សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, July 28, 2013

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ប្រកាន់​នូវ​គោលជំហរ​អហិង្សា ទោះបីជា​ត្រូវ​ចាញ់​ឬ​ឈ្នះ​ក៏ដោយ​


​រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គឺជា​ពេលវេលា​ដ៏​ពិ​សេសមួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បាននាំគ្នា​ប្រើ​សិទ្ធិ​ក្នុងនាម​ជា​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​ទៅ​បោះឆ្នោត​ធ្វើការ​សម្រេចចិត្ត​ជ្រើសតាំង​តំណាងរាស្ត្រ​  អាណត្តិ​ទី​៥ ដើម្បី​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​បន្តរ​យៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​​ទៀត​។

​នៅក្នុង​ព្រឹក​នេះដែរ គេ​សង្កេតឃើញ​នៅតាម​មណ្ឌលបោះឆ្នោត​នីមួយៗ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ឈរ​តម្រង់​ជួរ​ខាងមុខ​ការិយាល័យ​បោះ​ឆ្នោត ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ចូលទៅ​គូស​សន្លឹកឆ្នោត នៅក្នុង​ការិយាល័យ ក្នុងការ​ជ្រើសតាំង​គណ​បក្សនយោបាយ​ណាមួយ​ដែល​ពួកគេ​ពេញ​ចិត្ត និង​ជឿជាក់ថា​អាចដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​លើផ្លូវ​អភិវឌ្ឍន៍ មាន​ស្ថិរភាព និង​សុខសន្តិភាព​។

​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​នេះ​ផងដែរ គឺមាន​គណបក្ស​ចំនួន​៨​បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ឈរឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​យើង​សង្កេតឃើញ​មានតែ​គណបក្ស​ធំៗ​ចំនួន​២​ប៉ុណ្ណោះ ដែលមាន​សន្ទុះ​នៃ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដ៏​ច្រើន​ប្រហាក់ប្រហែលគ្នា នោះ​គឺ​គណបក្ស​ប្រ​ជាជ​ន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​ទាំង​២​នេះ កំពុង​ក្លាយជា​ជម្រើស​ដ៏​សែនពិបាក​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ព្រោះ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា គឺជា​គណបក្ស​ដែល​បាន​គ្រប់គ្រង​អំណាច​និង​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណ​បក្ស​មួយ​ដែល​រួមគ្នា​បង្កើតឡើង​រវាង​គ​ណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​ធ្វើ​ឲ្យ​គណបក្ស​មួយ​នេះ​ក្លាយជា​គណបក្សប្រឆាំង​ដ៏​មាន​ប្រ​ជាប្រិយភាព​បំផុត​។

​គួរ​រំលឹក​ផងដែរ​ថា ក្នុងអំឡុងពេល​យុទ្ធនា​ការឃោសនា​រក​សំឡេង​នាពេល​កន្លងមក គឺ​គណបក្ស​ធំៗ​ទាំង​២​នេះ បានបង្ហាញ​នូវ​សក្តានុពល​រៀងៗ​ខ្លួន ដោយ​ខាង​គណបក្ស​នីមួយៗ​មាន​មនុស្ស​ចូលរួម​ហែ​ក្បួន​ឃោសនា​យ៉ាងច្រើន​កុះករ​ដូចគ្នា រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​ដាក់គ្នា​ទៀតផង​។ ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ពិតប្រាកដ​នោះ គឺ​សុខសន្តិភាព ស្ថិរភាព មិនមែនជា​ការប្រើ​អំពើហិង្សា​ដាក់គ្នា​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ធ្លាប់​ហែល​ឆ្លងកាត់​នូវ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​ចង់​ជួប​នូវ​ទិដ្ឋភាព​នៃ​ការបែកបាក់​ក្រុមគ្រួសារ ព្រាត់​ប្រពន្ធ ព្រាត់​កូន​ទៀត​នោះទេ​។

​បើតាម​អ៊ុំ​ស្រី​ម្នាក់​ឈ្មោះ រស់ សុខា អាយុ​៦៣​ឆ្នាំ ដែល​កំពុង​ឈរ​តម្រង់​ជួរ​នៅ​ពីមុខ​ការិយាល័យ​បោះឆ្នោត​បាន​ឲ្យ​ដឹងថា អ៊ុំ​ស្រី​សង្ឃឹមថា ទោះបីជា​គណ​បក្ស​ណា​ចាញ់​ឬ​ឈ្នះ​ក៏ដោយ សូមកុំ​ឲ្យ​មាន​កើត​អំពើហិង្សា ឬ​ជម្លោះ​ដាក់គ្នា​ឲ្យ​សោះ សូម​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ប្រកាន់​នូវ​ជំហរ​អហិង្សា មុន​នឹងធ្វើ​អ្វីមួយ​សូម​គិតពី​សុខទុក្ខ​របស់​ប្រជារាស្ត្រ​ជាធំ ព្រោះ​ប្រសិនបើ​មាន​សង្គ្រាម ឬ​ភាពវឹកវរ​ណាមួយ​កើតឡើង អ្នក​ដែល​រងទុក្ខវេទនា​នោះ​​គឺ​ប្រជារាស្ត្រ​ខ្មែរ​។ ដូច​ពាក្យចាស់​លោក​ពោលថា ដំរី​ជល់​គ្នា តែ​ស្រមោច​ជា​អ្នកស្លាប់​៕ ដោយ : បញ្ញា

 ប្រភពពី៖ វត្តភ្នំ

No comments:

Post a Comment