សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, August 29, 2013

និស្សិត​ស្រី​វ័យក្មេង​ផ្នែក​ព័ត៌មាន​វិទ្យា​ជាប់​កម្មសិក្សា​ទៅ​អាមេរិក


 «​បើ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​មួយ​នៅ​មិន​ទាន់​រីកចម្រើន ​ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ​ក៏​មិន​សូវ​រីកចម្រើន​ខ្លាំង​ដែរ​» នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​និស្សិត​ស្រី​ផ្នែក​ព័ត៌មានវិទ្យា​មួយ​រូប​ដែល​បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ ​កាលពី​ខែ​ ឧសភា ​ឆ្នាំ ​២០១៣​ នេះ​ បន្ទាប់ពី​កញ្ញា​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធ​សិក្សា​ដែល​មាន​ឈ្មោះ​ថា​ UGRAD ផ្នែក​ Software Engineering នៅឯ​សហរដ្ឋអាមេរិក​។
កញ្ញា​យល់​ថា​បច្ចេកវិទ្យា​គឺជា​ធាតុផ្សំ​មួយ​ធាតុផ្សំ​សំខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​។​តើ​និស្សិត​ម្នាក់​នេះ​បាន​ឆ្លងកាត់​អ្វីខ្លះ​ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ​ទៅ​ទឹកដី​ស៊ីវិល័យ​ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា​?
កញ្ញា ​ង៉ែត ​រចនា ​នឹង​ក្លាយ​ទៅ​ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ខែ​កញ្ញា ​ខាង​មុខ​នេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។
ក្រៅពី​កម្មសិក្សា​កញ្ញា​ថែម​ទាំង​បាន​ចូលរួម​ការងារ​សហគមន៍ ដែល​រៀបចំ​ដោយ​សមាគម FUS​AAC របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ទៀត​ផង​។ ​កញ្ញា​ជា​មេក្រុម​ផ្នែក​រដ្ឋបាល​ក្នុង​សិក្ខាសាលា​ Major and Career Fair។
ដោយ​មាន​ឆន្ទៈ​ហ៊ាន​ពុះពារ​ឧបសគ្គ​នៅក្នុង​បច្ចេកវិទ្យា​ចាប់​តាំង​ពី​ពេល​រៀន​នៅ​វិទ្យាល័យ​កញ្ញា រចនា ដែល​មាន​ឪពុក​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​នេះ​ផង​ដែរ​នោះ​ក៏​បាន​សម្រេច​ចិត្ត​ចាប់​យក​ជំនាញ​ព័ត៌មានវិទ្យា​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​។​បន្ថែម​ពី​នេះ កញ្ញា​មើល​ឃើញ​ថា​ផ្នែក​ព័ត៌មាន​ពុំ​សូវ​មាន​និស្សិត​ស្រី​រៀន​ច្រើន​នោះ​ទេ​ដោយ​កញ្ញា​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ចង់​លេចធ្លោ​!​»។
បើ​ទោះ​ជា​មាន​ការ​អនុញ្ញាត​ពី​ក្រុម​គ្រួសារ​ឲ្យ​កញ្ញា​រៀន​ផ្នែក​នេះ​ក៏​ដោយ ក៏​ការ​យល់​ស្រប​នេះ​មិនមែន​ជា​មូលហេតុ​ដែល​យុវតី​រូប​នេះ សម្រេច​ចិត្ដ​ជ្រើសរើស​ជំនាញ​នេះ​ឡើយ​។​ ប៉ុន្ដែ​វា​កើត​ចេញ​ពី​ការ​ស្រឡាញ់​ផ្នែក​ច្នៃ​បច្ចេកវិទ្យា​និង​ងឿងឆ្ងល់​ពី​វិធី​ដែល​កុំព្យូទ័រ​ជួយ​ការងារ​មនុស្ស​។
ចាប់ផ្ដើម​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​២​ឆ្នាំ​កញ្ញា រចនា​ផ្ដោត​សំខាន់​ទៅ​លើ​តែ​ការ​សិក្សា​ក្នុង​សាលា​មួយ​មុខ​ប៉ុណ្ណោះ​ពីព្រោះ​កញ្ញា​មាន​ផែនការ​ច្បាស់លាស់​ថា​នឹង​ស្វែងរក​បទពិសោធ​នៅ​ឆ្នាំ​ទី​៣​។


អំឡុងពេល​វិស្សមកាល​នេះ កញ្ញា​រចនា​បាន​កំពុង​ធ្វើ​កម្មសិក្សា​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ​Atech IT Solution Group​ ដែល​នៅ​ទី​នោះ​កញ្ញា​ធ្វើការ​ទាក់ទង​ទៅ​នឹង​ផ្នែក Programming,​ Software Development, System Analysis និង Design។
យុវតី​ស្រឡាញ់​ផ្នែក​ព័ត៌មានវិទ្យា​រូប​នេះ​បាន​និយាយ​ថា​៖​«​ខ្ញុំ​ចាប់ផ្ដើម​ចុះ​ធ្វើ​កម្មសិក្សា​និង​ការងារ​ស្ម័គ្រចិត្ត​ផ្សេង​ៗ​នៅក្នុង​ឆ្នាំ​ទី​៣​ហើយ​ខ្ញុំ​ក៏​មាន​ឱកាស​ធ្វើ​ជា​អ្នក​បង្រៀន​ផ្នែក Java Programming ​ក្នុង​ថ្នាក់​មួយ​»។
​កញ្ញា​បន្ថែម​ថា​៖​«​ខ្ញុំ​ថែម​ទាំង​បាន​ចុះ​កម្មសិក្សា​ផ្នែក​ស្រាវជ្រាវ​ទៅ​លើ​ Java Security ជាមួយ​គ្រូ​ទៀត​ផង​»។
កញ្ញា​ផ្តាំផ្ញើ​ដល់​និស្សិត​ដែល​ចង់​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ឬ​ចង់​ទៅ​សិក្សា​ផ្នែក​នេះ​នៅ​បរទេស​ពង្រឹង​ចំណេះដឹង​ភាសា​អង់គ្លេស​។​កញ្ញា​បន្ដ​ថា​៖ «​ភាគច្រើន​ឯកសារ​និង​ពាក្យ​បច្ចេកទេស​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​»។
ដោយ​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ជម្នះ​នឹង​ចម្ងល់​ខ្លួនឯង​ថា​តើ​ហេតុអ្វី​សិស្ស​ដទៃ​ទៀត​អាច​ទៅ​រៀន​នៅ​បរទេស​បាន​ហើយ​មាន​អ្វី​ដែល​កញ្ញា​ធ្វើ​មិន​បាន​នោះ​។​នៅក្នុង​ឆ្នាំ​ទី​៣​ដដែល​កញ្ញា​ទទួល​បាន​ឱកាស​ទៅ​បន្ត​ក្ដីស្រមៃ​របស់​ខ្លួន​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធ​សិក្សា​ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។
ឧបសគ្គ​ពីរ​សំខាន់​ៗ​អំឡុង​ពេល​សិក្សា​នៅ​សហរដ្ឋអាមេរិក​គឺជា​ការ​ខិតខំ​សិក្សា​និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌​ខុស​ៗ​គ្នា​នៅ​ទី​នោះ​។
កញ្ញា រចនា​បាន​ឲ្យ​ដឹង​ថា​៖​«​ក្នុង​ពេល​សិក្សា​នៅ​ទី​នោះ ខ្ញុំ​ត្រូវ​ខំប្រឹង​ខ្លាំង​ជាង​មុន​ជាពិសេស​ធ្វើការ​ស្រាវជ្រាវ​ច្រើន​ដោយ​ខ្លួនឯង​។​ការ​រៀបចំ​ឥរិយាបថ​ឲ្យ​ស្រប​ទៅ​តាម​វប្បធម៌​របស់​អាមេរិក​គឺជា​កត្ដា​ចម្បង​ផង​ដែរ​។ ​ខ្ញុំ​ត្រូវតែ​ពូកែ​ផ្នែក​ទំនាក់ទំនង​ដើម្បី​កុំ​ឲ្យ​នឹក​ផ្ទះ​»។
គួរ​ឲ្យ​កត់សម្គាល់​ថា​កញ្ញា រចនា​ជា​និស្សិត​ស្រី​ផ្នែក​ព័ត៌មានវិទ្យា​តែ​មួយ​គត់​ចំណោម​និស្សិត​ដទៃ​រយៈពេល​២​ឆមាស​ដែល​កញ្ញា​បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក​។
និស្សិត​ឯករាជ្យ​រូប​នេះ​មាន​មោទនភាព​ណាស់​ចំពោះ​ភាព​លេចធ្លោ​របស់​ខ្លួន​ដោយ​និយាយ​ថា​៖​«​ចំពោះ​ខ្ញុំ​ឧបសគ្គ​ទាំងនោះ​ហើយ​ទើប​អាច​ធ្វើឲ្យ​ខ្ញុំ​លេចធ្លោ​ពីព្រោះ​ខ្ញុំ​អាច​ស៊ូទ្រាំ​ដែល​អ្នក​ដទៃ​ខ្លះ​ធ្វើ​មិន​បាន​»។
លទ្ធផល​របស់​កញ្ញា រចនា ដែល​បាន​ឈាន​ដល់​ទឹកដី​ស៊ីវិល័យ​នោះ​បាន​មកពី​ការ​លើក​ទឹកចិត្ត​ខ្លួនឯង​និង​ចំណង់ចំណូល​ចិត្ត​ពី​ការ​យល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ហើយ​និស្សិត​ស្រី​កម្ពុជា​មួយ​រូប​នេះ​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​បង្កើត ​Software អាជីព​ (Professional Software Developer) នៅ​ថ្ងៃ​អនាគត​។
សម្រាប់​កញ្ញា​បច្ចេកវិទ្យា​គឺជា​ផ្នែក​មួយ​ដែល​មនុស្ស​រាល់​គ្នា​អាច​ចូលរួម​បាន​។​យុវតី​រចនា​បាន​ផ្ដោត​សំខាន់​ថា​៖​«​ខ្ញុំ​ចង់​ជំរុញ​ឲ្យ​និស្សិត​ស្រី​ដូច​ខ្ញុំ ឈប់​ភ័យខ្លាច​ពី​ផ្នែក​នេះ​។​យើង​ត្រូវ​ចេះ​លើក​ទឹកចិត្ត​ខ្លួនឯង​ដើម្បី​ដើរ​ទៅ​មុខ​»៕​
 ប្រភពពី៖ ខេមបូឌាផេក


No comments:

Post a Comment