សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, July 23, 2013

សង្គ្រាម​ពាក្យ​សម្តី​របស់​យុវជន​ស្ដីពី​ការ​បោះឆ្នោត​រញ្ជួយ​ពេញ​ហ្វេសប៊ុក

 
នៅ​ក្នុង​ហ្វេសប៊ុក ក៏​ជា​វេទិកា​ពិភាក្សា​ពី​បញ្ហា​នយោបាយ​ដ៏​កក្រើក​ផង​ដែរ។
យុវជន ហ៊ាន​និយាយ និង​បញ្ចេញ​មតិ​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​នយោបាយ​ជា​សាធារណៈ ជា​ពិសេស​អំពី​ការ​ឃោសនា​បោះឆ្នោត ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​នោះ​ទេ​។ បើ​ប្រៀប​ធៀប​ទៅ​នឹង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​វិញ វា​ពិត​ជា​ខុស​គ្នា​ខ្លាំង។
ជាក់​ស្តែង គេហទំព័រ​ហ្វេកប៊ុក​របស់ I love Cambodia Hot News បាន​បង្ហោះ​រូប​យុវតី​ពីរ​រូប ដែល​ម្នាក់​នៅ​ឆ្វេង​ដៃ​ពាក់​មួក​ដាក់​ស្លាក​សញ្ញា​គណបក្ស ប្រជាជន​កម្ពុជា​ហើយ​កញ្ញា​ម្នាក់​ទៀត​ដាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ ជាតិ ព្រម​ទាំង​អម​ដោយ​អក្សរ​ធំៗ​ថា «ស្អាត​ដូច​គ្នា​យក​មួយ​ណា?»។
នៅ​ក្នុង​នោះ ShokryVsChakrya បាន​សរសេរ​សសើរ​គណបក្ស​ប្រជាជន​ថា​៖ «៤ អ្នក​ដឹក​នាំ​មាន​សីលធម៌​»។ រីឯ BrossBremBery បញ្ចេញ​យោបល់​ថា​៖ «៤​ស្អាត​ដោយ​រូប​រីឯ​៧​ស្អាត​ដោយ​ចរិយា​សមសួន ខ្ញុំ​រើស​យក​៧»។
នេះ​គឺជា​អ្វី​ដែល​យុវជន​ហ៊ាន បញ្ចេញ​យោបល់​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​នយោបាយ ហើយ​ជ្រើស​រើស​យក​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។ ប៉ុន្តែ​ពេល​ខ្លះ​ភាព​ក្លាហាន​ធ្វើ​ឲ្យ​ពួកគេ​ហ៊ាន​ប្រើ​ពាក្យ​ពេចន៍​មិន​ សមរម្យ​ដាក់​គ្នា ហើយ​បង្កើត​ជា​រូបភាព​ថ្លុក​ផ្សេងៗ ដើម្បី​ផ្ចាញ់​ផ្ចាល​គ្នា និង​ជេរ​គ្នា​ទៅ​វិញ។ ការ​ប្រើ​ពាក្យ​ថា៖ «ពួក​អា​ខួរ​ក្បាល​យួន​ខ្លួន​ខ្មែរ ពួក​នេះ​មិន ខុស​ពី​សត្វ​អណ្តើក​ក្នុង​ស្នូក​ទេ ខួរ​ក្បាល​ពួក​អា​បណ្ឌិត​មួយ​ចំនួន​បាន​លក់​ឧត្តមគតិ​ដ៏ ងងឹត​ងងល់​អស់​ហើយ​មើល​ទៅ!»។
ពាក់ព័ន្ធ នឹង​ហោវា​សព្ទ​ប្រមាថ​គ្នា​នេះ លោក​បណ្ឌិត សុខ ទូច ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ និង​ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ បាន​ឲ្យ​ដឹង​ថា​៖ «ប្រទេស​ណា​ក៏​ជេរ​គ្នា វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ប៉ុន្តែ​ការ​ជេរ​គ្នា​ក្នុង​វិស័យ​នយោបាយ ​នៅ​ប្រទេស​មួយ​ចំនួន​ផ្ចាញ់​ផ្ចាល​គេ គឺ​ស្រប​ទៅ​តាម​ក្រម​សីលធម៌ និង​ប្រើ​ពាក្យ​សាមញ្ញ ចំណែក​ឯ​កម្ពុជា​យើង ពួក​គាត់​មិន​គិត​នោះ​ទេ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បំបាក់​ភាគី​ម្ខាង​ទៀត​បាន​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​គ្មាន​ច្បាប់​ណា​ថា ការ​ជេរ​គ្នា​ត្រូវ ឬ​ខុស​ច្បាប់​នោះ​ទេ។ សង្ឃឹម​ថា យុវជន គិត​ឡើង​វិញ​ទៅ​លើ​ចំណុច​នេះ»។
កញ្ញា ជាតិ ចាន់សូលីនដា វ័យ ២០​ឆ្នាំ ដែល​ជា​និស្សិត​ឆ្នាំ​ទី​បី ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​ខេមរៈ បាន​និយាយ​ថា​៖ «យុវជន​បច្ចុប្បន្ន​ត្រូវ​ការ​ប្រជាធិបតេយ្យ​សិទ្ធិ​បញ្ចេញ​មតិ និង​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​គិត​ថា ត្រឹម​ត្រូវ»។
យុវតី​រូប​នេះ បាន​បន្ត​ថា​៖ «យុវជន​ជា​ច្រើន​ពិត​ជា​ចង់​មាន​សំឡេង​ក្នុង​ប្រព័ន្ធ​សារ​ព័ត៌មាន​ផ្សេងៗ ប៉ុន្តែ​វា​ហាក់​ដូចជា​មិន​អំណោយ​ផល​ដល់​ពួក​គាត់​សោះ។ ដូច​នេះ​មាន​តែ​ហ្វេសប៊ុក​មួយ​ទេ ដែល​ជា​ឱកាស​បញ្ចេញ​នូវ​ទស្សនៈ​របស់​ខ្លួន និង​បាន​ឆាប់​រហ័ស»។
ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ​មាន​ការ​ចូល​រួម​ច្រើន​ពី​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ឆាក​នយោបាយ ​ដោយ​មិន​មាន​ការ​ចាប់​បង្ខំ​ទេ។ អ្នក​ដែល​ចូល​រួម​ច្រើន​បំផុត​នោះ​គឺ យុវជន​តែ​ម្តង ដោយ​ឃើញ​នៅ​ពេល​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត មាន​សុទ្ធ​តែ​យុវជន​ចូល​រួម។
យោង​តាម​សម្តី​របស់​យុវជន ប៉ក់ ឧត្តម ដែល​ជា​យុវជន​ស័្មគ្រ​ចិត្ត​ក្នុង​គណបក្ស​មួយ បាន​ឲ្យ​ដឹង​ថា៖ «មុន​នឹង​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ស្វែង​យល់​លើ​ គោល​នយោបាយ​របស់​ប្រទេស សកម្មភាព​អ្នក​ដឹក​នាំ​និង​តាម​ដាន​រាល់​ទិដ្ឋភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ ប្រទេស និង​ក្រៅ​ប្រទេស​ផង​ដែរ»។
លោក​បាន​បន្ត​ថា​៖ «បន្ទាប់​ពី​មាន​ការ​យល់​ដឹង​ច្រើន​ពី​វិស័យ​នយោបាយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ ប្រឡូក​ជាមួយ​នឹង​វា ដោយ​មិន​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចាំ​តែ​ដើរ​តាម​គេ និង​ជឿ​លើ​តែ​ពាក្យ​ដែល​គេ​និយាយ​ទេ​។ ខ្ញុំ​ត្រូវ​តែ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​»។
នៅ​ក្នុង អាណត្តិ​នេះ លោក ឧត្តម បាន​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ដោយ​គាត់​បាន​ចូល​ធ្វើ​ការ​ ឃោសនា​ជាមួយ​យុវជន​ជា​ច្រើន​ទៀត ហើយ​ក៏​តែង​តែ​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​យុវជន​ដូច​គា្ន​នៅ​តាម​បណ្តាញ​ ហ្វេសប៊ុក​ដែរ ដោយ សារ​គាត់​គិត​ថា​ហ្វេសប៊ុក ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តែ​មួយ​គត់​ដែល​អាច​និយាយ​រឿង​ទាក់​ទង​នឹង នយោបាយ​បាន​ទូលំ​ទូលាយ។
លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ទៅ​លើ​ឥទ្ធិពល​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជា ច្រើន ជា​ពិសេស​យុវជន ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ថា៖ «ដោយ​សារ​តែ​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​លើ​កណ្តាប់​ដៃ​របស់​ មនុស្ស​។ ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជា​ពលរដ្ឋ​ក៏​ជា​ផ្នែក​មួយ​ដែរ​ព្រោះ​គាត់​ទៅ ​ធ្វើ​ការ​ស្រុក​គេ គាត់​ស្វែង​យល់​ពី​ស្ថានភាព​នយោបាយ​ប្រទេស​គេ បាន​ធ្វើ​ឲ្យ​គាត់​ត្រឡប់​មក​វិញ​នូវ​គំនិត​ថ្មី​មក​ចែក​រំលែក​ដល់​គ្រួសារ និង​អ្នក​នៅ​ជុំវិញ​ខ្លួន»។
លោក បាន​បន្ដ​ថា៖ «ជាង​នេះ​ទៅ​ទៀត ការ​ឃើញ​យុវជន​គ្នា​ឯង​មាន​ការ​ចូល​រួម​សកម្មភាព​សង្គម​ច្រើន​ក៏​ធ្វើ​ឲ្យ​ យុវជន​ដទៃ​ទៀត​ចង់​ចូលរួម​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ចូល​រួម​ក្នុង​ឆាក នយោបាយ​តែ​ម្តង»។
បច្ចុប្បន្ន​នៅ​មាន​ប្រជាជន​មួយ​ចំនួន​គិត ​ថា នៅ​ពេល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​នយោបាយ ឬ​អ្នក​នយោបាយ​ពួក​គាត់​អាច​ប្រឈម​ទៅ​នឹង​ហានិភ័យ​ដែល​មាន​ដូចជា អាយុ​ជីវិត បាត់បង់​ទ្រព្យ​សម្បត្តិ និង​ការ​ជាប់​គុក​ជាដើម។
ក្នុង​រឿង​នេះ​លោក បណ្ឌិត សុខ ទូច បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖«​អ្នក​លួច​គេ​ក៏​ត្រូវ​ជាប់​គុក​ដែរ ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ត្រូវ​តែ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ហើយ​។ ការ​ធ្វើ​នយោបាយ ឬ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ ពុំ​មែន​អ្វី​ដែល​ខុស​ច្បាប់​ទេ​។ ដូចនេះ​គ្មាន​អ្នក​ណា​មក​ចេះ​តែ​ចាប់​ចង​ឡើយ​។ បច្ចុប្បន្ន​អំណាច​ស្ថិត​នៅ​លើ​ប្រជាជន មិន​មែន​អ្នក​ណា​ថា ឆ្វេង គឺ​ឆ្វេង ស្តាំ គឺ​ស្តាំ​នោះ​ទេ ប្រជាជន​គាត់​ចេះ​ដឹង​រួច​ទៅ​ហើយ»។
ចំណែក​ឯ​លោក ឧត្តម យល់​ឃើញ​ថា វា​ពិត​ជា​ត្រឹម​ត្រូវ​បើ​លោក​ប្រឡូក​ចូល​ក្នុង​វិស័យ​នយោបាយ​ហើយ​វា​នឹង​ អាច​មាន​ហានិភ័យ​កើត​ឡើង​ប៉ុន្តែ​បើ​យុវជន​ទាំងអស់​គិត​តែ​ពី​ផល​ប្រយោជន៍​ ផ្ទាល់​ខ្លួន​ហើយ​មិន​ក្រោក​ឈរ​ឡើង​បញ្ចេញ​មតិ​ទេ គ្មាន​អ្នក​ណា​អាច​ជួយ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​ទេ ហើយ​ក៏​មិន​អាច​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ដែរ។
តើ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ម្នាក់​នៅ​ពេល ​ដែល​ឃើញ​កូន​ចូល​រួម​ក្នុង​ គណបក្ស​មួយ​លោក ចាន់ ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា​៖ «បើ​និយាយ​ទៅ​ខ្ញុំ​ពិត​ជា​មិន​ចង់​ឲ្យ​កូន​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ ប៉ុន្មាន​ទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ខ្ញុំ​មិន​អាច​ឃាត់​ពួក​គាត់​ក្នុង​ការ​ចូល​រួម​បញ្ចេញ​មតិ​នោះ​ទេ​បើ​ពួក​ គេ​សម្រេច​ចិត្ត​ចង់​ចូល​រួម។
លោក ប៊ុនធឿន បន្ត​ថា​៖ «ក្មេងៗ​ចូល​ចិត្ត​លេង​ហ្វេសប៊ុក​ណាស់ ហើយ​ពួក​គាត់ ហ៊ាន​និយាយ​តតាំង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​ខ្លាច​នោះ​ទេ​អាច​ថា មក​ពី​គាត់​មាន​ការ​យល់​ដឹង​ច្រើន​ពី​នយោបាយ ដូច​នេះ​គាត់​មិន​ព្រួយ​បារម្ភ​ទេ»។
បើ​ពួកគេ​ចាត់​ទុក​ការ​ប្រជែង​គ្នា​ជា​ការ​លេង​កីឡា ទោះ​ចាញ់ ឬ​ឈ្នះ វា​នៅ​តែ​ជា​មិត្តភក្ដិ ពិត​ជា​មិន​អាច​ស្អប់​គ្នា​បាន​ទេ។
ដូច​យុវជន ប៉ក់ ឧត្តម បាន​ប្រាប់​ថា៖ «ខ្ញុំ​មិន​ស្អប់​យុវជន​គណបក្ស​ដទៃ​ទេ។ យើង​មាន​សិទ្ធិ​ជ្រើស​រើស និង​ចូល​រួម​គណបក្ស​ដែល​យើង​ពេញ​ចិត្ត​និង​ជឿ​ថា គណបក្ស​អាច​ជា​សសរ​ទ្រូង​ជួយ​សង្គម​បាន​។ ដូចនេះ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​តែ​ស្អប់​យុវជន​ដូច​គ្នា​នោះ»? ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment