![]() |
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា
Siv Channa/RFI
|
តបទៅនឹងសំណើលើកទី២របស់លោក សម រង្ស៊ី ដើម្បីសុំជួបចរចាថ្នាក់កំពូលដើម្បីដោះស្រាយបញ្ហាបោះឆ្នោត លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជានៅតែបញ្ជាក់ថា គណបក្សប្រជាជនត្រៀមខ្លួនជានិច្ចក្នុងការចរចាដោះស្រាយបញ្ហាដែលនៅ សេសសល់ដោយផ្អែកលើលទ្ធផលបោះឆ្នោត។ គណបក្សកាន់អំណាចដ៏ចំណាស់មួយនេះក៏នៅតែរក្សាជំហរដោះស្រាយតាមយន្តការជាតិដដែល។
ក៏ដូចជាចម្លើយតបលើកទី១ដែរ លោក ជា ស៊ីម បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា គណបក្សប្រជាជនកម្ពុជានៅតែមានសុឆន្ទៈជានិច្ចក្នុងការរៀបចំឲ្យមាន ជំនួបកំពូលជាមួយគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាដោះស្រាយបញ្ហា ជាតិ។ ប៉ុន្តែ ការចរចាត្រូវផ្អែកលើលទ្ធផលបោះឆ្នោត និងគោរពរដ្ឋធម្មនុញ្ញព្រមទាំងច្បាប់ជាធរមានរបស់ប្រទេសស្របតាម ព្រះរាជសារព្រះមហាក្សត្រកាលពីថ្ងៃទី ៣០ សីហា ដែលជំរុញឲ្យដោះស្រាយបញ្ហាតាមរដ្ឋធម្មនុញ្ញនិងស្ថាប័នជាតិ។
ជំហរគណបក្សប្រជាជនត្រូវបានបញ្ជាក់សារជាថ្មីក្នុងលិខិតចុះថ្ងៃទី ៣១ សីហានេះរបស់លោក ជា ស៊ីម ឆ្លើយតបទៅនឹងសំណើរបស់លោក សម រង្ស៊ី ដែលនៅតែទទូចចង់ឲ្យមានជំនួបកំពូលរវាងគណបក្សទាំងពីរដើម្បីពិភាក្សា គ្នាបង្កើតគណៈកម្មការឯករាជមួយស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត។ ការទាមទារបង្កើតគណៈកម្មការឯករាជនេះបានធ្វើឡើងក្រោមហេតុផលថា គណបក្សសង្គ្រោះជាតិមិនទុកចិត្ត គ.ជ.ប ឬក៏ក្រុមប្រឹក្សាធម្មនុញ្ញដែលគណបក្សនេះចោទថាលម្អៀងទៅរកគណបក្ស កាន់អំណាច។
ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានៅតែការពារយ៉ាងដាច់ខាតស្ថាប័នជាតិ និងច្បាប់ជាតិដែលកំពុងស្ថិតនៅជាធរមាន និងបានបដិសេធមិនបង្កើតគណៈកម្មការឯករាជតាមគណបក្សប្រឆាំងចង់បាននោះ ទេ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះថា គណបក្សប្រជាជនកម្ពុជាពិបាកទទួលយកសំណើបង្កើតគណៈកម្មការឯករាជ ពីព្រោះថា បើធ្វើដូច្នេះ មានន័យស្មើនឹងការបំផ្លាញចោលស្ថាប័នជាតិ និងច្បាប់របស់ប្រទេស។
នេះជាលើកទី២ហើយដែលមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរបានឆ្លងឆ្លើយគ្នាតាមលិខិត ប៉ុន្តែ គណបក្សទាំងពីរនៅតែមិនអាចរកជំហររួមគ្នាបាននៅឡើយទេ។ ប្រឈមមុខនឹងបញ្ហានេះ លោក សាយ បូរី សាស្ត្រាចារ្យច្បាប់ និងជាអតីតឧត្តមប្រឹក្សាព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បានផ្តល់យោបល់ឲ្យគណបក្សសង្គ្រោះជាតិស្នើសុំព្រះមហាក្សត្រធ្វើជា អាជ្ញាកណ្តាលជំនួសអង្គការសហប្រជាជាតិវិញ។
លោកសាស្ត្រាចារ្យសាយ បូរី យល់ថា នេះជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ប្រសិនបើគ្រប់គ្នាពិតជាគោរពព្រះមហាក្សត្រមែននោះ៕
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment