សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, July 3, 2013

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បាន​ចាប់​ផ្ដើម​បិទ​ផ្សាយ​នៅ​គណកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត

ដោយ អ៊ឹម រច
លោកទេព និថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត
RFI/Pen Bona
ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​រៀប​ចំ​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​សម្រួល​ដល់អ្នក​បោះ​ឆ្នោត​ឲ្យ​ងាយ​រក​ឃើញ​ឈ្មោះ​របស់​ពួក​គេ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ នៅ​ឆ្នាំ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ចាត់​ចែង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ គណកម្មការ​ឃុំ-សង្កាត់ តាំង​ពី​១​ខែ​មុន​ការ​បោះ​ឆ្នោត ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​មុន​ៗ។


ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​មុន​ៗ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់ ត្រូវ​បាន​បិទ​ផ្សាយ​នៅ គណៈកម្មការ​ឃុំ-សង្កាត់ រៀប​ចំ​ការ​បោះ​ឆ្នោត មួយ​ខែ​មុន​ការ​បោះ​ឆ្នោត។ សម្រាប់​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១២ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ត្រូវ​បាន​បិទ​ផ្សាយ​នៅ​គណៈកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត តែ​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។
លោក​ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ឲ្យ​ដឹង​ថា ឆ្លង​កាត់​តាម​ការ​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សា​​ជាមួយ​តំណាង​គណបក្ស និង​អង្គការ​សង្គម​ស៊ីវិល​កន្លង​មក មាន​ការ​លើក​សំណើ​នេះ​ឡើង ដោយ​ហេតុ​ថា ប្រជាពលរដ្ឋ ចង់​ពិនិត្យ​មើល​បញ្ជី​បោះ​ឆ្នោត​មុន ដើម្បី​ផ្ទៀង​ផ្ទាត់​ជាមួយ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​គាត់។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ខុស​ពី​ឯកសារ​បញ្ជាក់​ អត្តសញ្ញាណ​របស់គាត់ គាត់​ត្រូវ​រក​ឯកសារ​អត្តសញ្ញាណ​មួយ​ណា​របស់​គាត់ ដែល​ត្រឹម​ត្រូវ​ដូច​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បោះ​ឆ្នោត។

លោក​ទេព នីថា បញ្ជាក់​បន្ថែម​ថា ការ​បិទ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​យូរ​១​ខែ​មុន​ការ​បោះ​ ឆ្នោត​នេះ គ្រាន់​តែ​ជា​ការ​បន្ថែម លើ​មធ្យោបាយ​ទាំង​ឡាយ​ដែល គ.ជ.ប. បាន​ធ្វើ​កន្លង​មក ដើម្បី​ជួយ​សម្រួល​អ្នក​បោះ​ឆ្នោត​ឲ្យ​ងាយ​រក​ឃើញ​ឈ្មោះ​របស់​ខ្លួន​ក្នុង​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

អ្នក​បោះ​ឆ្នោត អាច​ស្វែង​រក​ឈ្មោះ​របស់​ខ្លួន តាម​រយៈ​គេហទំព័រ www.voterlist.org.kh លេខ​ទូរស័ព្ទ​ពិសេស​ឥត​គិត​ថ្លៃ​​៥​ខ្សែ គឺ (០១១⁄០១៦⁄០៨១⁄០៨៦⁄០៩៩ ៩៨ ៧៧ ៦៦) និង​ការ​ចុះ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ដល់​គេហដ្ឋាន​ផ្ទាល់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា កន្លង​មក​នេះ៕
ប្រភពពី៖ ខេមរភាសា


No comments:

Post a Comment