សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, August 31, 2013

បទ​វិភាគ៖ មូលហេតុ​បក្ស​ប្រជាជន​បាត់​សំឡេង​ឆ្នោត​ច្រើន

អាស៊ីសេរី · Share to: Facebook · Google+ · Tweet
តើ ​មាន​មេ​រៀន​អ្វី​ខ្លះ គួរ​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​មក​រៀន​សូត្រ​ដក​បទ​ពិសោធន៍ បន្ទាប់​ពី​បាន​បាត់​សំឡេង សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ទៀត?
កំហុស​មួយ​ទំនង​ជា​ស្ថិត​ ក្នុង​ចំណោម​កំហុស​ជាច្រើន​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ "វប្បធម៌​ច្រាន​ចោល​គំនិត និង​ការ​រិះគន់​ស្ថាបនា​របស់​អ្នក​ដទៃ"។ វប្បធម៌​ច្រាន​ចោល​សេចក្តី​រាយការណ៍​ពិត ឬ​ធ្វើ​ពើ​មិន​ទទួល​ស្គាល់​ការ​ពិត ទំនង​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​គណបក្ស​កាន់​អំណាច​ដ៏​យូរ​ ជាង​គេ​មួយ​នេះ ជ្រុះ​បាត់​កៅអី​ពី​រដ្ឋសភា​យ៉ាង​គំហ៊ុក ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៣ នេះ។
ជា ​ច្រើន​ឆ្នាំ​កន្លង​មក​នេះ អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ បាន​ចងក្រង និង​បញ្ចេញ​របាយការណ៍​ជាច្រើន​អំពី​បញ្ហា​សង្គម បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​និទ្ទណ្ឌភាព និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម ដោយ​ភ្ជាប់​ជាមួយ​នូវ​អនុសាសន៍​កែលំអ។
អនុសាសន៍​ទាំង​នោះ​រួម​មាន ការ​ស្នើ​អោយ​រដ្ឋាភិបាល​ពង្រឹង​នីតិរដ្ឋ ជួយ​ធ្វើ​អោយ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ បញ្ចប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ ប៉ុន្តែ របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ ដែល​ភ្ជាប់​ជាមួយ​ភស្តុតាង​ផង​នោះ មិន​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍ ឬ​ទទួល​ស្គាល់​ទេ។
ការ​មិន​លើក​យក​សេចក្តី​រាយការណ៍​ទាំងអស់​នោះ​មក ​ពិចារណា ដើម្បី​កែលំអ​បញ្ហា​នោះ​ឯង ទំនង​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​បាត់​ ជំនឿ​ច្រើន​ឡើងៗ​លើ​រដ្ឋាភិបាល ហើយ​មិន​បោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា។
មន្ត្រី​គណបក្ស​ ប្រជាជន​កម្ពុជា ជាច្រើន​នាក់ មិន​ថា​ឡើយ​ជា​អ្នក​នាំ​ពាក្យ ជា​តំណាង​រាស្ត្រ ជា​រដ្ឋមន្ត្រី ឬ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ស្ទើរ​តែ​គ្រប់​កាលៈទេសៈ​ទាំងអស់ នៅ​ពេល​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ដែល​ចង្អុល​បង្ហាញ​ពី​ចំណុច​ខ្វះខាត ឬ​ចំណុច​អវិជ្ជមាន​ណា​មួយ​របស់​រាជ​រដ្ឋាភិបាល តែង​បដិសេធ​ចោល​ភ្លាមៗ ដែល​ទំនង​ជា​មិន​បាន​ទាំង​សិក្សា​ពី​របាយការណ៍​នោះ​ផង។ ឥរិយាបថ​បែប​នេះ ទំនង​ជា​ដើម្បី​ជៀសវាង​ពី​ការ​ទទួល​ខុស​ត្រូវ ឬ​ក៏​ដើម្បី​ការពារ​មន្ត្រី​ល្មើស​ច្បាប់​របស់​ខ្លួន ប៉ុន្តែ​ទៅ​ទម្លាក់​កំហុស​លើ​ម្ចាស់​របាយការណ៍​ថា​មាន​ចេតនា​អាក្រក់​ទៅ​ វិញ។
មាន​ឧទាហរណ៍​ច្រើន​ណាស់​ដែល​អាច​លើក​យក​មក​បញ្ជាក់​ការ​លើក​ឡើង​នេះ។ ដោយ​ត្រួសៗ ខ្ញុំ​សូម​លើក​យក​ករណី​មួយ​ចំនួន​មក​ជម្រាប​ជូន។
បី ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ លោក ឈាង វុន តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រក​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត​មិន​ឃើញ ថា​ជា​អ្នក​មាន​ល្បិចកល​នយោបាយ មាន​បំណង​គេចវេស​ពី​ការ​បោះ​ឆ្នោត ដើម្បី​ទុក​យក​លេស​តវ៉ា។ ហើយ​លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា មនុស្ស​បែប​នោះ​គួរ​តែ​ត្រូវ​ផ្ដន្ទាទោស។
នៅ​ក្នុង​កិច្ច​សម្ភាស​ ពិសេស​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ស្ដីពី​បញ្ហា​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​អាណត្តិ​ទី៥ លោក ឈាង វុន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖ «អាច​មាន​ហេតុផល​ថា អ្នក​ដែល​តវ៉ា​ហ្នឹង ទី១ គាត់​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ទី២ គាត់​មក​មិន​ទាន់​ពេល​បោះ​ឆ្នោត អា​ហ្នឹង គេ​អត់​អោយ​បោះ​ទេ។ ហើយ​ចំណុច​ធំ​មួយ​ទៀត ដែល​យើង​សង្ស័យ​ដែរ​ថា គណបក្ស​ដែល​ដឹង​ថា ខ្លួន​ឯង​ថា​ចាញ់​ឆ្នោត គាត់​ទុក​សមាជិក​ខ្លួន​ឯង​ខ្លះ មិន​អោយ​ទៅ​បោះ​ឆ្នោត​ទេ ចាំ​ធ្វើ​ការ​តវ៉ា។ អ៊ីចឹង ត្រូវ​សួរ​អ្នក​លើក​សំណួរ​នេះ​សិន។ សួរ​អ៊ីចេះ​វិញ​ថា ឧបមា​ថា គាត់​មិន​បាន​ទៅ​បោះ​ឆ្នោត​ទេ គេ​ទុក​គាត់​អោយ​តវ៉ា ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ អា​ហ្នឹង​គាត់​ត្រូវ​តែ​ទទួល​ទោស គាត់​ត្រូវ​តែ​ទទួល​ទោស​អ៊ីចឹង​ហ្មង ព្រោះ​អា​នេះ​ជា​ការ​ចោទ​ប្រកាន់​អង្គការ​រដ្ឋ​មួយ ដែល​កំពុង​ប្រតិបត្តិការ​ជូន​ប្រជាពលរដ្ឋ»
ការ​ចោទ​ប្រកាន់​ របស់ លោក ឈាង វុន ទៅ​លើ​អ្នក​បាត់​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​បាន​មហាជន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់ និង​និយាយ​ចំអក​យ៉ាង​គ្មាន​សំចៃ​មាត់។
អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ភិរក្ស ឃឹម (Phirak Khim) សរសេរ​បែប​ចំអក​ថា៖ «កំពុង ​តែ​ខក​ចិត្ត ពិបាក​ចិត្ត​រឿង​បោះ​ឆ្នោត​ផង តែ​ឥឡូវ​បាន​ស្តាប់​គាត់​និយាយ​ប្រហែល​១​ម៉ោង​នេះ គឺ​បាន​ធូរ​អារម្មណ៍​ច្រើន​ណាស់ គឺ​បាន​សើច​ចុក​ពោះ។ ការ​ពិត​ទៅ ស៊ី.ស៊ី.ភី (CPP) មាន​មនុស្ស​ពូកែ​ច្រើន​ណាស់ គួរ​អោយ​ស្ញប់ស្ញែង​មែន»
ទាក់ទង ​នឹង​ការ​បាត់​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​នេះ នៅ​មុន​ការ​បោះ​ឆ្នោត អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​អង្គការ ខុមហ្វ្រែល (Comfrel) និចហ្វិក (NICFEC) និង​អង្គការ​អាមេរិកាំង អ៊ិន.ឌី.អាយ (NDI) បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១​លាន​នាក់ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត ហើយ​ព្រមាន​ថា អាច​នឹង​មាន​វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​របាយការណ៍​នោះ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​សុក្រឹតភាព។
ក្នុង ​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ស្ដីពី​ការ​រិះគន់​នានា ជា​ញឹកញាប់​គេ​សង្កេត​ឃើញ​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​ឆ្លើយ​របៀប​អោយ​រួច ​ខ្លួន​មួយ​គ្រាៗ របៀប​មិន​បាន​អាន​របាយការណ៍ របៀប​វាយអែបស៊ីអប​យក​ចិត្ត​មេ និង​របៀប​ព្យាយាម​គេចវេស​ការ​ទទួល​ខុស​ត្រូវ​ជាដើម។
ករណី​ជាក់ស្តែង ​មួយ អាច​បង្ហាញ​ថា អតីត​ចៅហ្វាយ​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ទំនង​ជា​ឆ្លើយ​របៀប​ព្យាយាម​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ក្នុង​រឿង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix) ដែល​មាន លោកស្រី ស៊ុយ សុផាន ជា​ប្រធាន។ លោក កែប ជុតិមា ដែល​ជា​សាក្សី​សំខាន់​ម្នាក់​ក្នុង​កិច្ច​សន្យា​មួយ ដែល​បញ្ជាក់​អំពី​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​សាងសង់​អគារ​ចំនួន ១០​ខ្នង ទៅ​អោយ​សហគមន៍​បុរីកីឡា នោះ បែរ​ជា​ហៅ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ចេញ​ពី​សហគមន៍​បុរីកីឡា តាម​ការ​បណ្ដេញ​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​នោះ​ថា ជា​រឿង​នយោបាយ​ទៅ​វិញ។
ចំពោះ ​វិបត្តិ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា គេ​ឯង​ដឹង​ឮ​គ្រប់ៗ​គ្នា​ថា ឯកសារ​គតិយុត្តិ​ដ៏​រឹងមាំ​របស់​ភាគី​ប្រជាពលរដ្ឋ គឺ​កិច្ច​សន្យា​ឆ្នាំ​២០០៤ ដែល​ក្រុមហ៊ុន ផាន អ៊ីម៉ិច មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ត្រូវ​សាងសង់​អគារ ១០​ខ្នង ប្រគល់​អោយ​ពលរដ្ឋ​ក្នុង​សហគមន៍ ហើយ លោក កែប ជុតិមា ខ្លួន​ឯង ដែល​ជា​ចៅហ្វាយ​ក្រុង​នា​ពេល​នោះ ជា​អ្នក​ចុះ​ហត្ថលេខា​ធ្វើ​ជា​សាក្សី​ទៀត​ផង។
អំពី​មន្ត្រី​នាំ​ ពាក្យ​រដ្ឋាភិបាល ឬ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ពេល​ឆ្លើយ​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល ភាគ​ច្រើន គឺ​ចេះ​តែ​ច្រាន​ចោល​របាយការណ៍ ដោយ​ស្តាប់​ទៅ​ទំនង​ជា​មិន​បាន​ទាំង​អាន ឬ​សិក្សា​ផ្ទៀងផ្ទាត់​ផង ថា​តើ​របាយការណ៍​ទាំង​នោះ​មាន​ការ​ពិត​ប៉ុណ្ណា? ប៉ុន្តែ ចេះ​តែ​ប្រើ​ភាសា​ដដែលៗ ដោយ​ចោទ​ម្ចាស់​របាយការណ៍​វិញ​ថា ចេញ​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត ឬ​មិន​ស្គាល់​កម្ពុជា។ល។ ទោះ​ជា​មាន​ភស្តុតាង​ប៉ុណ្ណា​ក៏ដោយ មិន​ថា​ឡើយ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ស្ដីពី​វិនាសកម្ម​ធនធាន​ធម្មជាតិ​ទេ ទោះ​ជា​មាន​រូបភាព​ការ​ពិត​ជាក់ស្តែង​ប៉ុណ្ណា​ក៏ដោយ រដ្ឋាភិបាល​ស្ទើរ​គ្រប់​ពេល បាន​បដិសេធ ហើយ​ចោទ​អង្គការ​ដែល​ចេញ​របាយការណ៍​ថា មាន​ចេតនា​អាក្រក់​ចង់​លាប​ពណ៌​កម្ពុជា។
ឧទាហរណ៍​ជាក់ស្ដែង យ៉ាង​ហោច​ណាស់​មាន​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពីរ​នាក់​ហើយ ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​និទ្ទណ្ឌភាព​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បច្ចុប្បន្ន គឺ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ឆ្នាំ​២០១២ ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ដាក់​យ៉ាង​ដូច្នេះ៖ «អា​ហ្នឹង អង្គការ​សហប្រជាជាតិ​ហ្នឹង ហើយ​ដើរ​តឹកឡឹកៗ​មក​អ៊ីចឹង​ទៅ ជួប​នេះ​ជួប​ណោះ ហើយ​ទៅ​ធ្វើ​របាយការណ៍ រួច​ហើយ​ឲ្យ​គេ​មក​ទទួល​យក។ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​ជា​របស់​អ្នក​ដទៃ​បាន​ទេ ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន។ ឥឡូវ​ឆ្នាំ​២០១៣ សួរ​ប្រជាពលរដ្ឋ​ទៅ បើ​ប្រជាពលរដ្ឋ​លែង​ត្រូវ​ការ​គណបក្ស​ប្រជាជន​ហើយ គេ​បោះ​ឆ្នោត​ទម្លាក់​ហើយ។ បើ​បោះ​ឆ្នោត​ទម្លាក់​ហើយ អ្នក​ឯង​ធ្វើ​ទៅ​តាម​លោក​ឯង​ហ្នឹង​ទៅ។ អា​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ថា និយាយ​ឲ្យ​សិស្ស​ចេះ​ទេ ប៉ុន្តែ​ក៏​វា​មាន​ចំណែក​មួយ​ឲ្យ​អ្នក​ដទៃ​ចេះ​ដែរ កុំ​ល្ងង់​ពេក»
ក្រៅ​តែ​ពី​មិន​បាន​ស្វាគមន៍ ឬ​លើក​យក​របាយការណ៍​របស់​បេសកជន​អង្គការ​សហប្រជាជាតិ​រូប​នេះ ទៅ​ពិចារណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​បាន​បន្តុះ​បង្អាប់​ប្រទេស​នេប៉ាល់ (Nepal) ដែល​ជា​ទី​កំណើត​របស់ លោក ស៊ូប៊ែឌី ថែម​ទៀត​ផង៖ «ខ្ញុំ​មិន​ និយាយ​ឲ្យ​ចំ​ទេ តែ​មនុស្ស​ហ្នឹង គាត់​ជា​ជនជាតិ​នៃ​ប្រទេស​មួយ ដែល​ប្រទេស​នោះ​គេ​សុំ​រៀន​សូត្រ​ពី​កម្ពុជា វិញ​ទេ។ សូម្បី​ប្រទេស​របស់​គាត់​អត់​ទាន់​មាន​រដ្ឋធម្មនុញ្ញ​ទេ​ម៉ោង​នេះ។ អា​ហ្នឹង​មក​ពី​គាត់​ពូកែ​ពេក ហើយ​សង្ឃឹម​ថា​គាត់​ទៅ​ជួយ​នៅ​ប្រទេស​របស់​គាត់​ល្អ​ជាង​ស្រុក​ខ្មែរ។ ប្រទេស​ហ្នឹង លុប​រាជា​និយម​បាត់​ទៅ​ហើយ។ ហើយ​នៅ​ថ្ងៃ​មុន ខ្ញុំ​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្នឹង នៅ​ឯ​ទីក្រុង​តេអេរ៉ង់។ សង្ឃឹម​ថា​គាត់​ទៅ​ជួយ​នៅ​ប្រទេស​របស់​គាត់​ល្អ​ជាង​ប្រទេស​ខ្មែរ។ គាត់​តាំង​ខ្លួន​ជា​សាស្ត្រាចារ្យ​ច្បាប់ ហើយ​បើ​គាត់​ជា​សាស្ត្រាចារ្យ​ច្បាប់ ម៉េច​មិន​ទៅ​ស្រុក​គាត់​ទៅ​ជួយ​សរសេរ​រដ្ឋធម្មនុញ្ញ»
បេសកជន​ អង្គការ​សហប្រជាជាតិ មុន លោក ស៊ូប៊ែឌី គឺ លោក យ៉ាស ក្ហាយ (Yash Ghai) ដែល​ជា​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៨។ លោក យ៉ាស ក្ហាយ ត្រូវ​បង្ខំ​ចិត្ត​លាលែង​មុន​ចប់​អាណត្តិ បន្ទាប់​ពី​មិន​អាច​ទ្រាំទ្រ​ចំពោះ​សម្ដី​មាក់ងាយ​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន។ របាយការណ៍​លាត​ត្រដាង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​អនុសាសន៍​ស្នើ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់ លោក យ៉ាស ក្ហាយ តែង​ទទួល​តប​មក​វិញ​នូវ​ប្រតិកម្ម​យ៉ាង​គ្រោតគ្រាត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ហៅ លោក យ៉ាស ក្ហាយ ជា​ជនជាតិ​ខេនយ៉ា (Kenya) ថា​ជា "ប្រភេទ​អ្នក​ទេសចរ​រយៈពេល​យូរ" ហើយ​ទទូច​អោយ​អង្គការ​សហប្រជាជាតិ​ប្ដូរ​លោក យ៉ាស ក្ហាយ ចេញ​ពី​កម្ពុជា។
«សំឡេង លោក ហ៊ុន សែន»
ការ ​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ក្លាយ​ជា​ទម្លាប់ ឬ​ជា​វប្បធម៌​របស់​មន្ត្រី​រដ្ឋាភិបាល​ស្ទើរ​គ្រប់​ជាន់​ថ្នាក់ ចាប់​ពី​អ្នក​នាំ​ពាក្យ រហូត​ដល់​នាយក​រដ្ឋមន្ត្រី។ ការ​ច្រាន​ចោល​របាយការណ៍​ទាំង​ស្រុង ឬ​ស្ទើរ​ទាំង​ស្រុង ដោយ​មិន​ទទួល​យក​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់ ដើម្បី​បញ្ជាក់​ថា មាន​ការ​ពិត​ប៉ុណ្ណា​នោះ ចង់​មិន​ចង់ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​គេចវេស​ពី​ការ​ពិត និង​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។
ក្រៅ​តែ​ពី​បដិសេធ​ ចោល​នូវ​របាយការណ៍​នានា​របស់​ក្រុម​សង្គម​ស៊ីវិល រដ្ឋាភិបាល​តែង​ហៅ​ម្ចាស់​របាយការណ៍ ឬ​អង្គការ​ទាំង​នោះ​ថា គ្រាន់​តែ​ជា​អ្នក​សរសេរ​របាយការណ៍​ដើម្បី​លក់​យក​លុយ​ពី​ម្ចាស់​ជំនួយ​តែ​ ប៉ុណ្ណោះ ឬ​និយាយ​ដដែលៗ ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ថា បើ​អង្គការ​ទាំង​នោះ​មិន​សរសេរ​រិះគន់​រដ្ឋាភិបាល​ទេ​នោះ ម្ចាស់​ជំនួយ​ក៏​មិន​ផ្តល់​ជំនួយ​អោយ​ដែរ។
គេ​សង្កេត​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស ដោយ​ប្រើ​ភាសា​ដដែលៗ​បែប​នេះ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ទំនង​ជា​គិត​រំពឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ជឿ ឬ​ទទួល​យក។ ប៉ុន្តែ ទស្សនៈ​បែប​នេះ ទំនង​ជា​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ ហើយ​ក៏​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​អោយ​គណបក្ស​ប្រជាជន​កម្ពុជា បាត់​បង់​កៅអី​ច្រើន​នៅ​រដ្ឋសភា ក្នុង​អាណត្តិ​នេះ។
ប្រជាពលរដ្ឋ​ កម្ពុជា ក្នុង​យុគ​សម័យ​នេះ មិន​មែន​ស្ថិត​ក្នុង​សតវត្សរ៍​ទី១៩ ឬ​ទី២០ ទៀត​ទេ។ អំពើ​អសកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ជាច្រើន ស្រប​ពេល​គ្នា​នឹង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា ខាង​ចែក​ចាយ​ព័ត៌មាន​ដែល​លឿន​ជាង​កាំជ្រួច​នេះ បាន​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា យល់​ច្បាស់​អំពី​ហេតុការណ៍​ពិត​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា និង​ជុំវិញ​ពិភពលោក ហើយ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។
ការ ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា បច្ចុប្បន្ន សូម្បី​តែ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ព្រៃ​ភ្នំ​ខ្លះ​ក្នុង​ប្រទេស​ កម្ពុជា ក៏​មាន​លទ្ធភាព​ប្រើ​ហ្វេសប៊ុក ដែរ។
ប្រធាន​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា មិន​មែន​ខ្វះ​ការ​យល់​ដឹង ហើយ​ងាយ​ត្រូវ​អូស​ទាញ​តាម​ការ​ឃោសនា​បំភ្លៃ​ការ​ពិត​នោះ​ទេ។ លោក​អះអាង​ថា ពលរដ្ឋ​កម្ពុជា លែង​មាន​ជំនឿ​លើ​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ ទៀត​ហើយ៖ «កន្លែង​ផ្សព្វផ្សាយ​ព័ត៌មាន ជា​កន្លែង​ឃោសនា​សុទ្ធតែ​ម្តង។ ហើយ​កន្លែង​ខ្លះ តែបែរ​ដល់​ថ្នាក់​និយាយ​មក ប្រជាពលរដ្ឋ​ទទួល​យក​អត់​បាន​តែ​ម្តង។ ពួក​ទូរទស្សន៍​ហ្នឹង​ល្ងង់​តែ​មួយ​ទៀត ហើយ​ពួក​អ្នក​គ្រប់គ្រង​ទូរទស្សន៍ និង​អ្នក​កាន់​អំណាច​មួយ​ចំនួន​ហ្នឹង​ល្ងង់​តែ​មួយ។ គាត់​ស្មាន​តែ​ប្រជាពលរដ្ឋ​ល្ងង់។ អា​ស្មាន​ហ្នឹង ខុស​អស់​ប៉ុណ្ណឹង​ហើយ ធ្លាក់​សំឡេង​អស់​ប៉ុណ្ណឹង​ហើយ ក៏​នៅ​តែ​ស្មាន​ថា​ប្រជាពលរដ្ឋ​ល្ងង់​ទៀត។ ឥឡូវ​នេះ​គាត់​ល្ងង់​ម៉ា​ផ្នែក​ទៀត ខ្ញុំ​មើល​ណា គាត់​ខំ​យក​ទូរទស្សន៍​ផ្សព្វផ្សាយ​រៀង​រាល់​ថ្ងៃ ដឹង​ផ្សាយ​រឿង​អី​ទេ? គាត់​ផ្សាយ​ថា ឥឡូវ​នេះ​ប្រទេស​កម្ពុជា គឺ​ធម្មតា​សុទ្ធ។ អ្នក​លក់​អី​លក់​ធម្មតា​អ៊ីចឹង​ទៅ ហើយ​សម្ភាស​ធ្វើ​ជា​សម្ភាស​មនុស្ស​ប៉ុន្មាន​នាក់​អ៊ីចឹង​ទៅ ដែល​និយាយ​ថា អូ! ខ្ញុំ​អត់​ភ័យ​អី​ទេ អត់​មាន​បញ្ហា​អី​ទេ គឺ​នៅ​ធម្មតា​ទេ អត់​មាន​អ្នក​ណា​ភ័យ​ខ្លាច​អី​ទេ គេ​មក​ធ្វើ​ការ​ធម្មតា លក់​ធម្មតា នរណា​និយាយ​ហ្នឹង គឺ​អត់​ពិត​ទេ។ គាត់​ខំ​ផ្សាយ​អ៊ីចឹង ប៉ុន្តែ​ពេល​ណា​ផ្សាយ​អីចឹង ប្រជាពលរដ្ឋ​គាត់​ឆ្លាត។ មនុស្ស​តែ​ផ្សាយ​អ៊ីចឹង​រៀង​រាល់​ថ្ងៃ រាល់​ពេល គេ​ថា​ទូរទស្សន៍​ប្រហែល​ដឹង​រឿង​អី​ដែល​មិន​ចង់​អោយ​ជា​មាន​រឿង​អី​មិន​ចង់​ អោយ​គេ​ដឹង វា​មិន​ពិត​ហើយ បាន​ជា​យក​មក​កុហក​អ៊ីចឹង។ ដោយសារ​អី គឺ​ដោយសារ​ទី១ យើង​អត់​ទុក​ចិត្ត​ទូរទស្សន៍។ អ៊ីចឹង​ពេល ទូរទស្សន៍​បង្ហាញ​ពី​ឆន្ទៈ​ធ្វើ​អី​មួយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​មើល​ផ្ទុយ​ពី​ហ្នឹង​វិញ ថា​អូ! ឃើញ​ថា មាន​រឿង​អី​ផ្សេង​ពី​ហ្នឹង ប្រាកដ​ជា​អស្ថិរភាព​ហើយ បាន​ជា​ខំ​បង្ហាញ​ពី​ស្ថិរភាព​ហ្នឹង​ជ្រុល។ បើ​មាន​ស្ថិរភាព​មែន​ទែន​ដឹង​ធ្វើ​ម៉េច​ទេ ពោល​ហ្នឹង​ចាក់​ចំរៀង​រាំ​លើ​ទឹក​អី​ណោះ។ អ៊ីចឹង វា​ទាក់ទង​អា​អត់​ជំនឿ​ហ្នឹង។ អត់​ជំនឿ​មួយ​ទៀត ទាក់ទង​នឹង​អត់​ជំនឿ​លើ​ប៉ូលិស។ ហើយ​ទៅ​បន្ទោស​គ្នា (ពលរដ្ឋ) ថា អត់​មាន​ជំនឿ​លើ​ទាហាន និង​ប៉ូលិស។ បន្ទោស​ធ្វើ​អី គ្នា​ឆ្លាត ព្រោះ​អី​យើង​ឃើញ​ទាហាន និង​ប៉ូលិស​ទៅ​ឃោសនា​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ឃោសនា​គ្រប់​ពេល»
ដូច្នេះ ការ​ដែល​មន្ត្រី​គណបក្ស​ប្រជាជន ចេះ​តែ​បដិសេធ​មិន​ទទួល​ស្គាល់​របាយការណ៍ និង​អនុសាសន៍​កែលំអ​របស់​អង្គការ​មហាជន ដែល​មាន​តួនាទី​រួម​ចំណែក​ជួយ​អភិវឌ្ឍ​សង្គម​កម្ពុជា ដែរ​នោះ ទើប​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា លែង​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​គណបក្ស​នេះ​ត​ទៅ​ទៀត។
ប្រសិន​បើ​ មន្ត្រី​គណបក្ស​នៅ​តែ​ប្រកាន់​ជំហរ​អសកម្ម មិន​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ដែល​គេ​ឯង​ឃើញ​គ្រប់​គ្នា​នោះ​ទេ ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ទំនង​ជា​នឹង​បាត់​កៅអី​រដ្ឋសភា​កាន់​តែ​ច្រើន។ ប្រតិកម្ម​បែប​មិន​ទទួល​យក​ការ​ពិត ឬ​ប្រតិកម្ម​របៀប​ធ្វើ​ពើ​មិន​ទទួល​ស្គាល់​ការ​ពិត របៀប​ប្រតិកម្ម​មិន​បាន​សិក្សា​ផ្ទៀងផ្ទាត់​របាយការណ៍ ឬ​ប្រតិកម្ម​របៀប​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ របៀប​ប្រតិកម្ម​យក​ចិត្ត​មេ​កើយ ឬ​របៀប​ខ្លាច​បាត់​បង់​ប្រជាប្រិយ​ភាព​គាំទ្រ​ពី​មន្ត្រី​របស់​ខ្លួន និង​របៀប​ចោទ​ប្រកាន់​ទៅ​លើ​ម្ចាស់​របាយការណ៍​វិញ​នោះ ទំនង​ជា​លក់​លែង​ដាច់ ឬ​លែង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ហើយ ពីព្រោះ​លទ្ធផល​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ កន្លង​មក​នេះ បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​កាន់​តែ​ខ្ពស់​អំពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ខ្លួន​ដែល​មាន​ចារ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ៕



ប្រភពពី៖ យល់ព្រម

No comments:

Post a Comment