![]() |
អ្នកបឹងកក់ធ្វើសន្និសីទ នៅតំបន់បឹងកក់ (រូបថត ពៅ មេត្តា)
|
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រជាសហគមន៍បឹងកក់ជាង៥០នាក់ បានរៀបរាប់ពីការលំបាករបស់ពួកគាត់ ហើយអះអាងថា រដ្ឋាភិបាលមិនគិតរកដំណោះស្រាយ ពីទុក្ខលំបាកពួកគាត់ តែបែរជារកវិធីបំបែកបំបាក់ ការសាមគ្គីរបស់ពលរដ្ឋទៅវិញ។
អ្នកស្រី សុង ស្រីលាភ លើកឡើងថា រដ្ឋាភិបាលបានបង្កើតក្រុមផ្សេងៗ ដែលប្រឆាំងនឹងប្រជាសហគមន៍ ហើយចាក់ផ្សាយតាមទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដើម្បីបំបែកបំបាក់ពួកគាត់ ៖ "ពួកខ្ញុំកំពុងជួបប្រទះ បើគាត់មានឆន្ទៈដោះស្រាយមានតែបីបួនចំណុចទេ បើគាត់ដោះស្រាយវាចប់ហើយ តែគាត់អត់ដោះស្រាយ គាត់បន្តជម្លោះរ៉ាំរ៉ៃៗ រហូតដល់មានបង្កើតក្រុមម៉ូតូឌុប បង្កើតមក អ្នកបឹងកក់ប្រឆាំងគ្នាឯងទៀត និយាយរួមទៅរាជរដ្ឋាភិបាលខ្ញុំរាល់ថ្ងៃ គាត់អង្គុយគិត ដេកគិត រកតែយុទ្ធសាស្ត្រដើម្បីបំបែកប្រជាពលរដ្ឋឲ្យកាប់សម្លាប់គ្នា នេះចូលលក្ខណៈថាឲ្យខ្មែរសម្លាប់ខ្មែរគ្នាឯង ដើម្បីយកដីទៅឲ្យក្រុមហ៊ុនហើយ"។
ប្រតិកម្មរបស់ប្រជាសហគមន៍បឹងកក់ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃកន្លងទៅនេះ ទូរទស្សន៍ គាំទ្ររដ្ឋាភិបាលមាន បាយ័ន អប្សរា ស៊ីធីអ៊ីន ស៊ីអ៊ិនស៊ីជាដើម បានចាក់ផ្សាយបទសម្ភាសន៍ ជាមួយប្រជាសហគមន៍បឹងកក់៥នាក់ ដែលចោទអ្នកស្រី ទេព វន្នី មេដឹកនាំសហគមន៍ថា ប្រកាន់បក្សពួក រៀបចំការតវ៉ាដើម្បីទទួលប្រាក់ជំនួយពីបរទេស។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី ផាន ឈុនរ៉េត ថ្លែងថា ប្រជាសហគមន៍អស់សង្ឃឹមចំពោះរដ្ឋាភិបាល ក្នុងការជួយរកដំណោះស្រាយ បន្ទាប់ពីពួកគាត់ចូលជួបលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ដែលទើបឡើងកាន់តំណែងថ្មី ៖ "លោក ប៉ា សុជាតិវង្ស គាត់បានប្រាប់ពួកខ្ញុំថា តើទុកលើគាត់ទេ បើសិនជាទុកចិត្ត គាត់ដោះ បើសិនជាខ្ញុំមិនទុកចិត្តទេ ទុកចិត្តលើ វន្នី ដើរតែបាតុកម្ម អាហ្នឹងគាត់អត់ដោះទេ តែខ្ញុំឆ្លើយប្រាប់គាត់វិញ ខ្ញុំថា ទុកចិត្តជាខ្លាំង តែខ្ញុំសង្ឃឹមនោះវាទាបមែនទែន ព្រោះគាត់ធ្វើអញ្ចឹងយូរហើយបង"។
ឆ្លើយតបនឹងការចោទថា រដ្ឋាភិបាលមិនរកដំណោះស្រាយ ហើយព្យាយាមចាក់បំបែកប្រជាសហគមន៍នេះ អ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា លើកឡើងថា រដ្ឋាភិបាលបានដោះស្រាយ រឿងនេះរួចរាល់ហើយ។ លោកបញ្ជាក់ថា មិនមានហេតុផលណា ដែលរដ្ឋាភិបាលទៅចាក់បំបែកផ្ទៃក្នុងអ្នកបឹងកក់ទេ ៖ "គ្មានហេតុផលណា ដែលរដ្ឋាភិបាលនៅពីក្រោយខ្នងបញ្ហានេះ ទៅបំបែកបំបាក់ពួកគាត់ទេ អានេះជារឿងផ្ទៃក្នុងរបស់ពួកគាត់ អានេះជារឿងពិតរបស់ពួកគាត់ ដែលពួកគាត់តស៊ូនេះគឺវាជាការតវ៉ាបំពុលបរិយាកាសមួយ ដែលខ្ញុំបានមើលឃើញថា គេបានដោះស្រាយបញ្ហាហ្នឹងជូនរួចរាល់ឲ្យពួកគាត់ហើយ គាត់បានទទួលយកនូវហេតុផលហ្នឹងហើយ ប៉ុន្តែមានក្រុមមួយដែលដឹកនាំដោយ ទេព វន្នី ហ្នឹងនៅតែបន្តធ្វើការតវ៉ា អញ្ចឹងហើយបានជាគាត់មិនព្រមចូលរួមជាមួយនឹងឈ្មោះ ទេព វន្នី ហ្នឹងបានជាគេនាំគ្នាចាកចេញ"។
ជម្លោះដីធ្លីនៅតំបន់បឹងកក់ កើតមានកាលពីឆ្នាំ២០០៧ នៅពេលដែលរដ្ឋាភិបាល ផ្តល់ដីតំបន់នោះជាដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុន ស៊ូកាកូអ៊ីន អភិវឌ្ឍន៍រយៈពេល៩៩ឆ្នាំ ហើយរដ្ឋទទួលបានទឹកប្រាក់ចំនួន៧៩២០០០ដុល្លារអាមេរិក។ ដីដែលរដ្ឋផ្តល់ឲ្យទំហំ ១៣៣ហិកតា ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៤២៥២គ្រួសារ។ បច្ចុប្បន្នប្រជាពលរដ្ឋដែល មិនទាន់ដំណោះស្រាយ នៅជាង៦០គ្រួសារ។
ទន្ទឹមនឹងស្ត្រីប្រជាសហគមន៍ ចេញតវ៉ាស្ទើររាល់ថ្ងៃ ដើម្បីរកដំណោះស្រាយនោះ មានក្រុមអ្នករត់ម៉ូតូឌុបដែលសុទ្ធតែប្រុសៗ ចេញមុខតវ៉ាប្រឆាំង។ នៅប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកភូមិបឹងកក់មាន អ្នកស្រី ហេង មុំ អ្នកស្រី តុល ស្រីពៅ និងលោក ឌួង សុគា ជាដើម អំពាវនាវឲ្យពលរដ្ឋឈប់ចូលរួមតវ៉ា ជាមួយអ្នកស្រី ទេព វន្នី៕
ប្រភពពី៖ VOD
No comments:
Post a Comment