សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, July 28, 2013

អង្គការសង្គមស៊ីវិលលើកឡើងពីភាពមិនប្រក្រតីពីបន្ទប់ស្ថានការណ៍បោះឆ្នោត


ដោយ ញឹម សុផល
សកម្មភាពអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់ស្ថានការណ៍បោះឆ្នោតនៃអង្គការ ខុមហ្រ្វែល
ខណៈដែល​ការបោះឆ្នោត​កំពុងតែ​ប្រព្រឹត្តទៅ​នៅ​ទូទាំងប្រទេស អ្នក​អង្កេត​ការណ៍​បោះឆ្នោត ដែល គជប បានប្រកាស​កាលពី​ម្សិលមិញ​ថា មាន​ចំនួន​សរុប​ប្រមាណ ៤ម៉ឺន៤៥៦នាក់ នោះ កំពុងតែ​តាមឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នេះ​យ៉ាង​យកចិត្តទុកដាក់។ ការសង្កេត​ការណ៍​បោះឆ្នោត ក្រៅតែពី​ធ្វើឡើង​នៅតាម​ការិយាល័យ​បោះឆ្នោត​ហើយ ក៏មាន​ផងដែរ​នៅឯ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ឯ​ទីស្នាក់ការ​អង្គការ​ខុមហ្វ្រែល។ ជា​កន្លែង​រាយការណ៍​ព័ត៌មាន ឬ​ភាពមិនប្រក្រតីផ្សេងៗ ពី​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅតាម​ខេត្ត​នានា ផ្ដល់​ជាបន្ទាន់ មក​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ដែលមាន​ក្រុម​អង្គការ​ជាង៣០ កំពុងតែ​រង់ចាំ​ទទួល​នៅ​ទីនោះ។

ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឃ្លាំមើល​បោះឆ្នោត បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​បោះឆ្នោត ទី២៨
កក្កដា​នេះ​នៅ​ទីស្នាក់ការ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពីការបោះឆ្នោត បាន​ដំណើរការ​រយៈពេល ជាង៣ម៉ោង។
នៅក្នុង​បន្ទប់​វិភាគ​ស្ថានការណ៍​បោះឆ្នោត មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ភ្នាក់ងារ
សង្កេតការណ៍​របស់​អង្គការ បាន​រៀប​រ៉ាប់​ពី​ភាពមិនប្រក្រតី​មួយចំនួន​ដែល​ក្រុម​អ្នកឃ្លាំមើល
បាន​រាយការណ៍​ដោយផ្ទាល់​និង​តាម​ប្រព័ន្ធ Hotline ពី​តាម​ស្ថានីយ៍បោះឆ្នោត​នានា​នៅ​ទូទាំង
ប្រទេស។

លោក យង់ គឹមអេង, នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ខុមហ្វ្រែល បាន​បំពេញ​តួនាទី​ជា​អ្នកសម្របសម្រួល
ដោយ​លោក​អនុញ្ញាត​ឲ្យ​បណ្តាញ​អ្នកសង្កេតការណ៍​អង្គការក្រៅរដ្ឋាភិបាល​ឡើងរាយការណ៍
អង្គការក្រៅរដ្ឋាភិបាល​ឡើងរាយការណ៍​នូវ​បញ្ហា​អវិជ្ជមាន ដែល​បាន​កើតឡើង។

ក្នុងនោះ​មាន​បញ្ហា​បាត់ឈ្មោះ ឬ​រក​ឈ្មោះ​មិនឃើញ​នៅក្នុង​បញ្ជីរ​បោះឆ្នោត មាន​អ្នក​ទៅ
បោះឆ្នោត​ជំនួស​អ្នកដទៃ​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ការិយាល័យ​បើកទ្វារ ប្រព័ន្ធ​ទូរស័ព្ទ Hotline ដើម្បី​សុំ​អន្តរាគមន៍​ពី​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​នៅពេល​មាន​បញ្ហា​មិនអាច​ទាក់ទង​បាន បញ្ហា​កង្វះខាត​ឯកសារ​បោះឆ្នោត។ល។និង។ល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បន្ត​លើកឡើង​បណ្តើរ​ទទួល​ទូរស័ព្ទ​ពី​ភ្នាក់ងារ​របស់​ពួកគេ​នៅតាម
បណ្តារ​ស្ថានីយ៍បោះឆ្នោត​ដែល​បាន​រា​យា​ការណ៍​ចូល​ជា​បន្តបន្ទាប់​បណ្តើរ។ ដោយ​មិន​បង្អង់​យូរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​រាយការណ៍​ផងដែរ​ពី​ការតស៊ូ​របស់​យុវជន ក្នុងការ​ស្វែងរក
ឈ្មោះ​របស់​ពួកគេ​ដែល​បាត់​ឬ​រំកិល​ទៅ​នៅ​ការិយាល័យ​ផ្សេង ខុសពី​មនុស្ស​ចាស់​មួយចំនួន
ដែល​វិល​ទៅផ្ទះ​វិញ នៅពេលដែល​រក​ឈ្មោះ​មិន​ឃើ​ញ។

ការ​ប្រទូស​រាយ​គ្នា​រវាង​ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម​ដោយសារតែ​ការរារាំង​របស់​ជនជាតិ​ខ្មែរ​នៅ​ខេត្តកណ្តាល មិន​ឲ្យ​វៀតណាម​ចូល​បោះឆ្នោត។ អំពើ​ហឹ​ង្សា​រ​ក៏បាន
កើតឡើងផងដែរ​នៅ​មណ្ឌលបោះឆ្នោត​មួយចំនួន ព្រមទាំង​មានការ​ឃាត់ខ្លួន​អ្នក​តវ៉ា​ដោយ​អា​ជ្ញ​ធរ​ការពារបរិវេណ​ស្ថានីយ៍បោះឆ្នោត, នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅក្នុង​បន្ទប់វិភាគ​ស្ថានការណ៍​បោះឆ្នោត។

លោក នី ចរិយា, ប្រធាន​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែងថា បរិយាកាស​បោះឆ្នោត​នៅ​ព្រឹក​នេះ គិត​មកទល់​ត្រឹម​ម៉ោង ១០ ពិតជា​មានការ​ប៉ះពាល់​ដល់​តម្លៃ​នៃ​ការបោះឆ្នោត ដោយ​លោក​លើកឡើង ៣ចំណុច គឺ​គុណភាព​នៃ​សម្ភារៈ​បំរើ​ដល់​ការ
បោះឆ្នោត ការរៀបចំ​ទូទៅ​និង​មានការ​ទាក់ទង​ទៅ​ហ្នឹង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ។
ដោយសារ​តែមាន​ភាព​ម​មា​ញឹក​ខ្លាំង មន្ត្រី គ.ជ.ប នៅ​មិនទាន់មាន​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ​ទេ តប​ទៅ​ហ្នឹង​ការ​ឡើ​ទេ តប​ទៅ​ហ្នឹង​ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល
ទាំងនេះ។
 ប្រភពពី៖ ខេមរភាសា


ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ប្រកាន់​នូវ​គោលជំហរ​អហិង្សា ទោះបីជា​ត្រូវ​ចាញ់​ឬ​ឈ្នះ​ក៏ដោយ​


​រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គឺជា​ពេលវេលា​ដ៏​ពិ​សេសមួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បាននាំគ្នា​ប្រើ​សិទ្ធិ​ក្នុងនាម​ជា​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​ទៅ​បោះឆ្នោត​ធ្វើការ​សម្រេចចិត្ត​ជ្រើសតាំង​តំណាងរាស្ត្រ​  អាណត្តិ​ទី​៥ ដើម្បី​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​បន្តរ​យៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​​ទៀត​។

​នៅក្នុង​ព្រឹក​នេះដែរ គេ​សង្កេតឃើញ​នៅតាម​មណ្ឌលបោះឆ្នោត​នីមួយៗ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ឈរ​តម្រង់​ជួរ​ខាងមុខ​ការិយាល័យ​បោះ​ឆ្នោត ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ចូលទៅ​គូស​សន្លឹកឆ្នោត នៅក្នុង​ការិយាល័យ ក្នុងការ​ជ្រើសតាំង​គណ​បក្សនយោបាយ​ណាមួយ​ដែល​ពួកគេ​ពេញ​ចិត្ត និង​ជឿជាក់ថា​អាចដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​លើផ្លូវ​អភិវឌ្ឍន៍ មាន​ស្ថិរភាព និង​សុខសន្តិភាព​។

​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​នេះ​ផងដែរ គឺមាន​គណបក្ស​ចំនួន​៨​បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ឈរឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​យើង​សង្កេតឃើញ​មានតែ​គណបក្ស​ធំៗ​ចំនួន​២​ប៉ុណ្ណោះ ដែលមាន​សន្ទុះ​នៃ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដ៏​ច្រើន​ប្រហាក់ប្រហែលគ្នា នោះ​គឺ​គណបក្ស​ប្រ​ជាជ​ន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​ទាំង​២​នេះ កំពុង​ក្លាយជា​ជម្រើស​ដ៏​សែនពិបាក​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ព្រោះ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា គឺជា​គណបក្ស​ដែល​បាន​គ្រប់គ្រង​អំណាច​និង​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណ​បក្ស​មួយ​ដែល​រួមគ្នា​បង្កើតឡើង​រវាង​គ​ណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​ធ្វើ​ឲ្យ​គណបក្ស​មួយ​នេះ​ក្លាយជា​គណបក្សប្រឆាំង​ដ៏​មាន​ប្រ​ជាប្រិយភាព​បំផុត​។

​គួរ​រំលឹក​ផងដែរ​ថា ក្នុងអំឡុងពេល​យុទ្ធនា​ការឃោសនា​រក​សំឡេង​នាពេល​កន្លងមក គឺ​គណបក្ស​ធំៗ​ទាំង​២​នេះ បានបង្ហាញ​នូវ​សក្តានុពល​រៀងៗ​ខ្លួន ដោយ​ខាង​គណបក្ស​នីមួយៗ​មាន​មនុស្ស​ចូលរួម​ហែ​ក្បួន​ឃោសនា​យ៉ាងច្រើន​កុះករ​ដូចគ្នា រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​ដាក់គ្នា​ទៀតផង​។ ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ពិតប្រាកដ​នោះ គឺ​សុខសន្តិភាព ស្ថិរភាព មិនមែនជា​ការប្រើ​អំពើហិង្សា​ដាក់គ្នា​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ធ្លាប់​ហែល​ឆ្លងកាត់​នូវ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​ចង់​ជួប​នូវ​ទិដ្ឋភាព​នៃ​ការបែកបាក់​ក្រុមគ្រួសារ ព្រាត់​ប្រពន្ធ ព្រាត់​កូន​ទៀត​នោះទេ​។

​បើតាម​អ៊ុំ​ស្រី​ម្នាក់​ឈ្មោះ រស់ សុខា អាយុ​៦៣​ឆ្នាំ ដែល​កំពុង​ឈរ​តម្រង់​ជួរ​នៅ​ពីមុខ​ការិយាល័យ​បោះឆ្នោត​បាន​ឲ្យ​ដឹងថា អ៊ុំ​ស្រី​សង្ឃឹមថា ទោះបីជា​គណ​បក្ស​ណា​ចាញ់​ឬ​ឈ្នះ​ក៏ដោយ សូមកុំ​ឲ្យ​មាន​កើត​អំពើហិង្សា ឬ​ជម្លោះ​ដាក់គ្នា​ឲ្យ​សោះ សូម​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ប្រកាន់​នូវ​ជំហរ​អហិង្សា មុន​នឹងធ្វើ​អ្វីមួយ​សូម​គិតពី​សុខទុក្ខ​របស់​ប្រជារាស្ត្រ​ជាធំ ព្រោះ​ប្រសិនបើ​មាន​សង្គ្រាម ឬ​ភាពវឹកវរ​ណាមួយ​កើតឡើង អ្នក​ដែល​រងទុក្ខវេទនា​នោះ​​គឺ​ប្រជារាស្ត្រ​ខ្មែរ​។ ដូច​ពាក្យចាស់​លោក​ពោលថា ដំរី​ជល់​គ្នា តែ​ស្រមោច​ជា​អ្នកស្លាប់​៕ ដោយ : បញ្ញា

 ប្រភពពី៖ វត្តភ្នំ

Saturday, July 27, 2013

ខុមហ្វ្រែល​រក​ឃើញ​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះឆ្នោត អាច​លុប​លាង​បាន​ទាំង​ស្រុង

លោក​គល់ បញ្ញា នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដី​ពី «ការ​ព្រួយ​បារម្ភ​ពី​គុណភាព​ទឹក​ខ្មៅ​ជ្រលក់​ដៃ និង​បញ្ជី​ឈ្មោះ​​អ្នក​បោះ​ឆ្នោត» កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៣
RFI/Im Rachna
ដោយ អ៊ឹម រចនា
ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​មិញ នៅ​ទី​ស្នាក់​ការ​ខុមហ្វ្រែល ស្ដី​ពី «ការ​ព្រួយ​បារម្ភ​ពី​គុណភាព​ទឹក​ខ្មៅ​ជ្រលក់​ដៃ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត» លោកគល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ អង្កេតការណ៍​បោះ​ឆ្នោត​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​​ធ្វើ​តេស្តន៍​សាក​ល្បង​គុណភាព​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ ឆ្នោត បង្ហាញ​ឲ្យ​ឃើញ​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត គឺ​អាច​
លុប​លាង
​បាន​ទាំង​ស្រុង។




ខុមហ្វ្រែល ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា នេះ​ថា ខ្លួន​បាន​សាកល្បង​លុប​ជម្រះ​ទឹក​ខ្មៅ​ជ្រលក់​ដៃ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប នឹង​យក​ទៅ​ប្រើ​ប្រាស់​ជ្រលក់​ចង្អុល​ដៃ​អ្នក​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។ ជា​លទ្ធផល ខុមហ្វ្រែល​សង្កេត​ឃើញ​ថា ទឹក​ខ្មៅ​ដែល​ជ្រលក់​នៅ​ទី​ស្នាក់​ការ គជប អាច​លុប​ចេញ​បាន​ទាំង​ស្រុង ៣​ម៉ោង​ក្រោយ​ពី​ពេល​ជ្រលក់។
បញ្ហា​គុណភាព​ទឹក​ខ្មៅ​ជ្រលក់​ដៃ​ដែល​អាច​លុប​លាង​ជ្រះ​នេះ បាន​ក្លាយ​ទៅ​ជា​ការ​ព្រួយ​បារម្ភ មួយ​ថ្មី សម្រាប់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​អង្កេត​ការណ៍​បោះ​ឆ្នោត។ បើ​តាម​​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ទឹក​ខ្មៅ​ជ្រលក់​ដៃ​ដែល​អាច​លុប​លាង​ជ្រះ​នេះ នឹង​ផ្ដល់​ឱកាស​ដល់​ជន​ទុច្ចរិត​មួយ​ចំនួន ដែល​មាន​បំណង​បន្លំ​បោះ​ឆ្នោត​ពីរ​បី​ដង។ ការ​បោះ​ឆ្នោត​ពីរ បី​ដង​នេះ ត្រូវ​បាន​លោក​អះ​អាង​ថា អាច​ធ្វើ​ទៅ​បាន ដោយ​សារ​តែ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ស្ទួន​ជា​ ច្រើន។

ទាក់​ទិន​នឹង​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ប្រាប់ ​វិទ្យុ​បារាំង RFI ថា ទឹក​ខ្មៅ​នេះ គឺ​ជា​ទឹក​ខ្មៅដែល​ខាង​ឥណ្ឌា​ផ្ដល់​ឲ្យ ហើយ​ដែល​កម្ពុជា ធ្លាប់​ទិញ​យក​មក​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​ៗ​ដែរ។

​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហាខាង​លើ លោក​ទេព នីថា ឲ្យ​ដឹង​​ថា គជប នឹង​រៀប​ចំ​សន្និសីទ​កាសែត​មួយ នៅ​ម៉ោង​៤​រសៀល ថ្ងៃ​សៅរ៍ ទី​២៧​កក្កដា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត មាន​ទំនុក​ចិត្ត​លើ​ការ​រៀប​ចំ​របស់ គជប លើ​ទឹក​ខ្មៅ​ ក៏​ដូច​ជា​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត៕
ប្រភពពី៖ ខេមរភាសា


Thursday, July 25, 2013

គ.ជ.ប ​ព្រមាន​វិទ្យុ​ ABC ផ្សាយ​ញុះ​ញង់ និង​បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត


ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ចេញ​លិខិត​ព្រមាន​មួយ​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ABC ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​មាន​ចរិត​ញុះញង់ បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត​ដែល​ជា​ការ​បំពុល​បរិយាកាស អំពី​ការ​បោះ​ឆ្នោត ចាប់​ពី​ពេល​នេះ​ជា​បន្ទាន់។​
ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​កម្មវិធី​ស្ថានីយ​វិទ្យុ​ ABC មួយរបស់​ លោក​សេង ប៊ុន​វ៉េង ហៅ​អា​ចារ្យ​អេ ដែល​បាន​និយាយ​ក្នុង​កម្មវិធី​របស់​ខ្លួន​ផ្សាយ​ផ្ទាល់​រៀង​រាល់​ព្រឹក តាម​រលក​ធាតុ​អាកាស FM 107.5 MHz ​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត ក្រុម​យោធា​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច ​នឹង​ងើប​ឡើង​បះបោរ​ជា​មិនខាន។
លោក​និយាយ​ថា «កង​ទ័ព​កម្ពុជា​ដែល​ស្មោះត្រង់​នឹង​គណបក្ស​កាន់អំណាច នឹង​ងើប​បះបោរ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី និង​លោក កឹម សុខា ឈ្នះ​ឆ្នោត នៅ​ថ្ងៃទី​២៨ កក្កដា​ខាង​មុខ​នេះ»។
ក្នុង​លិខិត​ព្រមាន​របស់​ គ.ជ.ប ​បាន​លើក​ឡើង​ថា បើ​នៅតែ​បន្ត​ផ្សាយ​ព័ត៌មាន​បែបនេះ​ទៀត គ.ជ.ប​. នឹង​ស្នើ​ទៅ​ក្រសួង​ព័ត៌មាន ឲ្យ​ផ្អាក​ការ​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ​នេះ​ជា​បណ្តោះ​អាសន្ន។
គ. ជ.ប​. បាន​បញ្ជាក់​ថា ​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ
ABC FM 107.5 MHz ជាការ​ផ្សព្វផ្សាយ​រំលោភ​ទៅនឹង​ច្បាប់
បទ​បញ្ជា និង​នីតិវិធី សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ
និង​គោល​ការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។
សូមបញ្ជាក់ថា មន្ត្រី គ.ជ.ប. បាន​ធ្វើ​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ
ដើម្បី​ឲ្យ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បែប​នេះ ប៉ុន្តែ​វិទ្យុ​នេះ
នៅ​តែ​ធ្វើការ​ផ្សព្វផ្សាយ​ដដែល។
យ៉ាងណា​ក៏​ដោយ កម្មវិធី​វិទ្យុ​របស់​លោក​សេង ប៊ុន​វ៉េង
ហៅ​អា​ចារ្យ​អេ មិន​បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ​ជា​ច្រក​ចេញ​ចុងក្រោយ​សម្រាប់​លោក ​សម រង្ស៊ី​ ឈរ​ឈ្មោះ​តំណាងរាស្ត្រ


វ៉ាស៊ីនតោន — ក្រុម​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ការបោះឆ្នោត​ស្នើ​ឡើង​ថា ​មធ្យោបាយ​ដ៏សំខាន់​មួយ​ទៀត​ដែល​អាច​ធ្វើ​បានសម្រាប់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្សសង្គ្រោះ​ជាតិដើម្បី​មាន​សិទ្ធិចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ អាទិត្យ​ទី​២៨​ ខែ​កក្កដា​នេះ​បាន​គឺ​ការស្នើ​សុំ​អន្តរាគមន៍​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ឱ្យ​ពិនិត្យ​មើល​លើ​ការ​បដិសេធ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​ក្នុង​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្រ្ត​និង​សុំ​សិទ្ធិ​ បោះឆ្នោត។​
កាលពី​ថ្ងៃ​ច័ន្ទ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បដិសេធចោល​ សំណើ​របស់​លោក​ សម រង្ស៊ី​ សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​និង​ឈរ​ឈ្មោះ​តំណាង​រាស្រ្ត​នៅ​មណ្ឌល​ខេត្ត​កណ្តាល​ បន្ទាប់​ពី​ឈ្មោះ​លោក​ត្រូវ​បាន​អាជ្ញាធរ​លុបចោល​ដោយសារ​លោក​ត្រូវ​បាន​ តុលាការ​កាត់​ទោស​១១ឆ្នាំ​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​និង​ ផ្សាយ​ឯកសារ​ព្រំដែន។
លោក​ សុខ សំអឿន ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​បញ្ជាក់​ ថា​ករណី​នេះ​អាច​បូក​បញ្ជូល​គ្នា​រវាង​ឆន្ទៈ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ដោយ​ មាន​ការ​ចរចា​សម្របសម្រួល​និង​ត្រូវប្តឹង​ទៅក្រុមប្រឹក្សាធម្មនុញ្ញ​ឱ្យ​ សើរើ​ពី​ការ​លុប​ឈ្មោះ​របស់​លោក​សម រង្ស៊ី​ក្នុង​ពេល​កន្លង​មកដោយ​អាជ្ញាធរ​មូលដ្ឋាន​គឺ​ធ្វើ​ឡើង​ដោយ​ខុស​ ច្បាប់។
លោក​និយាយថា៖ «ព្រោះ​ឥឡូវ​គាត់​មាន​សិទ្ធិ​បោះឆ្នោត​ធម្មតា​ហើយ​តែ​បញ្ហា​វានៅ​ត្រង់​ ច្បាប់​បោះឆ្នោត​ដែល​គេ​តម្រូវ​ឱ្យ​ចុះ​បញ្ជី​បេក្ខជន​ប៉ុន្មានខែ​មុន​ការ​ បោះឆ្នោត​ឥឡូវ​យើង​ហួស​កំណត់​ហ្នឹង​ហើយ​ដល់​ពេល​បោះឆ្នោត​គិត​ថា​មិន​អាច​ បាន​តែម្តង​លើក​លែង​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​គេ​សម្រេច​ថា​ការលុប​ឈ្មោះ​បញ្ជី​ដែល​ជា​ការ​សម្រេច​របស់​ក្រុម​ ប្រឹក្សាឃុំ​ពី​កាលមុន​វា​អត់​ត្រឹម​ត្រូវ​ទើ​ប​អាច​មាន​ផ្លូវ​បាន»។​
​លោក​ សុក សំអឿន ​បាន​បន្ថែម​ទៀត​ថា​លោក​មើល​ឃើញ​ថា​ការ​លុប​ឈ្មោះ​កន្លង​មក​គឺ​ពិតជា​មិន​ ត្រឹមត្រូវ​តាម​ច្បាប់​ទេ៖ «ប៉ុន្តែ​តាម​ពិត​សិទ្ធិ​បោះឆ្នោត​គាត់​អត់​ត្រូវ​បាត់​បង់​ទេ​បើ​យើង​គិត​ តាម​ផ្លូវ​ច្បាប់​ព្រោះ ​ការបាត់​បង់​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​គឺ​បាត់​បង់​លុះ​ត្រា​តែ​ តុលាការ​សម្រេច​ដាក់​ក្នុង​សាល​ក្រម​ថា​អ្នក​ឯង​បាត់​សិទ្ធិ​ពលរដ្ឋ»។
លោក​បាន​បន្ថែម​ថា​សាលក្រម​ដែល​តុលាការ​សម្រេច​កន្លង​មក​មិន​បាន​សម្រេច​ដល់​ចំណុច​នេះ​ទេ។
លោក​ អ៊ូ វីរៈ​ប្រធាន​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​យល់​ស្រប​ដែរ​ថា​ផ្លូវ​នៃ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ​ជា​ជម្រើស​មួយ​ព្រោះ​ស្ថាប័ន​នេះ​អាច​បកស្រាយ ​ច្បាប់​និង​សម្រេច​ថា​ការ​សម្រេច​កន្លង​មក​របស់​គ.ជ.ប​ឬ​របស់​ថ្នាក់​មូល​ ដ្ឋាន​មាន​ភាព​ស្រប​តាម​ផ្លូវ​ច្បាប់​ឬ​មិន​ស្រប។
លោក​និយាយថា៖ «ខ្ញុំ​មើល​ទៅ​មាន​តែ​ច្រកហ្នឹង​មួយ​គត់​មុន​ពេល​បោះឆ្នោត​ដើម្បី​ស្នើ​សុំ​ ដាក់​លោក​សម រង្ស៊ី​ជា​បេក្ខភាព​ហើយ​ដើម្បី​ស្នើ​សុំ​ទៅកើត​ទាល់​តែ​ធ្វើ​ដោយ​ប្រធាន​សភា ​ នាយក​រដ្ឋ​មន្ត្រី ឬ​ក៏​១០​ភាគរយ​ឡើង​ទៅ​នៃ​សមាជិក​សភា​បាន​ន័យ​ថា​សភា​១៣​រូប​ឬ​មួយ​ក៏​ ព្រះមហាក្សត្រ​។ អញ្ចឹង​បើសិន​ជាខ្ញុំ​មើល​ពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ខ្ញុំ​មើល​ទៅ មាន​តែ​ឆន្ទៈ​នយោបាយ​របស់​លោ​កហ៊ុន សែន​ដែល​ជា​អ្នក​ស្នើ​ឬក៏​ព្រះមហាក្សត្រ​ជាអ្នក​ស្នើ។ ខ្ញុំ​មើល​ទៅ​ជាជម្រើស​មួយ​អាច​ទៅ​រួច​ក្នុង​ន័យ​មួយ​បង្រួប​បង្រួម​ជាតិ»។​
អ្នក​វិភាគ​យល់​ថា​កូនសោរ​សំខាន់​នៅ​ពេល​នេះ​ស្ថិត​នៅ​លើលោក​ហ៊ុន សែន​តែ​មួយ​គត់​ព្រោះ ពេល​បច្ចុប្បន្ន​នេះគណបក្ស​ប្រឆាំង​បាន​បាត់​បង់​សមាជិក​ភាព​ជា​អ្នក​តំណាង​ រាស្ត្រ​អស់​ហើយ​គឺ​នៅ​សល់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងអស់​ហើយ​ សភាជាតិ​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អន្តរកាល​ទៀត។
​លោក​ ហ៊ុន សែន ​គឺ​ជា​អ្នក​ដែល​ត្រូ​វចាក់​សោរ​នេះ​ដើម្បី​ទម្លាយ​ឧបសគ្គ​ដោយសារ​ព្រះ​ មហាក្សត្រ​អាច​នឹង​មិន​លូកលាន់​កិច្ចការ​នេះ​ច្រើន​ពេក​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត ​ឡៅ​ ម៉ុង​ហៃ​ ​អ្នក​វិភាគ​ឯករាជ្យ។
លោក​ពន្យល់ថា៖​ «មានតែ​ការប្តឹង​សេចក្តី​សម្រេច​របស់​គជប​ទៅក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៅ។ ខ្ញុំ​ថា​អាច​ធ្វើ​អញ្ចឹង​បាន​ហើយ​ថា​តើ​ក្រុមប្រឹក្សាធម្មនុញ្ញ​ទទួល​ឬ​មិន ​ទទួល​។ ខ្ញុំ​ថា​រឿង​នេះ​មិន​ត្រឹម​តែ​ការលើក​លែង​ទោស​ដែល​ធ្វើ​ឱ្យ​លោក​ សម​ រង្ស៊ី ​អត់មាន​ទោស​អ្វី​ទាំង​អស់​ដូច្នេះ​គាត់​មាន​សិទ្ធិ​ពេញ​លេញ​ទាំង​អស់»។​
លោកបាន​បន្ថែម​ថា​វា​កាន់តែ​ងាយ​ស្រួល​ទៅ​ទៀត​ដោយ​សារ​លោក​សម រង្ស៊ីត្រូវ​បាន​លើកលែង​ទោស​ដោយ​ផ្អែក​លើ​ការកាត់​ក្តី ​ខុស​របស់​តុលាការ​និង​ការសម្រប​សម្រួល​មួយ​ដើម្បី​ឱ្យ​បាន​ស្ថិរភាព​ប្រទេស ​ជាតិ​គឺ​មិន​មែន​ជា​មនុស្ស​ដែល​មាន​ទោស​នោះ​ទេ​ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​ បុព្វសិទ្ធិ​ឱ្យ​មក​គាត់​វិញ​កាន់​តែ​ងាយស្រួល។
លោក​បកស្រាយថា៖ «បើសិន​ជា​លោក​សម រង្ស៊ី​គាត់​សុំ​ព្រះ​មហាក្សត្រ​សុំ​លើកលែង​ទោស​ឱ្យ​គាត់​ឈរ​លើ​មូលដ្ឋាន​ថា ​តុលាការ​ហ្នឹង​អត់ត្រឹមត្រូវ​អយុត្តិធម៌​ចំពោះ​គាត់​គាត់​អត់​បាន​ ប្រព្រឹត្ត​ខុស​អី​ទេ​នោះ​គាត់​ជា​អ្នក​រួច​ខ្លួន​តាំង​ពី​ពេល​នោះ​មក​គឺ​ អត់​មាន​ទោស​ទេ​ហើយ​ដាក់ទោស​គាត់​នោះ ​គឺ​គេអាច​ថា​ជាកំហុស​ខាង​តុលាការ​ហើយ​ការ​ខក​ខាន​មិន​បាន​ចុះ ឈ្មោះ នេះ​មិន​មែន​ខុស​គាត់​ដែរ​ដូច្នេះ​ត្រូវ​តែ​ឱ្យ​គាត់​បាន​ចុះ​ធម្មតា​ឡើងវិញ ​ហើយ​ក៏​ឈរ​ឈ្មោះ​ដូច​ដែល​ពលរដ្ឋ​អត់​មាន​ទោស​អញ្ចឹង​ទៅ»។​
ក្រុម​ប្រឹក្សា​ធម្មនុញ្ញជា​ស្ថាប័ន​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ធានា​នូវ ​ការ​គោរព​អនុវត្តរដ្ឋ​ធម្មនុញ្ញ​ហើយ​ក៏​ជា​អ្នក​បកស្រាយ​និង​រដ្ឋ​ ធម្មនុញ្ញ​និង​ច្បាប់​ដែល​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​បាន​អនុម័ត។ ស្ថាប័ន​នេះ​ក៏មាន​សមត្ថភាព​ក្នុង​ការ​ពិនិត្យ​មើល​និង​សម្រេច​លើ​បណ្តឹង​ ទាក់​ទង​ទៅ​នឹង​ការ​បោះឆ្នោត​នៃ​សមាជិក​សភា​និង​ការបោះឆ្នោត​ព្រឹទ្ធ​សភា​ ផងដែរ។
រហូត​មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​បាន​ចូលតាម​ច្រក​ នេះ​នៅ​ឡើយទេ​ដោយ​កំពុង​តែ​ស្នើ​សុំ​ឱ្យ​រដ្ឋ​សភាជាតិ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ ដល់​លោក​ សម រង្ស៊ី​ វិញ​បន្ទាប់​ពី​បាន​បាត់បង់​ដោយសារ​ត្រូវ​ព្យួរ​ដើម្បី​មក​ប្រឈម​មុខ​នឹង​ តុលាការ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន។
លោក​ សម រង្ស៊ី​ បាន​សរសេរ​លិខិត​ពីរ​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​ស្នើ​សុំ​ ឱ្យ​លោក​ ហេង សំរិន​ប្រធាន​សភាជាតិ​ផ្តល់​សុពល​ភាព​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្រ្ត​ដល់ ​លោក​វិញ​ហើយ​ក៏​បាន​ស្នើ​សុំ​ឱ្យ​លោក​អ៊ឹម សួស្តី​ប្រធានគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតពិនិត្យ​ឡើងវិញ​ក្នុង ​ការ​បញ្ចូល​ឈ្មោះ​លោក​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​ជា​ផ្លូវការ​និង​ក្នុង​ បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។
លោក​ យឹម​ សុវណ្ណ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​អំពី​ជម្រើស​នោះ​ថា៖ «ជាតំណាង​រាស្ត្រ​មាន​ន័យ​ថា​គាត់​អត់​មាន​ទោសពៃរ​អ្វី ​ទៀត​ទេ​បើ​គាត់​ទទួល​បាន​នូវ​សិទ្ធិ​និង​បុព្វសិទ្ធិ​របស់​គាត់​ត្រឡប់​មក​ វិញ​ហើយ​មាន​ន័យ​ថា​គជប​ត្រូវ​តែ​ចុះ​ឈ្មោះ គាត់​ក្នុង​បញ្ជី អ្នក​បោះឆ្នោត​ពីព្រោះ​លុប​គឺ​លុប​ក្នុង​ហេតុផល​គាត់​ជាប់​ទោស​អញ្ចឹង​បើ​ ឥឡូវ​គាត់មិន​មាន​ទោស​នោះត្រូវ​តែ​បាន​ឈ្មោះ​របស់​គាត់​ក្នុង​បញ្ជី​អ្នក​ បោះឆ្នោត​ឡើង​វិញ»។
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ ប្រាប់​វីអូអេ​ថា​មធ្យោបាយ​ឆ្លង​តាម​សភាជាតិ​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​មួយហើយ ​ការចរចា​នយោបាយ​ជា​ការ​ជៀស​មិន​រួច​ដោយ​ភាគី​ទាំង​លោក​សម រង្ស៊ី​និង​លោក​ហ៊ុន សែន​ត្រូវ​បន្ទន់​ឥរិយាបទ​មក​រក​គ្នា​ជាថ្មី​ម្តងទៀត​ដើម្បី ប្រយោជន៍​ជាតិ។​
ពេល​វេលា​បាន​ខិត​កាន់តែ​ខ្លី​សម្រាប់​ការឈរ​ឈ្មោះ​របស់​លោក​ សម រង្ស៊ី​ដែល​ត្រូវ​សម្រេច​កិច្ច​ការ​នេះ​ឱ្យ​ទាន់​ពេលបោះឆ្នោ​ត​ជាតិ​នៅ ថ្ងៃ​អាទិត្យ​ ទី​២៨​ខែ​កក្កដា​នេះ៕

ប្រភពពី៖  ខេមបូឌាផេក

Wednesday, July 24, 2013

អ្នក​ធ្វើ​ដំណើរ​ជប៉ុន​​ជាង​​ ៤០​នាក់​​រុញ​រថភ្លើង​ទម្ងន់ ៣២​​តោន​ដើម្បី​សង្គ្រោះ​ជីវិត​ស្ត្រី​ម្នាក់


ជា​រឿង​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​ដែល​អ្នក​ធ្វើ​ដំណើរ​ជប៉ុន​ជា​ច្រើន​នាក់​បាន​ចាប់ដៃ​រុញ​ទូ​រថភ្លើង​ទម្ងន់ ៣២ ​តោន​ចេញ​ពី​កន្លែង​ឡើង​ជិះ​ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់​ដែល​ធ្លាក់​​ចុះ​ទៅ​​ក្នុង​ចន្លោះ​រថភ្លើង​ ​ខណៈ​កន្លែង​រង់ចាំ​​មមាញឹក​ខ្លាំង។
​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ប្រហែល ៣០ ​ឆ្នាំ​​បាន​​រអិល​ជើង​ធ្លាក់​ចូល​ចន្លោះ​រវាង​រថភ្លើង ​និង​​កន្លែង​រង់​ចាំ​ជិះ​ដែល​មាន​ចន្លោះ​ប្រហែល ២០ ​ស.ម ​នៅ​ស្ថានីយ​ JR Minami-Urawa ​ភាគ​ខាង​ជើង​ទីក្រុង​តូក្យូ។
អ្នក​ដំណើរ​នាំ​គ្នា​រុញ​រថភ្លើង​ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​រងគ្រោះ



ជា​សំណាង​ល្អ​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សង្គ្រោះ​ដោយ​ជោគជ័យ ​និង​គ្មាន​បញ្ហា​អ្វី​ទាំង​អស់ ​បន្ទាប់​ពី​អ្នក​ដំណើរ​ប្រហែល​ ៤០ ​នាក់​ ​និង​មន្ត្រី​ស្ថានីយ​បាន​នាំ​គ្នា​រុញ​ទូ​រថភ្លើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​វេទិកា​រង់ចាំ​បន្តិច​ដែល​អាច​ឲ្យ​នាង​ដោះ​ខ្លួន​ចេញ​មក​វិញ​បាន។
​​ក្រោយ​ពី​ការ​ជួយ​សង្គ្រោះ​ដ៏​ជោគជ័យ​ អ្នក​ចាំ​ជិះ​រថភ្លើង​បាន​នាំ​គ្នា​ហ៊ោ​អបអរ​ដោយ​ក្ដី​រីករាយ។
នេះ​អាច​ចាត់​ទុក​ថា ​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ថា ​សាមគ្គីភាព​របស់​មនុស្ស​អាច​សម្រេច​គ្រប់​កិច្ចការ​បាន។
ប្រភពពី៖  Sabay










Tuesday, July 23, 2013

ឥរិយាបថ​ឃោសនា​គាំទ្រ​គណបក្ស​របស់​យុវជន​កម្ពុជា


យុវជន​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ដង​ផ្លូវម្ខាង​ម្នាក់ ​ពេល​ឃោសនា
©rfi
ដោយ គឹម យុទ្ធណា

ក្នុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​កំពុង​តែ​ប្រព្រឹត្តទៅ​នៅ​ពេលនេះ​ហើយ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ ​នោះ​គេ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​សន្ទុះ​របស់​យុវជន​កម្ពុជា​មាន​ភាព​ផុលផុស​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​នៅក្នុង​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ ដោយ​ភាពសប្បាយ​រីករាយ ​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​សាមគ្គីភាព។ល។ ប៉ុន្តែ​គេ​ក៏​សង្កេតឃើញ​មាន​ផង​ដែរ​នូវ​ឥរិយាបថ​មិន​សមរម្យ​របស់​យុវជន​គណបក្ស​មួយ​ចំនួន​ ដូចជា​ការជេរ​ប្រមាថ​គ្នា គប់​ដប​ទឹក​សុទ្ធ និង​ដុំថ្ម​ដាក់គ្នា។ ដូច្នេះ​ដើម្បី​ឲ្យ​ក្បួន​ឃោសនា​បោះឆ្នោត​មាន​ភាពរលូន និង​មាន​ភាពថ្លៃថ្នូរ​រហូត​ដល់​ថ្ងៃ​បញ្ចប់​នោះ តើ​យុវជន​គួរប្រកាន់​ឥរិយាបថ​ដូចម្តេច​ខ្លះ?

ខណៈដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាន់តែ​ខិតជិត​ដល់​ថ្ងៃ​បញ្ចប់​នោះគេ​សង្កេត​ឃើញ​សន្ទុះ​នៃ​ការចូលរួម​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​របស់​យុវជន​មានការ​កើនឡើង​ជា​ខ្លាំង ជាក់ស្តែង​គេ​អាច​មើលឃើញ​ចលនា​ចូលរួម​ឃោសនា​របស់​យុវជន​នៅក្នុង​គណបក្ស​ចំនួន​ពីរ​ធំៗ​ នោះ​គឺគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មាន​សកម្មភាព​ខ្លាំង​ក្លា​ កាលពី​ចុង​សប្តាហ៍​​កន្លង​ទៅ​នេះ។

នៅតាម​ដង​វិថី​នានា​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទី​សាធារណៈ​មួយ​ចំនួន​គេ​សង្កេត​ឃើញ​យុវជន​ទាំង​ប្រុស​ទាំង​ស្រី​បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត។ យុវជន​ទាំងអស់​នោះបាន​ចំណាយ​ពេលវេលា​របស់ខ្លួន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ដោយ​ក្តី​សប្បាយ​រីករាយ ស្ម័គ្រចិត្ត​សាមគ្គីភាព មិត្តភាព និង​ភាតរភាព​គួរ​ឲ្យ​កោតសរសើរ​ ដោយ​ខ្លះ​ស្រែក​ហ៊ោរ​កញ្ជៀវ​ ខ្លះ​ទៀត​កាន់​ឧគ្ឃោសនស័ព្ទ​បន្លឺ​សំឡេង​លាន់​អឺង​កក​រំពង​ក្បួន​ឃោសនា​ អ្នកខ្លះ​ក៏​កាន់​ទង់ជាតិ​ឬ​ទង់​បក្ស​គ្រវី​ចុះ​ឡើង​ និង​មាន​ផងដែរ​លើក​ដៃ​ជា​សញ្ញា​គាំទ្រ​លេង​រៀង​របស់​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់។

យ៉ាងណាក៏ដោយ គេ​ក៏​កត់​សម្គាល់​ឃើញ​មាន​ផងដែរ​នូវ​ឥរិយាបថ​មិន​ទំនង​មួយ​ចំនួន​របស់​យុវជន​របស់​គណបក្ស​នយោបាយ​ទាំងអស់​នោះ​នៅក្នុងពេល​ដង្ហែ​ក្បួន​ឃោសនា​ ដូចជា​ការប្រើ​អំពើ​ហិង្សា​វាយ​តប់​គ្នា​ក្នុង​ជម្លោះ​ហែ​ក្បួន​រហូត​ដល់​មាន​ការ​បាញ់​បោះ​សម្លុត​គំរាម​គ្នា​ គប់​ដប​ទឹក​សុទ្ធ និង​ដុំថ្ម​ដាក់​គ្នា ការស្រែក​ជេរប្រមាថ​គ្នា​ទៅវិញ​ទៅមក​ដោយ​ពាក្យ​អសុរស​ផ្សេងៗ​ ក៏​ដូចជា​ភាព​អសណ្តាប់ធ្នាប់​ក្នុងការ​ហែ​ក្បួន​ឃោសនា​ជាដើម។ ពិត​ហើយ​ថាសកម្មភាព​មិនល្អ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​អ្នក​ធ្វើដំណើរ​កំពុង​ធ្វើចរាចរ​លើ​ដង​ផ្លូវ​ក៏​ដូចជា​បានធ្វើ​ឲ្យ​បាត់បង់​ភាពថ្លៃថ្នូរ មិន​ត្រឹមតែ​ចំពោះ​យុវជន​ខ្លួន​ឯង​នោះទេ តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​មាន​ភាព​អាប់ឱន​ផង​ដែរ​ចំពោះ​គណបក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ​នោះ​ពិសេស​ទៀត​នោះ​ទទួល​ការ​វាយ​តម្លៃ​មិនល្អ​ពី​មហាជន​ដែល​បាន​មើលឃើញ​ពី​សកម្មភាព​មិនល្អ​ទាំងអស់​នេះ។

ពិតណាស់ថានោះ​វា​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​យុវជន​នៅក្នុង​ការគាំទ្រ និង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ហើយ​វា​ជាការ​បង្ហាញ​នូវ​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ចំណែក​ការយកចិត្ត​ទុកដាក់ និង​ការ​ព្រួយ​បារម្ភ​អំពី​ជោគវាសនា​អនាគត​ប្រទេសជាតិ​របស់​ពួកគេ​ផងដែរ។ ប៉ុន្តែតើ​វា​មិនជា​ការល្អ​ទេ​ឬ បើ​យុវជន​សម្តែង​នូវ​ឥរិយាបថ​គាំទ្រ​ល្អៗ​ចំពោះ​ខ្លួន​ឯង​ ចំពោះ​បក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ និង​ចំពោះ​គណបក្ស​នយោបាយ​ដទៃ​នោះ?

ជាការ​ពិតការប្រើ​ពាក្យ​អសុរស ឬ​ជេរ​គ្នា ការប្រើ​ពាក្យ​សំដី​ឌឺដង គប់​ដប​ទឹក​សុទ្ធ​ឬ​ដុំ​ថ្ម​ផ្សេងៗ​ដាក់​គ្នា និង​ការធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ចរាចរណ៍​ ឬ​ជួនកាល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ វា​ជា​ការ​បង្ហាញ​នូវ​រូបភាព​មួយ​ដែល​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មាន​អាប់អួរ។ ម្យ៉ាង​វិញ​ទៀត​វា​ ក៏​ធ្វើ​អោយ​ប៉ះពាល់​ដល់​តម្លៃ​យុវជន​ផ្សេងៗ​ទៀត​ក្នុង​បក្ស​របស់​ខ្លួន​ដែល​កំពុង​គាំទ្រ​នោះ​ពិសេស​អាច​ទទួល​ការ​សន្និដា្ឋន​ពី​មហាជន​ថា​យុវជន​គាំទ្រ​បក្ស​នយោបាយ​ទាំង​នោះ​ ជា​មនុស្ស​មិន​ល្អ​ដែល​ប្រការ​នេះ​វា​អាច​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​ធ្លាក់ចុះ​ផង​ដែរ​តាមរយៈ​​សកម្មភាព​មិនល្អ​ទាំងអស់​នេះ។

ដូច្នេះ​ផ្ទុយ​ពី​សកម្មភាព និង​ការសម្តែង​ឥរិយាបថ​​មិ​នល្អ​ដូច​រៀបរាប់​ខាង​លើ​យុវជន​គួរតែ​ប្រកាន់​ភ្ជាប់​នូវ​ការចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ដោយ​ភាពថ្លៃថ្នូរ និង​ដោយ​ការទទួល​ខុស​ត្រូវ​ដែល​ប្រការ​នេះ​វា​នឹង​ផ្តល់​តម្លៃ​យុវជន​ខ្លួន​ឯង ក៏ដូចជា​លើក​ប្រជាប្រិយភាព​ដល់​គណបក្ស​ដែល​ខ្លួន​គាំទ្រ​ផងដែរ។

សរុបសេចក្តី​មកវិញការចូលរួម​ឃោសនា​ជាការ​ចាំបាច់​ពី​សំណាក់​យុវជន ប៉ុន្តែ​យុវជន​មិន​គួរ​បង្វែរ​ទិដ្ឋភាព​ការឃោសនា​មក​ជា​ការប្រើ​ពាក្យ​មិនល្អ ឬ​អំពើ​ហិង្សា​ដាក់​គ្នា​នោះឡើយ។ ពីព្រោះ​ការចូលរួម​ឃោសនា ឬ​គាំទ្របក្ស​ណាមួយ​នោះវា​គឺជា​ទស្សនៈ​នៃ​ការយល់ឃើញ និង​ជាការ​អោយ​តម្លៃ​ពី​សំណាក់​យុវជន​ចំពោះ​គោលនយោបាយ​នៃ​គណបក្ស​នីមួយៗ​ដែល​ខ្លួន​ស្រលាញ់ និង​គាំទ្រ​រៀងៗខ្លួន​តែប៉ុណ្ណោះ។ វា​មិនមែនជា​វេទិកា​ដែល​គូ​សត្រូវ​ត្រូវ​បង្ហួត​និង​ប្រយុទ្ធ​គ្នា​នៅលើ​ទីលាន​សមរភូមិ​នោះ​ឡើយ។ ផ្ទុយទៅវិញវា​គ្រាន់តែជា​យុទ្ធនាការ​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​បក្ស​តែប៉ុណ្ណោះ។ ហើយ​គួរតែ​យល់​ថា​ក្នុង​គោល​នយោបាយ​នៃ​គណបក្ស​នីមួយៗ​គឺ​មាន​គោលដៅ​តែមួយ​គត់​គឺ​បម្រើ​ប្រយោជន៍​​ដល់​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍ​ជាតិ​ដូចគ្នា។

ប្រភពពី៖ ខេមរភាសា

អង្គការតម្លាភាព​បង្ហាញ​ពី​ស្ថានភាព​មិន​ប្រក្រតីមួយ​ចំនួន​​​ក្នុង​​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

 
អង្គការ​តម្លាភាព​កម្ពុជា​​ផ្សព្វផ្សាយ​នៅថ្ងៃទី១ធ្នូ​ឆ្នាំ២០១១​ចំណាត់​ថ្នាក់​កម្ពុជា​ផ្នែក​អំពើ​ពុក​រលួយ
© ស៊ីវ​ ចាន់ណា
ដោយ ជា ប៊ុនធឿន
ក្នុងរយៈពេល​យុទ្ធនាការ​ប្រមាណ​ជាង​២៥​ថ្ងៃ​កន្លង​មក​នេះ អង្គការ​តម្លាភាព​បាន​សង្កេត​ឃើញ​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុនៗ មួយ​ចំនួន និង​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​មាន​ឡើង ​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​​បោះឆ្នោត ដែល ជា​ហេតុ​ធ្វើ​ឱ្យ​អង្គការ​ខាងលើ​មាន​ការព្រួយបារម្ភ​ក្នុង​ការប៉ះពាល់​ដល់​ ដំណើរការ​បោះឆ្នោត​ដោយ​សេរី។


 
អង្គការ​តម្លាភាព​កម្ពុជា​បាន​សំដែង​ការព្រួយ​បារម្ភ​អំពី​ភាព​មិន ​ប្រក្រតី​មួយ​ចំនួន ជុំវិញ​យុទ្ទនាការ​ឃោសនា​បោះឆ្នោត និង​រឿង​លោក សម រង្ស៊ី មិនមាន​សិទ្ធិ​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​បោះឆ្នោត​បាន។

នៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​​ទី​២៣ កក្កដា​នេះ បាន​បង្ហាញ​ថា​ស្ថានភាព​ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​កំឡុង​ ពេលជាង​៤​សប្តាហ៍​កន្លង​មក​នេះ បាន​បង្ហាញ​ថា មាន​ភាព​មិន​ប្រក្រតី​ចំនួន​២ ដែល​អង្គការ​បាន​ចាត់ទុក​ថា​ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​នៅ​តែ​បន្ត​ជា​ បញ្ហា​ប្រឈម​មុខ។

កាលពីថ្ងៃទី៥ កក្កដា​មាន​ការបាញ់​កាំភ្លើង​ឡើង​ទៅ​លើ​មួយ​ដោយ​មន្ត្រី​យោធា ទៅ​លើ​ក្បួន​ដង្ហែ​​របស់​គណបក្ស​ប្រឆាំង​ក្នុង​រាជធានី​ភ្នំពេញ។ ហើយ​កាលពី​ថ្ងៃ​ទី​២០ កក្កដា​កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ថា​បាន​បាញ់​ទៅ​លើ​ ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ វិញ​របស់​លោក សម រង្ស៊ី។

ជាង​នេះ​ទៅ​ទៀត អង្គការ​ខាងលើ​បាន​លើក​ឡើងបន្ត​ថា ភាព​​មិន​ប្រក្រតី​បាន​កើតឡើង​មាន​មួយ​ចំនួន​ទៀត​ដែរ ដូចជា​ការ​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការទិញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​បក្ស​នយោបាយ​ផ្សេងៗ អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ មន្ត្រី​សាធារណៈ​ឃោសនា​បោះឆ្នោត​ក្នុង​ម៉ោង​ការងារ ការប្រើប្រាស់​សម្បត្តិ​រដ្ឋ ការ​បំផ្លាញ​ស្លាក​គណបក្ស និង​ការរំខាន​ដល់​យុទ្ធនាការ​បោះឆ្នោត​ជាដើម។

នៅក្នុងនោះដែរ​អង្គការ​តម្លាភាព​កម្ពុជា ក៏បាន​លើក​ឡើង​ដែរ​ថា មាន​ការ​លំអៀង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សំណាក់ ស្ថានីយ៍​ទូរទស្សន៍​ឯកជន​មួយ​ចំនួន ទាក់ទង​នឹង​ការ​រាយការណ៍​ព័ត៌មាន​សម្រាប់​យុទ្ធនាការ​ឃោសនា​រក​សន្លឹក​ ឆ្នោត។ ដោយ​គេ​បាន​រក​ឃើញថា​មាន​ការ​ការ​ផ្សាយ​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

អង្គការ​តម្លាភាព បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ.ជ.ប. ផ្ដល់​ការ​ធានា​ថា​វិទ្យុ FM ក្នុង​ស្រុក​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​នូវ​ ព័ត៌មាន​របស់​ទាក់ទង​​នឹង​ការបោះឆ្នោត​របស់​វិទ្យុ​បរទេស​មួយ​ចំនួន ផង​ដែរ។

ក្នុងសេចក្តីថ្លែង​ការណ៍​ដដែល អង្គការ​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ឱ្យអនុវត្ត​​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធិភាព ជៀស​វាង​រាល់​អំពើ​ហិង្សា​នានា ដែល​អាច​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត។ ដោយ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​យល់ថា​គ្មាន​អ្វី​ជា​អាថ៌​ កំបាំង​ទេ ក្នុង​ដំណើរការ​បោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ លើកលែង​តែ​ការ​គូស​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ។ ប្រភពពី៖ ខេមរភាសា

ក្រុម​វាយ​លុក​តាម​អ៊ីនធើរណិត Anonymous Cambodia លួច​ទិន្នន័យ​របស់​គ.ជ.ប ចែក​ចាយ​ដល់​សាធារណៈ​អំពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​វៀតណាម


រូប​សញ្ញា​នៃ​ក្រុម​វាយ​លុក​តាម​អ៊ីនធើរណិត Anonymous Hackers

ថ្មីៗ​នេះ​វ៉ិបសាយថ៍​របស់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​មាន ​អាសយ​ដ្ឋាន voterlist.org.kh ដែល​ជា​វ៉ិបសាយថ៍​កម្មវិធី​ស្វែង​រក​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​បញ្ជី​ បោះ​ឆ្នោត ត្រូវ​បាន​ក្រុម​អ្នក​វាយ​លុយ​តាម​អ៊ីនធើរណិត ដែល​ហៅ​ថា Hackers មាន​ឈ្មោះ​ថា Anonymous Cambodia បាន​លួច​វាយ​លុក​ចូល​ និង​បាន​បញ្ចេញ​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​ទាំង​អស់​ដាក់​ជា​សាធារណៈ​ឲ្យ​ បណ្ដា​ជន​អាច​ទាញ​យក​បាន​។
ក្រុម​ Hacker Anonymous Cambodia នេះ​ក៏​បាន​ដាក់​សារ​របស់​ខ្លួន​តាម​ទំព័រ​មួយ​នៅ​លើ​វ៉ិបសាយថ៍​របស់​គ.ជ.ប នេះ​ផង​ដែរ​បញ្ចេញ​ឲ្យ​ដឹង​អំពី​បំណង​របស់​ខ្លួន​ដែល​បាន​វាយ​លុក​ចូល​ វ៉ិបសាយថ៍​នេះ។ ក្នុង​នោះ​ពួក​ Anonymous Cambodia បាន​លើក​ឡើង​ថា ពួក​គេ​ទទួល​បាន​នូវ​ឯក​សារ​ជា​ច្រើន​ដែល​អាជ្ញាធរ​រៀប​ចំ​ការ​បោះ​ឆ្នោត​ មិន​ចង់​ឲ្យ​សាធារណៈ​ជន​ដឹង​។ ឯកសារ​ទាំង​នោះ​បញ្ជាក់​ថា គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កំពុង​អនុញ្ញាត​ឲ្យ​ជន​អន្ដោ​ ប្រវេសន៍​វៀតណាម​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទិន្នន័យ​ឯកសារ​ backup ទាំង​នោះ​មាន​ទំហំ​ជាង​ ២GB នៅ​លើ​ប្រព័ន្ធ​វ៉ិបសាយថ៍​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​មាន​ឈ្មោះ​ជន​ជាតិ​វៀតណាម​ចម្លែក​ៗ​ជា​ច្រើន​។
វិទ្យុ ​អូស្រ្ដាលី​បាន​ឃើញ​ទំព័រ​នេះ នៅ​លើ​វ៉ិបសាយថ៍ voterlist.org.kh របស់​គ.ជ.ប ហើយ​បាន​ទាញ​យក​ឯក​សារ​ទាំង​នោះ​មក​មើល​ដើម្បី​ជា​ការ​បញ្ជាក់​។ ប៉ុន្ដែ​ដោយ​សារ​ទិន្នន័យ​ច្រើន​ដល់​ទៅ​ជាង ២GB ហើយ​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដល់​ទៅ​ជាង​៩លាន ៦សែន​នាក់​នោះ។ វិទ្យុ​អូស្រ្ដាលី​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ពិនិត្យ​មើល​ឯក​សារ​ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង​អស់​បាន​នោះ​ទេ។ ប៉ុន្ដែ​នៅ​ក្នុង​ឯក​សារ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មួយ​នៅ​ការិយាល័យ​បោះ​ ឆ្នោត​នៅ​សាលារៀន​ភូមិទី​៧ ក្នុង​សង្កាត់​ចុង​ឃ្នៀស នៅ​មណ្ឌល​ខេត្ដ​សៀម​រាប ឃើញ​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​ដែល​មាន​ត្រកូល និង​ឈ្មោះ​មិន​មែន​ខ្មែរ ដូច​ជា​ត្រកូល​ង្វៀង, ត្រកូល​ ត្រឹង, ត្រកូល​ យ៉, និង​ត្រកូល​ឡេ​ ជា​ដើម។
យ៉ាង ​ណា​ក៏​ដោយ​តាម​ប្រសាសន៍​របស់​លោក ទេព នីថា អគ្គលេខា​ធិការ​នៃ​គ.ជ.ប ហាក់​មិន​មាន​ការ​បារម្ភ​ជុំវិញ​រឿង​នេះ ហើយ​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ឲ្យ​ដឹង​ដូច​តទៅ។
(សំឡេង ទេព នីថា)
សូម ​ជម្រាប​ថា ឯក​សារ​ Files ដែល​វិទ្យុ​អូស្រ្ដាលី​ទទួល​បាន​ គឺ​មិន​ត្រឹម​តែ​ឯក​សារ PDF ដែល​មាន​ត្រា​គ.ជ.ប​ ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ Files របស់​ Web Server ទៀត​ផង​ដែល​អាច​បញ្ជាក់​ថា ក្រុម​ Hacker Anonymous នោះ​បាន​ទាញ​យក​ទិន្នន័យ​ពី​វ៉ិបសាយថ៍ voterlist.org.kh ទាំង​អស់​នោះ​មែន។ យ៉ាង​ណា​ក៏​ដោយ​វិទ្យុ​អូស្រ្ដាលី​មិន​អាច​ដឹង​ថា តើ​វ៉ិបសាយថ៍ voterlist.org.kh នេះ​ត្រូវ​បាន​ក្រុម Hacker Anonymous Cambodia លួច​ចូល​នៅ​ពេល​ណា​ទេ។ ប៉ុន្ដែ​នៅ​ក្នុង​កាសែត​ក្នុង​ស្រុក​មួយ​ជា​ភាសា​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ក្រុម Anonymous Cambodia នេះ​បាន​លួច​ចូល​នៅ​ក្នុង​ដើម​ខែ​កក្កដា​នេះ ហើយ​ដាក់​ចែក​ចាយ​ជា​សាធារណៈ​ឲ្យ​បណ្ដា​ជន​បាន​ដឹង​។
សូម ​ជម្រាប​ថា ក្រុម​នេះ​ហាក់​មាន​និន្នាការ​ស្រដៀង​គ្នា​ទៅ​នឹង​ក្រុម Wikileaks អន្ដរ​ជាតិ​ដែល​លួច​បញ្ចេញ​ទិន្នន័យ​សម្ងាត់​ៗ​របស់​បណ្ដា​រដ្ឋាភិបាល​ក្នុង ​ពិភព​លោក​ក្នុង​គោល​បំណង​ធានា​ឲ្យ​បាន​នូវ​យុត្ដិធម៌​សង្គម​។ ក្រុម Anonymous Cambodia នេះ​ក៏​បាន​ឲ្យដឹង​ដែរ​ថា ពួក​គេ​កំពុង​តែ​តាម​ដាន​ឃ្លាំ​មើល​បញ្ហា​សកម្មភាព​ពុក​រលួយ​នៅ​ក្នុង​ជួរ​ រដ្ឋាភិបាល​កម្ពុជា និង​នៅ​ក្នុង​ក្រុម​ហ៊ុន​សហគ្រាស​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ​ក្រុម Hacker Anonymous Cambodia នេះ​បាន​ដាក់​ឈ្មោះ​ប្រតិបត្ដិការ​វាយ​លុក​របស់​ខ្លួន​លើក​នេះ​លើ​វ៉ិបសាយថ៍ ​គ.ជ.ប ថា​ជា​ប្រតិបត្ដិការ Operation Radar ។ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​បញ្ហា​លួច​ចូល​វាយ​លុក​តាម​ប្រព័ន្ធ​អ៊ីនធើរណិត​នៅ​ ក្នុង​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​កំពុង​មាន​ការ​កើន​ឡើង៕ ប្រភពពី៖ ខ្មែរស្ថាបនា ៕ប្រភពព័ត៌មានៈ វិទ្យុអូស្រ្តាលី

សង្គ្រាម​ពាក្យ​សម្តី​របស់​យុវជន​ស្ដីពី​ការ​បោះឆ្នោត​រញ្ជួយ​ពេញ​ហ្វេសប៊ុក

 
នៅ​ក្នុង​ហ្វេសប៊ុក ក៏​ជា​វេទិកា​ពិភាក្សា​ពី​បញ្ហា​នយោបាយ​ដ៏​កក្រើក​ផង​ដែរ។
យុវជន ហ៊ាន​និយាយ និង​បញ្ចេញ​មតិ​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​នយោបាយ​ជា​សាធារណៈ ជា​ពិសេស​អំពី​ការ​ឃោសនា​បោះឆ្នោត ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​នោះ​ទេ​។ បើ​ប្រៀប​ធៀប​ទៅ​នឹង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​វិញ វា​ពិត​ជា​ខុស​គ្នា​ខ្លាំង។
ជាក់​ស្តែង គេហទំព័រ​ហ្វេកប៊ុក​របស់ I love Cambodia Hot News បាន​បង្ហោះ​រូប​យុវតី​ពីរ​រូប ដែល​ម្នាក់​នៅ​ឆ្វេង​ដៃ​ពាក់​មួក​ដាក់​ស្លាក​សញ្ញា​គណបក្ស ប្រជាជន​កម្ពុជា​ហើយ​កញ្ញា​ម្នាក់​ទៀត​ដាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ ជាតិ ព្រម​ទាំង​អម​ដោយ​អក្សរ​ធំៗ​ថា «ស្អាត​ដូច​គ្នា​យក​មួយ​ណា?»។
នៅ​ក្នុង​នោះ ShokryVsChakrya បាន​សរសេរ​សសើរ​គណបក្ស​ប្រជាជន​ថា​៖ «៤ អ្នក​ដឹក​នាំ​មាន​សីលធម៌​»។ រីឯ BrossBremBery បញ្ចេញ​យោបល់​ថា​៖ «៤​ស្អាត​ដោយ​រូប​រីឯ​៧​ស្អាត​ដោយ​ចរិយា​សមសួន ខ្ញុំ​រើស​យក​៧»។
នេះ​គឺជា​អ្វី​ដែល​យុវជន​ហ៊ាន បញ្ចេញ​យោបល់​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​នយោបាយ ហើយ​ជ្រើស​រើស​យក​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។ ប៉ុន្តែ​ពេល​ខ្លះ​ភាព​ក្លាហាន​ធ្វើ​ឲ្យ​ពួកគេ​ហ៊ាន​ប្រើ​ពាក្យ​ពេចន៍​មិន​ សមរម្យ​ដាក់​គ្នា ហើយ​បង្កើត​ជា​រូបភាព​ថ្លុក​ផ្សេងៗ ដើម្បី​ផ្ចាញ់​ផ្ចាល​គ្នា និង​ជេរ​គ្នា​ទៅ​វិញ។ ការ​ប្រើ​ពាក្យ​ថា៖ «ពួក​អា​ខួរ​ក្បាល​យួន​ខ្លួន​ខ្មែរ ពួក​នេះ​មិន ខុស​ពី​សត្វ​អណ្តើក​ក្នុង​ស្នូក​ទេ ខួរ​ក្បាល​ពួក​អា​បណ្ឌិត​មួយ​ចំនួន​បាន​លក់​ឧត្តមគតិ​ដ៏ ងងឹត​ងងល់​អស់​ហើយ​មើល​ទៅ!»។
ពាក់ព័ន្ធ នឹង​ហោវា​សព្ទ​ប្រមាថ​គ្នា​នេះ លោក​បណ្ឌិត សុខ ទូច ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ និង​ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ បាន​ឲ្យ​ដឹង​ថា​៖ «ប្រទេស​ណា​ក៏​ជេរ​គ្នា វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ប៉ុន្តែ​ការ​ជេរ​គ្នា​ក្នុង​វិស័យ​នយោបាយ ​នៅ​ប្រទេស​មួយ​ចំនួន​ផ្ចាញ់​ផ្ចាល​គេ គឺ​ស្រប​ទៅ​តាម​ក្រម​សីលធម៌ និង​ប្រើ​ពាក្យ​សាមញ្ញ ចំណែក​ឯ​កម្ពុជា​យើង ពួក​គាត់​មិន​គិត​នោះ​ទេ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បំបាក់​ភាគី​ម្ខាង​ទៀត​បាន​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​គ្មាន​ច្បាប់​ណា​ថា ការ​ជេរ​គ្នា​ត្រូវ ឬ​ខុស​ច្បាប់​នោះ​ទេ។ សង្ឃឹម​ថា យុវជន គិត​ឡើង​វិញ​ទៅ​លើ​ចំណុច​នេះ»។
កញ្ញា ជាតិ ចាន់សូលីនដា វ័យ ២០​ឆ្នាំ ដែល​ជា​និស្សិត​ឆ្នាំ​ទី​បី ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​ខេមរៈ បាន​និយាយ​ថា​៖ «យុវជន​បច្ចុប្បន្ន​ត្រូវ​ការ​ប្រជាធិបតេយ្យ​សិទ្ធិ​បញ្ចេញ​មតិ និង​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​គិត​ថា ត្រឹម​ត្រូវ»។
យុវតី​រូប​នេះ បាន​បន្ត​ថា​៖ «យុវជន​ជា​ច្រើន​ពិត​ជា​ចង់​មាន​សំឡេង​ក្នុង​ប្រព័ន្ធ​សារ​ព័ត៌មាន​ផ្សេងៗ ប៉ុន្តែ​វា​ហាក់​ដូចជា​មិន​អំណោយ​ផល​ដល់​ពួក​គាត់​សោះ។ ដូច​នេះ​មាន​តែ​ហ្វេសប៊ុក​មួយ​ទេ ដែល​ជា​ឱកាស​បញ្ចេញ​នូវ​ទស្សនៈ​របស់​ខ្លួន និង​បាន​ឆាប់​រហ័ស»។
ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ​មាន​ការ​ចូល​រួម​ច្រើន​ពី​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ឆាក​នយោបាយ ​ដោយ​មិន​មាន​ការ​ចាប់​បង្ខំ​ទេ។ អ្នក​ដែល​ចូល​រួម​ច្រើន​បំផុត​នោះ​គឺ យុវជន​តែ​ម្តង ដោយ​ឃើញ​នៅ​ពេល​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត មាន​សុទ្ធ​តែ​យុវជន​ចូល​រួម។
យោង​តាម​សម្តី​របស់​យុវជន ប៉ក់ ឧត្តម ដែល​ជា​យុវជន​ស័្មគ្រ​ចិត្ត​ក្នុង​គណបក្ស​មួយ បាន​ឲ្យ​ដឹង​ថា៖ «មុន​នឹង​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ស្វែង​យល់​លើ​ គោល​នយោបាយ​របស់​ប្រទេស សកម្មភាព​អ្នក​ដឹក​នាំ​និង​តាម​ដាន​រាល់​ទិដ្ឋភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ ប្រទេស និង​ក្រៅ​ប្រទេស​ផង​ដែរ»។
លោក​បាន​បន្ត​ថា​៖ «បន្ទាប់​ពី​មាន​ការ​យល់​ដឹង​ច្រើន​ពី​វិស័យ​នយោបាយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ ប្រឡូក​ជាមួយ​នឹង​វា ដោយ​មិន​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចាំ​តែ​ដើរ​តាម​គេ និង​ជឿ​លើ​តែ​ពាក្យ​ដែល​គេ​និយាយ​ទេ​។ ខ្ញុំ​ត្រូវ​តែ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​»។
នៅ​ក្នុង អាណត្តិ​នេះ លោក ឧត្តម បាន​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ដោយ​គាត់​បាន​ចូល​ធ្វើ​ការ​ ឃោសនា​ជាមួយ​យុវជន​ជា​ច្រើន​ទៀត ហើយ​ក៏​តែង​តែ​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​យុវជន​ដូច​គា្ន​នៅ​តាម​បណ្តាញ​ ហ្វេសប៊ុក​ដែរ ដោយ សារ​គាត់​គិត​ថា​ហ្វេសប៊ុក ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តែ​មួយ​គត់​ដែល​អាច​និយាយ​រឿង​ទាក់​ទង​នឹង នយោបាយ​បាន​ទូលំ​ទូលាយ។
លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ទៅ​លើ​ឥទ្ធិពល​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជា ច្រើន ជា​ពិសេស​យុវជន ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ថា៖ «ដោយ​សារ​តែ​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​លើ​កណ្តាប់​ដៃ​របស់​ មនុស្ស​។ ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជា​ពលរដ្ឋ​ក៏​ជា​ផ្នែក​មួយ​ដែរ​ព្រោះ​គាត់​ទៅ ​ធ្វើ​ការ​ស្រុក​គេ គាត់​ស្វែង​យល់​ពី​ស្ថានភាព​នយោបាយ​ប្រទេស​គេ បាន​ធ្វើ​ឲ្យ​គាត់​ត្រឡប់​មក​វិញ​នូវ​គំនិត​ថ្មី​មក​ចែក​រំលែក​ដល់​គ្រួសារ និង​អ្នក​នៅ​ជុំវិញ​ខ្លួន»។
លោក បាន​បន្ដ​ថា៖ «ជាង​នេះ​ទៅ​ទៀត ការ​ឃើញ​យុវជន​គ្នា​ឯង​មាន​ការ​ចូល​រួម​សកម្មភាព​សង្គម​ច្រើន​ក៏​ធ្វើ​ឲ្យ​ យុវជន​ដទៃ​ទៀត​ចង់​ចូលរួម​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ចូល​រួម​ក្នុង​ឆាក នយោបាយ​តែ​ម្តង»។
បច្ចុប្បន្ន​នៅ​មាន​ប្រជាជន​មួយ​ចំនួន​គិត ​ថា នៅ​ពេល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​នយោបាយ ឬ​អ្នក​នយោបាយ​ពួក​គាត់​អាច​ប្រឈម​ទៅ​នឹង​ហានិភ័យ​ដែល​មាន​ដូចជា អាយុ​ជីវិត បាត់បង់​ទ្រព្យ​សម្បត្តិ និង​ការ​ជាប់​គុក​ជាដើម។
ក្នុង​រឿង​នេះ​លោក បណ្ឌិត សុខ ទូច បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖«​អ្នក​លួច​គេ​ក៏​ត្រូវ​ជាប់​គុក​ដែរ ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ត្រូវ​តែ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ហើយ​។ ការ​ធ្វើ​នយោបាយ ឬ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ ពុំ​មែន​អ្វី​ដែល​ខុស​ច្បាប់​ទេ​។ ដូចនេះ​គ្មាន​អ្នក​ណា​មក​ចេះ​តែ​ចាប់​ចង​ឡើយ​។ បច្ចុប្បន្ន​អំណាច​ស្ថិត​នៅ​លើ​ប្រជាជន មិន​មែន​អ្នក​ណា​ថា ឆ្វេង គឺ​ឆ្វេង ស្តាំ គឺ​ស្តាំ​នោះ​ទេ ប្រជាជន​គាត់​ចេះ​ដឹង​រួច​ទៅ​ហើយ»។
ចំណែក​ឯ​លោក ឧត្តម យល់​ឃើញ​ថា វា​ពិត​ជា​ត្រឹម​ត្រូវ​បើ​លោក​ប្រឡូក​ចូល​ក្នុង​វិស័យ​នយោបាយ​ហើយ​វា​នឹង​ អាច​មាន​ហានិភ័យ​កើត​ឡើង​ប៉ុន្តែ​បើ​យុវជន​ទាំងអស់​គិត​តែ​ពី​ផល​ប្រយោជន៍​ ផ្ទាល់​ខ្លួន​ហើយ​មិន​ក្រោក​ឈរ​ឡើង​បញ្ចេញ​មតិ​ទេ គ្មាន​អ្នក​ណា​អាច​ជួយ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​ទេ ហើយ​ក៏​មិន​អាច​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ដែរ។
តើ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ម្នាក់​នៅ​ពេល ​ដែល​ឃើញ​កូន​ចូល​រួម​ក្នុង​ គណបក្ស​មួយ​លោក ចាន់ ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា​៖ «បើ​និយាយ​ទៅ​ខ្ញុំ​ពិត​ជា​មិន​ចង់​ឲ្យ​កូន​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ ប៉ុន្មាន​ទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ខ្ញុំ​មិន​អាច​ឃាត់​ពួក​គាត់​ក្នុង​ការ​ចូល​រួម​បញ្ចេញ​មតិ​នោះ​ទេ​បើ​ពួក​ គេ​សម្រេច​ចិត្ត​ចង់​ចូល​រួម។
លោក ប៊ុនធឿន បន្ត​ថា​៖ «ក្មេងៗ​ចូល​ចិត្ត​លេង​ហ្វេសប៊ុក​ណាស់ ហើយ​ពួក​គាត់ ហ៊ាន​និយាយ​តតាំង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​ខ្លាច​នោះ​ទេ​អាច​ថា មក​ពី​គាត់​មាន​ការ​យល់​ដឹង​ច្រើន​ពី​នយោបាយ ដូច​នេះ​គាត់​មិន​ព្រួយ​បារម្ភ​ទេ»។
បើ​ពួកគេ​ចាត់​ទុក​ការ​ប្រជែង​គ្នា​ជា​ការ​លេង​កីឡា ទោះ​ចាញ់ ឬ​ឈ្នះ វា​នៅ​តែ​ជា​មិត្តភក្ដិ ពិត​ជា​មិន​អាច​ស្អប់​គ្នា​បាន​ទេ។
ដូច​យុវជន ប៉ក់ ឧត្តម បាន​ប្រាប់​ថា៖ «ខ្ញុំ​មិន​ស្អប់​យុវជន​គណបក្ស​ដទៃ​ទេ។ យើង​មាន​សិទ្ធិ​ជ្រើស​រើស និង​ចូល​រួម​គណបក្ស​ដែល​យើង​ពេញ​ចិត្ត​និង​ជឿ​ថា គណបក្ស​អាច​ជា​សសរ​ទ្រូង​ជួយ​សង្គម​បាន​។ ដូចនេះ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​តែ​ស្អប់​យុវជន​ដូច​គ្នា​នោះ»? ប្រភពពី៖ ខ្មែរស្ថាបនា

Sunday, July 21, 2013

គ.ជ.ប​នឹង​ប្រជុំ​បន្ទាន់​លើ​សំណើ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ស្នើ​សុំ​ឲ្យ​ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ។


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​កិច្ចពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣។
                                                                                                                                                                                         RFA

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប លោក អ៊ឹម សួស្ដី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា គ.ជ.ប នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជា​បន្ទាន់ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា ដើម្បី​ពិភាក្សា​លើ​សំណើ​សុំ​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​សុំ​ឲ្យ គ.ជ.ប ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត៖ «ចាំ​ប្រជុំ​ស្អែកៗ រឿង​ច្រើន​ណាស់! ជជែក​គ្នា​សិន មិន​មែន​រឿង​តែ​មួយ​ទេ បាទ! ខ្ញុំ​ទើប​បាន​ទទួល​លិខិត​មិញ​ដែរ ខ្ញុំ​ប្រជុំ​ស្អែក»
លោក អ៊ឹម សួស្ដី មិន​បាន​អត្ថាធិប្បាយ​ទេ​ពី​នីតិវិធី​យ៉ាង​ណា​របស់ គ.ជ.ប ចំពោះ​សំណើ​សុំ​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​នីតិវិធី​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ផុត​ទៅ​ហើយ​ នោះ។ រី​ឯ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់​ថា សំណើ​របស់​លោក សម រង្ស៊ី គ.ជ.ប នឹង​ពិនិត្យ​សម្រេច​ទៅ​តាម​ភារកិច្ច និង​សិទ្ធិ​អំណាច​របស់ គ.ជ.ប ដែល​ផ្នែក​លើ​ច្បាប់​បោះ​ឆ្នោត។
លោក​ប្រកាន់​ជំហរ​ថា ការ​សម្រេច​ចុះ​ឈ្មោះ​លោក សម រង្ស៊ី ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ច្បាប់​បោះ​ឆ្នោត​ទាំង​ស្រុង ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ឡើយ។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​ បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក​ ហង្ស ពុទ្ធា យល់​ថា សំណើ​សុំ​របស់​លោក សម រង្ស៊ី ពិបាក​ក្នុង​ការ​រក​ស្ថានភាព​ផ្លូវ​ច្បាប់ ដើម្បី​បញ្ចូល​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្តែ​មាន​ច្រក ២​សំខាន់ អាច​ជួយ​លោក សម រង្ស៊ី បាន គឺ​ទី​១ ការ​បក​ស្រាយ​ច្បាប់ និង​ការ​អនុវត្ត និង​មួយ​ទៀត ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។
លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ត្បិត​មាន​ពេល​ខ្លី​កៀក​ថ្ងៃ​បោះ​ឆ្នោត​ក្ដី តែ​ឋិត​ក្នុង​ឆន្ទៈ​នយោបាយ​វិសោធនកម្ម​ច្បាប់​នោះ​អាច​នឹង​ធ្វើ​ទៅ​កើត ហើយ​លោក សម រង្ស៊ី នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បាន។
លោក ហង្ស ពុទ្ធ៖ «ជា​នីតិវិធី​ចុះ​ឈ្មោះ​នោះ គឺ​ហួស​ទៅ​ហើយ។ ច្រក​ពីរ​ដែល​ខ្ញុំ​គិត​ថា អាច​នឹង​ទៅ​រួច ទី​មួយ​គឺ​ការ​បក​ស្រាយ​ច្បាប់ និង​ការ​អនុវត្ត។ បាន​ន័យ​ថា បើ​សិន​ជា​ច្បាប់​កំណត់​ថា គាត់​ជាប់​ទោស អ៊ីចឹង​មាន​ការ​លើកលែង​ទោស។ ប្រហែល​ជា​មាន​ករណី​ពិសេស អាច​នឹង​បញ្ចូល​គាត់​ជា​បេក្ខជន​បាន ហើយ​មួយ​ទៀត មាន​តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់។ ជា​ការ​ពិត​នៅ​សល់​ពេល​តែ​មួយ​សប្ដាហ៍​ទៀត​ទេ ប៉ុន្តែ​វិសោធនកម្ម​ច្បាប់ ប្រសិនជា​មាន​ឆន្ទៈ​ទាំង​អស់​គ្នា គឺ​អាច​ធ្វើ​ទៅ​បាន​ហើយ»
លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ទៅ​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប សុំ​ឲ្យ​ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​មណ្ឌល​ខេត្ត​ កណ្ដាល សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា បន្ទាប់​ពី​លោក​​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាង ៤​ឆ្នាំ។ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី លើក​នេះ គឺ​ក្រោយ​ពី​មាន​ការ​ព្រះរាជទាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ៕

ប្រភពពី៖ វិទ្យុអាស៊ីសេរី

FIFA ប្រកាស់ពីតម្លៃសំបុត្រ World Cup 2014

អន្តរជាតិ៖សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA​ បាន​ប្រកាស​ឲ្យ​ដឹង​ពី​តម្លៃ​សំបុត្រ​សម្រាប់​ចូល​មើល​ការ​ប្រកួត​ World​ Cup២០១៤​ ខាង​មុខ​នេះ​ដែល​សំបុត្រ​ក៏​នឹង​ត្រូវ​ដាក់​លក់​ជា​សាធារណ​ដែរ​នៅ​ថ្ងៃ​ទី​ ២០​ ខែសីហា​ខាង​មុន​នេះ​គឺ​នៅ​មុន​ពេល​ដែល​ការ​ប្រកួត​នេះ​ចាប់ផ្តើម​លេង​នៅ​ ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​
​សំបុត្រ​ដែល​ថោក​បំផុត​សម្រាប់​ការ​ប្រកួត​ World​ Cup២០១៤​ សម្រាប់​ក្រុម​អ្នកគាំទ្រ​បរទេស​មាន​តម្លៃ​ចាប់ពី​៥៩​ដុល្លារ​ឡើង​ទៅ​។​ នេះ​បើ​តាម​ការ​អះអាង​ឲ្យ​ដឹង​ពី​ FIFA​ ។​
​ដំណាក់កាល​ទី​១​នៃ​ដំណើរការ​លក់​សំបុត្រ​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២ ​ថ្ងៃត្រង់​ម៉ោង​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ (​ត្រូវ​នឹង​ម៉ោង​១១​ ម៉ោង​សាកល​)​ថ្ងៃ​ទី​២០​ ខែសីហា​។​
​រីឯ​តម្លៃ​សំបុត្រ​សម្រាប់​ប្រជាពលរដ្ឋ​ប្រេ​ស៊ី​ល​វិញ​មាន​ចាប់ពី​៩​ដុល្លារ​ឡើង​ទៅ​។​
​មាន​សំបុត្រ​ប្រមាណ​ជា​៣​លាន​សន្លឹក​នឹង​ត្រូវ​ដាក់​លក់​នៅ​៣​ដំណាក់កាល​ នេះ​ដែល​ដំណាក់កាល​ទី​២​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៣​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៤​ ចំណែកឯ​ដំណាក់កាល​នឹង​ចាប់ផ្តើម​លក់​ចាប់ពី​ខែមេសា​ ឆ្នាំ​២០១៤​តទៅ​៕​


ប្រភពពី៖ ABC










Saturday, July 20, 2013

សយ សុភាព ពិតជាកោរសក់មែន?

បន្ទាប់ពី​មាន​ការ​សួរ​ដេញ​ដោរ​ច្រើន​ពី​សំណាក់​មហាជន​ទៅលើ​ការនិយាយ និង​ការវិភាគ​របស់លោក សយ សុភាព ដែល​ជា​នាយក​សារពត៌មាន​ដើម​អំពិល ដោយ​លោក​បាន​និយាយថា “​ប្រសិន​បើ​លោក សម រង្ស៊ី អាច​វិល​ចូល​ក្នុង​ស្រុក​ខ្មែរ​វិញ​បាន ខ្ញុំ​នឹង​កោរសក់​” នោះ​ស្រាប់តែ​ពេល​ថ្មីៗ​ចុងក្រោយ​នេះ​គេ​បានឃើញ​រូបថត​របស់​លោក សយ សុភាព ពិតជា​បាន​កោរសក់​មែន​។​
តាម​ប្រភពមិនច្បាស់ការ​មួយចំនួន​បាន​អោយដឹងថា លោក សយ សុភាព បាន​ទៅ​កោរសក់​នៅលើ​ប្រាសាទ​ព្រះវិហារ ដោយ​មាន​ព្រះសង្ឃ​ជា​អ្នក​កោរ​អោយ​លោក និង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។ 
ការ​កោរសក់​នេះ ក៏​បាន​ធ្វើអោយ​មាន​មតិ​មួយចំនួន​បាន​លើកឡើង​ថា លោក សយ សុភាព ពិតជា​គោរព​ពាក្យ​សំដី​របស់​ខ្លួន​ប្រាកដ​មែន សាកស​ម​ជា​មនុស្ស​ថ្លៃថ្នូរ ទទួលស្គាល់​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ និង​និយាយ ជា​ពិសេស​បាន​អនុវត្តភា្លមៗ​តែម្តង​។​
អ្នកខ្លះ​ទៀត​បាន​និយាយថា លោក សយ សុភាព កោរសក់​នៅ​ប្រាសាទ​ព្រះវិហារ មិនមែន​ដោយសារ​លោក សម រង្ស៊ី​ទេ គឺ ដោយសារ លោក​មាន​ជំនឿ និង​ចង់​បណ្តេញ​ទាហាន​សៀម​ឈ្លានពាន​ទឹកដី ដោយ​ពួក​វា​បាន​ចូល​មក​លុកលុយ​យើង​គ្មាន​ពេល​ស្រាកស្រាន្ត​សោះ ជាហេតុ​ទើប​ធ្វើអោយ​មាន​ការចូលរួម​ពី​ប្រជាជន​ដ៏​ច្រើន​។​
ទោះបីជា​លោក សយ សុភាព កោរសក់​ដោយ​ឈរ​លើ​ហេតុផល​ណា​ក៏​ដោយ ក៏​សុទ្ធតែ​ជា​ផល​ល្អ​សំរាប់​លោក ព្រោះ​វា​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ និង​ការយកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។
 
សូម​បញ្ជាក់​ផង​ដែរ​ថា ពុំទាន់​មាន​ពត៌មាន​ច្បាស់លាស់​ថា​តើ​លោក សយ សុភាព ពិតជា​បាន​កោរសក់​ដូច​ក្នុង​រូប​នេះ​មែន ឬ​ក៏​គ្រាន់តែ​ជា​រូបភាព​ចាស់​ទេ ឬ​វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​៕​
 

 


ប្រភពពី៖ Happy Cambodia

 

Friday, July 19, 2013

លោក​សម រង្ស៊ី​ជួប​ជាមួយ​អ្នក​គាំទ្រនៅ​ទី​លាន​ប្រជាធិបតេយ្យ


ដោយ អ៊ឹម រចនា
លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ    ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣
Siv Channa/RFI
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​បំផុត​ក៏​បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា​នេះ ដោយ​មាន​មនុស្ស​រាប់​សែន​នាក់ បាន​ទទួល​ស្វាគមន៍ និង​ក្រោយ​មក បាន​ហែ​ហម អម​ដំណើរ​លោក​សម រង្ស៊ី ពី​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ ឆ្ពោះ​មក​កាន់​ទី​លាន​ប្រជាធិបតេយ្យ។លោក​សម រង្ស៊ី អម​ដោយ​លោក​កឹម សុខា និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត បាន​មក​ដល់​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ប្រមាណ​២​រសៀល ក្រោម​ការ​សាទរ​យ៉ាង​ក្លៀវក្លា​ពី​សំណាក់​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លុប។

សេចក្ដី​រាយការណ៍​របស់ អ៊ឹម រចនា



ម៉ោង​២​រសៀល​ទៅ​ហើយ តែ​​មេឃ​ប្រែ​ជា​ស្រទុំ ត្រជាក់ ខុស​ពី​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុះកញ្ជ្រោល​កាន់​តែ​ខ្លាំង​ពេលសមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី មួរ សុខហួរ ប្រកាស​អញ្ជើញ​​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា។ ជា​សុន្ទរកថា​ផ្លូវការ​ដំបូង​បង្អស់ ដែល​លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​ចូលស្រុក​​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា ឆ្នាំ​២០១៣។
ចំនួន​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លុប ដែល​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បាន​ជួប​ជាមួយ​លោក​សម រង្ស៊ី​នោះ ត្រូវ​បាន​អះ​អាង​ផ្សេង​ៗ​ពី​គ្នា។ លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់។

ក្រោម​សំឡេង​ហ៊ោ​​កញ្ជៀវ​របស់​អ្នក​គាំទ្រ លោក​សម រង្ស៊ី ចាប់​ផ្ដើម​សុន្ទរកថា​របស់​ខ្លួន ដោយ​ថ្លែង​ពី​អារម្មណ៍ រំភើប​រីករាយ និង​ក្ដុកក្ដួល ដែល​បាន​ត្រឡប់​មក​ជាន់​ដី​កម្ពុជា​វិញ។ លោក​ សម រង្ស៊ី​ថ្លែង​ថា វា​​ជា​សុបិន​ក្លាយ​ជា​ការ​ពិត។

បន្ទាប់​ពី​នោះ លោក​ក៏​បាន​ឆ្លៀត​ឱកាស​នោះ ថ្លែង​អំណរគុណ​ដល់​ព្រះ​មហាក្សត្រ​ដែល​បាន​ព្រះ​រាជទាន​លើក​លែង​ទោស​ដល់​រូប​លោក។

ក្នុង​ពេល​ដែល​លោក​សម រង្ស៊ី ត្រូវ​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន លើក​លែង​ទោស លោក​លែង​មាន​ឈ្មោះ​ជា​ទណ្ឌិត ហើយ​លោក​បញ្ជាក់​ថា ពេល​នេះ លោក​មាន​សេរី​ភាព​ពេញ​លេញ​ហើយ។

លោក​សម រង្ស៊ី បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​បន្ថែម​ថា ការ​ត្រឡប់​មក​មាតុ​ប្រទេស​របស់​លោក មុន​ពេល​ការ​បោះ​ឆ្នោត​នេះ គឺ​លោក​ត្រឡប់​មក​រួម​ជាមួយ​គណបក្ស​របស់​លោក ដើម្បី​សង្គ្រោះ​ជាតិ។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សហការី​របស់​លោក សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ការ​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​របស់​លោក។ លោក​បន្ត​ថា បើ​គ្មាន គណបក្ស​សង្គ្រោះ​ជាតិ លោក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ។ លោក​សម រង្ស៊ី សំដៅ​ជា​ពិសេស​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​លោក​បាន​អះ​អាង​ថា​ជា ដៃ​គូ​ស្លាប់​រស់​របស់​​លោក។

ក្រោយ​ពី​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ ជ្រាប​ជា​ថ្មី​ម្ដង​ទៀត អំពី​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មុន​នឹង​បិទ​បញ្ចប់​សុន្ទរកថា របស់​លោក​នៅ​ម៉ោង​ជាង​៣​រសៀល។ ក្រោយ​ពី​នោះ គ្រាប់​ភ្លៀង​ធំ​ៗ​ជា​ច្រើន បាន​ធ្លាក់​ចុះ​មក​សស្រាក់ ហាក់​បណ្ដេញ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បែក​ខ្ញែក​គ្នា ទៅ​សម្រាក​យក​កម្លាំង ឬ​ទទួល​ទាន​អាហារ។ អាហារ​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ទាន់​បាន​ទទួល​ទាន​មួយ​គ្រាប់​សោះ តាំង​ពី​ហែ​លោក​សម រង្ស៊ី​ចេញ​ពី​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ មក​ទល់​ម៉ោង​ជាង​៣​រសៀល៕
ប្រភពពី៖​ ខេមរភាសា

Tuesday, July 16, 2013

ការសម្រេចចិត្តមួយដែលរំលូតការចម្លងបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់”មកកម្ពុជា



ភ្នំពេញ: នៅពេលដែល​អ្នកនិពន្ធ​សរសេរ​អត្ថបទ​នេះ​ដំបូង គឺ​ចង់​ធ្វើការ​វិភាគ​ថា តើ​បក្សប្រឆាំង​កំពុងតែ​ចង់​នាំ​បដិវត្តន៍​ផ្កាម្លិះ ចូលមក​កម្ពុជា នៅ​មុនពេល​បោះឆ្នោត ឬ​យ៉ាងណា ដោយហេតុថា លោក​សម រង្ស៊ី បាន​ប្តេជ្ញាចិត្ត​ថា ដាច់ខាតលោក​ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ ទោះបីជា​លោក​ត្រូវ​ប្រឈម​នឹងការចាប់ខ្លួន​។
ប៉ុន្តែ​នៅក្នុង​ដំណើរការ​នៃ​ការប្រមូល​ ទិន្ន័យ​ដើម្បី​គាំទ្រ​ដល់​ការវិភាគ​នេះ សម្តេច​ហ៊ុន សែន បានសម្រេច​ចិត្ត​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​ការលើកលែងទោស​ដល់​លោក សម រង្ស៊ី ដែល​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣ លោក​ក៏​ទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​។ ដូច្នេះ ការវិភាគ​ត្រូវបាន​ប្តូរ​ទិស​ទៅរក​ថា តើ​ការសម្រេចចិត្ត​របស់​នា​យក​រដ្ឋមន្ត្រី មាន​សារសំខាន់​យ៉ាងណា ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម​មួយ ដែល​អាច​នឹង​កើតមាន ដោយសារតែ​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី បើសិនជា​គ្មាន​ការលើកលែងទោស​ទេនោះ​។​
នៅក្នុង​ទិដ្ឋភាព​ចំពោះមុខ​មួយ រដ្ឋាភិបាល​កម្ពុជា បាន​ដកថយ​មួយ​ជំហាន​ចំពោះ​ចំណាត់ការ​ចំពោះ​លោក សម រង្ស៊ី ដែលមាន​ទោស​ជាង​១០​ឆ្នាំ​ជាប់​ខ្លួន ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន បើសិនជា​គាត់​វិលត្រឡប់​មកវិញ ដោយ​គ្មាន​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​។ ការវិភាគ​ជ្រៅ​ជាង​នេះ គណបក្សកាន់អំណាច និង​សម្តេចនាយក​រដ្ឋមន្ត្រី អាចនឹងទទួល​ការគោរព​ច្រើន​ពី​ការសម្រេចចិត្ត​មួយ​នេះ​។ ទីមួយ ការលើកលែងទោស​ដល់​លោក សម រង្ស៊ី អាចធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា កាន់​តែមាន​លក្ខណ​:​សេរី និង​ប្រជាធិបតេយ្យ ខណ​:​ដែល​កម្ពុជា​បាន​លះបង់​បន្តិច អំពី​គោលការណ៍​ច្បាប់ និង​យុត្ត​ធម៌​សង្គម​។ សំខាន់​ជាង​នេះ ការលើកលែងទោស​ដល់​លោក សម រង្ស៊ី​នោះ គឺ​មានន័យថា ជាការ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា រវាង​កម្លាំង​ប៉ូលិស​អនុវត្ត​ច្បាប់ និង​ក្រុម​អ្នកគាំទ្រ​របស់លោក​សម រង្ស៊ី នៅពេលដែល​លោក​សម រង្ស៊ី វិល​ត្រឡប់មក​កម្ពុជា​វិញ ហើយ​គាត់​ត្រូវ​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ ក្នុងករណី​ដែល​គ្មាន​ការលើកលែងទោស​។ វា​ទំនងជា​អំពើហិង្សា អាច​នឹង​កើតមាន​នៅពេលនោះ ដោយសារតែ​ការ​តទល់​គ្នា រវាង​សមត្ថកិច្ច និង​ក្រុម​អ្នកគាំទ្រ​របស់លោក សម រង្ស៊ី និង​គណបក្ស​ង្គ្រោះ​ជាតិ​។ តាមពិត​ទៅនោះ មជ្ឈដ្ឋាន​ជាច្រើន បាន​មានការ​ព្រួយបារម្ភ​បែបនេះ មុនពេល​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែងទោស​ដល់​លោក​។​

​ដូច្នេះ​ តាម​ការវិភាគ​ជ្រុង​មួយ​នោះ គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី​ផ្ទាល់ បានឈ្នះ​ចិត្ត​រដ្ឋាភិបាល និង​សម្តេច​ហ៊ុនសែន ដោយ​ជំរុញ​ឲ្យ​មានការ​លើកលែងទោស​ដ​ល់​លោក សម រង្ស៊ី​។ ប៉ុន្តែ​ការវិភាគ​ស៊ីជម្រៅ​ជាង​នេះ សម្តេច​ហ៊ុន សែន បាន​រំលូត​ការប៉ុនប៉ង​របស់​មេបក្ស​ប្រឆាំង​នៅក្នុង​ការនាំយក​បដិវត្ត​ន៍​ ផ្កាម្លិះ ឬក៏​បដិវត្តន៍ “​រដូវ​ផ្កា​រីក​នៅ​អារ៉ាប់​” មកកាន់​ប្រទេស​កម្ពុជា ដោយ​ប្រើ​ហ្វូងមនុស្ស ដើម្បី​បះបោរ និង​ដណ្តើម​អំណាច​។ សម្តេច​អាច​នឹង​ព្រួយបារម្ភ​ថា ការប្រឈមមុខ​ដាក់គ្នា រវាង​អាជ្ញាធរ និង​ក្រុម​អ្នកគាំទ្រ​លោក​សម រង្ស៊ី អាច​នឹង​នាំ​ដល់​ការ​បង្ហូរឈាម​មនុស្ស​។ ដូច្នេះ គណបក្សប្រឆាំង ក៏​មិនអាច​ដើរ​ដល់​គោលដៅ​នៃ​ការជំរុញ​ការបះបោរ​។​

​ហេតុអ្វី​បានជា​មានការ​វិភាគ​ថា ការបះបោរ​ប្រជាជន គឺជា​គោលដៅ​ចង់បាន​បំផុត​របស់លោក សម រង្ស៊ី និង​គណបក្សប្រឆាំង​?

​ ការពិត​ដ៏​រឹងមាំ​ចំនួន​ពីរ អាច​គាំទ្រ​ការវិភាគ​តាម​ទិដ្ឋភាព​នេះ​។ ទីមួយ ការវិភាគ​ទូទៅ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ការបោះឆ្នោត​នេះ ហើយ​បន្ត​កាន់អំណាច​ទៀត​។ នេះ​ជាការ​សន្និដ្ឋាន​របស់​អ្នកវិភាគ​ជាច្រើន និង​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ ដូចជា  AFP AP Kyodo Reuters ជាដើម​។​

​ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​អាច​ចូលកាន់​អំណាច​បានឡើយ តាមរយ​:​ការបោះឆ្នោត នៅ​ថ្ងៃទី​២៨​ខែកក្កដា​ខាងមុខនេះ​។ ការបះបោរ គឺជា​ផ្លូវ​តែមួយគត់​ដែល​អាចជួយ​ពួកគេ​បាន បើសិនជា​ការវាយតម្លៃ ដោយ​អ្នកវិភាគ និង​សារព៍ត៌មាន​បរទេស ពិតជា​ត្រឹមត្រូវ​មែន​នោះ​។

​ទី ​ពីរ លោក សម រង្ស៊ី មាន​ផែនការ​យូរ​មកហើយ នៅក្នុង​ការដឹកនាំ​ប្រទេស តាមរយ​:​ការបះបោរ តាម​លំនាំ​អ្វីដែល​កើតមាន នៅ​ប្រទេស​អារ៉ាប់ ដែល​កំពុងតែ​ជាប់ផុង​នៅក្នុង​វិបត្តិ​ដោយសារតែ​ការធ្វើ​បដិវត្តន៍​ទាំងនោះ​។ ​

​ហេតុអ្វី​មានការ​វិភាគ​ថា លោក សម រង្ស៊ី ចង់​ឲ្យ​មានការ​បះបោរ ដូចជា បដិវត្តន៍​ផ្កាម្លិះ​?

​ ដោយ​ពិនិត្យ​ថយក្រោយ ទៅរក​អតីតកាល​ជាង ២​ឆ្នាំមុន នៅពេលដែល​ប្រទេស​ទុយ​ណេ​ស៊ី បាន​ផ្ទុះ​បដិវត្តន៍​មួយ ដែល​ហៅថា បដិវត្តន៍​ផ្កាម្លិះ ចាប់ពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១០ ហូត​ដល់​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១១ និង សកម្មភាព​របស់លោក សម រង្ស៊ី ៧​ខែក្រោយ​ពេលនោះ គេ​នឹង​ងាយ​គិតថា មេបក្ស​ប្រឆាំង​រូបនេះ ដែល​ធ្លាប់​ល្បីឈ្មោះ ជា​ដង្ខៅ​បាតុកម្ម រង់ចាំតែ​ពេលវេលា​ទុំ​ជោរ ដើម្បី​ឈានដល់​ការបះបោរ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ខ្វល់​ថា នឹង​មានការ​បង្ហូរឈាម​មនុស្ស ឬ​យ៉ាងណា​ឡើយ ដើម្បី​បុព្វហេតុ​អ្វីដែល​ក្រុម​លោក​ហៅថា “​ការផ្លាស់ប្តូរ​”​។

​ បដិវត្តន៍​ផ្កាម្លិះ បាន​ផ្ទុះ​នៅ​ប្រទេស​ទុយ​ណេ​ស៊ី នៅ​ថ្ងៃទី​១៨ ខែធ្នូ​ឆ្នាំ​២០១០ រហូតដល់​ថ្ងៃទី ១៤​ខែមករា​ឆ្នាំ​២០១១ ដោយ​បង្ខំ​ឲ្យ​ប្រធានាធិបតី បេន អា​លី បាន​លាលែង​ពី​តំណែង​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ទុយ​ណេ​ស៊ី ស្ថិតនៅក្នុង​វិបត្តិ​នៅឡើយ​។ ការបះបោរ​នោះ បាន​រាលដាល​ដល់​ប្រទេស​អារ៉ាប់ ដែល​ផ្ទុះ​ចេញ​ជា​អ្វីដែល​គេ​ហៅថា បដិវត្តន៍ “​រដូវ​ផ្កា​រីក​នៅ​អារ៉ាប់​” ដែល​នាំទៅដល់​ការដួលរលំ​របស់​មេដឹកនាំ​ប្រទេស​អេ​ហ្ស៊ី​ប លី​ប៊ី ស៊ី​រី និង យេ​មេន​ផងដែរ​។​

​នៅពេល​មានការ​ដួលរលំ​តៗ​គ្នា​បែបនេះ លោក សម រង្ស៊ី ក៏​ចាប់ផ្តើម​មានគំនិត​ចម្លង​យក​បដិវត្តន៍​បែប​នោះ មកកាន់​ប្រទេស​កម្ពុជា ដោយ​មិន​ខ្លាច​អំពី​ផល​លំបាក​ដែល​បណ្តាលមកពី​ការបះបោរ​បែប​នោះឡើយ​។ នៅ​ថ្ងៃទី​២១ ខែកក្កដា លោក សម រង្ស៊ី បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ទុយ​ណេ​ស៊ី ដោយ​ចង់​រៀនសូត្រ និង​ដក​ពិសោធន៍ អំពី​របៀប​ដឹកនាំ​ការបះបោរ​នៅ​ប្រទេស​នោះ​។​

​គណបក្ស​របស់លោក មិន​ញញើត នឹង​ប្រកាស​ត្រង់ៗ​អំពី​ទស្សនកិច្ច​នោះ ហើយ​ថែមទាំង​បង្ហាញ​អំពី​ចេតនា​នៃ​ការរៀបចំ​ការបះបោរ​នៅ​កម្ពុជា តាមរយ​:​ទស្សនកិច្ច​ដ៏​កម្រ​របស់លោក​សមរង្ស៊ី​។ នៅ​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០១១ គណបក្ស​សម រង្ស៊ី ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​និយាយ​ត្រង់ៗ​អំពី​ចេតនា​រៀបចំ​អ្វីដែល​គេ​ហៅថា  “​អំណាច​ប្រជាជន​” ដោយ​ចង់​ឲ្យ​មាន​បដិវត្តន៍ តាម​លំនាំ​បដិវត្តន៍ “​រដូវ​ផ្កា​រីក​នៅ​អារ៉ាប់​” កើត​មាននៅ​កម្ពុជា ដែល​កំពុងតែ​ធ្វើដំណើរ​លើផ្លូវ​ប្រជាធិបតេយ្យ​ស្រាប់​ទៅហើយនោះ​។

​ ជាមួយនឹង​ចំណងជើង “​លោក សម រង្ស៊ី នៅ​ប្រទេស​ទុយ​ណេ​ស៊ី ដើម្បី​រៀបចំ “​អំណាច​ប្រជាជន ”​នៅ​កម្ពុជា សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹងថា សមរង្ស៊ី​អំពាវនាវ​ឲ្យ​មាន​អ្វីដែល​ហៅថា សម្ព័ន្ធភាព​ប្រជាជន ដើម្បី​ផ្តួលរំលំ​មេដឹកនាំ ដែល​កាន់អំណាច​ច្រើន​ទសវត្សរ៍​។​

​ សកម្មភាព​ថ្មីៗ​នេះ​របស់លោក សម រង្ស៊ី ក៏បាន​ព្យាយាម​ប្រមូល​កម្លាំង​គាំទ្រ​ពី​យុវជន សម្រាប់​សុបិន​មួយ​នេះ​របស់គាត់ និង​គណបក្សប្រឆាំង​។ លោក សម រង្ស៊ី បានសម្រេច​ហ៊ាន​ប្រឈម​នឹង​ការចាប់​ដាក់គុក នៅពេល​គាត់​វិលត្រឡប់​មកវិញ​។ ប៉ុន្តែ​ទន្ទឹម​នោះ គណបក្ស​របស់គាត់ ក៏​ត្រៀម​មនុស្ស​ជាច្រើន​ពាន់​នាក់ ដើម្បី​ទៅ​ទទួល​គាត់​នៅ​ព្រលានយន្តហោះ​ផងដែរ​។

​សាក​គិត​ទៅ​មើល នឹងមាន​អ្វី​កើតឡើង បើសិនជា​ប៉ូលិស តាំងចិត្ត​ធ្វើតាម​សាលក្រម​តុលាការ ហើយ​ចាប់ខ្លួន​លោក សម រង្ស៊ី ហើយ​អ្នកគាំទ្រ​គាត់ មិន​បណ្តោយ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​គាត់​នោះ​។ ពេលនោះ មនុស្ស​គ្រប់គ្នា នឹង​ធ្លាក់​ចូលក្នុង​អន្ទាក់ របស់លោក សម រង្ស៊ី ហើយ​ការប៉ះទង្គិច​គ្នា​ប្រាកដជា​កើតឡើង ចំណែក​ផលវិបាក​គឺ​គ្មាន​នរណា​នឹកស្មាន​ដល់​ឡើយ​។

​ការចាប់​លោក សម រង្ស៊ី នឹង​អាច​ផ្តល់​លេស​គ្រប់គ្រាន់​សម្រាប់​ការដុត​បញ្ឆេះ​ការបះបោរ​មួយ តាម​អ្វីដែល​លោក សម រង្ស៊ី ធ្លាប់​គិត​។ ការបះបោរ​ជា​ចំហ​មួយ នឹង​អាច​ប្រកាសឡើង​នៅពេលនោះ ហើយ​អាច​នឹង​រុញច្រាន​កម្ពុជា ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​សែន​ធ្ងន់ ឬ​សង្គ្រាមស៊ីវិល​ដូចដែល​អ្វី​បានកើត​នៅ​ប្រទេស​អារ៉ាប់​ទាំងឡាយ ដែល​ឆ្លងកាត់​បដិវត្តន៍​ផ្កាម្លិះ ឬ​បដិវត្តន៍​រដូវ​ផ្កា​រីក ឬក៏​បដិវត្តន៍​ផ្កាឈូក​។​

​ទស្សនា​វ​ដ្តី The Economist បាន​សន្និដ្ឋានថា ប្រទេស​ទុយ​ណេ​ស៊ី ប្រទេស​អេ​ហ្ស៊ី​ប ប្រទេស​លី​ប៊ី ប្រទេស​យេ​ម៉េ​ន និង​ប្រទេស​ស៊ី​រី ដែល​កើតមាន​បដិវត្តន៍​ទាំងនោះ គឺ​គ្មាន​ប្រទេស​ណាមួយ រហូតមកទល់​ពេលនេះ មាន​ស្ថិរភាព​នយោបាយ ឬ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​ឡើយ​។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុង​ញាំញី​ប្រទេស​ទាំងនោះ ពិសេស​ប្រទេស​ស៊ី​រី ស្ថិតនៅក្នុង​សង្គ្រាមស៊ីវិល​នៅឡើយ​។​

​ប្រទេស​កម្ពុជា​ដែល​ត្រូវគេ​ ចាត់ទុកថា កំពុងតែ​ធ្វើដំណើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​នោះ មិនគួរ​នឹងធ្វើ​ដំណើរ​តាមផ្លូវ​ប្រទេស​អារ៉ាប់​ទាំងនោះ​ឡើយ​។ ចំណែក​លោក សម រង្ស៊ី ក៏​មិនគួរ​គិត​អំពី​អ្វីដែល​បំផ្លិចបំផ្លាញ សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​ដែរ​។​

​នៅក្នុង​ការវិភាគ​លើក​ក្រោយ អ្នកនិពន្ធ នឹង​ព្យាយាម​ពន្យល់​លម្អិត​ថា តើ​ការបះបោរ​នៅ​ប្រទេស​ទាំងនោះ មាន​ទំហំ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ុនណា ហើយ​ថា​ហេតុអ្វី ក៏​កម្ពុជា​មិនគួរ​ចម្លង​វា​ចូលមក​៕
ប្រភពពី៖ ខ្មែរស្ថាបនា