សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, July 16, 2013

ការសម្រេចចិត្តមួយដែលរំលូតការចម្លងបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់”មកកម្ពុជា



ភ្នំពេញ: នៅពេលដែល​អ្នកនិពន្ធ​សរសេរ​អត្ថបទ​នេះ​ដំបូង គឺ​ចង់​ធ្វើការ​វិភាគ​ថា តើ​បក្សប្រឆាំង​កំពុងតែ​ចង់​នាំ​បដិវត្តន៍​ផ្កាម្លិះ ចូលមក​កម្ពុជា នៅ​មុនពេល​បោះឆ្នោត ឬ​យ៉ាងណា ដោយហេតុថា លោក​សម រង្ស៊ី បាន​ប្តេជ្ញាចិត្ត​ថា ដាច់ខាតលោក​ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ ទោះបីជា​លោក​ត្រូវ​ប្រឈម​នឹងការចាប់ខ្លួន​។
ប៉ុន្តែ​នៅក្នុង​ដំណើរការ​នៃ​ការប្រមូល​ ទិន្ន័យ​ដើម្បី​គាំទ្រ​ដល់​ការវិភាគ​នេះ សម្តេច​ហ៊ុន សែន បានសម្រេច​ចិត្ត​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​ការលើកលែងទោស​ដល់​លោក សម រង្ស៊ី ដែល​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣ លោក​ក៏​ទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​។ ដូច្នេះ ការវិភាគ​ត្រូវបាន​ប្តូរ​ទិស​ទៅរក​ថា តើ​ការសម្រេចចិត្ត​របស់​នា​យក​រដ្ឋមន្ត្រី មាន​សារសំខាន់​យ៉ាងណា ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម​មួយ ដែល​អាច​នឹង​កើតមាន ដោយសារតែ​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី បើសិនជា​គ្មាន​ការលើកលែងទោស​ទេនោះ​។​
នៅក្នុង​ទិដ្ឋភាព​ចំពោះមុខ​មួយ រដ្ឋាភិបាល​កម្ពុជា បាន​ដកថយ​មួយ​ជំហាន​ចំពោះ​ចំណាត់ការ​ចំពោះ​លោក សម រង្ស៊ី ដែលមាន​ទោស​ជាង​១០​ឆ្នាំ​ជាប់​ខ្លួន ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន បើសិនជា​គាត់​វិលត្រឡប់​មកវិញ ដោយ​គ្មាន​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​។ ការវិភាគ​ជ្រៅ​ជាង​នេះ គណបក្សកាន់អំណាច និង​សម្តេចនាយក​រដ្ឋមន្ត្រី អាចនឹងទទួល​ការគោរព​ច្រើន​ពី​ការសម្រេចចិត្ត​មួយ​នេះ​។ ទីមួយ ការលើកលែងទោស​ដល់​លោក សម រង្ស៊ី អាចធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា កាន់​តែមាន​លក្ខណ​:​សេរី និង​ប្រជាធិបតេយ្យ ខណ​:​ដែល​កម្ពុជា​បាន​លះបង់​បន្តិច អំពី​គោលការណ៍​ច្បាប់ និង​យុត្ត​ធម៌​សង្គម​។ សំខាន់​ជាង​នេះ ការលើកលែងទោស​ដល់​លោក សម រង្ស៊ី​នោះ គឺ​មានន័យថា ជាការ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា រវាង​កម្លាំង​ប៉ូលិស​អនុវត្ត​ច្បាប់ និង​ក្រុម​អ្នកគាំទ្រ​របស់លោក​សម រង្ស៊ី នៅពេលដែល​លោក​សម រង្ស៊ី វិល​ត្រឡប់មក​កម្ពុជា​វិញ ហើយ​គាត់​ត្រូវ​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ ក្នុងករណី​ដែល​គ្មាន​ការលើកលែងទោស​។ វា​ទំនងជា​អំពើហិង្សា អាច​នឹង​កើតមាន​នៅពេលនោះ ដោយសារតែ​ការ​តទល់​គ្នា រវាង​សមត្ថកិច្ច និង​ក្រុម​អ្នកគាំទ្រ​របស់លោក សម រង្ស៊ី និង​គណបក្ស​ង្គ្រោះ​ជាតិ​។ តាមពិត​ទៅនោះ មជ្ឈដ្ឋាន​ជាច្រើន បាន​មានការ​ព្រួយបារម្ភ​បែបនេះ មុនពេល​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែងទោស​ដល់​លោក​។​

​ដូច្នេះ​ តាម​ការវិភាគ​ជ្រុង​មួយ​នោះ គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី​ផ្ទាល់ បានឈ្នះ​ចិត្ត​រដ្ឋាភិបាល និង​សម្តេច​ហ៊ុនសែន ដោយ​ជំរុញ​ឲ្យ​មានការ​លើកលែងទោស​ដ​ល់​លោក សម រង្ស៊ី​។ ប៉ុន្តែ​ការវិភាគ​ស៊ីជម្រៅ​ជាង​នេះ សម្តេច​ហ៊ុន សែន បាន​រំលូត​ការប៉ុនប៉ង​របស់​មេបក្ស​ប្រឆាំង​នៅក្នុង​ការនាំយក​បដិវត្ត​ន៍​ ផ្កាម្លិះ ឬក៏​បដិវត្តន៍ “​រដូវ​ផ្កា​រីក​នៅ​អារ៉ាប់​” មកកាន់​ប្រទេស​កម្ពុជា ដោយ​ប្រើ​ហ្វូងមនុស្ស ដើម្បី​បះបោរ និង​ដណ្តើម​អំណាច​។ សម្តេច​អាច​នឹង​ព្រួយបារម្ភ​ថា ការប្រឈមមុខ​ដាក់គ្នា រវាង​អាជ្ញាធរ និង​ក្រុម​អ្នកគាំទ្រ​លោក​សម រង្ស៊ី អាច​នឹង​នាំ​ដល់​ការ​បង្ហូរឈាម​មនុស្ស​។ ដូច្នេះ គណបក្សប្រឆាំង ក៏​មិនអាច​ដើរ​ដល់​គោលដៅ​នៃ​ការជំរុញ​ការបះបោរ​។​

​ហេតុអ្វី​បានជា​មានការ​វិភាគ​ថា ការបះបោរ​ប្រជាជន គឺជា​គោលដៅ​ចង់បាន​បំផុត​របស់លោក សម រង្ស៊ី និង​គណបក្សប្រឆាំង​?

​ ការពិត​ដ៏​រឹងមាំ​ចំនួន​ពីរ អាច​គាំទ្រ​ការវិភាគ​តាម​ទិដ្ឋភាព​នេះ​។ ទីមួយ ការវិភាគ​ទូទៅ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ការបោះឆ្នោត​នេះ ហើយ​បន្ត​កាន់អំណាច​ទៀត​។ នេះ​ជាការ​សន្និដ្ឋាន​របស់​អ្នកវិភាគ​ជាច្រើន និង​សារព័ត៌មាន​អន្តរជាតិ​ល្បីៗ ដូចជា  AFP AP Kyodo Reuters ជាដើម​។​

​ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​អាច​ចូលកាន់​អំណាច​បានឡើយ តាមរយ​:​ការបោះឆ្នោត នៅ​ថ្ងៃទី​២៨​ខែកក្កដា​ខាងមុខនេះ​។ ការបះបោរ គឺជា​ផ្លូវ​តែមួយគត់​ដែល​អាចជួយ​ពួកគេ​បាន បើសិនជា​ការវាយតម្លៃ ដោយ​អ្នកវិភាគ និង​សារព៍ត៌មាន​បរទេស ពិតជា​ត្រឹមត្រូវ​មែន​នោះ​។

​ទី ​ពីរ លោក សម រង្ស៊ី មាន​ផែនការ​យូរ​មកហើយ នៅក្នុង​ការដឹកនាំ​ប្រទេស តាមរយ​:​ការបះបោរ តាម​លំនាំ​អ្វីដែល​កើតមាន នៅ​ប្រទេស​អារ៉ាប់ ដែល​កំពុងតែ​ជាប់ផុង​នៅក្នុង​វិបត្តិ​ដោយសារតែ​ការធ្វើ​បដិវត្តន៍​ទាំងនោះ​។ ​

​ហេតុអ្វី​មានការ​វិភាគ​ថា លោក សម រង្ស៊ី ចង់​ឲ្យ​មានការ​បះបោរ ដូចជា បដិវត្តន៍​ផ្កាម្លិះ​?

​ ដោយ​ពិនិត្យ​ថយក្រោយ ទៅរក​អតីតកាល​ជាង ២​ឆ្នាំមុន នៅពេលដែល​ប្រទេស​ទុយ​ណេ​ស៊ី បាន​ផ្ទុះ​បដិវត្តន៍​មួយ ដែល​ហៅថា បដិវត្តន៍​ផ្កាម្លិះ ចាប់ពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១០ ហូត​ដល់​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១១ និង សកម្មភាព​របស់លោក សម រង្ស៊ី ៧​ខែក្រោយ​ពេលនោះ គេ​នឹង​ងាយ​គិតថា មេបក្ស​ប្រឆាំង​រូបនេះ ដែល​ធ្លាប់​ល្បីឈ្មោះ ជា​ដង្ខៅ​បាតុកម្ម រង់ចាំតែ​ពេលវេលា​ទុំ​ជោរ ដើម្បី​ឈានដល់​ការបះបោរ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ខ្វល់​ថា នឹង​មានការ​បង្ហូរឈាម​មនុស្ស ឬ​យ៉ាងណា​ឡើយ ដើម្បី​បុព្វហេតុ​អ្វីដែល​ក្រុម​លោក​ហៅថា “​ការផ្លាស់ប្តូរ​”​។

​ បដិវត្តន៍​ផ្កាម្លិះ បាន​ផ្ទុះ​នៅ​ប្រទេស​ទុយ​ណេ​ស៊ី នៅ​ថ្ងៃទី​១៨ ខែធ្នូ​ឆ្នាំ​២០១០ រហូតដល់​ថ្ងៃទី ១៤​ខែមករា​ឆ្នាំ​២០១១ ដោយ​បង្ខំ​ឲ្យ​ប្រធានាធិបតី បេន អា​លី បាន​លាលែង​ពី​តំណែង​។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ទុយ​ណេ​ស៊ី ស្ថិតនៅក្នុង​វិបត្តិ​នៅឡើយ​។ ការបះបោរ​នោះ បាន​រាលដាល​ដល់​ប្រទេស​អារ៉ាប់ ដែល​ផ្ទុះ​ចេញ​ជា​អ្វីដែល​គេ​ហៅថា បដិវត្តន៍ “​រដូវ​ផ្កា​រីក​នៅ​អារ៉ាប់​” ដែល​នាំទៅដល់​ការដួលរលំ​របស់​មេដឹកនាំ​ប្រទេស​អេ​ហ្ស៊ី​ប លី​ប៊ី ស៊ី​រី និង យេ​មេន​ផងដែរ​។​

​នៅពេល​មានការ​ដួលរលំ​តៗ​គ្នា​បែបនេះ លោក សម រង្ស៊ី ក៏​ចាប់ផ្តើម​មានគំនិត​ចម្លង​យក​បដិវត្តន៍​បែប​នោះ មកកាន់​ប្រទេស​កម្ពុជា ដោយ​មិន​ខ្លាច​អំពី​ផល​លំបាក​ដែល​បណ្តាលមកពី​ការបះបោរ​បែប​នោះឡើយ​។ នៅ​ថ្ងៃទី​២១ ខែកក្កដា លោក សម រង្ស៊ី បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ទុយ​ណេ​ស៊ី ដោយ​ចង់​រៀនសូត្រ និង​ដក​ពិសោធន៍ អំពី​របៀប​ដឹកនាំ​ការបះបោរ​នៅ​ប្រទេស​នោះ​។​

​គណបក្ស​របស់លោក មិន​ញញើត នឹង​ប្រកាស​ត្រង់ៗ​អំពី​ទស្សនកិច្ច​នោះ ហើយ​ថែមទាំង​បង្ហាញ​អំពី​ចេតនា​នៃ​ការរៀបចំ​ការបះបោរ​នៅ​កម្ពុជា តាមរយ​:​ទស្សនកិច្ច​ដ៏​កម្រ​របស់លោក​សមរង្ស៊ី​។ នៅ​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០១១ គណបក្ស​សម រង្ស៊ី ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​និយាយ​ត្រង់ៗ​អំពី​ចេតនា​រៀបចំ​អ្វីដែល​គេ​ហៅថា  “​អំណាច​ប្រជាជន​” ដោយ​ចង់​ឲ្យ​មាន​បដិវត្តន៍ តាម​លំនាំ​បដិវត្តន៍ “​រដូវ​ផ្កា​រីក​នៅ​អារ៉ាប់​” កើត​មាននៅ​កម្ពុជា ដែល​កំពុងតែ​ធ្វើដំណើរ​លើផ្លូវ​ប្រជាធិបតេយ្យ​ស្រាប់​ទៅហើយនោះ​។

​ ជាមួយនឹង​ចំណងជើង “​លោក សម រង្ស៊ី នៅ​ប្រទេស​ទុយ​ណេ​ស៊ី ដើម្បី​រៀបចំ “​អំណាច​ប្រជាជន ”​នៅ​កម្ពុជា សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹងថា សមរង្ស៊ី​អំពាវនាវ​ឲ្យ​មាន​អ្វីដែល​ហៅថា សម្ព័ន្ធភាព​ប្រជាជន ដើម្បី​ផ្តួលរំលំ​មេដឹកនាំ ដែល​កាន់អំណាច​ច្រើន​ទសវត្សរ៍​។​

​ សកម្មភាព​ថ្មីៗ​នេះ​របស់លោក សម រង្ស៊ី ក៏បាន​ព្យាយាម​ប្រមូល​កម្លាំង​គាំទ្រ​ពី​យុវជន សម្រាប់​សុបិន​មួយ​នេះ​របស់គាត់ និង​គណបក្សប្រឆាំង​។ លោក សម រង្ស៊ី បានសម្រេច​ហ៊ាន​ប្រឈម​នឹង​ការចាប់​ដាក់គុក នៅពេល​គាត់​វិលត្រឡប់​មកវិញ​។ ប៉ុន្តែ​ទន្ទឹម​នោះ គណបក្ស​របស់គាត់ ក៏​ត្រៀម​មនុស្ស​ជាច្រើន​ពាន់​នាក់ ដើម្បី​ទៅ​ទទួល​គាត់​នៅ​ព្រលានយន្តហោះ​ផងដែរ​។

​សាក​គិត​ទៅ​មើល នឹងមាន​អ្វី​កើតឡើង បើសិនជា​ប៉ូលិស តាំងចិត្ត​ធ្វើតាម​សាលក្រម​តុលាការ ហើយ​ចាប់ខ្លួន​លោក សម រង្ស៊ី ហើយ​អ្នកគាំទ្រ​គាត់ មិន​បណ្តោយ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​គាត់​នោះ​។ ពេលនោះ មនុស្ស​គ្រប់គ្នា នឹង​ធ្លាក់​ចូលក្នុង​អន្ទាក់ របស់លោក សម រង្ស៊ី ហើយ​ការប៉ះទង្គិច​គ្នា​ប្រាកដជា​កើតឡើង ចំណែក​ផលវិបាក​គឺ​គ្មាន​នរណា​នឹកស្មាន​ដល់​ឡើយ​។

​ការចាប់​លោក សម រង្ស៊ី នឹង​អាច​ផ្តល់​លេស​គ្រប់គ្រាន់​សម្រាប់​ការដុត​បញ្ឆេះ​ការបះបោរ​មួយ តាម​អ្វីដែល​លោក សម រង្ស៊ី ធ្លាប់​គិត​។ ការបះបោរ​ជា​ចំហ​មួយ នឹង​អាច​ប្រកាសឡើង​នៅពេលនោះ ហើយ​អាច​នឹង​រុញច្រាន​កម្ពុជា ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​សែន​ធ្ងន់ ឬ​សង្គ្រាមស៊ីវិល​ដូចដែល​អ្វី​បានកើត​នៅ​ប្រទេស​អារ៉ាប់​ទាំងឡាយ ដែល​ឆ្លងកាត់​បដិវត្តន៍​ផ្កាម្លិះ ឬ​បដិវត្តន៍​រដូវ​ផ្កា​រីក ឬក៏​បដិវត្តន៍​ផ្កាឈូក​។​

​ទស្សនា​វ​ដ្តី The Economist បាន​សន្និដ្ឋានថា ប្រទេស​ទុយ​ណេ​ស៊ី ប្រទេស​អេ​ហ្ស៊ី​ប ប្រទេស​លី​ប៊ី ប្រទេស​យេ​ម៉េ​ន និង​ប្រទេស​ស៊ី​រី ដែល​កើតមាន​បដិវត្តន៍​ទាំងនោះ គឺ​គ្មាន​ប្រទេស​ណាមួយ រហូតមកទល់​ពេលនេះ មាន​ស្ថិរភាព​នយោបាយ ឬ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​ឡើយ​។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុង​ញាំញី​ប្រទេស​ទាំងនោះ ពិសេស​ប្រទេស​ស៊ី​រី ស្ថិតនៅក្នុង​សង្គ្រាមស៊ីវិល​នៅឡើយ​។​

​ប្រទេស​កម្ពុជា​ដែល​ត្រូវគេ​ ចាត់ទុកថា កំពុងតែ​ធ្វើដំណើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​នោះ មិនគួរ​នឹងធ្វើ​ដំណើរ​តាមផ្លូវ​ប្រទេស​អារ៉ាប់​ទាំងនោះ​ឡើយ​។ ចំណែក​លោក សម រង្ស៊ី ក៏​មិនគួរ​គិត​អំពី​អ្វីដែល​បំផ្លិចបំផ្លាញ សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​ដែរ​។​

​នៅក្នុង​ការវិភាគ​លើក​ក្រោយ អ្នកនិពន្ធ នឹង​ព្យាយាម​ពន្យល់​លម្អិត​ថា តើ​ការបះបោរ​នៅ​ប្រទេស​ទាំងនោះ មាន​ទំហំ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ុនណា ហើយ​ថា​ហេតុអ្វី ក៏​កម្ពុជា​មិនគួរ​ចម្លង​វា​ចូលមក​៕
ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment