![]() |
មីស៊ីលបណ្តែត ធុន Tomahawk របស់អាមេរិក ដែលអាចបាញ់ចេញពីនាវាពិឃាតនៅសមុទ្រមេឌីទែរ៉ាណេ ទៅលើទីតាំងនៅស៊ីរី
US Navy
|
រហូតមកទល់នឹងថ្ងៃពុធនេះ ថ្វីដ្បិតតែនៅមិនទាន់មានសេចក្តីសម្រេចជាផ្លូវការណាមួយ ក៏ប៉ុន្តែ អន្តរាគមន៍យោធារបស់លោកខាងលិច នៅស៊ីរី បានលេចជារូបរាងកាន់តែច្បាស់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រមុខដឹកនាំអាមេរិក អង់គ្លេស និងបារាំង សុទ្ធតែបានស្នើឲ្យសភាជាតិរបស់ខ្លួនជួបប្រជុំបន្ទាន់ ដើម្បីជជែកពីវិបត្តិស៊ីរី។
សំណួរ-តើមានប្រទេសណាខ្លះ ដែលប្រកាសចូលរួមក្នុងប្រតិបត្តិការយោធានេះ ហើយ ប្រទេសនីមួយៗ មានពង្រាយកម្លាំងទ័ពអ្វីខ្លះ?
រហូតមកទល់នឹងពេលនេះ ក្រៅពីអាមេរិក មានប្រទេស ៣ទៀត ដែលប្រកាសថា នឹងចូលរួមក្នុងប្រតិបត្តិការយោធានៅស៊ីរី គឺមានអង់គ្លេស បារាំង និងតួកគី។ ប្រទេសទាំងអស់នេះ សុទ្ធសឹងជាសមាជិកអង្គការអូតង់ដូចគ្នា។
បើនិយាយពីការពង្រាយកម្លាំងទ័ពវិញ យើងឃើញថា ប្រទេសទាំងប៉ុន្មានខាងលើនេះ សុទ្ធតែមានកម្លាំងទ័ព នៅក្បែរៗប្រទេសស៊ីរីស្រាប់ ដែលអាចបើកការវាយប្រហារលើស៊ីរីបានគ្រប់ពេល។
តួកគីមានព្រំដែនជាប់នឹងប្រទេសស៊ីរីស្រាប់។ អាមេរិកក៏មានមូលដ្ឋានទ័ពអាកាសពីរកន្លែង នៅក្នុងប្រទេសតួកគី និងមួយកន្លែងទៀត នៅហ្សកដានី ដែលមានព្រំដែនជាប់នឹងស៊ីរីដែរ បូកជាមួយនឹងនាវាផ្ទុកយន្តហោះពីរគ្រឿងទៀត នៅក្នុងឈូងសមុទ្រពែរស៍ និងនាវាពិឃាត ៤គ្រឿង នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
អង់គ្លេសមានមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅលើកោះ Chypre ដែលនៅក្បែរប្រទេសស៊ីរីនោះដែរ បូករួមជាមួយនឹងនាវាមុជទឹក និងនាវាចម្បាំងជាច្រើនគ្រឿងទៀត ដែលស្ថិតនៅក្នុងតំបន់មេឌីទែរ៉ាណេ ក្បែរៗនឹងប្រទេសស៊ីរី។
បារាំងក៏មាននាវាមុជទឹកដែរ ក៏ប៉ុន្តែ បារាំងលាក់ការណ៍សម្ងាត់មិនឲ្យដឹងពីទីតាំងពិតប្រាកដ។ នាវាមុជទឹករបស់បារាំង ក៏ដូចជានាវាមុជទឹករបស់អង់គ្លេស និងអាមេរិកដែរ សុទ្ធតែអាចប្រើ ដើម្បីបាញ់មីស៊ីលបណ្តែត (Cruise missile) ទៅលើទីតាំងរបស់ស៊ីរីបាន។
ក្រៅពីនាវាមុជទឹក បារាំងនៅមានមូលដ្ឋានទ័ពមួយទៀត នៅប្រទេសអារ៉ាប់រួម ដែលមានយន្តហោះចម្បាំងធុន Rafale អាចហោះទៅធ្វើការវាយប្រហារដល់ប្រទេសស៊ីរីបាន។ បន្ថែមពីលើនេះ មាននាវាផ្ទុកយន្តហោះមួយគ្រឿងទៀត ដែលបច្ចុប្បន្នកំពុងចត នៅកំពង់ផែយោធា នៅប៉ែកខាងត្បូងប្រទេសបារាំង ក្នុងសមុទ្រមេឌីទែរ៉ាណេដែរ ហើយដែលបារាំងអាចចល័តទៅក្បែរប្រទេសស៊ីរីបានគ្រប់ពេលបើសិនជា ចាំបាច់។
សំណួរ-ក្រុមឧទ្ទាមស៊ីរីបានអះអាងកាលពីម្សិលមិញថា ប្រទេសលោកខាងលិចបានជូនដំណឹងទៅឲ្យពួកគេថា ប្រតិបត្តិការយោធានៅស៊ីរីនឹងត្រូវចាប់ផ្តើមធ្វើនៅក្នុងប៉ុន្មាន ថ្ងៃខាងមុខទៀតនេះហើយ។ តើនេះមានន័យថា លោកខាងលិចនឹងបើកការវាយប្រហារលើស៊ីរី ដោយមិនរង់ចាំលទ្ធផលស៊ើបអង្កេតរបស់មន្រ្តីអ.ស.ប ឬក៏យ៉ាងណា?
ប្រទេសលោកខាងលិចនាំគ្នាលើកឡើងថា រដ្ឋាភិបាលស៊ីរីរង់ចាំទាល់តែមួយសប្តាហ៍ក្រោយពីមានការវាយប្រហារ ដោយអាវុធគីមី ទើបអនុញ្ញាតឲ្យមន្រ្តីអ.ស.បចូលទៅស៊ើបអង្កេត ដូច្នេះ គេគិតថា លោកអាសាដអាចមានពេលគ្រប់គ្រាន់ ដើម្បីកម្ទេចភស្តុតាងអស់ទៅហើយ។ ហើយបើយើងស្តាប់តាមការអះអាងរបស់ប្រទេសពាក់ព័ន្ធកាលពីប៉ុន្មានថ្ងៃ មកនេះ យើងឃើញថា អាមេរិក បារាំង អង់គ្លេស តួកគី រួមជាមួយនឹងអង្គការសម្ព័ន្ធអារ៉ាប់ សុទ្ធតែបានអះអាងថា គេគ្មានមន្ទិលសង្ស័យអ្វីទៀតទេ គឺកងកម្លាំងលោកអាសាដជាអ្នកទទួលខុសត្រូវក្នុងការវាយប្រហារដោយប្រើ អាវុធគីមី ទៅលើជនស៊ីវិល កាលពីថ្ងៃពុធមុន។
ដូច្នេះ ប្រទេសលោកខាងលិចប្រហែលជាមិនរង់ចាំលទ្ធផលស៊ើបអង្កេតរបស់អ.ស.ប ទើបធ្វើការសម្រេចចិត្តធ្វើអន្តរាគមន៍យោធានៅស៊ីរីទេ។ ក៏ប៉ុន្តែ លោកខាងលិចក៏ប្រហែលជាមិនបើកការវាយប្រហារលើស៊ីរី មុនមន្រ្តីអ.ស.ប បញ្ចប់ការស៊ើបអង្កេតដែរ ដើម្បីចៀសវាងកុំឲ្យមន្រ្តីអ.ស.ប ទាំងអស់នេះជាប់នៅក្នុងប្រទេសស៊ីរី ហើយក្លាយជាចំណាប់ខ្មាំងរបស់លោកអាសាដ។ តាមគម្រោង មន្រ្តីអ.ស.ប គ្រោងនឹងបញ្ចប់ការស៊ើបអង្កេត នៅចុងសប្តាហ៍នេះ។
សំណួរ-តើអន្តរាគមន៍យោធានៅស៊ីរី អាចនឹងរាលដាលបង្កជាសង្រ្គាមក្នុងតំបន់ដែរឬទេ?
វាអាស្រ័យថា តើប្រតិបត្តិការយោធារបស់លោកខាងលិចធ្វើឡើង ក្នុងទ្រង់ទ្រាយប៉ុណ្ណា?
បើតាមការអះអាងរបស់មន្រ្តីរដ្ឋាភិបាលប្រទេសលោកខាងលិចប៉ុន្មាន ថ្ងៃមកនេះ ប្រតិបត្តិការយោធានៅស៊ីរី ប្រហែលជានឹងត្រូវធ្វើឡើង ក្នុងទ្រង់ទ្រាយតូចទេ គឺអាចត្រឹមតែជាការវាយប្រហារតាមអាកាស ឬមីស៊ីល ទៅលើទីតាំងសំខាន់ៗមួយចំនួន ហើយធ្វើក្នុងរយៈពេលខ្លី ដើម្បីត្រឹមតែជាការឆ្លើយតបនឹងការប្រើអាវុធគីមីប៉ុណ្ណោះ មិនមែនដើម្បីទម្លាក់លោកបាស្ហា អាល់អាសាដចេញពីអំណាចទេ។ ក្នុងករណីនេះ ដើម្បីចៀសវាងកុំឲ្យសង្រ្គាមរាលដាលកាន់តែធំ ស៊ីរីអាចនឹងធ្វើការតបតវិញ ដោយមានកម្រិត។ ផលវិបាកនៅក្នុងតំបន់ក៏មិនសូវជាធ្ងន់ធ្ងរ។
ផ្ទុយទៅវិញ បើសិនជាប្រតិបត្តិការយោធានេះ ធ្វើឡើងក្នុងទ្រង់ទ្រាយធំ ក្នុងគោលដៅបណ្តេញលោកបាស្ហា អាល់អាសាដ ចេញពីអំណាច ទាហានរបស់លោកអាសាដ និងសម្ព័ន្ធមិត្ត (មានដូចជា អ៊ីរ៉ង់ និងក្រុម Hezbollah នៅលីបង់) អាចនឹងធ្វើការតបតវិញក្នុងទ្រង់ទ្រាយធំ ហើយអ្នកដែលនៅក្បែរដៃជាងគេ គឺហ្សកដានី តួកគី និង ជាពិសេស អ៊ីស្រាអែល។ អ៊ីរ៉ង់ បានព្រមានរួចជាស្រេចទៅហើយថា បើសិនជាលោកខាងលិចវាយប្រហារលើស៊ីរី គឺអ៊ីស្រាអែលនឹងត្រូវទទួលរងនូវការវាយប្រហារ។ ក្នុងករណីនេះ សង្រ្គាមអាចនឹងផ្ទុះឡើង ហើយរាលដាលទៅក្នុងតំបន់ដើមបូព៌ាទាំងមូល។
ប៉ុន្មានថ្ងៃមកនេះ គេឃើញប្រជាជនអ៊ីស្រាអែលបាននាំគ្នាទិញម៉ាស់ការពារជាតិគីមីត្រៀមទុក ជាស្រេចទៅហើយ ដើម្បីបង្ការក្រែងនៅពេលមានអន្តរាគមន៍យោធាពីលោកខាងលិច ស៊ីរីអាចនឹងធ្វើការវាយប្រហារទៅលើអ៊ីស្រាអែលដោយប្រើអាវុធគីមី ពីព្រោះថា ស៊ីរីមានអាវុធគីមី ហើយស៊ីរីមានមីស៊ីលបាលីស្ទិក ប្រភេទ Scud ដែលអាចបាញ់ទៅដល់អ៊ីស្រាអែល៕
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment