![]() |
អ្នកចូលរួមនៅក្នុងកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រឆ្នាំ២០១៣ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលកាលពីថ្ងៃម្សិលមិញ។ រូបថត ហុង មិនា |
កណ្តាលៈ គណបក្សសង្គ្រោះជាតិបានប្រកាសដកខ្លួនចេញភ្លាមៗពីកិច្ចពិភាក្សា មួយដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI នៅក្នុងស្រុកខ្សាច់កណ្តាល កាលពីម្សិលមិញដោយលើកមូលហេតុថា សកម្មជនគណបក្សប្រជាជនជាច្រើននាក់បានក្លែងធ្វើជាអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ។
បើទោះបីជាមានពាក្យបណ្តឹងដែលដាក់ដោយគណបក្សសង្គ្រោះជាតិ ដែលបានរិះគន់ថា គណបក្សប្រជាជនមានការស្ទាក់ស្ទើរក្នុងការចូលរួមពិភាក្សាអំពីគោល នយោបាយ វេទិកាពិភាក្សាកាលពីម្សិលមិញបានបន្តទៅមុន ដោយមានតែតំណាងគណបក្សប្រជាជននិងគណបក្សហ៊្វុនស៊ិនប៉ិច ដែលពួកគេបានឆ្លៀតឱកាសកោតសរសើរអំពីសមិទ្ធផលរបស់ខ្លួន។
មុនពេលវេទិកាធ្វើការពិភាក្សាដែលរៀបចំឡើងដោយវិទ្យាស្ថានNDI រៀបនឹងចាប់ផ្តើម លោក អ៊ូ ចន្ទរិទ្ធ បេក្ខជនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានចង្អុលក្រុមយុវជនមួយ ក្រុមដែលពាក់មួក និងអាវគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ពួកគេថា ជាអ្នកគាំទ្រក្លែងក្លាយ ដែលមានផែនការសម្តែងការគាំទ្រគណបក្សប្រជាជន។ លោកបានថ្លែងថា៖ «ខ្ញុំត្រៀមជាស្រេចដើម្បីប្រឈមនឹងគណបក្សប្រជាជនក្នុងកិច្ច ពិភាក្សាប៉ុន្តែខ្ញុំមិនចូលរួមទេ ដោយសារពួកគេលេងល្បិច។ ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សូមទៅផ្ទះវិញ»។
បន្ទាប់ពីលោក ចន្ទរិទ្ធ បានចាកចេញ លោក អូន ព័ន្ធមុនីរ័ត្ន បេក្ខជនគណបក្សប្រជាជនបានបង្ហាញខ្លួនក្នុងរយៈពេលដ៏ខ្លីនៅមុខឆាក ជាហេតុធ្វើឲ្យមានការទះដៃសាទរយ៉ាងខ្លាំងដែលចេញពីសកម្មជនយុវជន «គណបក្សសង្គ្រោះជាតិ»។ ក្រោយមកសកម្មជនគណបក្សប្រជាជន ដែលក្លែងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះ បានដោះអាវគណបក្សសង្គ្រោះជាតិចេញ និងពាក់មួកពីក្នុងទៅក្រៅ។
នៅពេលសាកសួរ យុវជនម្នាក់អះអាងថា ខ្លួនជាសកម្មជនគណបក្សសង្គ្រោះជាតិ ខណៈដែលម្នាក់ទៀតថា ខ្លួនមិនដឹងថា តើលោកមកទីនេះដើម្បីអ្វីទេ ប៉ុន្តែថា មានគេរៀបចំឲ្យមកទីនេះ។ ប៉ុន្តែ បុរសម្នាក់ដែលបដិសេធមិនបញ្ចេញឈ្មោះបានថ្លែងថា ខ្លួនបានបើករថយន្តមួយក្នុងចំណោមរថយន្ត ៥ ឬ ៦ គ្រឿងដែលដឹកមនុស្សទៅទីនោះ ហើយថា ក្រុមហ៊ុន 7NG ជួលពួកគេ។ លោកថ្លែងថា៖ «ខ្ញុំឮថា គេទទួលប្រាក់ខ្លះដើម្បីមកទីនេះ ប៉ុន្តែ ខ្ញុំមិនច្បាស់ទេ ថាតើចំនួនប៉ុន្មាន ហើយពេលចប់វេទិកាពួកគេនឹងជប់លៀង»។
លោកស្រី Laura Thornton នាយិកាជាន់ខ្ពស់នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានថ្លែងថា ទោះបីជាបុរសម្នាក់មានសម្ព័ន្ធជាមួយនឹងគណបក្សណាក៏ដោយពួកគេមិន បានល្មើសច្បាប់ទេ និងមិនបានបង្កការរំខានឡើយហើយថា សេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ក្នុងការដកខ្លួននោះ ជាសេចក្តីសម្រេចមិនមានលក្ខណវិជ្ជាជីវៈ។ លោកស្រីបានថ្លែងថា៖«វាជាការបាត់បង់ឱកាសធំ ចំពោះគណបក្សប្រឆាំង។ គេមានឱកាសតិចតួច ដែលមនុស្សជាច្រើននាក់ឮពួកគេតាមវិទ្យុ»។ លោកស្រីបានកត់សម្គាល់ថា វេទិកានោះ នឹងចាក់ផ្សាយនៅតាមប៉ុស្តិ៍ជាច្រើនរាប់ទាំងស្ថានីយទូរទស្សន៍របស់ រដ្ឋផងដែរ។
លោកអ៊ូ ចន្ទរិទ្ធបានទទួលស្គាល់ថា នេះជាការបាត់បង់ឱកាស ប៉ុន្តែ លោកថា ការធ្វើបែបនេះគឺជាការចាំបាច់។
សេចក្តីសម្រេចដកខ្លួននេះ ក៏បានធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះភី ដែលចូលរួមម្នាក់ខកចិត្ត។ ដោយដកមួកគណបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រញាប់ប្រញាល់ទៅមើលលោក ចន្ទរិទ្ធ និយាយលោក ភី បានថ្លែងថា៖ «ខ្ញុំពិតជាសោកស្តាយ ដែលពួកគេបានសម្រេចចិត្តមិនចូលរួម។ ខ្ញុំសង្ឃឹមថានឹងមានឱកាសស្តាប់ពីគោលនយោបាយរបស់គណបក្សសង្គ្រោះ ជាតិ ប៉ុន្តែគាត់បានដកខ្លួន»។
ដោយត្រូវបានរៀបធ្វើឡើងក្នុងវត្តមួយក្នុងស្រុកខ្សាច់កណ្តាល និងមានការចូលរួមពីមនុស្សជាច្រើននោះ វេទិកានោះ ត្រូវបានពិភាក្សាដោយអ្នកបោះឆ្នោតរាប់ពាន់នាក់ដែលបានស្រែកនៅ ក្នុងរោងប្រក់កៅស៊ូតង់នៃពិធីនេះ និងខ្លះសួរជាសំណួរ។ ទោះយ៉ាងណាក្តីដោយអវត្តមាននៃគណបក្សប្រឆាំងការជជែកវែកញែកនោះគឺ ជាការជជែកវែកញែកតែពីភាគីម្ខាងប៉ុណ្ណោះ។
បេក្ខជនគណបក្សប្រជាជនលោក អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញអំពីទំនុកចិត្តនិងអំពីសមិទ្ធផលផ្សេងៗជាច្រើនរបស់បក្ស។ លោកបានថ្លែងដោយសំដៅទៅសមិទ្ធផលនៅជិតនោះផងដែរថា៖«បើអ្នកទាំង អស់គ្នាមើលទៅក្រៅអ្នកទាំងអស់គ្នា នឹងឃើញផ្លូវបេតុង។ បើអ្នកមើលទៅទីនោះអ្នកអាចឃើញសាលារៀន។ បើអ្នកមើលទៅខាងឆ្វេងអ្នកឃើញស្ពាន»។ «នេះគឺដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន»។
នៅពេលសមាជិកអ្នកចូលរួមម្នាក់បានសួរថា៖ «តើនរណាបានសាងសង់រោងចក្រ?»។លោក មុនីរ័ត្នបានឆ្លើយតបថា៖«ខ្ញុំមិនចាំបាច់ឆ្លើយសំណួរនោះទេមនុស្ស ដែលនៅខាងមុខនេះអាចឆ្លើយសំណួរនោះបាន»។ លោកបន្ថែមថា៖ «មានតែលោកនាយករដ្ឋមន្រ្តីទេ អាចបង្កើតលក្ខខណ្ឌ»សម្រាប់ការវិនិយោគសេដ្ឋកិច្ចនេះ។
ទោះយ៉ាងណាក្តីបេក្ខជនតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់អ្នកស្រីនាង ឆាយ៉ាណា បានថ្លែងថាវាមិនមែនតែគណបក្សប្រជាជនតែមួយនោះទេដែលនាំឲ្យមាន ការអភិវឌ្ឍកម្ពុជា។ លោកស្រីបានថ្លែងបន្តថា៖ «វាមានគណបក្សដទៃៗទៀតផងដែរ។ គណបក្សហ៊្វុនស៊ិនប៉ិចគឺជាផ្នែកដែល«មិនអាចខ្វះបាន»នៅក្នុងភាព រីកចម្រើនរបស់ប្រទេស។
អ្នកចូលរួមម្នាក់បានសួរយ៉ាងមោទនភាពថា ហេតុអ្វីគណបក្សប្រជាជនចែកអំណោយនៅរដូវបោះឆ្នោត។
លោក មុនីរ័ត្ន បានឆ្លើយថា ការអនុវត្តនេះគឺជាលក្ខណៈធម្មតាទេគឺជា«ស្មារតីចែករំលែក របស់គណបក្សប្រជាជន»ទៅឲ្យប្រជាពលរដ្ឋ៕ TK/PS
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment