 |
លោកហ្វ្រង់ស័រ ហូឡង់ និងលោកបារ៉ាក់ អូបាម៉ា នៅសេតវិមាន កាលពីថ្ងៃទី១៨ ឧសភា ២០១២ (រូបថតឯកសារ)
REUTERS/Jeff Haynes
|
បារាំងគឺជាប្រទេសដែលបានចេញមុខចេញមាត់ខ្លាំងជាងគេ ជាមួយអាមេរិក
ក្នុងគម្រោងវាយប្រហារលើរបបដឹកនាំលោកបាស្ហា អាល់អាសាដ
ដែលគេចោទថាបានប្រើអាវុធគីមីវាយប្រហារលើប្រជាជនស៊ីវិល។ ក៏ប៉ុន្តែ
ការសម្រេចរបស់លោកអូបាម៉ា
ដែលរុញបញ្ហាស៊ីរីទៅឲ្យសភាជាអ្នកអនុម័ត
កំពុងតែធ្វើឲ្យលោកហ្វ្រង់ស័រ ហូឡង់ កំពុងស្ថិតនៅក្នុងភាពឯកោ
ក្នុងសំណុំរឿងស៊ីរីនេះ។
សំណួរ-នាយករដ្ឋន្រ្តីអង់គ្លេសបានប្រកាសដកខ្លួន
ពីគម្រោងវាយប្រហារលើស៊ីរី ដោយសារតែសភាអង់គ្លេសបានបោះឆ្នោតជំទាស់។
ចំណែកឯលោកអូបាម៉ាក៏បានរុញបញ្ហាស៊ីរីទៅឲ្យសភាអាមេរិកជាអ្នក
សម្រេចដែរ។ ចុះរដ្ឋាភិបាលបារាំងវិញ? តើលោកប្រធានាធិបតី ហ្វ្រង់ស័រ
ហូឡង់ គ្រោងជ្រើសរើសយកផ្លូវណាដែរ?
លោកហ្វ្រង់ស័រ ហូឡង់ បានចាត់ឲ្យលោកនាយករដ្ឋមន្រ្តី ហ្សង់ម៉ាក់ អេរ៉ូ
(Jean-Marc Ayrault) ជួបប្រជុំជាមួយថ្នាក់ដឹកនាំសភាបារាំង
នៅយប់ថ្ងៃចន្ទ ដើម្បីបង្ហាញអំពីភស្តុតាង
ដែលទីភ្នាក់ងារចារកិច្ចបារាំងប្រមូលបាន ហើយដែលបញ្ជាក់
ពីការវាយប្រហារដោយអាវុធគីមីនៅស៊ីរី។
ក្រៅពីនេះ លោកហ្វ្រង់ស័រ ហូឡង់ ដូចជាគ្មានជម្រើសអ្វី
ក្រៅពីរង់ចាំការសម្រេចរបស់សភាអាមេរិកនោះទេ
ពីព្រោះបារាំងមិនមានសមត្ថភាពខាងយោធា ហើយក៏មិនមានឆន្ទៈនយោបាយ
ក្នុងការបើកប្រតិបត្តិការយោធានៅស៊ីរី តែម្នាក់ឯងនោះដែរ។
ការណ៍ដែលលោកអូបាម៉ាសម្រេចរុញសំណុំរឿងស៊ីរី
ទៅឲ្យសភាជាអ្នកសម្រេច កំពុងតែធ្វើឲ្យលោកហ្វ្រង់ស័រ ហូឡង់
ស្ថិតក្នុងភាពឯកោ ហើយកំពុងតែទទួលរងនូវការរិះគន់
ពីសំណាក់បក្សប្រឆាំង នៅក្នុងប្រទេសបារាំង។
កាសែតបារាំង ចេញផ្សាយ នៅថ្ងៃចន្ទនេះ បាននាំគ្នាធ្វើបទអត្ថាធិប្បាយ
ដោយមានអត្ថន័យជារួមថា “លោកហ្វ្រង់ស័រ ហូឡង់
កំពុងតែជាប់អន្ទាក់លោកអូបាម៉ា ក្នុងសំណុំរឿងស៊ីរី”។
យើងឃើញថា ក្រោយពីលោកដេវីដ កាម៉េរ៉ន (David Cameron)
នាយករដ្ឋមន្រ្តីអង់គ្លេស
ប្រកាសដកខ្លួនចេញពីគម្រោងវាយប្រហារលើស៊ីរី លោកហ្វ្រង់ស័រ ហូឡង់
បានប្រកាសថាបារាំងមិនផ្លាស់ប្តូរជំហររបស់ខ្លួនទេ ពោលគឺ
បារាំងចង់ដាក់ទោសរដ្ឋាភិបាលស៊ីរី ដែលប្រើអាវុធគីមីលើជនស៊ីវិល។
ក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង Le Monde លោកហូឡង់ បានបញ្ជាក់ទៀតថា
បារាំងចង់ឲ្យប្រតិបត្តិការយោធានៅស៊ីរីបើកធ្វើនៅពេលឆាប់ៗ។
ជំហរឥតងាករេរបស់លោកហូឡង់នេះ រហូតបានធ្វើឲ្យលោកចន ឃែរី
លើកសរសើរបារាំងជាសាធារណៈ
ដោយចាត់ទុកបារាំងថាជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុតរបស់អាមេរិក។
ក៏ប៉ុន្តែ នៅទីបំផុតទៅ
លោកអូបាម៉ាខ្លួនឯងក៏មិនហ៊ានសម្រេចវាយប្រហារលើស៊ីរី ហើយលោកហូឡង់
ក៏ត្រូវនៅឯកោម្នាក់ឯង មិនដឹងជាទៅផ្លូវណា។
សំណួរ-នៅបារាំង មុននឹងបើកធ្វើប្រតិបត្តិការយោធានៅបរទេស តើប្រធានាធិបតីត្រូវទៅសុំការអនុញ្ញាតពីសភាដែរឬទេ?
យោងតាមរដ្ឋធម្មនុញ្ញបារាំង ប្រធានាធិបតីបារាំង គឺជាអគ្គបញ្ជាការកងទ័ព
ដែលមានអំណាចទ័ព ហើយមានអំណាចសម្រេចបើកប្រតិបត្តិការយោធានៅបរទេស
ដោយមិនចាំបាច់សុំការអនុញ្ញាតពីសភាទេ។
អ្វីដែលប្រធានាធិបតីបារាំងត្រូវធ្វើ គឺជូនដំណឹងទៅសភា
អំពីសេចក្តីសម្រេចបើកប្រតិបត្តិការយោធានៅក្រៅប្រទេស ហើយបន្ទាប់មកទៀត
ប្រសិនបើប្រតិបត្តិការយោធានេះ អូសបន្លាយពេលយូរ
ទើបរដ្ឋាភិបាលត្រូវសុំការអនុញ្ញាតពីសភា
ដើម្បីបន្តប្រតិបត្តិការនេះតទៅទៀត។
នៅក្នុងគម្រោងបើកប្រតិបត្តការយោធានៅស៊ីរីនេះ លោកហ្វ្រង់ស័រ ហូឡង់
បានកោះប្រជុំសភារួចហើយ នៅថ្ងៃពុធ ៤កញ្ញាខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះ សភាបារាំងគ្រាន់តែធ្វើការជជែកដេញដោលគ្នា
តែមិនមានការបោះឆ្នោតអនុម័តលើគម្រោងវាយប្រហារលើស៊ីរីនេះទេ។
សំណួរ-ក៏ប៉ុន្តែ បើសិនជាលោកហ្វ្រង់ស័រ ហូឡង់
ចង់ដាក់បញ្ហាស៊ីរីនេះទៅឲ្យសភាជាអ្នកបោះឆ្នោតសម្រេច
តើច្បាប់បារាំងអនុញ្ញាតឲ្យធ្វើបែបនេះបានដែរឬទេ?
លោកហ្វ្រង់ស័រ ហូឡង់
អាចដាក់បញ្ហាស៊ីរីទៅឲ្យសភាជាអ្នកបោះឆ្នោតសម្រេច
ដោយគ្មានច្បាប់ណាហាមឃាត់នោះទេ។ កន្លងមក
គេក៏ធ្លាប់ឃើញមានករណីបែបនេះកើតឡើងដែរ គឺ
កាលពីសម័យសង្រ្គាមអ៊ីរ៉ាក់ ឆ្នាំ១៩៩១ ប្រធានាធិបតីបារាំង
លោកហ្វ្រង់ស័រ មីតេរ៉ង់ (François Mitterand)
បានទៅសុំការអនុញ្ញាតពីសភា មុននឹងបញ្ជូនទាហានបារាំង ទៅអ៊ីរ៉ាក់។
តាមពិត នៅអាមេរិក បើតាមរដ្ឋធម្មនុញ្ញ
លោកអូបាម៉ាក៏មិនចាំបាច់ត្រូវសុំការអនុញ្ញាតពីសភាដែរ
ដើម្បីបើកប្រតិបត្តិការយោធានៅស៊ីរី។ ក៏ប៉ុន្តែ
ប្រហែលជាលោកអូបាម៉ាមិនចង់ទទួលអម្រែកតែម្នាក់ឯង
ទើបរុញបញ្ហានេះទៅឲ្យសភា។
ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ
លោកហូឡង់មិនបានសម្រេចដើរតាមផ្លូវដូចលោកអូបាម៉ានេះទេ។
មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្គមនិយម (Parti Socialiste)
ដែលជាបក្សកាន់អំណាច បានអះអាងថា លោកហ្វ្រង់ស័រ ហូឡង់
ទំនងជាមិនផ្លាស់ប្តូរជំហរនេះទេ។ ម្យ៉ាងទៀត ប្រធានគណបក្ស UMP
ដែលជាបក្សប្រឆាំងធំជាងគេ នៅបារាំង
ទើបនឹងបានប្រកាសនៅថ្ងៃចន្ទនេះថា ការធ្វើអន្តរាគមន៍យោធានៅស៊ីរី
គឺត្រូវទុកឲ្យលោកហ្វ្រង់ស័រ ហូឡង់ ជាអ្នកសម្រេច
ដោយមិនចាំបាច់សុំការអនុញ្ញតពីសភាទេ។
ក៏ប៉ុន្តែ បើទោះបីជាលោកហ្វ្រង់ស័រ ហូឡង់ សម្រេចដាក់
ឬមិនដាក់សំណុំរឿងស៊ីរីឲ្យសភាបារាំងអនុម័ត
មុននឹងបើកប្រតិបត្តិការយោធានៅស៊ីរី លោកហ្វ្រង់ស័រ ហូឡង់
ប្រាកជានឹងត្រូវរង់ចាំការអនុញ្ញាតពីសភាដែរ។
មិនមែនចាំការអនុញ្ញាតិពីសភាបារាំងទេ ប៉ុន្តែ
ការអនុញ្ញាតពីសភាអាមេរិក ពីព្រោះថា
បើមិនមានការអនុញ្ញាតពីសភាអាមេរិក
លោកអូបាម៉ាក៏មិនបើកការវាយប្រហារលើស៊ីរី ហើយបើគ្មានអាមេរិក
ក៏លោកហ្វ្រង់ស័រ ហូឡង់
ក៏ពិបាកនឹងចេញមុខទៅវាយប្រហារលើស៊ីរីតែម្នាក់ឯងដែរ។
ដូច្នេះ ការណ៍ដែលលោកអូបាម៉ាសម្រេចដាក់សំណុំរឿងស៊ីរី
ទៅឲ្យសភាអនុម័ត វាធ្វើឲ្យលោកហ្វ្រង់ស័រ ហូឡង់
ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ក្នុងន័យថា
ក្នុងនាមជាប្រធានាធិបតីនៃប្រទេសអធិបតេយ្យមួយ
ហើយជាប្រទេសមហាអំណាចយោធាមួយដែរ ប៉ុន្តែ
ត្រូវរង់ចាំការសម្រេចពីសភារបស់ប្រទេសផ្សេង
ដើម្បីបើកប្រតិបត្តិការយោធានៅស៊ីរី៕
ប្រភពពី៖
ខេមរភាសា