សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Thursday, August 29, 2013

បេសកជន​អាមេរិក​នឹង​ទៅ​កូរ៉េ​ខាងជើង​ថ្ងៃសុក្រ​ សុំអោយ​ដោះលែង​អ្នកទោស​អាមេរិក​មួយរូប​

នៅថ្ងៃ​សុក្រ​ខាងមុខ បេសកជន​​​អាមេរិក Robert King នឹង​សុំក្រុងព្យុងយ៉ាង​ដោះលែង​អ្នកទោស Kenneth Bae។
REUTERS/Issei Kato
ដោយ ព្រំ សឿន សូលីណា

នៅថ្ងៃ​សុក្រ​ចុងសប្តាហ៍​នេះ លោក Robert King បេសកជនរដ្ឋាភិបាល​អាមេរិក​ទទួលបន្ទុក​សំណុំរឿង​សិទ្ធិមនុស្ស​ នឹង​ធ្វើដំណើរ​ទៅ​កូរ៉េ​ខាងជើង ដើម្បីសុំអោយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ដោះលែង​អ្នកទោស​អាមេរិក ដើមកំណើត​កូរ៉េ​ មួយរូប ឈ្មោះថា​​ Kenneth Bae អោយ​មាន​សេរីភាពឡើងវិញ។ អ្នកទោស​អាមេរិក​​អាយុ​៤៥ឆ្នាំ​រូបនេះ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ ដុនដាប​​​ធ្ងន់ធ្ងរ។

គួរ​រំលឹកថា កាលពី​ខែ​ដើម​​ឆ្នាំ​​២០១២កន្លងទៅ​ អាជ្ញាធរ​កូរ៉េខាងជើង​​បាន​ចាប់ខ្លួន​​លោក Kenneth Bae ដែល​មាន​នាម​ជា​ភ្នាក់ងារ​ទេសចរ​អាមេរិក​មួយរូប ហើយ​​បាន​ដាក់ទោសលោក​​អោយ​ធ្វើការ​ជាទំងន់​រយៈ​ពេល​​១៥ឆ្នាំ ក្នុង​​​បទជាប់ចោទ​ថាបាន​​ធ្វើសកម្មភាព​ប្រឆាំង​កូរ៉េ​ខាងជើង។ ប៉ុន្តែ ក្រុងព្យុងយ៉ាង​មិន​បាន​បញ្ជាក់​អោយ​បាន​​ប្រាកដ​ទេ​ថា តើ​សកម្មភាព​ប្រឆាំង​របស់​លោក​ Kenneth Bae នោះ ជា​អ្វីទៅ។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន លោក Bae ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ ដោយសារ​តែ​​សុខភាព​លោក​ធ្លាក់ចុះដុនដាប​ខ្លាំង។
ក្រសួងការពារ​ជាតិ​អាមេរិក បាន​ប្រាប់​ថា បេសកកម្ម​របស់​​លោក Robert King នៅ​ថ្ងៃ​សុក្រ​ទី៣០​សីហា ខាងមុខ​នេះ ជា​បេសកម្មបែបផែន​មនុស្សធម៌។ លោក Robert King នឹង​​សុំអោយ​រដ្ឋាភិបាល​កូរ៉េខាងជើង ​​លើកលែងទោស​​​​ដល់​លោក Bae អោយ​លោក​ទទួលបាន​សេរីភាព​ជួបជុំគ្រួសារ និង​អាច​ទទួលបាន​ការព្យាបាល​សុខភាព​លោកឡើងវិញ។ សេតវិមាន​ក៏បាន​ជំរុញ​អោយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​​​ ​ផ្តល់​ការលើកលែងទោស​​​ពិសេស​ដល់​អ្នកទោស​អាមេរិក​រូបនេះ​​ផងដែរ អោយ​បាន​ ត្រលប់ទៅ​អាមេរិក​វិញ ជាមួយ​លោក Robert King។

អាមេរិក​​ធ្លាប់​បាន​បញ្ជូន​បេសកជន​ខ្លួន​ច្រើនរូបទៅកូរ៉េខាងជើងរួច​មកហើយ ក្នុង​នោះ​មានដូចជា ​អតីតប្រធានាធិបតី​​ ជីមី ខាថឺ ដើម្បី​សុំអោយ​ក្រុងព្យុងយ៉ាង​ដោះលែង​អ្នកទោស​អាមេរិក​នានាដែល​ជាប់ឃុំ​ នៅទីនោះ។

ដោយឡែក បេសកជន​ទទួលបន្ទុក​សំណុំរឿង​សិទ្ធិមនុស្ស​ Robert King ដែល​ត្រូវធ្វើដំណើរ​ទៅ​កូរ៉េខាងជើង នៅ​ថ្ងៃ​សុក្រនេះ មានវត្តមាន​នៅ​អាស៊ីភាគឥសាន​​ តាំងតែ​ពី​ថ្ងៃ​១៩សីហា​ម្ល៉េះ។ លោក​បាន​ឈានជើងទៅ​ចិន កូរ៉េខាងត្បូង និង​ជប៉ុន រួចហើយ ក្នុងក្របខណ្ឌ​កិច្ចការ​ទូតអាមេរិក​ទាក់ទង​នឹងសំណុំរឿង​កូរ៉េខាងជើង។ ​អាមេរិក​ធ្លាប់បាន​ប្រាប់​កាលពី​ខែ​មិថុនា​កន្លងទៅ​ថា ខ្លួន​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​​លើ​សំណុំ​រឿងសិទ្ធិមនុស្សនៅ​ កូរ៉េខាងជើង៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment