សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, August 31, 2013

ក្រុម​យុវជន​​រៀប​ចំ​​ដាក់​​ញត្តិ​​ទៅ​​តុលាការ​​ដើម្បី​​ដក​​ការ​​ចោទ​ប្រកាន់​​លើ​​យុវជន​​​៤​នាក់

យុវជនដែលតុលាការសំរេចដោះលែង ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន
RFI/ Siv Chana

 ក្រុម​យុវជន​ដើម្បី​សន្តិភាព​បាន​រៀបចំ​ ដាក់​ញត្តិ​មួយ​ ដើម្បី​ដាក់​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​២​កញ្ញា​ខាង​មុខ ដើម្បី​សុំ​ឲ្យ​ចៅ​ក្រម​ដក​ការ​ចោទ​ប្រកាន់​លើ​យុវជន ៤នាក់​។ យុវជន​ទាំង ៤​​នាក់ ដែល​មាន​ពីរ​នាក់​ជា​ស្ត្រី ត្រូវ​បាន​តុលាការ​​​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧​ សីហា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ ផ្តួល​រំលំ​រដ្ឋា​ភិបាល​។ ក្រុម​យុវជន​ដើម្បី​សន្តិភាព ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​នេះ ក៏​បាន​ប្រកាស​បន្ត​សកម្មភាព​ដើម្បី​សន្តិភាព ដោយ​ជួប​ជុំ​បួង​សួង និង​ចុះ​ចែក​ផ្កា ទៅ​ដល់​កម្លាំង​ប្រដាប់​អាវុធ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១​កញ្ញា នៅ​បរិវេណ​វត្ត​ភ្នំ​។

 ញត្តិ ដែលមានស្នាមមេដៃ​យុវជនប្រមាណ ១០០ នាក់ នឹងត្រូវក្រុមយុវជន​ដើម្បីសន្តិភាព ដាក់​ទៅកាន់តុលាការ​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២កញ្ញា។ ញត្តិនោះ ដើម្បី​ស្នើ​សុំ​ឲ្យ​ចៅ​ក្រម​ដក​បទ​ចោទ​ប្រកាន់​លើ​យុវជន ៤ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​ពី​​បទ​ញុះ​ញង់ ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​។

យុវជន​ទាំង ៤ នាក់​នោះ រួមមាន៖ ទត់ ចាន់បញ្ញា, ហ៊ើយ បូរិន, កញ្ញាឡុងលីផេង និងកញ្ញា សុខ​ដាលីស ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ សីហា ពីបទញុះញង់ ឲ្យមានហិង្សា​ប្រដាប់​​អាវុធ​ផ្តួលរំលំរដ្ឋាភិបាល។ ជាបទចោទប្រកាន់ ដោយសារតែពួកគេ​មានបំណង​ចូល​រួម​​ក្នុង​យុទ្ធនាការចែកផ្កា និងបោះពុម្ពសារអហិង្សា សម្រាប់ជូនដល់កងកម្លាំងប្រដាប់អាវុធ។

ប៉ុន្តែ សកម្មភាពនោះ​ត្រូវបាន​ប៉ូលិស​និងតុលាការ​ចាត់ទុកថា មានជាប់ទាក់ទង​នឹងក្រុម​សួន សេរី​រដ្ឋា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី២០ សីហា តុលាការ​​ក៏បានសម្រេច​ដោះ​លែងជាបណ្តោះអាសន្ន ឲ្យ​យុវជនទាំង ៤ នាក់នោះ ចេញ​ពី​ពន្ធនាគារ​​​ព្រៃស​។ តែ​បទ​​ចោទ​ប្រកាន់​នៅ​​រក្សា​​ទុក​​ដដែល។

តំណាងយុវជនដើម្បីសន្តិភាព លោក អឿ ណារិត និងយុវជន ហេង សំណាង បាន​ប្រកាស​ក្នុង​សន្និសីទកាសែត នៅទីស្នាក់ការសមាគម​គ្រូ​បង្រៀន​​កម្ពុជាឯករាជ្យ នៅភ្នំពេញ នាព្រឹក​ថ្ងៃ​ទី​៣០ ​​សីហា​ថា ជាមួយនឹងការដាក់​ញត្តិទៅ​កាន់​តុលាការ ក្រុមយុវជនដើម្បី​សន្តិភាព​ប្រហែល​ ៥០០ នាក់ ក៏​នឹង​ជួបជុំ​នៅ​វត្ត​ភ្នំ នា​ព្រឹក​ថ្ងៃ​​អាទិត្យ ទី​១ ក​ញ្ញា ដើម្បីបួង​សួង​សុំ​សន្តិភាព មុននឹង​ព្រលែង​ចាប​ និងជូនផ្កាដល់កងកម្លាំង​ប្រដាប់អាវុធ ដែលត្រូវបានគេដាក់​ពង្រាយ នៅ​ក្រោយ​ការ​​បោះឆ្នោត។

ក្រុម​យុវជន ក៏អំពាវនាវដល់គណបក្សកាន់អំណាច គណបក្ស​ប្រឆាំង រួមទាំងកងកម្លាំង​ប្រដាប់​អាវុធ ត្រូវប្រកាន់គោលការណ៍អហិង្សា ជាពិសេសបើសិនជាមានបាតុកម្មតវ៉ា​កើត​ឡើង​​នៅក្រោយ​ការ​បោះឆ្នោត​ពេល​នេះ ក៏​ត្រូវ​ធ្វើ​ឡើង​ដោយ​​អហិង្សា​៕

ប្រភពពី៖ ខេមរភាសា

 

No comments:

Post a Comment