សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, September 3, 2013

លោក​បារ៉ាក់ អូបាម៉ា​សុំភ្លើងខៀវ​ពី​សភាអាមេរិក មុន​នឹង​វាយប្រហារ​លើ​​ស៊ីរី


លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និងលោក​​អនុប្រធានាធបតី Joe Biden
REUTERS/Mike Theiler
លោក​ ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរិ៍ ទី៣១ សីហា​ថា លោក​បាន​សម្រេចចិត្ត​រួច​ហើយ​ក្នុង​ការ​ប្រើកម្លំាង​យោធា​ដើម្បី​វាយប្រហារ​ ប្រទេស​ស៊ីរី។ ប៉ុន្តែ​មុន​នឹង​អាច​ចាប់​ផ្តើម​យុទ្ធនាការ​នេះ លោក​អូបាម៉ា​បាន​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​អាមេរិក​ជាមុន​សិន។ ដោយឡែក​នៅ​ថ្ងៃ​អាទិត្យ ទី១ កញ្ញា​នេះ បណ្តា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​សម្ព័ន្ធអារ៉ាប់​ក៏​បាន​បើក​ កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។


តាម​ធម្មតា បណ្តា​រដ្ឋមន្រ្តី​ការបរទេស​នៃ​សម្ព័ន្ធអារ៉ាប់​គ្រោង​នឹង​បើក​កិច្ចប្រជុំ​ នៅ​ថ្ងៃ​អង្គារ ទី៣ កញ្ញា​សប្តាហ៍​ក្រោយ។ តែ​ដោយ​មាន​សំណើ​បន្ទាន់​ពី​ប្រទេស​សមាជិក​មួយ​ចំនួន កិច្ចប្រជុំ​ក៏​បាន​សម្រេច​បើក​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី១ កញ្ញា​នេះ។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ជួយ​គំាទ្រ​អន្តរាគមន៍​យោធា​អន្តរជាតិ​លើ​ប្រទេស​ស៊ីរី និង​ស្វែង​រក​សេចក្តីសម្រេចចិត្ត​មួយ​ដើម្បី​ដាក់ទ័ណ្ឌកម្ម​លើ​របប​ក្រុង​ ដាម៉ាស​ដែល​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​កាល​ពី​ថ្ងៃទី២១ សីហា។ សម្រាប់​ក្រុម​ប្រទេស​លោកខាងលិច សម្ព័ន្ធអារ៉ាប់ គឺ​ជា​សម្ព័ន្ធមិត្ត​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ប្រតិបត្តិការយោធា​លើ​ ប្រទេស​ស៊ីរី។ តែ​មាន​ប្រទេស​សមាជិក​ខ្លះ​នៃ​សម្ព័ន្ធអារ៉ាប់​កំពុង​បន្ត​ខ្វែងគំនិត​គ្នា​ ចំពោះ​ប្រតិបត្តិការ​យោធា​អន្តរជាតិ​លើ​ស៊ីរី ដូច​ដែល​ពួក​គេ​ធ្លាប់​និយាយ​មិន​ចុះសម្រុង​គ្នា​កន្លង​មក នៅ​ពេល​ណា​ដែល​មាន​ប្រទេស​អារ៉ាប់​ណា​មួយ​ទទួល​រង​ការ​វាយប្រហារ​យោធា​ពី​ ក្រុមប្រទេស​បស្ចិមលោក។

នៅ​ម្ខាង មាន​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​កាតារ​ដែល​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​ស៊ីរី​តំាង​តែ​ពី​ដើម​មក​ ម្ល៉េះ។ ប្រទេស​ទំាង​ពីរ​នេះ​បាន​សម្លឹង​ឃើញ​អន្តរាគមន៍​យោធា​អន្តរជាតិ​លើ​ស៊ីរី​ថា ជា​ទង្វើ​ផ្តួលរំលំ​របបស៊ីរី​ស្របច្បាប់​របស់​លោក​ប្រធានាធិបតី​អាសាដ។ នៅ​ម្ខាង​ទៀត មាន​ប្រទេស​អាល់ហ្សេរី អេហ្ស៊ីប និង​ទុយនេស៊ី​ដែល​បាន​ប្រឆំាង​ដាច់ខាត​នឹង​អន្តរាគមន៍​យោធា​អន្តរជាតិ។ ប្រទេស​ទំាង​បី​នេះ​បាន​លើក​យក​ហេតុផល​សន្តិសុខ ដោយសារ​តែ​ខ្លួន​មាន​ទីតំាង​ភូមិសាស្រ្ត​ក្បែរ​ប្រទេស​ស៊ីរី។ ចំណែក​ប្រទេស​លីបង់ និង​ហ្ស៊កដានី​ក៏​មិន​ចង់​ឲ្យ​មាន​អន្តរាគមន៍​ដែរ។ តែ​អ្វី​ដែល​សម្ព័ន្ធអារ៉ាប់​បាន​ឯកភាព​គ្នា​កន្លង​មក គឺ​ការ​ចាត់​ទុក​ទង្វើ​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​នៅ​ស៊ីរី​ថា ជា​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​រន្ធត់​ដែល​រដ្ឋាភិបាល​ស៊ីរី​ជា​អ្នក​ទទួលខុសត្រូវ ​ទំាង​ស្រុង។

នៅ​ថ្ងៃ​នេះ បើ​សម្ព័ន្ធអារ៉ាប់​ឯកភាព​គ្នា​ក្នុង​ដាក់​ទ័ណ្ឌកម្ម​លើ​រដ្ឋាភិបាល​ស៊ីរី និង​គំាទ្រ​ឲ្យ​មាន​អន្តរាគមន៍​យោធា​អន្តរជាតិ​លើ​ស៊ីរី សម្ព័ន្ធអារ៉ាប់​ប្រាកដ​ជា​អំពាវនាវ​ឲ្យ​ធ្វើ​ឡើង ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ មាន​ន័យ​ថា មិន​មែន​អាមេរិក បារំាង ឬ​មួយ​ក៏​ក្រុម​សម្ព័ន្ធមិត្ត​របស់​អាមេរិក ជា​អ្នកសម្រេច​ទេ។

លោក​អូបាម៉ា​មិន​ចំាបាច់​សុំ​ភ្លើងខៀវ​ពី​សភា​ទេ

តាម​ធម្មតា លោក​អូបាម៉ា​មិន​ចំា​បាច់​សុំ​ភ្លើងខៀវ​ពី​សភា ដើម្បី​ប្រើ​កម្លំាងទ័ព​វាយប្រហារ​ប្រទេស​ណា​មួយ​ទេ ប្រសិន​បើ​លោក​ពិនិត្យ​ទៅ​ឃើញ​ថា ទង្វើ​របស់​ថ្នាក់ដឹកនំា​ប្រទេស​នោះ គឺ​ជា​ទង្វើ​អមនុស្សធម៌ និង​ដែល​អាច​បង្ក​អសន្តិសុខ ឬមួយ​ក៏​នំា​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិកំាង។ ជាទូទៅ និង​មុន​សម្រេចចិត្ត​វាយប្រហារ​តែ​ម្នាក់​ឯង ប្រធានាធិបតី​អាមេរិក​តែង​តែ​បាន​ព្យាយាម​ប្រមែប្រមូល​សម្ព័ន្ធមិត្ត ដោយ​ឆ្លងកាត់​ភ្លើង​ខៀវ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។ តែ​នៅ​ពេល​ណា​ដែល​គ្មាន​ការ​ឯកភាព​នៅ​ក្នុង​រង្វង់​ក្រុមប្រឹក្សា​សន្តិសុខ ប្រធានាធិបតី​ក៏​ចាប់​ផ្តើម​និយាយ​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ តែ​នៅ​ទីបំផុត មាន ឬ​ក៏​គ្មាន​សម្ព័ន្ធមិត្ត​ចូលរួម ប្រធានាធិបតី​អាច​ចាត់ការ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ទំាង​សុំ​ការ​អនុញ្ញាត​ពី​សភា​ផង។ ជាក់ស្តែង ការ​វាយប្រហារ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នំា ២០០៣ ដោយ​លោក George W Bush។

លោក​អូបាម៉ា​បាន​ពន្យល់​រួច​ហើយ​ថា លោក​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ត​តែ​ម្នាក់​ឯង ដោយ​មិន​ត្រូវ​ការ​សុំ​ភ្លើងខៀវ​ពី​សភា​ទេ តែ​លោក​យល់​ថា បើ​មាន​ការ​ឯកភាព​ពី​សភា​បន្ថែម​ទៀត​នោះ ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​ស៊ីរី​នឹង​កាន់​តែ​មាន​ឥទ្ធិពល​ខ្លំាង និង​មាន​ទម្ងន់​ថែម​ទៀត។

តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ឃើញ​ថា នេះ​អាច​ជា​យុទ្ធសាស្រ្ត​មួយ​របស់​លោក​អូបាម៉ា ព្រោះ​ថា ទី១ លោក​ចង់​បង្វែរ​ការ​សម្រេចចិត្ត​របស់​ខ្លួន ទៅ​ជា​ការ​សម្រេចចិត្ត​របស់​សភា​ដែល​គណបក្សប្រឆំាង​មាន​សម្លេង​ភាគច្រើន។ ក្នុង​ករណី​ដែល​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​ទទួល​បាន​ជោគជ័យ លោក​អូបាម៉ា​អាច​បញ្ចេញ​មោទនភាព​របស់​ខ្លួន តែ​បែរ​ជា​បរាជ័យ​ទៅ​វិញ​នោះ លោក​​អូបាម៉ា​អាច​និយាយ​ថា សភា​ក៏​មាន​ចំណែក​ទទួល​ខុសត្រូវ​ដែរ។

ទី២ លោក​អូបាម៉ា​ចង់​ពន្យារ​ពេល​បន្ថែម​ទៀត ព្រោះ​ថា​សភា​អាមេរិក​នឹង​ចូល​បវេសនកាល​នៅ​ថ្ងៃទី៩ កញ្ញា។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ លោក​អូបាម៉ា​អាច​បន្ត​ស្វែង​រក​សម្ព័ន្ធមិត្ត ក្រៅ​ពី​បារំាង ក៏​ដូច​ជា​បន្ត​និយាយ​បញ្ចុះបញ្ចូល​ចិន និង​រស្ស៊ី​នា​ឱកាស​ជំនួបកំពូល G២០ នៅ​រុស្ស៊ី​នា​ថ្ងៃទី៤ និង៥ កញ្ញា​ខាង​មុខ និង​ទី៣ អាច​ថា លោក​អូបាម៉ា​មិន​មែន​ជា​អ្នកចូលចិត្ត​សង្រ្គាម ឬមួយ​ក៏​លោក​មិន​ចង់​ចាយលុយ ចំ​ពេល​ដែល​អាមេរិក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច។

ការ​សុំ​ភ្លើងខៀវ​ពី​សភា ជា​រឿង​ប្រថុយប្រថាន​របស់​លោក​អូបាម៉ា!

នៅ​សហរដ្ឋអាមេរិក​សព្វថ្ងៃ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​មាន​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​ ព្រឹទ្ធសភា។ ដូច្នេះ លោក​អូបាម៉ា​មិន​បារម្ភ​ពី​ការ​បោះឆ្នោត​ប្រឆំាង​នៅ​ព្រឹទ្ធសភា​ទេ។ គឺ​នៅ​រដ្ឋសភា​ដែល​លោក​អូបាម៉ា​ត្រូវ​បារម្ភ ព្រោះ​ថា គណបក្សប្រឆំាង គឺ​គណបក្ស​សាធារណរដ្ឋ ជា​អ្នក​មាន​សម្លេង​ភាគច្រើន។ ដូច្នេះ ពួក​គេ​អាច​បោះឆ្នោត​ប្រឆំាង​នឹង​សំណើ​របស់​លោក​អូបាម៉ា ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​កន្លង​មក ទាក់ទង​នឹង​គម្រោង​កំណែទម្រង់​ផ្ទែក្នុង​មួយ​ចំនួន​របស់​លោក​អូបាម៉ា។ ជាក់ស្តែង កំណែទម្រង់​លើ​ការ​ប្រើ​អាវុធ ថវិកា ឬមួយ​ក៏​អន្តោប្រវេសន៍។

នៅ​ពេល​នេះ​ទៀត និង​ដើម្បី​ឲ្យ​សំណើ​របស់​ខ្លួន​អាច​ចេញ​រួច លោក​អូបាម៉ា​ត្រូវ​ការ​សម្លេង​គំាទ្រ​ពី​គណបក្ស​សាធារណរដ្ឋ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា សំណើ​សុំ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​របស់​លោក​អូបាម៉ា​នា​ពេល​នេះ គឺ​ជា​ប្រធានបទ​ពិសេស​មួយ​ដែល​មាន​ការ​គំាទ្រ និង​ប្រឆំាង​ពី​ក្រុម​គណបក្ស​របស់​លោក​អូបាម៉ា និង​គណបក្សប្រឆំាង។ នៅ​ម្ខាង គឺ​ពួក​អ្នកសន្តិភាព​និយម នៅ​ម្ខាង​ទៀត គឺ​ពួក​អ្នកឯកានិយម រីឯ​នៅ​ចន្លោះ​កណ្តាល គឺ​ក្រុមអ្នក​ដែល​មិន​អាច​បំភ្លេច​សង្រ្គាមជូរចត់​នៅ​អ៊ីរ៉ាក់​ឆ្នំា ២០០៣ ដោយ​ពួក​គេ​ចង់​បាន​ការ​ធានា​បន្ថែម​ទៀត​ថា ភស្តុតាង​ប្រើអាវុធគីមី​នៅ​ស៊ីរី ពិត​ជា​ភស្តុតាង​មួយ​ជាក់ច្បាស់ មិន​ច្រឡំ​ដូច​នៅ​អ៊ីរ៉ាក់​ទេ។

ដូច្នេះ គេ​ត្រូវ​រង់ចំា​មើល​នៅ​ក្រោយ​ថ្ងៃទី៩ កញ្ញា ថ្ងៃ​ចូល​បវេសនកាល​របស់​សភា​អាមេរិកំាង​ទើប​ដឹង​ថា តើ​មាន ឬ​មិន​មាន​សង្រ្គាម​ប្រឆំាង​ស៊ីរី។ តែ​លោក​អូបាម៉ា​បាន​បញ្ជាក់​រួច​ហើយ​ថា ទ័ពអាមេរិក​បាន​ដាក់​ពង្រាយ​អាវុធ និង​ត្រៀមខ្លួន​ដើម្បី​បើក​ប្រតិបត្តិការ​នៅ​ថ្ងៃ​ស្អែក នៅ​សប្តាហ៍ក្រោយ ឬ​មួយ​ក៏​នៅ​ខែ​ខាង​មុខ។ សម្រាប់​រូប​លោក​អូបាម៉ា លោក​ក៏​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចេញ​បញ្ជា៕

ប្រភពពី៖​​​ ខេមរភាសា

No comments:

Post a Comment