![]() |
ស្ត្រីរងគ្រោះត្រូវប៉េអឹមវាយឲ្យរបួស។ រូបថត សហការី
|
រតនគិរីៈ មន្ត្រីកងរាជអាវុធហត្ថខេត្តស័ក្តិ ៤ ម្នាក់ ដែលយាមកាងការពារក្រុមហ៊ុន វៀតណាម ហ័ងអាញ ក្នុងស្រុក អណ្តូងមាស បានវាយបងប្អូនស្រីពីរនាក់ឲ្យរងរបួស កាលពីម្សិលមិញបន្ទាប់ពីកើតមានជម្លោះរឿងឆ្កែខាំគ្នារួចមក។
ស្រ្តី ឈ្មោះ ណឹម ស្រី អាយុ ២៣ ឆ្នាំ ជាអ្នកលក់ចាប់ហួយ នៅក្នុងក្រុមហ៊ុន ហ័ងអាញ អណ្តូងមាស ក្នុងភូមិ ម៉ាលិក ឃុំ ម៉ាលិក ស្រុក អណ្តូងមាស បានឲ្យដឹងកាលពីម្សិលមិញថា ប៉េអឹមស័ក្តិ ៤ ម្នាក់ដែលកាងការពារក្រុមហ៊ុន វៀតណាម ហ័ងអាញ អណ្តូងមាស ឈ្មោះ វឿ អាយុជាង ៤០ ឆ្នាំ និងប្រពន្ធ បានយកដុំទឹកកក វ៉ៃនាង និងប្អូនស្រីឈ្មោះ ណឹម អូន អាយុ ២០ ឆ្នាំ កាលពីវេលាម៉ោងជាង ១០ ព្រឹកថ្ងៃអាទិត្យ។
អ្នកស្រីបន្តថា៖ «ប្អូនស្រីខ្ញុំរបួសធ្ងន់ណាស់ ហើមមុខមាត់ បែកចិញ្ចើម បន្ទាប់ពីត្រូវគេដាល់ ទាត់ និងវ៉ៃនឹងដុំទឹកកក។ តែខ្ញុំរបួសស្រាលទេ»។
ស្រ្តីរូបនេះអះអាងប្រាប់ពីដើមហេតុនៃជម្លោះថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន មន្ត្រីប៉េអឹមរូបនោះ បានជិះម៉ូតូកាត់មុខផ្ទះរបស់អ្នកស្រី ហើយឆ្កែរបស់អ្នកស្រី បានរត់តាមពីក្រោយឆ្កែរបស់ប៉េអឹម ហើយបានខាំគ្នាពេញផ្លូវ។ អ្នកស្រីបានជះទឹក និងយកដំបងវាយ ដើម្បីបំបែក។ ប្រពន្ធរបស់ប៉េអឹមបានចោទថា នាងវាយតែឆ្កែគេ មិនវាយឆ្កែខ្លួនឯង ហើយក៏កើតមានជម្លោះ រវាងម្ចាស់នឹងម្ចាស់ឆ្កែតែម្តង។ កាលពីម្សិលមិញ អ្នកស្រីនិងប្អូនស្រី ឈ្មោះណឹម បានជិះម៉ូតូដឹកអីវ៉ាន់ត្រឡប់មកពីផ្សារ ហើយបានប៉ះគ្នានឹងម៉ូតូរបស់ប៉េអឹម ក្នុងទិសដៅបញ្ជ្រាសគ្នា។ ភ្លាមៗនោះ ក៏កើតមានអំពើហិង្សាដាក់គ្នាតែម្តង។
ស្រ្តីរូបនេះបាននិយាយដូច្នេះថា៖ «ប៉េអឹមបានស្រែកថា គេគុំនឹងគ្រួសារខ្ញុំយូរហើយ។ ខ្ញុំគិតថា ប៉េអឹមមានចេតនាជិះម៉ូតូបុកខ្ញុំ នឹងអាលវ៉ៃពួកខ្ញុំបែបនេះ»។ គ្រួសាររបស់ស្រ្តីទាំងពីរនាក់ បានទៅដាក់ពាក្យប្តឹងលោកប៉េអឹម ស័ក្តិ ៤ កាលពីថ្ងៃម្សិលមិញ។
មន្ត្រីនគរបាលស្រុកម្នាក់ បានឲ្យដឹងថា ស្រ្តីទាំងពីរនាក់ បានប្តឹងលោកប៉េអឹម ពីបទប្រើអំពើហិង្សាដោយចេតនា។ ចំពោះចំណាត់ការយ៉ាងណា វាអាស្រ័យថ្នាក់លើជាអ្នកសម្រេច។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងប៉េអឹមស័ក្តិ ៤ រូបនោះ ដើម្បីសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment