![]() |
លោក ហេង ឈាង ត្រូវចោមរោមឱបរឹតដោយក្រុមសាច់ញាតិនៅសាលាឧទ្ធរណ៍កន្លងមក។ រូបថត ហុង មិនា |
ភ្នំពេញៈ តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុគ្គលិកជំនាញនិងជាសវនករផ្ទៃក្នុងរបស់ក្រុមហ៊ុន អានកូរបស់លោកឧកញ៉ា កុក អានពីបទក្លែងដោយអ្នកជំនាញ បន្ទាប់ពីលោក កុក អានទទួលស្គាល់ថា លោកហេង ឈាង អតីតអគ្គនាយករងបានចាត់ចែងការចំណូលចំណាយក្នុងក្រុមហ៊ុនបាន ត្រឹមត្រូវ។
យោង តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ចុះថ្ងៃទី១៨ សីហា ២០១៣ ដែលភ្នំពេញប៉ុស្តិ៍ ទើបទទួលបាន តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ត្រាក់ សុផាត ប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ ជាបុគ្គលិកក្រុមហ៊ុនអានកូ មានទីលំនៅផ្ទះលេខ៣២៧ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគូកនពីបទ«ក្លែងដោយអ្នកជំនាញ»។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងតែស្ថិតនៅលើដៃលោកចៅ ក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
នៅក្នុងដីកាសន្និដ្ឋានខាងលើបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១១ ឈ្មោះ ត្រាក់សុផាត ជាជំនួយការប្រធានសវនកម្មផ្ទៃក្នុងក្រុមហ៊ុន អានកូ បានធ្វើរបាយការណ៍ជូនលោកឧកញ៉ា កុក អានថា«លោកហេងឈាង»បានដកប្រាក់មិនប្រក្រតីមានទឹកប្រាក់ចំនួន ៧.៦៤៦.១២០ដុល្លារអាមេរិកពីធនាគារពីរ គឺធនាគារ កម្ពុជាសាធារណ: តាមគណនីលេខ១០-៣២០៧-៨ មានទឹកប្រាក់ ៤.៦៨៤.១២០ ដុល្លារអាមេរិក និងពីធនាគារសហពាណិជ្ជគណនី លេខ១០០-២២៦-០០៣៧៨០-០ មានទឹកប្រាក់ចំនួន ២.៩៦២.០០០ ដុល្លារអាមេរិក។
ក្នុងដីកាលោកស្រីព្រះរាជអាជ្ញារងបានឲ្យដឹង ថាក្នុងរបាយការណ៍ខាងលើឈ្មោះ ត្រាក់ សុផាត បានស្រង់ពីប្រតិបត្តិការតែមួយចំហៀង។ ឯចរន្តក្នុងការផ្ទេរប្រាក់ចេញលោក ត្រាក់ សុផាតពុំបានធ្វើរបាយការណ៍ឡើយ។ ដោយសារតែរបាយការណ៍ខាងលើនេះទើបលោក កុក អាន ដាក់បណ្តឹងបន្ថែមប្តឹងឈ្មោះ ហេង ឈាង និងឈ្មោះ ទេព កុលាបមកអយ្យការអមសាលាដំបូងរាជធានី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១។ ក្រោយមកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ លោក កុក អាន បានធ្វើសារណាឆ្លើយតបជូនតុលាការកំពូលដោយបញ្ជាក់ថា ការដកប្រាក់ ៣.៦៨៤.១២០ដុល្លារអាមេរិកពីធនាគារកម្ពុជាសាធារណ:នោះជាការ ដកប្រាក់មានលក្ខណ:ត្រឹមត្រូវដែលលោក កុក អាន ក៏បានទទួលស្គាល់ឯកភាពដកចេញហើយដែរ។
លោកស្រី ស៊ឺ វណ្ណនី ក៏បានបញ្ជាក់ថា៖«អំពើខាងលើនេះ គឺជាបទល្មើសក្លែង ដោយអ្នកជំនាញប្រព្រឹត្តនៅក្រុមហ៊ុនអានកូ អគារលេខ២០ ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនាឆ្នាំ២០១១ជាបទល្មើសដែលបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា៥៥១ នៃក្រមព្រហ្មទណ្ឌ»។
លោក ច័ន្ទ បូរ៉ា ជាញាតិរបស់លោកហេង ឈាង និងអ្នកស្រីទេព កុលាប បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ដោយសាររបាយការណ៍ មិនប្រក្រតីរបស់ឈ្មោះ ត្រាក់ សុផាត នេះហើយបានធ្វើឲ្យតុលាការរាជធានីភ្នំពេញ ឃុំខ្លួន ប្តីប្រពន្ធលោកហេង ឈាង យ៉ាងអយុត្តិធម៌នោះ។
លោក បូរ៉ា និយាយថា បច្ចុប្បន្ននេះលោកហេង ឈាង បានជាប់ពន្ធនាគារអស់រយៈពេលជាង ២ឆ្នាំ គឺបានទទួលទោសជាង២ភាគ៣ហើយ។ តែនៅពេលនេះ ទើបលោក ឧកញ៉ា កុក អាន ទទួលស្គាល់ថា ការបញ្ជាលើចំណូលចំណាយប្រាក់ក្នុងក្រុមហ៊ុនអានកូ របស់លោកហេង ឈាង នោះគឺពិតជាការត្រឹមត្រូវ។ នេះ គឺជាអំពើអយុត្តិធម៌ខ្លាំងណាស់ចំពោះលោក ហេង ឈាង និង ក្រុមគ្រួសារគាត់។
គួរបញ្ជាក់ថា ឈ្មោះ ត្រាក់ សុផាត ធ្លាប់ត្រូវតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ«ក្លែងដោយ អ្នកជំនាញ» និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការម្តងហើយ (លើកទី១)នៅក្នុងឆ្នាំ ២០១១ ប៉ុន្តែគាត់ ត្រូវលោកលាង សំណាត់ ដែលជាចៅក្រមស៊ើបសួរ និងជាចៅក្រមជំនុំជម្រះនៅក្នុងរឿងក្តីលោកហេងឈាង-ទេព កុលាប និងលោក កុក អាននេះផង លើកការចោទប្រកាន់។ តែបន្ទាប់ពីមានការទទួលស្គាល់ អំពីការបញ្ជាការចំណូលនិងចំណាយប្រាក់របស់លោកហេង ឈាង ពីលោកឧកញ៉ា កុក អាននោះតំណាងអយ្យការ ក៏បានធ្វើការចោទប្រកាន់ ឈ្មោះ ត្រាក់ សុផាត ជាលើកទី។
ជុំវិញរឿងក្តីពាក់ព័ន្ធនិងលុយកាក់ច្រើនរបស់ពាណិជ្ជករមាន មុខមាត់នេះ មជ្ឈដ្ឋានអ្នកតាមកំពុងរង់ចាំមើលថា តើតុលាការ នឹងចាត់ការបន្តយ៉ាងមេច?
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment