សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Friday, August 2, 2013

ក្រោយ​បោះ​ឆ្នោត គណបក្ស​ប្រជាជន​និង​សង្គ្រោះជាតិ​លេង​សន្លឹក​បៀខុស​គ្នា

លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ដើម្បី​​ជូន​ដំណើរ​ព្រះ​បរម​តរន​កោដ​យាង​ទៅ​បេកាំង កាល​ពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ​២០០៧​
REUTERS/Khem Sovannara
ដោយ ប៉ែន បូណា

ការ​ចេញ​មុខ​ប្រកាស​បើក​បេះដូង​ទូលាយ​ ដើម្បី​ត្រៀម​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​កាល​ពី​ថ្ងៃ​ពុធ ត្រូវ​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ជា​ស្ថានភាព​ដែល​គណបក្ស​កាន់​អំណាច​ឆ្លៀត​យក​ប្រៀប​លើ​គូ​បដិបក្ខ​នៅ​លើ​ សង្វៀន​នយោបាយ។ នេះ​ជា​ការ​បោះ​សន្លឹក​បៀ​ដែល​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ពិបាក​លេង។ ប៉ុន្តែ ការ​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​អំពី​លទ្ធផល​បោះ​ឆ្នោត ក៏​ទំនង​ជា​គណបក្ស​កាន់​អំណាច​មិន​ចង់​កំដ​បក្ស​ប្រឆាំង​ដែរ​។ ដូច្នេះ បើ​ពិនិត្យ​ឲ្យ​មែន​ទែន នៅ​មិន​ទាន់​មាន​សញ្ញា​នៃ​ភាព​ធូរ​ស្រាល​នៅ​ឡើយ​ទេ។

ខណៈ​ដែល​បក្ស​ប្រឆាំង​កំពុង​វក់វី​នឹង​ការ​ប្រមូល​ភស្តុតាង​នានា​ ដើម្បី​ពង្រឹង​ទឡ្ហីករណ៍​របស់​ខ្លួន​សម្រាប់​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ ការ​បោះឆ្នោត​នោះ គណបក្ស​កាន់​អំណាច​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ។ គណបក្ស​នេះ​បាន​ប្រញាប់​ចេញ​មុខ​មក​ប្រកាស​ត្រៀម​ចរចា​ជាមួយ​គូ​បដិបក្ខ​ ដើម្បី​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​សភា។
ស្តាប់​មួយ​ភ្លែត​គេ​ហាក់​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល ​ដោយ​សារ​តែ​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នោះ  ​បែរ​ជា​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ដើរ​តួ​ជា​អ្នក​បោះ​ដៃ​ក្នុង​ការ​ចរចា​សម្រប​សម្រួល​នយោបាយ​ទៅ​វិញ។ ប៉ុន្តែ ប្រសិន​បើ​គេ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ សារ​របស់​គណបក្ស​កាន់​អំណាច​មាន​អត្ថន័យ​នយោបាយ​​ជ្រៅ​ជាង​នេះ។ សារ​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​បោះ​សន្លឹក​បៀ​ដ៏​ពិបាក​លេង​មួយ​ទៅ​ឲ្យ​បក្ស​ ប្រឆាំង​។ ពិបាក​ដោយ​ហេតុ​ថា នេះ​មិន​មែន​ជា​ស្ថានភាព​ដែល​បក្ស​ប្រឆាំង​ត្រូវ​បោះ​ដៃ​ទៅ​រក​បក្ស​កាន់​ អំណាច​នោះ​ឡើយ។

ជា​ការ​ពិត​ណាស់ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​តែ​ឈ្នះ​ឆ្នោត «ភ្លូកទឹកភ្លូកដី» ដាច់​ឆ្ងាយ​ពី​គេ ឥឡូវ​បែរ​ជា​បាត់​បង់​កៅអី​ជាង ២០ នៅ​ក្នុង​រដ្ឋ​សភា និង​បាន​ឈ្នះ​ឆ្នោត​ដ៏​ស្តួច​ស្តើង​លើ​គូ​ប្រជែង។ នេះ​ជា​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង និង​ដែល​បង្ហាញ​ថា វា​មិន​មែន​ជា​ស្ថានភាព​អំណោយ​ផល​ដល់​គណបក្ស​ប្រជាជន​ទៀត​ឡើយ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គណបក្ស​កាន់​អំណាច​​ជាង ៣០​ឆ្នាំ​មួយ​នេះ នៅ​តែ​អាច​សម្តែង​ចេញ​ឲ្យ​គេ​ឃើញ​នូវ​ការ​ពេញ​ចិត្ត ​ចំពោះ​លទ្ធផល​​ក្នុង​ នាម​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​តែ​ដដែល។

ខណៈ​ដែល​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ បាន​សម្តែង​ការ​សាទរ​ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ សន្តិភាព និង​សុទ្ធ​តែ​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយ​ការ​បោះ​ឆ្នោត លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​ប្រញាប់​ឆក់​យក​ឱកាស​ដ៏​ល្អ​នេះ ​ដើម្បី​បញ្ចេញ​សារ​​នយោបាយ​បើក​ចំហ​  សម្រាប់​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ផ្តល់​អំណោយ​ផល​២​ទន្ទឹម​គ្នា​ដល់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​គឺ ទន្ទឹម​នឹង​ការ​បង្ហាញ​ឲ្យ​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​បាន​ឃើញ​អំពី​ភាព​ចាស់​ទុំ​ខាង​នយោបាយ និង​ជា​ពិសេស​អំពី​ស្មារតី​បង្រួប​បង្រួម​ជាតិ​របស់​ខ្លួន ការ​បោះ​ដៃ​របស់​បក្ស​កាន់​អំណាច​ក៏​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ពិបាក​ ក្នុង​ការ​ឆ្លើយ​តប​ផង​ដែរ។

បញ្ហា​នៅ​ត្រង់​ថា ប្រសិន​បើ​ទទួល​យក​ការ​ចរចា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​រង​ការ​រិះ​គន់​ពី​សំណាក់​អ្នក​គាំទ្រ​មួយ​ ចំនួន​ដែល​មិន​ចង់​ឲ្យ​មេ​ដឹកនាំ​របស់​ខ្លួន​ទៅ​ជួប​ចរចា​ជជែក​ពី​ការ​បែង​ ចែក​អំណាច​ជាមួយ​បក្ស​កាន់​អំណាច​ឡើយ​ ពី​ព្រោះ​ធ្វើ​បែប​នេះ​មាន​ន័យ​ស្មើ​ នឹង​ការ «សុំ​អំណាច» ឬ​រណប​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ ប្រសិន​បើ​មិន​ព្រម​សម្រប​សម្រួល​វិញ បក្ស​ប្រឆាំង​ហាក់​បង្ហាញ​ថា​ខ្លួន​កំពុង​ដើរ​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​ ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ ដែល​សុទ្ធ​តែ​ប្រាថ្នា​ចង់​ឃើញ​ភាព​ស្ងប់​ស្ងាត់ និង​ការ​ផ្សះ​ផ្សា​​ក្រោយ​ការ​បោះ​ឆ្នោត។

តាម​ពិត​ទៅ សន្លឹក​បៀ​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​លេង​ពេល​នេះ​មិន​ដូច​គ្នា​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត​ស៊ូ​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​ដោយ​ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​​ចម្រុះ​ឯករាជ្យ​ ​ដើម្បី​ស៊ើប​អង្កេត​ភាព​ មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត។ ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តោត​លើ​ការ​ចរចា​បង្កើត​ក្បាល​ម៉ាស៊ីន​ រដ្ឋ​សភា ​ដែល​ចេញ​ពី​ការ​បោះ​ឆ្នោត។ សម្រាប់​បក្ស​ប្រឆាំង ប្រសិន​បើ​ការ​ទាមទារ​របស់​ខ្លួន​មិន​បាន​សម្រេច​ទេ​នោះ បាតុកម្ម​តាម​ដង​ផ្លូវ​ទំនង​ជា​ជម្រើស​ដែល​មិន​អាច​ចៀស​វាង​បាន។ ចំណែក​បក្ស​កាន់​អំណាច​វិញ​ ក៏​ច្បាស់​ជា​ត្រូវ​ប្តូរ​ផ្តាច់​ការពារ​ជ័យ​ ជំនះ​ដ៏​ស្តួច​ស្តើង​របស់​ខ្លួន​នេះ​ដែរ។

សរុប​មក​វិញ​ បើ​ទោះ​បី​ជា​មើល​ពី​ក្រៅ​ទៅ​ហាក់​មាន​សញ្ញា​វិជ្ជមាន​កើត​ឡើង​ក៏​ដោយ ក៏​ប៉ុន្តែ បើពិនិត្យ​ទៅ​លើ​ជម្រៅ​នៃ​បញ្ហា ​នៅ​មិន​ទាន់​មាន​ភាព​ធូរ​ស្រាល​អ្វី​នៅ​ ឡើយ​ទេ។ ស្ថានភាព​នេះ​ទាមទារ​ឲ្យ​ភាគី​នីមួយ​ៗ ​លះបង់​ខ្លះ ​ដើម្បី​រក​ឲ្យ​ឃើញ​ ដំណោះ​ស្រាយ។ ប្រសិន​បើ​មិន​ដូច្នេះ​ទេ ភាព​ស្ងប់​ស្ងាត់​ក្រោយ​ការ​បោះឆ្នោត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ប្រាថ្នា​ចង់​ឃើញ​នោះ​នឹង​ច្បាស់​ជា​មិន​អាច​កើត​មាន​ ឡើយ។ ពេល​នោះ ផល​វិបាក​របស់​វា​នឹង​ក្លាយ​ជា​បញ្ហា​រួម​របស់​ភាគី​ទាំង​ពីរ ជា​ពិសេស​ក្នុង​ករណី​ដែល​មាន​អំពើ​ហិង្សា និង​ភាព​វឹកវរ​កើត​ឡើង៕

ប្រភពពី៖​ ខេមរភាសា

No comments:

Post a Comment