![]() |
រូបថតដោយ ណាត សុភាព |
ក្រុមអ្នកសារព័ត៌មាន មានទាំងផ្នែកទូរទស្សន៍ វិទ្យុ កាសែត និងអនឡាញ សម្តែងការខកចិត្ត ដែលមន្ត្រីរដ្ឋាភិបាល អមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកពីប្រទេសចិនវិញ មិនបានបើកសន្និសីទសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី។
នៅរសៀលថ្ងៃអង្គារ ម៉ោងប្រមាណជា៣និង១០នាទី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ បានមកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី១០ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
គណៈប្រតិភូ ដែលទៅទទួលលោកនាយករដ្ឋមន្ត្រី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។
អ្នកសារព័ត៌មានសម្តែងការខកចិត្ត ដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អមដំណើរ ដូចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ មិនបានបើកឲ្យមានសន្និសីទសារព័ត៌មាន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពួកគេបានរង់ចាំនៅក្នុងបន្ទប់។ នេះហាក់ដូចជាប្លែកខុសពីធម្មតា ដែលតែងតែមានមន្ត្រីណាមួយ ចេញមុខថ្លែងទៅកាន់អ្នកសារព័ត៌មានពីលទ្ធផលនៃការទទួលបានពីកិច្ចប្រជុំ។
អ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច របស់កាសែតភ្នំពេញប៉ុស្តិ៍ លោក ម៉ៃ គុណមករា សំដែងការខកចិត្តចំពោះការរង់ចាំយកព័ត៌មាន ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ លោកបន្ថែមថា ទំនងជាមានអាថ៌កំបាំងអ្វីមួយទាក់ទងនឹងនយោបាយ ទើបមន្ត្រីរដ្ឋាភិបាល មិនធ្វើសន្និសីទសារព័ត៌មាន ៖ "យើងគ្រាន់តែចង់ដឹងថា បញ្ហានៅពីក្រោយខ្នង ដែលគាត់មានជំនួបនោះ មានទាក់ទងនឹងនយោបាយឬក៏អត់ទេ ដោយសារពុំមានការធ្វើអត្ថាធិប្បាយ ទាក់ទងនឹងកិច្ចប្រជុំ អញ្ជឹងជាការសោកស្តាយ ក្នុងនាមយើងជាអ្នកយកព័ត៌មាន អ្នកតាមប្រមាញ់ព័ត៌មាន ហើយយើងចង់បាន ស្អីដែលថ្នាក់ដឹកនាំយើងដែលគាត់ខាងក្រៅ ហើយគាត់ពាំនាំអ្វីមកប្រទេសជាតិ ដើម្បីជំរាបប្រជាពលរដ្ឋយើងឲ្យបានដឹងពីដំណើរថ្មីៗនៃជំនួប"។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង មានប្រសាសន៍ថា កាលដែលរដ្ឋមន្ត្រីដទៃទៀត មិនធ្វើសន្និសីទសារព័ត៌មាន ដោយសារពេលវេលា ៖ “មិនមានបំណងអ្វីមិនល្អទេ ដូចខ្ញុំបានជម្រាបអំបាញ់មិញអញ្ជឹង គឹថាពេលខ្លះក៏ធ្វើ ពេលខ្លះក៏មិនធ្វើ តាមការចាំបាច់”។
ក្នុងឱកាសទស្សនកិច្ចនេះ លោកនាយរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក លី ខីឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និងជួបជាមួយ លោក លី ជីហេង(Li Jiheng) អភិបាលខេត្តយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន។
មិនទាន់មានសេចក្តីរាយការណ៍ថាតើ លោក ហ៊ុន សែន បានចូលគាល់ព្រះមហាក្សត្រសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលកំពុងគង់ប្រថាប់នៅក្រុងប៉េកាំងឬយ៉ាងណា៕
ប្រភពពី៖ VOD
No comments:
Post a Comment