សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, September 3, 2013

អាមេរិក​​កាន់​តែ​ឯកោ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី

ប្រធានាធិបតី​អាមេរិក​មាន​យោបល់​ទៅលើ​សំណុំរឿង​ស៊ីរី​ កាលពី​ថ្ងៃ​សុក្រ​ទី ៣០ សីហា ២០១៣
REUTERS/Kevin Lamarque

កាលពី​ ថ្ងៃ​សុក្រ ទី ៣០​សីហា លោក​ប្រធានាធិបតី អាមេរិក​អះអាង​ថា លោក​មិន​ទាន់​សំរេច​ចិត្ត​ចុងក្រោយ​នៅឡើយទេ ប៉ុន្តែ បាន​លើកឡើង​ពី​ជម្រើស​អន្តរាគមន៍​យោធា​រយៈពេល​កំណត់​មួយ នៅ​ស៊ីរី។ នៅថ្ងៃ​សុក្រ​ដដែល ប្រមុខ​កងទ័ព​សម្ព័ន្ធមិត្ត​អូតង់​បាន​បដិសេធ​មិន​ចូលរួម​ធ្វើ​ ប្រតិបត្តិការ​យោធា​ដោយ​ផ្ទាល់​នៅ​ស៊ីរី។




អាមេរិក​បាន​កំណត់​រួចហើយ ជំហរ យុទ្ធសាស្រ្ត​របស់​ខ្លួននៅ​ស៊ីរី ដោយ​មិន​ចាំបាច់​រង់ចាំ​លទ្ធផល​ផ្លូវការ​របស់​ក្រុមស៊ើបអង្កេត​ អ.ស.ប។ កាលពី​ថ្ងៃ​ម្សិលមិញ ប្រមុខ​ការបរទេស​អាមេរិក លោក​John Kerry បាន​លើកឡើងថា ការងាររបស់​ក្រុមស៊ើបអង្កេត​ អ.ស.ប​គ្រាន់​តែ​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ប៉ុណ្ណោះ។ លោក​John Kerry ហ៊ាន​និយាយ​ដូច្នេះ ក៏ព្រោះ​តែ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​រក​ឃើញ​ព័ត៌មាន តាំងពី​ប៉ុន្មាន​ថ្ងៃ​មកហើយ ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើប្រាស់​អាវុធ​គីមី​ទៅលើ​សង្កាត់ នៅ​ជាយក្រុង​ដាម៉ាស។

ដើម្បី​បញ្ចុះបញ្ចូល​មតិ​សាធារណៈ ជាពិសេស​ប្រជាជន និង​សភា​អាមេរិក ប្រមុខ​ការបរទេស​អាមេរិក​បាន​បង្ហាញ​ឯកសារ​ទាក់ទង​នឹង​ការប្រើអាវុធ​គីមី ពី​សំណាក់​រដ្ឋាភិបាល​លោក​បាស្ហា​អាល់​អាសាដ។ ក្នុង​ឯកសារ​៤ទំព័រ ប្រភព​ពី​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ អាមេរិក និង​ដៃគូ បាន​លួច​ចាប់ ស្តាប់​សំឡេង​សន្ទនា​របស់​មន្រ្តីជំនាញ​អាវុធគីមី ស៊ីរី​ដែល​បាន​ទទួល​បញ្ជា​បេសកកម្ម​រៀបចំ​ផលិត​អាវុធ​គីមី គឺ​នៅ​បីថ្ងៃ​មុន​ហេតុការណ៍​វាយប្រហារ​អាវុធ​គីមី។ នៅថ្ងៃ​វាយប្រហារ​ទៀតសោត គឺ​នៅ​យប់ថ្ងៃ​ពុធ​ទី ២១ សីហា ផ្កាយរណប​របស់​អាមេរិក​បាន​ថត​ចាប់​បាន​រូបភាព​បាញ់​មីស៊ីល​ផ្ទួនៗ​ចេញ​ពី​ បន្ទាយ​ទ័ព​រដ្ឋាភិបាល​ស៊ីរី សំដៅ​សង្កាត់​ដែល​គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម​ស៊ីរី។ ហើយ នៅ​ប៉ុន្មាន​នាទី​ក្រោយ មក គេ​ក៏ចាប់ឃើញ​រូបភាព វីដេអូ​របស់​ក្រុមប្រឆាំង​ស៊ីរី ដែល​បង្ហាញ​ពី​កុមារ និង​ប្រជាជន​ដេកដួលស្លាប់ ដែល​បើតាម​ការវិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ គឺមានទាក់ទង​នឹង​រោគសញ្ញា រងគ្រោះ​ដោយ​អាវុធគីមី។ តាមរបាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ជនរងគ្រោះ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី​មាន​ជាង ១៤២៩​នាក់ ក្នុង​នោះ​មាន​កុមារ ៤២៦​នាក់។

មួយវិញ​ទៀត ដែល​រដ្ឋមន្រ្តី​ការបរទេសហ៊ាន​និយាយ​ថា អាមេរិក​មាន​ជំនឿ​មុតមាំ​ថា គឺ​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ​ដែល​បាន​ប្រើអាវុធ​គីមី ក៏ព្រោះ នៅក្នុង​សំឡេង​ដែល​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក លួច ស្តាប់​មន្រ្តី​ស៊ីរី​ដែល​បាន​និយាយ​ឆ្លើយឆ្លង​គ្នា សំដែង​ការព្រួយ​បារម្ភ​ខ្លាច​ថា ក្រុមស៊ើបអង្កេត អ.ស.ប​ចូល​ទៅ​រកឃើញ​ភស្តុតាង ពី​ការប្រើអាវុធ​គីមី។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាមេរិក វាច្បាស់ណាស់​ថា គេ​ត្រូវ​ធ្វើ​អន្តរាគមន៍​យោធា​ទៅលើ​ស៊ីរី​ដោយ​ខានមិនបាន ហើយ​អាមេរិក​នឹង​ធ្វើ​ជាមួយ​អូស្ត្រាលី និង​ប្រទេស​អេមីរ៉ា អារ៉ាប់រួម។ គេ​មិន​ដឹងថា តើ​អន្តរាគមន៍​យោធា​នឹង​ធ្វើ​នៅពេលណាទេ។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ត្រឹមតែ​លើកឡើង​ ពីការសហការ​ជាមួយ​សម្ព័ន្ធ​មិត្ត​ចាស់ ដូចជា​បារំាង បន្ទាប់​ពី អាមេរិក​បាន​បាត់បង់​ដៃគូ​អង់គ្លេស ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ហាម​មិន​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ចូល​ធ្វើ​ អន្តរាគម​យោធា​ជាមួយ​អាមេរិក។

បន្ទាប់ពី​អង់គ្លេស ប្រទេស​នៅ​អឺរ៉ុប​ក្រៅពី​បារាំង បាន​បង្ហាញ​ការរារែក​មិនចង់​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា​ជាមួយ​អាមេរិក។ អាល្លឺម៉ង់ បដិសេធ​រាល់​លទ្ធភាព​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា នៅ​ស៊ីរី។ ទីក្រុង​ប៊ែឡាំង​ដែល​ចង់​រង់ចាំ​លទ្ធផល​ការងារ​របស់​ក្រុមស៊ើបអង្កេត​របស់​ អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា ខ្លួន ត្រៀម​គាំទ្រ​សកម្មភាព​អន្តរជាតិ ទាំងឡាយ​ណា​ដែល​ចេញ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ តែប៉ុណ្ណោះ។ អង្គការ​អូតង់វិញ ដែល​តាមពិត​មាន​កងកម្លាំង​របស់ខ្លួន នៅ​ប្រទេស​តួកគី ជាប់ព្រំដែន​ជាមួយ​ស៊ីរី​រួចហើយនោះ បាន​បង្ហាញ​ជំហរ​មិន​ចង់ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការវាយប្រហារ​យោធា​លើ​ ស៊ីរី។ តាម​លោកអគ្គលេខាធិការ​អង្គការ​អូតង់ គេ​មាន​ភស្តុតាង​ច្បាស់​ដែល​បញ្ជាក់ថា របប​ស៊ីរី​ប្រើ​អាវុធ​គីមី ប៉ុន្តែ យ៉ាងណាក៏ដោយ អូតង់ នៅ​តែ​ចង់​ឲ្យ​មាន​ការចរចា​ផ្លូវ​នយោបាយ ថ្នាក់​អង្គការ​សហប្រជាជាតិ ជាង​ការប្រើកម្លាំង ធ្វើសង្រ្គាម។

នៅ​ចំពោះមុខ​រារែក​របស់​ដៃគូ​សម្ព័ន្ធមិត្ត លោក​អូបាម៉ា​បាន​ចេញមុខ​មក​បន្ទន់​ជំហរ​របស់​អាមេរិក ដែល​បើតាម ​ប្រមុខ​ការបរទេស​អាមេរិកថ្លែង នៅក្នុង​សន្និសីទ​កាសែត នឹងធ្វើ​អន្តរាគមន៍​យោធា ដោយ​ខានមិនបាន។ លោក​អូបាម៉ា​បាន​ចេញមក​បកស្រាយ​ថា លោក​នៅមិនទាន់​សម្រេចចិត្ត​ជ្រើសរើស​ជម្រើស​ចុងក្រោយ​នៅឡើយទេ។ នៅក្នុង​ពេល​ប្រទេស​ អង់គ្លេស (សមាជិក​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ អ.ស.ប)​បដិសេធ​មិន​ចូលរួម​ជាមួយ​អាមេរិក ហើយ​អង្គការ​អូតង់​ក៏​បង្ហាញ​ជំហរ​រារែក​ទៀតនោះ លោកអូបាម៉ា​បាន​លើកឡើង​ពី​បញ្ហា​មនុស្សធម៌ ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​ដៃគូ​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន និង​បញ្ជាក់ពី​ភាព​ស្របច្បាប់​ខាងមនុស្សធម៌​របស់​អាមេរិក ក្នុង​រឿង​ធ្វើ​អន្តរាគមន៍​យោធា​នៅស៊ីរី។ សម្រាប់​អូបាម៉ា អាមេរិក​មិនអាច​ទទួល​យកបាន​ការប្រើអាវុធ​គីមី​ដែល​បាន​សម្លាប់​មនុស្សស្រី និង​កុមារ នៅស៊ីរី។

រដ្ឋបាល​លោកអូបាម៉ា​បាន​និយាយធានា​ថា ការវាយប្រហារ​បើសិន​ជាមាន​ទៅលើ​ស៊ីរី គឺ​នឹង​មាន​ពេល​កំណត់​មួយ គឺនឹង​មិន​បណ្តាល​ឲ្យ​មាន​ផលវិបាក ឬ​ប៉ះពាល់​រាលដាល​ទៅ​ជា​សង្រ្គាម​បង្ហូរឈាម នៅ​តំបន់​ដើមបូព៌ា ដូចជាការព្រួយបារម្ភ​របស់​ប្រទេស​មួយ​ចំនួនទេ។ អ៊ីស្រាអែល និង​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​មាន​ព្រំដែន​ជាប់​ស៊ីរី បាន​សំដែង​ការព្រួយបារម្ភដែល​ថា ការវាយប្រហារ​របស់​អាមេរិក​មាន​រយៈពេល​វែង និង​ដែល​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រទេស​ក្នុង​តំបន់ ជាពិសេស​អ៊ីរ៉ង់ និង​រុស្ស៊ី។

ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ​ប្រញាប់​ប្រញាល់​ចាកចេញ​ពី​ទីក្រុង​ដាម៉ាស មុនពេល​កំណត់

អ្នកយកព័ត៌មាន​ប្រទេស​លោកខាងលិច​វាយតម្លៃថា ការប្រញាប់​ចាកចេញ​ពី​ស៊ីរី ក៏ព្រោះតែ​ក្រុមស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ (១៣​នាក់) ខ្លាច​ក្រែង​មាន​ការវាយប្រហារ​យោធា​របស់​អាមេរិក ទៅលើ​ស៊ីរី។ កាលពី​មួយ​ថ្ងៃ​មុន គឺ​នៅ​យប់​ថ្ងៃ​សុក្រ រដ្ឋបាល​លោក​អូបាម៉ា​ទើបតែ​បញ្ជាក់​ពី​ជម្រើស​អន្តរាគមន៍​យោធា រយៈពេល​មាន​កំណត់ ​នៅ​ស៊ីរី។

ក្រុមស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​​បាន​ប្រមូល​ភស្តុតាង​យ៉ាងច្រើន ពីកន្លែង​កើតហេតុ ពោល​គឺ​កន្លែង​ដែល​រងការវាយប្រហារ​អាវុធ​គីមី កាលពី​១០​ថ្ងៃ។ ហើយ​ពួកគេ នឹង​ធ្វើ​ដំណើរ​ទៅទីក្រុង​ឡាអេ ដើម្បី​វិភាគ​លើ​គំរូ ភស្តុតាង​ទាំងនោះ។ បើតាម​អ្នកនាំពាក្យ​របស់​លោកបាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា គេ​បាន​បញ្ជូន​ការងារ​វាយតម្លៃ​ជំហានដំបូង​របស់​ក្រុមស៊ើបអង្កេត នៅ​ស៊ីរី ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ពិនិត្យ​មើលរួចហើយ កាលពី​ថ្ងៃ​សុក្រ។ ចំណែក​លទ្ធផល​ផ្លូវការស្តី​ពី​ការមាន​ប្រើអាវុធ​គីមី មែន ឬ​យ៉ាងណា​នោះ គឺ​គេ​ត្រូវ​រង់ចាំ​ពីរ​សប្តាហ៍ទៀត៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment