សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, July 23, 2013

ឥរិយាបថ​ឃោសនា​គាំទ្រ​គណបក្ស​របស់​យុវជន​កម្ពុជា


យុវជន​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ដង​ផ្លូវម្ខាង​ម្នាក់ ​ពេល​ឃោសនា
©rfi
ដោយ គឹម យុទ្ធណា

ក្នុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​កំពុង​តែ​ប្រព្រឹត្តទៅ​នៅ​ពេលនេះ​ហើយ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ ​នោះ​គេ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​សន្ទុះ​របស់​យុវជន​កម្ពុជា​មាន​ភាព​ផុលផុស​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​នៅក្នុង​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ ដោយ​ភាពសប្បាយ​រីករាយ ​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​សាមគ្គីភាព។ល។ ប៉ុន្តែ​គេ​ក៏​សង្កេតឃើញ​មាន​ផង​ដែរ​នូវ​ឥរិយាបថ​មិន​សមរម្យ​របស់​យុវជន​គណបក្ស​មួយ​ចំនួន​ ដូចជា​ការជេរ​ប្រមាថ​គ្នា គប់​ដប​ទឹក​សុទ្ធ និង​ដុំថ្ម​ដាក់គ្នា។ ដូច្នេះ​ដើម្បី​ឲ្យ​ក្បួន​ឃោសនា​បោះឆ្នោត​មាន​ភាពរលូន និង​មាន​ភាពថ្លៃថ្នូរ​រហូត​ដល់​ថ្ងៃ​បញ្ចប់​នោះ តើ​យុវជន​គួរប្រកាន់​ឥរិយាបថ​ដូចម្តេច​ខ្លះ?

ខណៈដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាន់តែ​ខិតជិត​ដល់​ថ្ងៃ​បញ្ចប់​នោះគេ​សង្កេត​ឃើញ​សន្ទុះ​នៃ​ការចូលរួម​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​របស់​យុវជន​មានការ​កើនឡើង​ជា​ខ្លាំង ជាក់ស្តែង​គេ​អាច​មើលឃើញ​ចលនា​ចូលរួម​ឃោសនា​របស់​យុវជន​នៅក្នុង​គណបក្ស​ចំនួន​ពីរ​ធំៗ​ នោះ​គឺគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មាន​សកម្មភាព​ខ្លាំង​ក្លា​ កាលពី​ចុង​សប្តាហ៍​​កន្លង​ទៅ​នេះ។

នៅតាម​ដង​វិថី​នានា​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទី​សាធារណៈ​មួយ​ចំនួន​គេ​សង្កេត​ឃើញ​យុវជន​ទាំង​ប្រុស​ទាំង​ស្រី​បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត។ យុវជន​ទាំងអស់​នោះបាន​ចំណាយ​ពេលវេលា​របស់ខ្លួន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ដោយ​ក្តី​សប្បាយ​រីករាយ ស្ម័គ្រចិត្ត​សាមគ្គីភាព មិត្តភាព និង​ភាតរភាព​គួរ​ឲ្យ​កោតសរសើរ​ ដោយ​ខ្លះ​ស្រែក​ហ៊ោរ​កញ្ជៀវ​ ខ្លះ​ទៀត​កាន់​ឧគ្ឃោសនស័ព្ទ​បន្លឺ​សំឡេង​លាន់​អឺង​កក​រំពង​ក្បួន​ឃោសនា​ អ្នកខ្លះ​ក៏​កាន់​ទង់ជាតិ​ឬ​ទង់​បក្ស​គ្រវី​ចុះ​ឡើង​ និង​មាន​ផងដែរ​លើក​ដៃ​ជា​សញ្ញា​គាំទ្រ​លេង​រៀង​របស់​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់។

យ៉ាងណាក៏ដោយ គេ​ក៏​កត់​សម្គាល់​ឃើញ​មាន​ផងដែរ​នូវ​ឥរិយាបថ​មិន​ទំនង​មួយ​ចំនួន​របស់​យុវជន​របស់​គណបក្ស​នយោបាយ​ទាំងអស់​នោះ​នៅក្នុងពេល​ដង្ហែ​ក្បួន​ឃោសនា​ ដូចជា​ការប្រើ​អំពើ​ហិង្សា​វាយ​តប់​គ្នា​ក្នុង​ជម្លោះ​ហែ​ក្បួន​រហូត​ដល់​មាន​ការ​បាញ់​បោះ​សម្លុត​គំរាម​គ្នា​ គប់​ដប​ទឹក​សុទ្ធ និង​ដុំថ្ម​ដាក់​គ្នា ការស្រែក​ជេរប្រមាថ​គ្នា​ទៅវិញ​ទៅមក​ដោយ​ពាក្យ​អសុរស​ផ្សេងៗ​ ក៏​ដូចជា​ភាព​អសណ្តាប់ធ្នាប់​ក្នុងការ​ហែ​ក្បួន​ឃោសនា​ជាដើម។ ពិត​ហើយ​ថាសកម្មភាព​មិនល្អ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​អ្នក​ធ្វើដំណើរ​កំពុង​ធ្វើចរាចរ​លើ​ដង​ផ្លូវ​ក៏​ដូចជា​បានធ្វើ​ឲ្យ​បាត់បង់​ភាពថ្លៃថ្នូរ មិន​ត្រឹមតែ​ចំពោះ​យុវជន​ខ្លួន​ឯង​នោះទេ តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​មាន​ភាព​អាប់ឱន​ផង​ដែរ​ចំពោះ​គណបក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ​នោះ​ពិសេស​ទៀត​នោះ​ទទួល​ការ​វាយ​តម្លៃ​មិនល្អ​ពី​មហាជន​ដែល​បាន​មើលឃើញ​ពី​សកម្មភាព​មិនល្អ​ទាំងអស់​នេះ។

ពិតណាស់ថានោះ​វា​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​យុវជន​នៅក្នុង​ការគាំទ្រ និង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ហើយ​វា​ជាការ​បង្ហាញ​នូវ​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ចំណែក​ការយកចិត្ត​ទុកដាក់ និង​ការ​ព្រួយ​បារម្ភ​អំពី​ជោគវាសនា​អនាគត​ប្រទេសជាតិ​របស់​ពួកគេ​ផងដែរ។ ប៉ុន្តែតើ​វា​មិនជា​ការល្អ​ទេ​ឬ បើ​យុវជន​សម្តែង​នូវ​ឥរិយាបថ​គាំទ្រ​ល្អៗ​ចំពោះ​ខ្លួន​ឯង​ ចំពោះ​បក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ និង​ចំពោះ​គណបក្ស​នយោបាយ​ដទៃ​នោះ?

ជាការ​ពិតការប្រើ​ពាក្យ​អសុរស ឬ​ជេរ​គ្នា ការប្រើ​ពាក្យ​សំដី​ឌឺដង គប់​ដប​ទឹក​សុទ្ធ​ឬ​ដុំ​ថ្ម​ផ្សេងៗ​ដាក់​គ្នា និង​ការធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ចរាចរណ៍​ ឬ​ជួនកាល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ វា​ជា​ការ​បង្ហាញ​នូវ​រូបភាព​មួយ​ដែល​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មាន​អាប់អួរ។ ម្យ៉ាង​វិញ​ទៀត​វា​ ក៏​ធ្វើ​អោយ​ប៉ះពាល់​ដល់​តម្លៃ​យុវជន​ផ្សេងៗ​ទៀត​ក្នុង​បក្ស​របស់​ខ្លួន​ដែល​កំពុង​គាំទ្រ​នោះ​ពិសេស​អាច​ទទួល​ការ​សន្និដា្ឋន​ពី​មហាជន​ថា​យុវជន​គាំទ្រ​បក្ស​នយោបាយ​ទាំង​នោះ​ ជា​មនុស្ស​មិន​ល្អ​ដែល​ប្រការ​នេះ​វា​អាច​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​ធ្លាក់ចុះ​ផង​ដែរ​តាមរយៈ​​សកម្មភាព​មិនល្អ​ទាំងអស់​នេះ។

ដូច្នេះ​ផ្ទុយ​ពី​សកម្មភាព និង​ការសម្តែង​ឥរិយាបថ​​មិ​នល្អ​ដូច​រៀបរាប់​ខាង​លើ​យុវជន​គួរតែ​ប្រកាន់​ភ្ជាប់​នូវ​ការចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ដោយ​ភាពថ្លៃថ្នូរ និង​ដោយ​ការទទួល​ខុស​ត្រូវ​ដែល​ប្រការ​នេះ​វា​នឹង​ផ្តល់​តម្លៃ​យុវជន​ខ្លួន​ឯង ក៏ដូចជា​លើក​ប្រជាប្រិយភាព​ដល់​គណបក្ស​ដែល​ខ្លួន​គាំទ្រ​ផងដែរ។

សរុបសេចក្តី​មកវិញការចូលរួម​ឃោសនា​ជាការ​ចាំបាច់​ពី​សំណាក់​យុវជន ប៉ុន្តែ​យុវជន​មិន​គួរ​បង្វែរ​ទិដ្ឋភាព​ការឃោសនា​មក​ជា​ការប្រើ​ពាក្យ​មិនល្អ ឬ​អំពើ​ហិង្សា​ដាក់​គ្នា​នោះឡើយ។ ពីព្រោះ​ការចូលរួម​ឃោសនា ឬ​គាំទ្របក្ស​ណាមួយ​នោះវា​គឺជា​ទស្សនៈ​នៃ​ការយល់ឃើញ និង​ជាការ​អោយ​តម្លៃ​ពី​សំណាក់​យុវជន​ចំពោះ​គោលនយោបាយ​នៃ​គណបក្ស​នីមួយៗ​ដែល​ខ្លួន​ស្រលាញ់ និង​គាំទ្រ​រៀងៗខ្លួន​តែប៉ុណ្ណោះ។ វា​មិនមែនជា​វេទិកា​ដែល​គូ​សត្រូវ​ត្រូវ​បង្ហួត​និង​ប្រយុទ្ធ​គ្នា​នៅលើ​ទីលាន​សមរភូមិ​នោះ​ឡើយ។ ផ្ទុយទៅវិញវា​គ្រាន់តែជា​យុទ្ធនាការ​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​បក្ស​តែប៉ុណ្ណោះ។ ហើយ​គួរតែ​យល់​ថា​ក្នុង​គោល​នយោបាយ​នៃ​គណបក្ស​នីមួយៗ​គឺ​មាន​គោលដៅ​តែមួយ​គត់​គឺ​បម្រើ​ប្រយោជន៍​​ដល់​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍ​ជាតិ​ដូចគ្នា។

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment