![]() |
អតីតប្រធានសភានៃរបបខ្មែរក្រហម នួន ជា (កណ្ដាល) បង្ហាញខ្លួននៅក្នុងសវនាការនាសាលាក្ដីខ្មែរក្រហមកាលពី ដើមឆ្នាំ២០០៨។ |
មេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) បានចាត់ទុកម្ចាស់អ៊ីម៉ែលនេះថា ជាសាក្សីមួយរូបដែលអាចនឹងមានព័ត៌មានដោះបន្ទុកកូនក្ដីលោកដោយ ផ្ទាល់ ទាក់ទងទៅនឹងការចោទប្រកាន់ថា មានការកាប់សម្លាប់មន្ត្រីកំពូលៗនៃរបប លន់ នល់ ដែលសហព្រះរាជអាជ្ញានិយាយថា ស្ថិតក្នុងវិសាលភាពនៃសវនាការនេះ។
លោក វីកទ័រ កូប៉េ៖ «សាក្សី ធី.ស៊ី.ដាប់ប៊លយូ ៣៨២ (TCW 382) គាត់អាចពន្យល់ពីវីដេអូ ដែលគាត់បានផលិត ដែលសហព្រះរាជអាជ្ញាយកមកប្រើជាភស្តុតាងដាក់បន្ទុក។ ដែលតាមពិតនោះ ជាភស្តុតាងដោះបន្ទុកទេ។ ក្នុងបរិបទនេះដែរ យើងស្នើសុំឱ្យអង្គជំនុំជម្រះយកអ៊ីម៉ែលនេះជាភស្តុតាងថ្មី... អ៊ីម៉ែលនេះយើងមិនទទួលបានពីមុនទេ។ ចំណុចទីពីរ យើងសុំឱ្យកោះអញ្ជើញសាក្សីរូបនេះ ឬស៊ើបអង្កេតឱ្យបានលម្អិត ហើយទីបី សុំផ្អាកសក្ខីកម្មលោក ស្ទីវ ហេដឌ័រ ផ្អែកលើភាពពាក់ព័ន្ធនៃសវនាការនេះ»។
ការស្នើសុំឱ្យអង្គជំនុំជម្រះទទួលយកភស្តុតាងថ្មីរបស់លោក វីកទ័រ កូប៉េ ត្រូវបានតវ៉ាជំទាស់ដោយភាគីសហព្រះរាជអាជ្ញា និងមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី ដោយចាត់ទុកសំណើសុំនេះ ថាជាការធ្វើឱ្យភ្ញាក់ផ្អើលដល់អង្គជំនុំជម្រះ៖ «តុលាការត្រូវ ទទួលយកសំណើសុំ និងវិភាគទៅលើភស្តុតាង។ ដូច្នេះ មិនត្រូវងើបឡើងធ្វើបែបតក់ក្រហល់ ធ្វើឱ្យមានការភ្ញាក់ផ្អើលបែបនេះទេ។ អ៊ីម៉ែលបែបនេះ មិនអាចជួយស្អីលោកបានសោះ។ ដូច្នេះ ខ្ញុំសុំឱ្យអង្គជំនុំជម្រះបដិសេធចោលអ៊ីម៉ែល បដិសេធសំណើនេះ មិនបាច់ពន្យារពេលវេលាសមហេតុសមផលណាមួយទេ គឺភ្លាមៗនេះតែម្ដង។ អ៊ីម៉ែលនេះគ្មានប្រយោជន៍អីនោះទេ»។
ភស្តុតាងដែលជជែកតវ៉ានេះ គឺទាក់ទងនឹងគោលការណ៍សម្លាប់ទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់។ ភស្តុតាងដែលមេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ នួន ជា អះអាងថា ជាភស្តុតាងថ្មីនេះ គឺចង់បញ្ជាក់ថា ការសម្លាប់នេះ គឺមានព័ត៌មានទាក់ទងនឹងកម្មាភិបាលភូមិភាគពាយព្យឈ្មោះ រស់ ញឹម តាមរយៈអ្នកផលិតខ្សែភាពយន្ត។ សហព្រះរាជអាជ្ញាស្នើសុំឱ្យមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ដាក់សំណើជាលាយលក្ខណ៍អក្សរ ប្រសិនបើមានភស្តុតាងថ្មីមែន។
ទោះជាយ៉ាងណាក្ដី អង្គជំនុំជម្រះមិនបានផ្អាកសវនាការស្ដាប់សក្ខីកម្មសាក្សី ស្ទីវ ហេដឌ័រ តាមការស្នើសុំរបស់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា ទេ។ សាក្សី ស្ទីវ ហេដឌ័រ ត្រូវបានសួរដេញដោលជុំវិញព័ត៌មានទាក់ទងនឹងរបបខ្មែរក្រហម តាមរយៈអត្ថបទសារព័ត៌មាន សៀវភៅដែលលោកសរសេរ និងព័ត៌មានដែលលោកបានសម្ភាសជាមួយជនរងគ្រោះនៅក្នុងរបបខ្មែរ ក្រហម។
សវនាការសាលាដំបូង នឹងត្រូវធ្វើបន្តនៅថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា ទៀត៕
ប្រភពពី៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment