងតាមរដ្ឋាភិបាលក្រុងហាណូយ ការលើកលែងទោសពីប្រធានាធិបតីក្នុងឱកាសបុណ្យឯករាជ្យជាតិ គឺជាទំនៀមទម្លាប់ប្រពៃណីមនុស្សធម៌របស់វៀតណាម របស់គណបក្សកុម្មុយនិស្ត និងរបស់រដ្ឋ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ និងដូចជារៀងរាល់ឆ្នំាដែរនោះគឺថា អ្នកទោសដែលនឹងទទួលបានការលើកលែងទោសច្រើនជាអ្នកទោសកម្រិតស្រាល និងដែលពួកគេជិតបញ្ចប់ទម្ងន់ទោសរបស់ខ្លួនហើយ។ ចំណែកអ្នកទោសនយោបាយ ឬមួយក៏អ្នកទោសប្រឆំាងរដ្ឋាភិបាលនឹងមិនត្រូវបានទទួលការលើកលែង ទោសឡើយ។
អ្នកទោសគ្រប់រូបដែលបានទទួលទោសពីបទឃោសនាប្រឆំាងរដ្ឋាភិបាល ឬមួយក៏រៀបចំសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនឹងបន្តស្ថិតក្នុង បន្ទប់ចម្រឹងដែកដដែល។ ម្យ៉ាងទៀត អ្នកទោសមួយចំនួនដែលជាប់ចោទពីបទរត់ពន្ធគ្រឿងញាន ឬមួយក៏រត់ពន្ធមនុស្សក៏នឹងអាចមានឈ្មោះនៅក្នុងបញ្ជីដោះលែងដោយ លោកប្រធានាធិបតី Truong Tan Sang ដែរ។
កាលពី ២សប្តាហ៍កន្លងទៅ មានការដោះលែងយុវជនសកម្មជនអ្នកគំាទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ បន្ទាប់ពីយុវជនរូបនោះបានប្តឹងឧទ្ធរណ៍ឈ្នះ។ ទង្វើនេះបានធ្វើឲ្យគ្រប់គ្នាសង្ឃឹមថា ការលើកលែងទោសឆ្នំា ២០១៣ នេះនឹងអាចមានអ្នកទោសនយោបាយខ្លះ។ តែទីបំផុត សេចក្តីសង្ឃឹមហាក់ដូចជាបានរលាយសាបសូន្យទៅវិញ។ រដ្ឋអំណាចកុម្មុនិស្តវៀតណាមមិនត្រឹមតែមិនព្រមលើកលែងទោសឲ្យ អ្នកនយោបាយទេ តែបាននិងកំពុងបន្តតាមប្រម៉ាញ់ក្រុមអ្នកប្រឆំាងដោយមិនរើសមុខ។
បច្ចុប្បន្ន មានអ្នកទោសប្រឆំាងជាង ១២០នាក់កំពុងដេកក្នុងគុក ហើយបើទោះបីជាមានការរិះគន់ ទិតៀនពីសហគមន៍អន្តរជាតិក៏ដោយ ក៏គណបក្សកុម្មុយនិស្តមិនខ្ចីយកត្រចៀកស្តាប់ និងបន្តធ្វើបុណ្យឯករាជ្យរបស់ខ្លួនដូចដែលខ្លួនធ្លាប់បានធ្វើជា រៀងរាល់ឆ្នំា៕
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment