ការបើកកញ្ចប់សុវត្ថិភាព “ក” ចំនួន ១៣ការិយាល័យនៃឃុំស្វាយជ្រះ ខេត្តក្រចេះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ បានធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិមើលឃើញយ៉ាងច្បាស់ពីឧបាយកលអាក្រក់របស់ គ.ជ.ប ក្នុងការលួចបន្លំសន្លឹកឆ្នោតជួយដល់គណបក្សប្រជាជនកម្ពុជា។ តាមរយៈការបើកកញ្ចប់សុវត្ថិភាព “ក” ១៣ការិយាល័យ នៅខេត្តក្រចេះនោះ គឺ គ.ជ.ប ដែលមានបុគ្គល អុឹម សួស្តី និង ទេព នីថា ជាប្រធាន និងជាអគ្គលេខាធិការ មិនអាចបិទបាំងមុខមាត់អាក្រក់របស់ខ្លួនតទៅទៀតបានឡើយ។ ដូច្នេះការដែលគណបក្សសង្គ្រោះជាតិគ្រោងដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងចោទប្រកាន់បុគ្គល អុឹម សួស្តី និងទេព នីថា ពីបទក្លែងឯកសារ និងលួចបន្លំសន្លឹកឆ្នោតបំពានលើឆន្ទៈប្រជាពលរដ្ឋ គឺជារឿងសមស្របបំផុត។ ជាមួយគ្នានេះជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងថ្កោលទោសបុគ្គល អុឹម សួស្តី និង ទេព នីថា យ៉ាងខ្លាំងក្លា ព្រោះពួកគេជាមេខ្លោងប្រើល្បិចកលលួចបន្លំសន្លឹកឆ្នោតឆក់ប្លន់យកជ័យជំនះរបស់គណបក្សសង្គ្រោះជាតិទៅប្រគល់ឱ្យគណបក្សប្រជាជន។ ឥឡូវនេះការពិតបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតរួចទៅហើយ ជុំវិញល្បិចកលអាក្រក់របស់ គ.ជ.ប ឃុបឃិតជាមួយគណបក្សកាន់អំណាចឆក់ប្លន់ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ហើយនៅទីបំផុតក្រុមមេដឹកនាំ គ.ជ.ប មិនអាចបិទបាំងមុខមាត់ដ៏អាក្រក់ជួជាតិរបស់ខ្លួនបានទេ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែសីហា លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់ថាបើយោងតាមលទ្ធផលក្នុងកញ្ចប់សុវត្ថិភាព “ក” គឺគណបក្សសង្គ្រោះជាតិអាចទទួលបាន១អាសនៈ ថែមទៀតក្នុងមណ្ឌលខេត្តក្រចេះ។ លោកប្រធាន សម រង្ស៊ី បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិថា លោកនឹងទាមទារឱ្យបើកកញ្ចប់សុវត្ថិភាព “ក” នៅតាមបណ្តាខេត្តផ្សេងៗទៀត មិនមែនតែនៅខេត្តក្រចេះមួយទេ។ លោក សម រង្ស៊ី បានហៅការលួចបន្លំសន្លឹកឆ្នោតដែលប្រព្រឹត្តដោយ គ.ជ.ប ថាជាទង្វើបិសាច ហើយបិសាចគឺលាក់ខ្លួននៅក្នុងរឿងលំអិត នៅក្នុងទិន្នន័យលំអិត នៅក្នុងតួលេខលំអិត ហើយបិសាចនោះគឺជាភាពទុច្ចរិតរបស់គណបក្សប្រជាជន ភាពទុច្ចរិតរបស់ គ.ជ.ប ដែលបម្រើឱ្យគណបក្សប្រជាជន គឺភាពទុច្ចរិតនៃការលួចបន្លំសន្លឹកឆ្នោត បានធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតក្រឡាប់ចាក់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលចូលរួមពិនិត្យមើលការបើកកញ្ចប់សុវត្ថិភាព “ក” ១៣ការិយាល័យសម្រាប់មណ្ឌលបោះឆ្នោតឃុំស្វាយជ្រះ ខេត្តក្រចេះ កាលពីថ្ងៃទី២៥ ខែសីហា បានរិះគន់ថាភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោតមានលក្ខណៈធ្ងន់ធ្ងរ ហើយ គ.ជ.ប ជាអ្នកទទួលខុសត្រូវទាំងស្រុង។
នៅពេលដែលគណបក្សសង្គ្រោះជាតិ និងក្រុមមន្ត្រីសង្គមស៊ីវិលរកឃើញភស្តុតាងនៃអំពើលួចបន្លំសន្លឹកឆ្នោតយ៉ាងក្រឡៅៗ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងទទួលរងនូវសេចក្តីអាម៉ាស់យ៉ាងខ្លាំង ហើយនៅទីបញ្ចប់គណបក្សប្រជាជនប្រាកដជារុញឱ្យ គ.ជ.ប ទទួលខុសត្រូវតែម្នាក់ឯង។ បើទោះបីកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ បុគ្គល ទេព នីថា អគ្គលេខាធិការ គ.ជ.ប ធ្វើសន្និសីទសារព័ត៌មាន ហើយលើកឡើងថាភាពមិនប្រក្រតីនៃការបោះឆ្នោតជាកំហុសបច្ចេកទេសរបស់មន្ត្រីថ្នាក់ក្រោមយ៉ាងណាក៏ដោយ ក៏ការពិតមេដឹកនាំជាន់ខ្ពស់ គ.ជ.ប មិនអាចគេចវេះពីការទទួលខុសត្រូវបានឡើយ។ នៅក្នុងក្រសែភ្នែកប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសពេលនេះ បុគ្គលអុឹម សួស្តី និង ទេព នីថា គឺជាមេខ្លោងប្រព្រឹត្តអំពើអាក្រក់លួចបន្លំសន្លឹកឆ្នោត ឬហៅឱ្យងាយស្តាប់ថាជាក្រុមមេចោរលួចបន្លំសន្លឹកឆ្នោត។ ដូច្នេះការប្រព្រឹត្តខុសច្បាប់របស់ពួកគេគេចមិនផុតពីការផ្តន្ទាទោសឡើយ ព្រោះភស្តុតាងនៃអំពើលួចបន្លំសន្លឹកឆ្នោតត្រូវបានបើកកកាយជាសាធារណៈរួចទៅហើយ គឺគ្មានវិធីណាមួយអាចបិទបាំងអំពើដ៏អាក្រក់នោះបានឡើយ។
ក្រុមអ្នកច្បាប់ពីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថាមុខមាត់ជាមេខ្លោងលួចបន្លំសន្លឹកឆ្នោតរបស់បុគ្គល អុឹម សួស្តី និងទេព នីថា ដែលត្រូវបើកកកាយនៅពេលនេះ គឺជាភស្តុតាងជាក់ស្តែងបង្ហាញថាគណបក្សប្រជាជនចាញ់ឆ្នោត ហើយលោក ហ៊ុន សែន កំពុងប្រើល្បិចកលសព្វបែបយ៉ាងដើម្បីក្រាញអំណាច។ នៅទីបញ្ចប់គេមិនដឹងថាក្រុមមេដឹកនាំ គ.ជ.ប អាចបើកកកាយពីមុខមាត់អ្នកបញ្ជាពីក្រោយខ្នងរបស់ពួកគេ ឬយ៉ាងណានោះទេ នៅក្រោយពេលដែលប្រជាពលរដ្ឋខ្មែរទាមទារឱ្យមានការកាត់ទោសបុគ្គល អុឹម សួស្តី និងទេព នីថា តាមផ្លូវច្បាប់។ ដោយហេតុថាអំណាចប្រជាពលរដ្ឋនៅក្នុងអាណត្តិទី៥ នេះមានសភាពខ្លាំងក្លាណាស់ ពួកគាត់មិនបណ្តោយឱ្យ គ.ជ.ប ឃុបឃិតជាមួយគណបក្សប្រជាជនកម្ពុជាលួចបន្លំសន្លឹកឆ្នោតបំពានលើឆន្ទៈរបស់ពួកគាត់បានតាមអំពើចិត្តទេ។ ប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោតត្រូវការយុត្តិធម៌តាមផ្លូវច្បាប់ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋមានអំណាចពេញលេញក្នុងការជ្រោមជ្រែងឱ្យមេដឹកនាំណាម្នាក់ឡើងគ្រប់គ្រងអំណាច ឬទម្លាក់មេដឹកនាំណាម្នាក់ចេញពីអំណាចតាមរយៈការបោះឆ្នោត។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថាមកដល់ពេលនេះទោះបីជាប្រើវិធីអ្វី ក៏ គ.ជ.ប មិនអាចបិទបាំងមុខមាត់អាក្រក់របស់ខ្លួនបានដែរ ហើយទង្វើអាក្រក់របស់ គ.ជ.ប ក្នុងការលួចបន្លំសន្លឹកឆ្នោតជួយដល់គណបក្សប្រជាជនកំពុងត្រូវបានលាតត្រដាងជាសាធារណៈ។ នៅពេលដែលមុខមាត់អាក្រក់របស់ គ.ជ.ប ត្រូវបានបើកកកាយបែបនេះ ស្រាប់តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនមួយចំនួនព្យាយាមគេចវេះមិនហ៊ានទទួលស្គាល់ការពិតដោយនិយាយថាទង្វើរបស់ គ.ជ.ប មិនពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជាទេ។ សំដីរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបែបនេះគឺជាការព្យាយាមបិទបាំងអំពើអាក្រក់របស់ខ្លួន ក្នុងការឃុបឃិតជាមួយ គ.ជ.ប ប្រើល្បិចលួចបន្លំសន្លឹកឆ្នោត ហើយគេមិនដឹងថានៅទីបំផុតក្រុមមេដឹកនាំ គ.ជ.ប អាចឆ្លើយសារភាពថា ពួកគេធ្វើតាមបញ្ជារបស់គណបក្សប្រជាជន ឬយ៉ាងណានោះទេ។ ដូច្នេះឆាកល្ខោននៃការលួចបន្លំសន្លឹកឆ្នោតនឹងត្រូវលាតត្រដាងជាបន្តបន្ទាប់ទៀត ព្រោះពេលនេះ គ.ជ.ប មិនអាចឆ្លើយដោះសាយករួចខ្លួនបានឡើយ ដោយសារតែគណបក្សសង្គ្រោះជាតិ និងក្រុមសង្គមស៊ីវិលរកឃើញភស្តុតាងយ៉ាងច្បាស់ក្រឡែតរួចទៅហើយ៕

No comments:
Post a Comment