សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Monday, September 2, 2013

អ្នក​វិភាគ​សង្ស័យ​ថា​មាន​ការ​ប្រឌិត​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា មាន​ការ​សង្ស័យ​ថា ព្រះរាជសារ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ផ្ញើ​ជូន​ជន​រួម​ជាតិ​របស់​ព្រះអង្គ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា​អាច​មិន​មែន​ជា​ចេតនា​លិខិត​របស់​ព្រះអង្គ។ 

 

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ព្រះរាជសារ​នោះ​មិន​បាន​ប្រាប់​ពី​ទី​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ដែល​ប្រការ​នេះ​មិន​ស៊ី​សង្វាក់​គ្នា​នឹង​ព្រះរាជសារ​មុនៗ​របស់​ព្រះអង្គ ហើយ​ខ្លឹមសារ​ក្នុង​ព្រះរាជសារ​ក៏​ហាក់​ដូច​ជា​មិន​ស្រប​គ្នា​នឹង​ខ្លឹមសារ​ ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​មួយ​ទៀត ផ្ញើ​ជូន​ជន​រួម​ជាតិ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា៖ «ទី​១ ខ្ញុំ​អត់​ឃើញ​ទី​កន្លែង​ដែល​លោក​ធ្វើ​ព្រះរាជសារ​ហ្នឹង ប្រៀប​ធៀប​នឹង​ព្រះ​រាជសារ​ថ្ងៃ​ទី​៧ ខែ​សីហា គឺ​លោក​បាន​បញ្ជាក់​ថា ធ្វើ​នៅ​រាជធានី​ភ្នំពេញ។ បាទ! រួច​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា នេះ​អត់​ឃើញ​មាន​ដាក់​ទី​កន្លែង ហើយ​តាម​គេ​ដឹង​ថា ព្រះអង្គ​យាង​ទៅ​ប្រទេស​ចិន។ ដូច្នេះ​បើ​សិន​ជា​ទំនៀម​ទម្លាប់​ហ្នឹង​អត់​ដាក់ ឬ​ក៏​ត្រូវ​ដាក់​ដែរ។ ទី​២ ខ្លឹមសារ​ហ្នឹង​ដូចជា​មិន​ស៊ី​សង្វាក់​ជាមួយ​ព្រះរាជសារ​ថ្ងៃ​ទី​៧ ខែ​សីហា ព្រះអង្គ​ថា ឲ្យ​ស្ងៀម​ស្ងាត់ ក៏​ប៉ុន្តែ​ព្រះអង្គ​ថា សូម​ឲ្យ​ចរចា​ដោះស្រាយ​បញ្ហា​សេសសល់​ពី​ការ​បោះ​ឆ្នោត​ហ្នឹង។ ឥឡូវ​នេះ​គឺ​ថា បែរ​ជា​ទៅ​រក​សង្កត់​ខ្លាំង​ទៅ​រក​ការ​គោរព​អនុវត្ត​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ប្រទេស​កម្ពុជា យើង​ហើយ ក៏​បាត់​ខ្លឹម​សារ​អំពាវ​នាវ​ឲ្យ​មាន​ការ​សន្ទនា​គ្នា​ជជែក​ដោះ​ស្រាយ​បញ្ហា ​ដែល​នៅ​សេសសល់​ក្នុង​កាលៈទេសៈ​មួយ​ដែល​បញ្ហា​នេះ​នៅ​មាន​ដដែល»
បញ្ហា​បច្ចេកទេស​មួយ​ទៀត គឺ​ព្រះហស្តលេខា​របស់​ព្រះអង្គ​លើ​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​មេសា និង​ថ្ងៃ​ទី​៣០ ខែ​សីហា មាន​លក្ខណៈ​ដូចបេះបិទ ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្ស័យ​ថា អាច​ជា​ការ​ចម្លង៖ «ខ្ញុំ​មិន​បាន​ផ្ទៀង​ផ្ទាត់​អី​ឲ្យ​វា​ ប្រាកដ​ប្រជា​១០០​ភាគ​រយ​នោះ​ទេ ក៏​ប៉ុន្តែ ព្រះហស្ថលេខា​ដូច​គ្នា​ច្រើន​ពេក​ធ្វើ​ឲ្យ​សង្ស័យ​ថា មនុស្ស​ម្នាក់​គឺ​មិន​អាច​ចុះ​ហត្ថលេខា ស៊ីញ៉េ​ហ្នឹង​បាន ១០០% នោះ​ទេ រួច​ខ្ញុំ​ឃើញ​ហត្ថលេខា​ទាំង​ពីរ​ហ្នឹង​ដូច​គ្នា​ខ្លាំង​ពេក។ ម៉្លោះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សង្ស័យ ក្រែង​លោ​ស្គែន​ចូល ឬ​យ៉ាង​ម៉េច»
ម៉្យាងទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា អាច​គណបក្ស​កាន់​អំណាច​ទទូច​ឲ្យ​ព្រះអង្គ​ចេញ​ព្រះរាជសារ​នេះ នៅ​ស្រប​ពេល​ដែល​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ដែល​មាន​តំណាង​សង្គម​ស៊ីវិល​ ជាតិ និង​អន្តរជាតិ​ចូល​រួម ត្រូវ​គណបក្ស​ប្រជាជន​បដិសេធ៖ «ប្រហែល​ជា​ ខាង​រដ្ឋាភិបាល​បាន​សុំ​បង្អង់​ឲ្យ​ជួយ​ចេញ​ជា​ព្រះ​រាជសារ​ហ្នឹង​មក ព្រោះ​រាជសារ​ស៊ី​សង្វាក់​នឹង​ជំហរ​របស់​គណបក្ស​ប្រជាជន។ ប្រហែល​ជា​លោក​ភ្លេច​ពី​បញ្ហា​ថា ព្រះរាជសារ​ឆ្លុះ​បញ្ចាំង​ថា ចេញ​គឺ​នៅ​ក្នុង​កាលៈទេសៈ​មួយ​គឺ​ទាំងអស់​គ្នា​គេ​ថា វា​នៅ​មាន​បញ្ហា​ដដែល​ហ្នឹង រឿង​ភាព​មិន​ប្រក្រតី​ហ្នឹង»
អំពី​លទ្ធភាព​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ ដើម្បី​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត និង​មន្ត្រី​គណបក្ស​ប្រជាជន​អះអាង​ថា មិន​អាច​ធ្វើ​ទៅ​បាន​ទេ​នោះ ដោយ​សំអាង​ថា មិន​មាន​ច្បាប់​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា នោះ​មិន​មែន​ជា​បញ្ហា​ចោទ​ទេ ពីព្រោះ​បទពិសោធន៍​កន្លង​មក រាជរដ្ឋាភិបាល​បាន​ធ្វើ​របៀប​នេះ​រួច​ទៅ​ហើយ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ គូស​បញ្ជាក់​ថា នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​ចុះ​ វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ ក៏​មិន​មាន​ច្បាប់​ឯ​ណា​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ៖ «វា​មាន​ករណីយ​មុន​ហើយ​ដែល​អាច​បង្កើត​គណៈកម្មការ​ហ្នឹង។ ក្នុង​ក្របខណ្ឌ​ច្បាប់​បោះ​ឆ្នោត​ហ្នឹង​បាន។ ករណីយ​មុន​ត្រង់​ណា គឺ​ត្រង់​សេចក្ដី​សម្រេច​របស់​សម្ដេច​នាយក​បង្កើត​ក្រុម​ស្ម័គ្រ​ចិត្ត​ជួយ​ វាស់​វែង​ដី​ធ្លី​បន្ថែម​ជា​ជំនួយ​ដល់​ក្រសួង​រៀបចំ​ដែនដី មាន​ភារកិច្ច​វាស់​វែង​ដី​ធ្លី ហើយ​និង​ចេញ​ប្លង់​រឹង​ឲ្យ​ជូន​ប្រជាពលរដ្ឋ នេះ​ដូចគ្នា​អ៊ីចឹង​ដែរ គេ​អាច​បង្កើត​គណៈកម្មការ​បច្ចេកទេស​ដើម្បី​ទៅ​ជួយ​គ.ជ.ប ហ្នឹង​ឯង នេះ​គឺ​អត់​ខុស​គ្នា​ទេ គ្រាន់​តែ​ខុស​សមត្ថកិច្ច​ប៉ុណ្ណឹង​ទេ។ លំនាំ​គឺ​វា​ដូច​គ្នា​អ៊ីចឹង និង​អាច​ធ្វើ​បាន វា​អត់​មាន​អី​ទាស់​ខុស​ទេ ព្រោះ​វា​មាន​ករណី​មុន​ហើយ គ្រាន់​តែ​បទ​បញ្ជា​សូន្យ​មួយ​របស់​នាយក​រដ្ឋ​មន្ត្រី​គេ​បង្កើត​និស្សិត​ ស្ម័គ្រ​ចិត្ត​ជួយ​បាន»
ព្រះរាជសារ​របស់​ព្រះករុណា​​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣០ ខែ​សីហា ផ្ញើ​ជូន​ជន​រួម​ជាតិ​របស់​ព្រះអង្គ ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ការ​សង្ស័យ​នោះ ក្រៅ​តែ​ពី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម ក៏​បាន​អំពាវនាវ​ឲ្យ​យក​ច្បាប់​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា មក​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត។ យន្តការ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ទាមទារ​ឲ្យ​អនុវត្ត ប៉ុន្តែ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ទទួល​យក​ដោយ​សំអាង​ថា ស្ថាប័ន​កំពូល​សម្រាប់​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺ​មាន គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ឯករាជ្យ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដែល​មាន​តំណាង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​រួម៕
ប្រភពពី៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment