សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Friday, July 5, 2013

ការ​ចូល​រួម​របស់​យុវជន​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល



ភ្នំពេញៈ ការ​ចូល​រួម​យ៉ាង​ច្រើន និង​យ៉ាង​ផុល​ផុស របស់​យុវជន​វ័យ​ក្មេង នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​គណបក្ស​នយោបាយ​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នា​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា អាច​នឹង​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត នៅ​ចុង​ខែ​កក្កដា​នេះ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ហួស​ពី​ការ​ស្មាន។
នៅ​ប៉ែក​ខាង​កើត​ឆៀង ខាង​ត្បូង​សួនច្បារ​មុខ​វត្ត​បទុមវតី ចាប់តាំង​ពី​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ទី២៧ ខែ​មិថុនា​មក គេ​ឃើញ​ក្រុម​យុវជន​វ័យ​ក្មេង​របស់​គណបក្ស​ប្រជាជន​រាប់​រយ​នាក់ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​យ៉ាង​សកម្ម អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន ដែល​មាន​លេខ​រៀង​ទី៤។
ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ក្លាយ​ទៅ​ជា​គូ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា ជាមួយ​គណបក្ស​ប្រជាជន​នោះ ក៏​មាន​ក្រុម​យុវជន​យ៉ាង​ច្រើន រាប់​រយ​នាក់ ចូល​រួម​ដង្ហែ​ក្បួន​យ៉ាង​ផុល​ផុស ជា​រៀង​រាល់​ថ្ងៃ មិន​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ បើ​ទោះ​បី​ជា​ក្រុម​យុវជន​គណបក្ស​ប្រជាជន បាន​ឈរ​ជាប់​ជា​ប្រចាំ នៅ​តាម​ទី​តាំង​ដែល​មាន​ប្រៀប​ក្តី ក៏​ប៉ុន្តែ​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា ចាប់​ពី​ម៉ោង ៤ រសៀល​ជា​រៀង​រាល់​ថ្ងៃ នៅ​ខាង​មុខ​អគារ​រដ្ឋសភា ហើយ​ចាប់​ផ្តើម​ដង្ហែ​ក្បួន​ចេញ​ទៅ​តាម​ដង​ផ្លូវ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ការ​ស្រែក​ហ៊ោ​កញ្ជ្រៀវ ដោយ​សេចក្តី​ក្លាហាន ហាក់​ដូច​ជា​មិន​មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ដោយ​ធ្វើ​ការ​អំពាវនាវ​ឲ្យ​គ្រប់​គ្នា បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លេខ​រៀង​ទី៧​។ នៅ​តាម​ទីតាំង​ផ្សេងៗ​ទៀត​នៃ​រាជធានី ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ទាំង​ពីរ ក៏​បាន​ចូល​រួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យ៉ាង​ច្រើន និង​យ៉ាង​សកម្ម​ដែល​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង បើ​ប្រៀប​ធៀប​ទៅ​នឹង​អាណត្តិ​មុនៗ​។ចំណែក​នៅ​តាម​បណ្តា​ខេត្ត​នានា ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​យុវជន​យ៉ាង​ច្រើន​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​ឃោសនា​ដែល​មិន​មែន​មាន​ តែ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ក៏​មាន​យុវជន​ចូល​រួម​ផង​ដែរ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ មាន​យុវជន​ជា​ច្រើន មើល​ទៅ​មិន​ទាន់​គ្រប់​អាយុ​បោះឆ្នោត​នៅ​ឡើយ រួម​ទាំង​ក្មេងៗ ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​នឹង​គេ​ដែរ។
សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ អាយុ ១៧ឆ្នាំ​រៀន​ថ្នាក់​ទី១០ ម្នាក់​បាន​និយាយ​ថា​៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ក្នុង​ការ​ចូល​រួម​ហែក្បួន​ជាមួយ​ គណបក្ស​សង្គ្រោះ​ជាតិ។ ថ្ងៃ​នេះ ជា​ថ្ងៃ​ទំនេរ​ដូច្នេះ​ខ្ញុំ​ចូល​រួម​ជាមួយ​មិត្តភក្តិ​។ ខ្ញុំ​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ»។
និស្សិត​ស្រី​ម្នាក់​ទៀត អាយុ​២១ឆ្នាំ រៀន​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ (IU) បាន​និយាយ​ថា នាង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពី​ព្រោះ​នាង​គិត​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន មាន​ការ​គ្រប់​គ្រង​រញ៉េ​រញ៉ៃ​មិន​ច្បាស់​លាស់ ដែល​នាង​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​ឈ្នះ និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​របៀប​ដឹក​នាំ​ប្រទេស។
នាង​បាន​ថ្លែង​មុន​ពេល​ជិះ​ម៉ូតូ​ចេញ ជាមួយ​មិត្តភក្តិ​ក្នុង​ក្បួន​ដង្ហែ​ថា​៖ «ប្រជាជន​វ័យ​ក្មេង​ជា​ច្រើន​នៅ​វ័យ​អាយុ​ដូចៗ​ខ្ញុំ​មាន​ការ​អប់រំ​ខ្ពស់​ ហើយ​ពួក​គេ​ចង់​ឃើញ​ប្រទេស​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ»។

 បន្ទាប់​ពី​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ម៉ូតូ​ចេញ​ទៅ​ក្រុម​អ្នក​ គាំទ្រ​គណបក្ស​ប្រជាជន នៅ​ជិត​នោះ​ដែល​កំពុង​រង់​ចាំ​គ្នា​ត្រូវ​បាន​ឃើញ​កំពុង​កាន់​ទង់​ជ័យ​ គណបក្ស​ហើយ​ថ្ពាល់​របស់​ពួក​គេ​មាន​បិទ​ស្លាក​គណបក្ស​ប្រជាជន ពាក់​មួក​និង​អាវ​គណបក្ស​ប្រជាជន។ សិស្ស​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ ឈ្មោះ ងួន សំណាង អាយុ​១៩ឆ្នាំ​រៀន​ថ្នាក់​ទី១២​បាន​ថ្លែង​ថា​៖ «ខ្ញុំ​មក​ទីនេះ​ជាមួយ​មិត្ត​ភក្តិ​និង​អ្នក​ជិត​ខាង»។ «ខ្ញុំ​នឹង​ចូល​រួម​នៅ​ថ្ងៃ​បន្ទាប់​ទៀត។ ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​ប្រាក់​ចំនួន ២​ម៉ឺន​រៀល​សម្រាប់​ការ​មក​នេះ​»។ យុវជន​ផ្សេង​ទៀត​ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ ក៏​បាន​និយាយ​ដូច​សំណាង​ដែរ​ថា ពួក​គេ​ត្រូវ​បាន​គេ​ផ្តល់​ប្រាក់​ឲ្យ​ក្នុង​ម្នាក់ៗ ២ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ពួក​គេ​មិន​មែន​មក​ហែ ព្រោះ​តែ​ប្រាក់​នោះ​ទេ​។ «​ពួក​ខ្ញុំ​ចង់​ចូល​រួម​ផ្ញើ​សារ ប្រាប់​ទៅ​ប្រជា​ពលរដ្ឋ ឲ្យ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ពី​ព្រោះ​គណបក្ស​ប្រជាជន បាន​ជួយ​រំដោះ​ប្រទេស​ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម​ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព​និង​មាន​ការ​អភិវឌ្ឍ​រហូត​មក​ដល់​ សព្វ​ថ្ងៃ»។


លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ហាក់​ដូច​ជា​មិន​បាន​លើក​ទឹក​ចិត្ត ចំពោះ​ការ​ចូល​រួម​របស់​ក្រុម​យុវជន​នេះ​ទេ ដោយ​ថ្លែង​ថា​ការ​ចូល​រួម​ដង្ហែ​ក្បួន​របស់​ពួក​គេ បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ។ លោក​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គណបក្ស​ពី​ម្សិលមិញ​ថា​៖«ពួកគេ​បើក​ ម៉ូតូ​ហែ​ក្បួន​នៅ​ពេល​យប់ ដែល​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​និង​សណ្តាប់ធ្នាប់​ ចរាចរណ៍»។
លោក ហូ វ៉ាន់ បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា អ្វី​ដែល គ.ជ.ប បាន​លើក​ឡើង​គឺជា​ការ​រារាំង​សកម្មភាព​ដង្ហែ​ក្បួន​ឃោសនា​ជា​ពិសេស​ការ​ចូល​ រួម​របស់​យុវជន នៅ​ពេល​ដែល​យុវជន​ជា​ច្រើន​បាន​ចូល​រួម​ជាមួយ​គណបក្ស​លោក។
លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា វា​មាន​ភាព​ស្មុគ​ស្មាញ​មួយ​ចំនួន​ខណៈ​កំពុង​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​គណបក្ស​នយោបាយ​មួយ​ចំនួន មិន​គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ទីតាំង​ប្រមូល​ផ្តុំ និង​ទិសដៅ​ហែ។ លោក​បន្ត​ថា ពាក់​ព័ន្ធ​នឹង​ករណី​យុវជន ដែល​មិន​ទាន់​គ្រប់​អាយុ​បោះឆ្នោត ហើយ​ចូល​រួម​ការ​ប្រមូល​ផ្តុំ​ដង្ហែ​ក្បួន​គឺជា​បញ្ហា​ស្មុញ​ស្មាញ​ធំ​មួយ​ សម្រាប់​នគរបាល«​ពួក​គេ​បើក​បរ​គ្មាន​សណ្តាប់ធ្នាប់ និង​បំពាន​លើ​ច្បាប់​ចរាចរណ៍​»។
យ៉ាង​ណា​ក៏​ដោយ លោក​កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ចាត់​ទុក​ការ​ចូល​រួម​របស់​យុវជន ថា​ជា​ការ​ល្អ​ប្រសើរ​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖«​កាល​ពី ១០-២០ ឆ្នាំ​មុន​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង មាន​ការ​លាក់​មុខ​លាក់​មាត់​ភ័យ​ខ្លាច។ ប៉ុន្តែ​ឥឡូវ​នេះ ពួក​គេ​បាន​ចូល​រួម​ដោយ​បើក​ចំហ»។ លោក​បញ្ជាក់​ថា៖«​ការ​ចូល​រួម​យ៉ាង​ច្រើន​របស់​យុវជន​ចង់​មិន​ចង់ នឹង​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត​លើក​នេះ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង»​។ បើ​តាម​លោក កែម ឡី ការ​ចូល​រួម​យ៉ាង​ច្រើន​របស់​យុវជន​ជាមួយ​គណបក្ស​នយោបាយ​លើក​នេះ គឺ​មួយ​ផ្នែក​ធំ តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក ដែល​ពួក​គេ​អាច​ទាក់​ទង​ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា និង​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ឆាប់​រហ័ស៕ PS
ប្រភពពី៖ Cambodiapage

No comments:

Post a Comment