![]() |
បរិស្ថានល្អត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នា |
តាមការសង្កេត នៅកែងផ្លូវ ឬដីទំនេរទំនេរចោលមួយចំនួន បានក្លាយទៅជាកន្លែងចោលសម្រាមរបស់ប្រជាពលរដ្ឋ ហើយចំនួនសម្រាមកាន់តែមានចំនួនច្រើនឡើងៗ បណ្ដាលឲ្យបរិស្ថានក្នុងតំបន់មានភាពមិនប្រក្រតី ដោយសារតែក្លិនស្អុយសាយភាយចេញពីគំនរសម្រាមទាំងនោះ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៀតផង។
ម្យ៉ាងវិញទៀតនោះ បញ្ហាក្នុងការប្រមូលសម្រាមគឺស្ថិតនៅក្នុងចំណុចក្ដៅ ដោយសារតែភាពយឺតយ៉ាវពីសំណាក់ក្រុមហ៊ុនលើការប្រមូលសម្រាម។ បញ្ហានេះក៏កាន់តែជម្រុញឲ្យសម្រាមកាន់តែមានការកើនឡើង និងបង្កជាបញ្ហាផងដែរ។ យ៉ាងណាមិញ ការផ្ទុកផ្ដាក់សម្រាមរបស់ប្រជាពលរដ្ឋមួយចំនួនគឺមិនទាន់មានភាពល្អ ប្រសើរ និងបែងចែកតាមប្រភេទនៅឡើយដែលជាហេតុធ្វើឲ្យសម្រាមកាន់តែមានសភាព មិនល្អ និងសាយក្លិនកាន់តែអាក្រក់។
បញ្ហាប្រឈមនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃទៅលើអាជ្ញាធរពីកង្វះ សមត្ថភាពកក្នុង
ការដោះស្រាយ និងកាត់បន្ថយនូវចំនួនសម្រាម ខណៈដែលប្រជាពលរដ្ឋមួយចំនួនមិនបានចូលរួមថែរក្សាបរិស្ថានក្នុង តំបន់ និងបន្ដបោះចោលសម្រាមដោយគ្មានសណ្ដាប់ធ្នាប់ផងនោះ។ ហើយបញ្ហានេះយើងមិនអាចធ្វើការស្ដីបន្ទោសទៅលើភាគីណាម្ខាងបានឡើយ ព្រោះប្រសិនបើសង្កេតទៅលើស្ថានភាពបច្ចុប្បន្ន យើងបានឃើញយ៉ាងច្បាស់ថា ប្រភពនៃសម្រាមទាំងនោះកើតឡើងដោយសារតែអ្នកណា ហើយបញ្ហាទាំងនេះមានអ្នកណាហ៊ានចេញមុខទទួលខុសត្រូវឬទេ គឺមានតែការចោទដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ។
ប្រសិនបើក្រឡេកទៅមើលបណ្ដាប្រទេសដែលមានការអភិវឌ្ឍន៍នៅក្នុង តំបន់មួយចំនួន ការផ្ទុកផ្ដាក់សម្រាមគឺជាកត្តាយ៉ាងសំខាន់មួយ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ត្បិតពួកគេបានដឹងថាសម្រាមគឺជាប្រភពនៃមេរោគ និងបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសសុខភាពប្រជាពលរដ្ឋ ប្រសិនបើមិនមានការផ្ទុកផ្ដាក់វាត្រឹមត្រូវទេនោះ។ បន្ថែមទៅទៀតនោះ ការផ្ទុកផ្ដាក់សម្រាមទៀតសោត ត្រូវបានប្រជាពលរដ្ឋនៃប្រទេសទាំងនោះបែងចែកទៅតាមប្រភេទ ដែលអាជ្ញាធរក៏ដូចជាក្រសួងពាក់ព័ន្ធបានកំណត់ ដោយមានការដាក់នូវធុងសម្រាមត្រឹមត្រូវ និងដាក់ពណ៌ដើម្បីជាកំណត់សម្គាល់ ហើយប្រភេទសម្រាមត្រូវបានបែងចែកជា សំណល់រឹង រាវ និងសំណល់ផ្ទះបាយ ដែលជាហេតុធ្វើឲ្យគេអាចគ្រប់គ្រងបញ្ហានេះបានយ៉ាងល្អប្រសើរ។
ក្រឡេកមកមើលការផ្ទុកផ្ដាក់សម្រាមក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញវិញម្ដង យើងសង្កេតឃើញថា ប្រជាពលរដ្ឋ និងអាជ្ញាធរហាក់ដូចជាមិនសូវមានភាពស៊ីសង្វាក់នឹងគ្នាទាល់តែសោះ ដោយមានប្រជាពលរដ្ឋមួយចំនួនបានចោលសម្រាមពាសវាលពាសកាល ឯអ្នកខ្លះទៀតដាក់សម្រាមនៅនឹងមុខចញ្ចើមផ្លូវក្បែរមាត់លូបង្ក ឲ្យមានការស្ទះលូនៅពេលមានភ្លៀងម្ដងៗ ហើយមានអ្នកខ្លះទៀតបានយកសម្រាមទៅចោលនៅកែងផ្លូវឬដីទំនេរ ដែលធ្វើឲ្យអ្នកដ៏ទៃទៀតយកសម្រាមទៅចោលតាមរហូតធ្វើឲ្យសម្រាមគរ ឡើងស្ទើរដូចកូនភ្នំមួយទៅហើយ។ បន្ថែមទៅទៀតនោះ ការបែងចែកនូវប្រភេទសម្រាម គឺមិនត្រូវបានយកចិត្តទុកដាក់ពីប្រជាពលរដ្ឋឡើយ ដោយពួកគេដឹងតែច្រកដាក់ក្នុងថង់នូវរាល់ប្រភេទសម្រាម និងយកទៅបោះចោលតែម្ដង ដែលវាជាហេតុធ្វើឲ្យក្លិនរបស់សម្រាមទាំងនោះឆាប់សាយភាយយ៉ាង ឆាប់រហ័ស។
ដោយសារតែបញ្ហាខាងលើនេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅកក្រហាយនៅពេលដែលក្រុមហ៊ុន ពាក់ព័ន្ធមកប្រមូលសម្រាមយឺតយ៉ាវម្ដងៗ ដោយសារតែក្លិនសម្រាមនោះប៉ះពាល់ដល់ការដកដង្ហើមរបស់ពួកគេខ្លាំង ពេក។ ម្យ៉ាងវិញទៀតនោះ ប្រជាពលរដ្ឋមួយចំនួនបានធ្វើការរិះគន់ដល់អាជ្ញាធរក្នុងការអនុវត្ត ច្បាប់ ឬពិន័យដល់អ្នកចោលសម្រាមផ្ដេសផ្ដាស ខណៈពេលដែលពួកគេមិនបានចូលរួមកាត់បន្ថយបញ្ហានេះទាល់តែសោះ ហើយក៏មិនមានសមត្ថកិច្ចណាម្នាក់ទៅអង្គុយចាំយាមមើលអ្នកចោល សម្រាមផ្ដេសផ្ដាសឡើយត្បិតប្រជាពលរដ្ឋគួរមានសីលធម៌ និងទំនួលខុសត្រូវក្នុងការផ្ទុកផ្ដាក់សម្រាម និងចូលរួមក្នុងការថែរក្សាបរិស្ថានក្នុងតំបន់ដែលខ្លួនរស់នៅ។
វាជារឿងងាយស្រួលទេ ចំពោះការលុបបំបាត់បញ្ហាមួយនេះ ដោយប្រជាពលរដ្ឋគួរតែរៀបចំឲ្យមានកន្លែងចោលសម្រាមត្រឹមត្រូវដូចជា ការដាក់ក្នុងធុងសម្រាម ឬមានបាវសម្រាប់ច្រកសម្រាម និងបែងចែកនូវប្រភេទសម្រាមទាំងនោះតាមការកំណត់។ ជាពិសេសទៅទៀតនោះ ប្រជាពលរដ្ឋមិនគួរបោះចោលសម្រាមនៅតាមកែងផ្លូវ ឬដីទំនេរចោលនោះទេ ព្រោះថាការធ្វើដូច្នោះនឹងធ្វើឲ្យមានអ្នកដ៏ទៃចោលសម្រាមជា បន្ដបន្ទាប់ និងធ្វើឲ្យសម្រាមកាន់តែមានចំនួនកើនឡើង ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការប្រមូលពីក្រុមហ៊ុន។
![]() |
បរិស្ថានល្អត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នា |
ប្រភព៖ ABC
No comments:
Post a Comment