 |
ប្រធានាធិបតីអាមេរិកមានយោបល់ទៅលើសំណុំរឿងស៊ីរី កាលពីថ្ងៃសុក្រទី ៣០ សីហា ២០១៣
REUTERS/Kevin Lamarque
|
កាលពី
ថ្ងៃសុក្រ ទី ៣០សីហា លោកប្រធានាធិបតី អាមេរិកអះអាងថា
លោកមិនទាន់សំរេចចិត្តចុងក្រោយនៅឡើយទេ ប៉ុន្តែ
បានលើកឡើងពីជម្រើសអន្តរាគមន៍យោធារយៈពេលកំណត់មួយ នៅស៊ីរី។
នៅថ្ងៃសុក្រដដែល
ប្រមុខកងទ័ពសម្ព័ន្ធមិត្តអូតង់បានបដិសេធមិនចូលរួមធ្វើ
ប្រតិបត្តិការយោធាដោយផ្ទាល់នៅស៊ីរី។
អាមេរិកបានកំណត់រួចហើយ ជំហរ យុទ្ធសាស្រ្តរបស់ខ្លួននៅស៊ីរី
ដោយមិនចាំបាច់រង់ចាំលទ្ធផលផ្លូវការរបស់ក្រុមស៊ើបអង្កេត អ.ស.ប។
កាលពីថ្ងៃម្សិលមិញ ប្រមុខការបរទេសអាមេរិក លោកJohn Kerry បានលើកឡើងថា
ការងាររបស់ក្រុមស៊ើបអង្កេត
អ.ស.បគ្រាន់តែនឹងផ្តល់ព័ត៌មានបន្ថែមប៉ុណ្ណោះ។ លោកJohn Kerry
ហ៊ាននិយាយដូច្នេះ
ក៏ព្រោះតែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិករកឃើញព័ត៌មាន
តាំងពីប៉ុន្មានថ្ងៃមកហើយ ដែលបង្ហាញថា
រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីទៅលើសង្កាត់
នៅជាយក្រុងដាម៉ាស។
ដើម្បីបញ្ចុះបញ្ចូលមតិសាធារណៈ ជាពិសេសប្រជាជន និងសភាអាមេរិក
ប្រមុខការបរទេសអាមេរិកបានបង្ហាញឯកសារទាក់ទងនឹងការប្រើអាវុធគីមី
ពីសំណាក់រដ្ឋាភិបាលលោកបាស្ហាអាល់អាសាដ។ ក្នុងឯកសារ៤ទំព័រ
ប្រភពពីមន្រ្តីស៊ើបការណ៍សម្ងាត់ អាមេរិក និងដៃគូ បានលួចចាប់
ស្តាប់សំឡេងសន្ទនារបស់មន្រ្តីជំនាញអាវុធគីមី
ស៊ីរីដែលបានទទួលបញ្ជាបេសកកម្មរៀបចំផលិតអាវុធគីមី
គឺនៅបីថ្ងៃមុនហេតុការណ៍វាយប្រហារអាវុធគីមី។ នៅថ្ងៃវាយប្រហារទៀតសោត
គឺនៅយប់ថ្ងៃពុធទី ២១ សីហា
ផ្កាយរណបរបស់អាមេរិកបានថតចាប់បានរូបភាពបាញ់មីស៊ីលផ្ទួនៗចេញពី
បន្ទាយទ័ពរដ្ឋាភិបាលស៊ីរី
សំដៅសង្កាត់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរី។ ហើយ
នៅប៉ុន្មាននាទីក្រោយ មក គេក៏ចាប់ឃើញរូបភាព
វីដេអូរបស់ក្រុមប្រឆាំងស៊ីរី ដែលបង្ហាញពីកុមារ
និងប្រជាជនដេកដួលស្លាប់ ដែលបើតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ
គឺមានទាក់ទងនឹងរោគសញ្ញា រងគ្រោះដោយអាវុធគីមី។
តាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក
ជនរងគ្រោះដោយអាវុធគីមីនៅស៊ីរីមានជាង ១៤២៩នាក់ ក្នុងនោះមានកុមារ
៤២៦នាក់។
មួយវិញទៀត ដែលរដ្ឋមន្រ្តីការបរទេសហ៊ាននិយាយថា
អាមេរិកមានជំនឿមុតមាំថា គឺរដ្ឋាភិបាលលោកបាស្ហា
អាល់អាសាដដែលបានប្រើអាវុធគីមី ក៏ព្រោះ
នៅក្នុងសំឡេងដែលភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក លួច
ស្តាប់មន្រ្តីស៊ីរីដែលបាននិយាយឆ្លើយឆ្លងគ្នា
សំដែងការព្រួយបារម្ភខ្លាចថា ក្រុមស៊ើបអង្កេត
អ.ស.បចូលទៅរកឃើញភស្តុតាង ពីការប្រើអាវុធគីមី។
សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក វាច្បាស់ណាស់ថា
គេត្រូវធ្វើអន្តរាគមន៍យោធាទៅលើស៊ីរីដោយខានមិនបាន
ហើយអាមេរិកនឹងធ្វើជាមួយអូស្ត្រាលី និងប្រទេសអេមីរ៉ា អារ៉ាប់រួម។
គេមិនដឹងថា តើអន្តរាគមន៍យោធានឹងធ្វើនៅពេលណាទេ។
រដ្ឋមន្រ្តីការបរទេសអាមេរិកបានត្រឹមតែលើកឡើង
ពីការសហការជាមួយសម្ព័ន្ធមិត្តចាស់ ដូចជាបារំាង បន្ទាប់ពី
អាមេរិកបានបាត់បង់ដៃគូអង់គ្លេស
ដែលរដ្ឋសភាបានបោះឆ្នោតហាមមិនឲ្យរដ្ឋាភិបាលអង់គ្លេសចូលធ្វើ
អន្តរាគមយោធាជាមួយអាមេរិក។
បន្ទាប់ពីអង់គ្លេស ប្រទេសនៅអឺរ៉ុបក្រៅពីបារាំង
បានបង្ហាញការរារែកមិនចង់ចូលរួមក្នុងអន្តរាគមន៍យោធាជាមួយអាមេរិក។
អាល្លឺម៉ង់ បដិសេធរាល់លទ្ធភាពចូលរួមក្នុងអន្តរាគមន៍យោធា នៅស៊ីរី។
ទីក្រុងប៊ែឡាំងដែលចង់រង់ចាំលទ្ធផលការងាររបស់ក្រុមស៊ើបអង្កេតរបស់
អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួន ត្រៀមគាំទ្រសកម្មភាពអន្តរជាតិ
ទាំងឡាយណាដែលចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
តែប៉ុណ្ណោះ។ អង្គការអូតង់វិញ ដែលតាមពិតមានកងកម្លាំងរបស់ខ្លួន
នៅប្រទេសតួកគី ជាប់ព្រំដែនជាមួយស៊ីរីរួចហើយនោះ
បានបង្ហាញជំហរមិនចង់ចូលរួមដោយផ្ទាល់ក្នុងការវាយប្រហារយោធាលើ
ស៊ីរី។ តាមលោកអគ្គលេខាធិការអង្គការអូតង់
គេមានភស្តុតាងច្បាស់ដែលបញ្ជាក់ថា របបស៊ីរីប្រើអាវុធគីមី ប៉ុន្តែ
យ៉ាងណាក៏ដោយ អូតង់
នៅតែចង់ឲ្យមានការចរចាផ្លូវនយោបាយ ថ្នាក់អង្គការសហប្រជាជាតិ
ជាងការប្រើកម្លាំង ធ្វើសង្រ្គាម។
នៅចំពោះមុខរារែករបស់ដៃគូសម្ព័ន្ធមិត្ត
លោកអូបាម៉ាបានចេញមុខមកបន្ទន់ជំហររបស់អាមេរិក ដែលបើតាម
ប្រមុខការបរទេសអាមេរិកថ្លែង នៅក្នុងសន្និសីទកាសែត
នឹងធ្វើអន្តរាគមន៍យោធា ដោយខានមិនបាន។ លោកអូបាម៉ាបានចេញមកបកស្រាយថា
លោកនៅមិនទាន់សម្រេចចិត្តជ្រើសរើសជម្រើសចុងក្រោយនៅឡើយទេ។
នៅក្នុងពេលប្រទេស អង់គ្លេស
(សមាជិកមួយរបស់ក្រុមប្រឹក្សាសន្តិសុខរបស់
អ.ស.ប)បដិសេធមិនចូលរួមជាមួយអាមេរិក
ហើយអង្គការអូតង់ក៏បង្ហាញជំហររារែកទៀតនោះ
លោកអូបាម៉ាបានលើកឡើងពីបញ្ហាមនុស្សធម៌
ដើម្បីបញ្ចុះបញ្ចូលប្រទេសដៃគូឲ្យចូលរួមជាមួយខ្លួន
និងបញ្ជាក់ពីភាពស្របច្បាប់ខាងមនុស្សធម៌របស់អាមេរិក
ក្នុងរឿងធ្វើអន្តរាគមន៍យោធានៅស៊ីរី។ សម្រាប់អូបាម៉ា
អាមេរិកមិនអាចទទួលយកបានការប្រើអាវុធគីមីដែលបានសម្លាប់មនុស្សស្រី
និងកុមារ នៅស៊ីរី។
រដ្ឋបាលលោកអូបាម៉ាបាននិយាយធានាថា ការវាយប្រហារបើសិនជាមានទៅលើស៊ីរី
គឺនឹងមានពេលកំណត់មួយ គឺនឹងមិនបណ្តាលឲ្យមានផលវិបាក
ឬប៉ះពាល់រាលដាលទៅជាសង្រ្គាមបង្ហូរឈាម នៅតំបន់ដើមបូព៌ា
ដូចជាការព្រួយបារម្ភរបស់ប្រទេសមួយចំនួនទេ។ អ៊ីស្រាអែល និងតួកគី
ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដែលមានព្រំដែនជាប់ស៊ីរី
បានសំដែងការព្រួយបារម្ភដែលថា ការវាយប្រហាររបស់អាមេរិកមានរយៈពេលវែង
និងដែលអាចបណ្តាលឲ្យមានប្រតិកម្មពីប្រទេសក្នុងតំបន់
ជាពិសេសអ៊ីរ៉ង់ និងរុស្ស៊ី។
ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ប្រញាប់ប្រញាល់ចាកចេញពីទីក្រុងដាម៉ាស មុនពេលកំណត់
អ្នកយកព័ត៌មានប្រទេសលោកខាងលិចវាយតម្លៃថា ការប្រញាប់ចាកចេញពីស៊ីរី
ក៏ព្រោះតែក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ (១៣នាក់)
ខ្លាចក្រែងមានការវាយប្រហារយោធារបស់អាមេរិក ទៅលើស៊ីរី។
កាលពីមួយថ្ងៃមុន គឺនៅយប់ថ្ងៃសុក្រ
រដ្ឋបាលលោកអូបាម៉ាទើបតែបញ្ជាក់ពីជម្រើសអន្តរាគមន៍យោធា
រយៈពេលមានកំណត់ នៅស៊ីរី។
ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិបានប្រមូលភស្តុតាងយ៉ាងច្រើន
ពីកន្លែងកើតហេតុ ពោលគឺកន្លែងដែលរងការវាយប្រហារអាវុធគីមី
កាលពី១០ថ្ងៃ។ ហើយពួកគេ នឹងធ្វើដំណើរទៅទីក្រុងឡាអេ
ដើម្បីវិភាគលើគំរូ ភស្តុតាងទាំងនោះ។ បើតាមអ្នកនាំពាក្យរបស់លោកបាន
គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា
គេបានបញ្ជូនការងារវាយតម្លៃជំហានដំបូងរបស់ក្រុមស៊ើបអង្កេត នៅស៊ីរី
ទៅឲ្យក្រុមប្រឹក្សាសន្តិសុខពិនិត្យមើលរួចហើយ កាលពីថ្ងៃសុក្រ។
ចំណែកលទ្ធផលផ្លូវការស្តីពីការមានប្រើអាវុធគីមី មែន ឬយ៉ាងណានោះ
គឺគេត្រូវរង់ចាំពីរសប្តាហ៍ទៀត៕
ប្រភពពី៖
ខេមរភាសា