![]() |
អ្នកសរសេរBlog វៀតណាមដាក់ញត្តិប្តឹងទៅរដ្ឋាភិបាលដើម្បីសេរីភាពបញ្ចេញមតិ
DR
|
រដ្ឋាភិបាលកុម្មុយនិស្តបានបញ្ចេញអាវុធថ្មីប្រឆាំងនឹង
អ្នកប្រើប្រាស់អ៊ីនធ័រណេត។ ក្រឹត្យថ្មី របស់រដ្ឋាភិបាល
ដែលចេញផ្សាយជាសាធារណៈ តាំងតែពីយប់ថ្ងៃពុធនោះ
បានហាមឃាត់មិនឲ្យអ្នកប្រើប្រាស់អ៊ីនធ័រណេត ចែកចាយបន្ត
នូវព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងបណ្តាញសង្គម ដូចជា
Facebook Twitter ឬវិបសៃតិ៍ផ្ទាល់ខ្លួន
ដូចជាBlog ជាដើម។
ដូចជាBlog ជាដើម។
អ្នកប្រើប្រាស់អ៊ីនធ័ណេតនៅមានមួយខែទៀត ដើម្បីចែកចាយដំណឹង ឬព័ត៌មានរបស់កាសែត នៅតាមបណ្តាញសង្គម ព្រោះថា ក្រឹត្យរបស់រដ្ឋាភិបាលនឹងចាប់មានសុពលភាព ចាប់ពីខែកញ្ញា ខាងមុខនេះ។ ក្រឹត្យរបស់រដ្ឋាភិបាលវៀតណាមបានហាមឃាត់ មិនឲ្យគេយកបណ្តាញសង្គមដូចជា Facebook Twitter Blogដើម្បីផ្សាយបន្តនូវព័ត៌មានបច្ចុប្បន្នភាពនានា ដែលទីភ្នាក់ងារព័ត៌មាន កាសែត ឬវិបសៃតិ៍ព័ត៌មានរបស់រដ្ឋបានចុះផ្សាយរួចហើយនោះទេ។
លោកLe Nam Thang អនុរដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម បាននិយាយប្រាប់វិបសៃតិ៍ព័ត៌មានឈ្មោះ VietnamNet ថា គោលដៅរបស់ច្បាប់ថ្មីរបស់រដ្ឋាភិបាល គឺដើម្បីឲ្យអ្នកប្រើប្រាស់ អ៊ីនធ័រណេតទទួលបានព័ត៌មានពិត និងត្រឹមត្រូវ។ យោងតាមក្រឹត្យថ្មី អំណើះតទៅ អ្នកប្រើបណ្តាញសង្គម Facebook Twitter Blog មានសិទ្ធិត្រឹមចែកចាយព័ត៌មានផ្ទាល់ខ្លួន ប៉ុន្តែ លែងអាចចែកចាយដំណឹងរបស់សារព័ត៌មានបានដូចមុនទៀតហើយ។
ច្បាប់ថ្មីដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីវៀតណាម មិនបានបញ្ជាក់ពីវិធីត្រួតពិនិត្យ ឬទោសទណ្ឌ ទៅលើអ្នកដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់របស់រដ្ឋាភិបាលនោះទេ។ សម្រាប់អ្នកតាមដាន ការពារសិទ្ធិអ្នកប្រើប្រាស់អ៊ីនធ័រណេត ច្បាប់នេះមិនត្រឹមតែហាមឃាត់មិនឲ្យចែកចាយ ប៉ុណ្ណោះទេ ប៉ុន្តែ វានឹងហាមឃាត់ផងដែរ មិនឲ្យមានការពិភាក្សា ឬឲ្យយោបល់នៅតាមFacebookទៅលើព័ត៌មានដែលចុះផ្សាយនៅក្នុងកាសែត។
ក្រឹត្យចេញថ្មីសំដៅផងដែរក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធ័រណេត ដោយរដ្ឋាភិបាលបានហាមពួកគេមិនឲ្យផ្តល់ព័ត៌មានទាំងឡាយណា ដែលគេនឹងយកទៅប្រើដើម្បីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម បំផ្លាញសន្តិសុខ បំបែកបំបាក់ជាតិ ឬក៏យកទៅបង្កជាអសណ្តាប់ធ្នាប់សង្គម។
នៅក្នុងប្រទេសវៀតណាម ទូរទស្សន៍ វិទ្យុ និងកាសែត សុទ្ធស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល។ ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ មនុស្សកាន់តែច្រើន បែរទៅរកទទួលព័ត៌មានពីបណ្តាញសង្គម ដូចជាBlog ជាដើម។ រហូតមក អ្នកប្រើប្រាស់អ៊ីនធ័រណេតបានប្រើប្រាស់បណ្តាញសង្គមFacbook ដើម្បីសំដែងសេរីភាពបញ្ចេញមតិ ដោយជៀសផុតពីការតាមដានត្រួតពិនិត្យរបស់អាជ្ញាធរ។
ចាប់តាំងពីដើមឆ្នាំ ២០១៣ សកម្មជនដើម្បីសេរីភាពបញ្ចេញមតិយ៉ាងតិច ៤៦នាក់ត្រូវបានរដ្ឋាភិបាលចាប់ និងផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេលវែង ក្នុងបទចោទប្រកាន់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល។ គ្រាន់តែនៅខែ មិថុនាតែមួយ អ្នកសរសេរBlog វៀតណាម ៣នាក់ត្រូវរដ្ឋាភិបាលចាប់ដាក់គុក ពីបទធ្វើការឃោសនាប្រឆាំងរដ្ឋាភិបាល។ បទចោទប្រកាន់ដែលរដ្ឋាភិបាលវៀតណាមឧស្សាហ៍យកមកប្រើដើម្បីបិទមាត់ អ្នកប្រឆាំង។
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment