សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Wednesday, July 3, 2013

ការ​បង្ក្រាប​នៅ​តែ​មិន​បន្ធូរ​ដៃ​​​ទោះ​​​ជា​ការ​បោះឆ្នោត​ជិត​មក​ដល់​ក្តីី

ភ្នំពេញៈ ការ​ប្រើ​កម្លាំង​ធ្វើ​ការ​បង្រ្កាប​ផ្ទួនៗ ទៅ​លើ​សកម្មជន​តវ៉ា​ដី​ធ្លី នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ ដែល​ហាក់​បី​ដូច​ជា​គ្មាន​ការ​បន្ធូរ​ដៃ ខណៈ​ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់ វា​ជា​សញ្ញា​ដែល​អ្នក​វិភាគ​ជឿ​ថា សំណុំ​រឿង​ជម្លោះ​ដីធ្លី នឹង​នៅ​តែ​បន្ត​ញាំ​ញី​ប្រទេស​កម្ពុជា​នៅ​ក្នុង​អាណត្តិ​ទី៥ ខាង​មុខ​ទៀត។
កាល​ពី​ម្សិលមិញ​សមាជិក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស មក​ពី​ប្រទេស​កាណាដា ប្រមាណ​ជិត ១០នាក់ បាន​ចូល​រួម​តវ៉ា​ជាមួយ​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ជាង ៥០ នាក់ បិទ​កំណាត់​ផ្លូវ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដោយ ​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ របស់​ពួក​គេ និង​ដោះលែង​សកម្មជន​ដីធ្លី អ្នក​ស្រី​យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​។ ការ​ចូល​រួម​តវ៉ា​របស់​ក្រុម​សមាជិក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ​កាល​ពី​ម្សិលមិញ គឺ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សកម្មជន​ស្ត្រី នៃ​សហគមន៍​បឹងកក់​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រាជធានី វាយ​ឲ្យ​រលូត​កូន ក្នុង​ផ្ទៃ ២​ខែ​កន្លះ នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​កាល​ពី​ថ្ងៃ​ចន្ទ។
សកម្មជន​សិទ្ធិ​មនុស្ស​មក​ពី​កាណាដា កញ្ញា Mathim Veda ដែល​បាន​ចូល​រួម​ស្រែក​តវ៉ា នៅ​លើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស មុខ​សាលា​រាជធានី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖«មុន​ពេល​ខ្ញុំ​មក​កម្ពុជា ខ្ញុំ​បាន​ទស្សនា​វីដេអូ​ឃ្លីប តាម Facebook និង Youtube ឃើញ​ថា ស្ត្រី​និង​កុមារ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​វាយ​ដំ​យ៉ាង​ឃោរឃៅ ដោយ​សារ​តែ​ការ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដី​ធ្លី​។ អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ​ក្រីក្រ​ រងគ្រោះ​ទាំង​នេះ ជា​ជាង​ការ​បង្ក្រាប​ដោយ​ហិង្សា»។
បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​អូស​បន្លាយ​ជាង ៦ ឆ្នាំ​មក​ហើយ​គិត​ចាប់​តាំង​ពី​អតីត​អភិបាល​រាជធានី កែប ជុតិមា បាន​ចុះ​កិច្ច​សន្យា​ជួល​តំបន់​នេះ​ឲ្យ​ទៅ​លោក​ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធិ​សភា គណបក្ស​ប្រជាជន ក្នុង​អំឡុង​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០០៧។
កញ្ញា ជីហុង មីន(Jihong Min) សមាជិក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ មក​ពី​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា​៖«យើង​មក​ទីនេះ គឺ​ដើម្បី​ជួយ​គាំទ្រ​ស្ត្រី​និង​កុមារ ក្នុង​សហគមន៍​បឹងកក់ ក្នុង​ការ​ទាមទារ​យុត្តិធម៌ និង​សេរីភាព សម្រាប់​ស្ត្រី​ម្នាក់​ឈ្មោះ យ៉ោម បុប្ផា​»។
កញ្ញា​ជីហុង បន្ត​ថា៖«​យើង​ជឿ​ថា អ្នក​ស្រី​យ៉ោម បុប្ផា ពិត​ជា​រង​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់។ អាជ្ញាធរ​គួរ​តែ​ដោះលែង​គាត់​ដើម្បី​ឲ្យ​គាត់​បាន​ជួប​ជុំ​ប្ដី និង​កូន​តូច​របស់​គាត់»។





វត្តមាន​របស់​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស មក​ពី​ក្រៅ​ប្រទេស​ទាំង​នេះ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​ក្រុម​មន្ត្រី​អាជ្ញាធរ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​អុជអាល​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ថ្លែង​ថា ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ គឺ​មាន​ការ​ជំរុញ​ពីក្រោយ​ដោយ​ជន​បរទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្ដាប់​តូច​។
លោក​ថ្លែង​ថា​៖​«វត្តមាន​របស់​ពួក​គេ បង្ហាញ​ថា ពួក​គេ​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​អុជ​អាល​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​ បិទ​ផ្លូវ​។ ទោះ​យ៉ាង​ណា វត្តមាន​របស់​ពួក​គេ មិន​អាច​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ នីតិវិធី ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ដែរ»។
បន្ទាប់​ពី​ឈរ​តវ៉ា​នៅ​លើ​ទ្រូង ផ្លូវ ជាង​ពីរ​ម៉ោង ដោយ​គ្មាន​ការ​ឆ្លើយ​តប ពី​មន្ត្រី​សាលា​រាជធានី ក្រុម​អ្នក​តវ៉ា បាន​បង្វែរ​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។ ប៉ុន្តែ​ការ​ព្យាយាម​របស់​ពួក​គាត់ មិន​បាន​សម្រេច​ទេ ដោយ​ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ដាក់​របាំង​បិទ​ផ្លូវ និង​មាន​ការ​ជួយ​ឈរ​ពាំង​ផ្លូវ​ពី​ក្រុម​សកម្មជន​គណបក្ស​ប្រជាជន ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
សកម្មជន​ដី​ធ្លី ម្នាក់ អ្នក​ស្រី​គង់ ចាន់ថា បាន​ស្នើ​សុំ​ឲ្យ​ក្រុម​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន និង​អាជ្ញាធរ បើក​ផ្លូវ​ឲ្យ​ពួក​គាត់ ដោយ​ថ្លែង​ថា បញ្ហា​ប្រឈម​របស់​ពួក​គាត់ ក្នុង​តំបន់​បឹងកក់ កើត​ឡើង​ដោយ​សារ​ការ​អភិវឌ្ឍ​គ្មាន​តម្លាភាព ទើប​ពួក​គាត់​មក​រក​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ជួយ។ អ្នក​ស្រី​បន្ត​ថា​៖ «អាជ្ញាធរ​រាជធានី​ពន្យារ​ការ​ដោះស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត ហាក់​ដូច​មិន​ខ្វល់​ពី​ក្ដី​ទុក្ខវេទនា​របស់​យើង​ខ្ញុំ​ជា​ពលរដ្ឋ​ក្រីក្រ​ ទេ»។
នៅ​ពេល​នោះ ក្រុម​សកម្មជន​គាំទ្រ​គណបក្ស​ប្រជាជន គិត​តែ​ពី​នាំ​គ្នា​ស្រែក​តាម​មីក្រូ​ថា​៖«បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន លេខ​រៀង​ទី៤»។ «គណបក្ស​ប្រជាជន​ហ៊ាន​ធ្វើ​ហ៊ាន​ទទួល​ខុស​ត្រូវ គណបក្ស​ប្រជាជន​ធានា​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​និង​កុមារ»។ ខណៈ​នោះ​ក្រុម​អ្នក​តវ៉ា បាន​លើក​ផ្ទាំង​បដា​រូបភាព នៃ​ការ​ប្រើ​ហិង្សា​មក​លើ​ក្រុម​អ្នក​តវ៉ា​ជា​ស្រ្តី​និង​កុមារ​បង្ហាញ​ពួក​ សកម្មជន​ទាំង​នោះ​ហើយ​ស្រែក​ថា​៖«ប៉ុន្តែ​លោក​កែប ជុតិមា មិន​ដែល​ទទួល​ខុស​ត្រូវ​នោះ​ទេ»។
ភ្លាមៗ​នោះ តំណាង​ក្រុម​អ្នក​តវ៉ា​បាន​អំពាវនាវ​កុំ​ឲ្យ​ក្រុម​អ្នក​តវ៉ា ប៉ះពារ​ពាក្យ​សម្តី​ជាមួយ​ក្រុម​សកម្មជន​គណបក្ស។ ក្រុម​អ្នក​តវ៉ា បាន​ខំ​ប្រឹង​ប្រែង​រុញ​ច្រាន​ជាមួយ​ក្រុម​សមត្ថកិច្ច ដើម្បី​រុល​ចូល​ទៅ​មុខ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​ដោយ​សារ​កម្លាំង​សមត្ថកិច្ច​មាន​ចំនួន​ច្រើន​ ជាង​ពួក​គេ​លើស​លប់។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​បាន​ថ្លែង​ថា ជម្លោះ​ដី​ធ្លី ដែល​កើត​ឡើង​ដោយ​សារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ច្បាម​យក​ដី​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ ដែល​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា ហើយ​មាន​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់ បើ​ទោះ​បី​ជា​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​ក្តី វា​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើត​មាន​វិបត្តិ​ដី​ធ្លី នៅ​តែ​បន្ត​អូស​បន្លាយ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​។
លោក​បាន​បញ្ជាក់​ថា​៖«បញ្ហា​ដី​ធ្លី​នៅ​តែ​បន្ត​កើត​មាន​ដែល​មិន​អាច​ ដោះស្រាយ​បាន ប្រសិន​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​។ ទោះ​ជា​បែប​ណា​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​ជា​គណបក្ស​ដទៃ​ទៀត​ដែរ នឹង​មិន​អាច​ដោះស្រាយ​ឲ្យ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ខ្លី​បាន​ទេ​គឺ​ទាមទារ​ ពេល​វេលា​យូរ​អង្វែង តិច​បំផុត​ក៏​៥ ឆ្នាំ​ដែរ​ទើប​អាច​ដោះ​បាន»៕
ប្រភពពី៖ Cambodia page

No comments:

Post a Comment