បន្ទាប់ពីមានការចាប់ខ្លួនជនសង្ស័យនេសាទខុសច្បាប់
៣០នាក់បញ្ជូនទៅតុលាការ ប្រជាពលរដ្ឋដែលរស់នៅឯភូមិបណ្ដែតទឹក
ក្នុងឃុំកំពង់លួង ខេត្តពោធិ៍សាត់ ប្រមាណ ៣០០នាក់
បានលើកគ្នាមកកាន់សាលាឃុំធ្វើការតវ៉ា។
ប្រជាពលរដ្ឋឃុំកំពង់លួង ប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី១៧ កុម្ភៈ
បានលើកគ្នាមកកាន់សាលាឃុំ
ក្នុងបំណងសុំឲ្យអាជ្ញាធរដែនដីជួយធ្វើអន្តរាគមន៍
ដោះលែងអ្នកភូមិដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ដាក់
ពន្ធនាគារពីបទធ្វើការនេសាទដោយខុសច្បាប់។
បុរសអ្នកភូមិឈ្មោះ ហួត ហេង អាយុ ៥៩ឆ្នាំ ដែលបានអះអាងថា
ជាតំណាងឲ្យប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានេះ។ គាត់បានឲ្យដឹងថា
ការឡើងមកតវ៉ានេះ អ្នកភូមិមិនមានបំណងប្រឆាំងនឹងច្បាប់
ទេ
ប៉ុន្តែអ្នកភូមិគ្រាន់ចង់លើកឡើងពីទុក្ខលំបាករបស់ខ្លួនឲ្យ
ថ្នាក់លើបានដឹងប៉ុណ្ណោះ។
តំណាងអ្នកភូមិរូបនេះបន្តថា ដោយយោងលើស្ថានភាពភូមិសាស្ត្រ
និងលក្ខណៈជាក់ស្ដែងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ
ការប្រើអួនអូសប្រវែង ១០០ម៉ែត្រ
មិនអាចចាប់ត្រីបានគ្រប់ដើម្បីចិញ្ចឹមគ្រួសារនោះទេ។
លោក ហួត ហេង៖ «គោលបំណងទី១
គឺសុំឲ្យលោកមេឃុំជួយអន្តរាគមន៍ដោះលែងអ្នកដែលត្រូវគេចាប់ទៅ
ដាក់ពន្ធនាគារ ទី២
គឺសុំការអនុញ្ញាតឲ្យធ្វើការនេសាទជាលក្ខណៈគ្រួសារ
ដោយប្រើអួនប្រវែងពី ៣០០ ទៅ ៤០០ម៉ែត្រ
ដោយប្រមូលគ្នាចូលជាក្រុមសាមគ្គីទើបអាចរកត្រីបានគ្រប់ដោះស្រាយ
ជីវភាព...»។
មេឃុំកំពង់លួង គឺលោក កែវ សុណ្ណារ៉េត
ទទួលស្គាល់ពីការលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំ។ លោកថា
ច្បាប់នេសាទអនុញ្ញាតឲ្យប្រើអួនអូសតែ
១០០ម៉ែត្រសម្រាប់ធ្វើការនេសាទជាលក្ខណៈគ្រួសារក្នុងស្ថានភាព
បច្ចុប្បន្ន
មិនអាចឲ្យប្រជាពលរដ្ឋរកត្រីបានគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាព
ប្រចាំថ្ងៃបានទេ។ លោកថា
អាជ្ញាធរជំនាញគួរពិចារណាក្នុងការកំណត់ឧបករណ៍នេសាទលក្ខណៈគ្រួសារ
ជាថ្មីឡើងវិញ
ដើម្បីឲ្យសមស្របតាមស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន។
លោក កែវ សុណ្ណារ៉េត៖ «បងប្អូនប្រជាពលរដ្ឋគាត់ទទូចតាំងពីដើមមក
ដោយសារការប្រើអួនតែ ១០០ម៉ែត្រ វាមិនសូវបានផលទេ។ បញ្ហានេះ
ខ្ញុំជាអាជ្ញាធរយល់ឃើញថា មានការលំបាកមែន
ប៉ុន្តែដោយច្បាប់កំណត់អ៊ីចឹង យើងត្រូវតែគោរព
តែប្រជាពលរដ្ឋបានទទូចឲ្យយើងខ្ញុំជួយសំណូមពរឲ្យខាងសមត្ថកិច្ច
ជំនាញជលផលជួយសំណូមពរបន្តទៅថ្នាក់លើឲ្យជួយធ្វើការកំណត់ឧបករណ៍
នេសាទគ្រួសារនេះជាថ្មី...»។
កាលពីយប់ថ្ងៃទី១៥ កុម្ភៈ
កម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ
ដោយចាប់បានជនសង្ស័យចំនួន ៣០នាក់បញ្ជូនមកតុលាការ។
ជនសង្ស័យបានធ្វើនេសាទដោយប្រើអួនវែងអូសដោយទូកម៉ាស៊ីន
ដែលត្រូវចាត់ទុកថាល្មើសនឹងច្បាប់ជលផល។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក អន សុខុន
មានប្រសាសន៍ថា លោកគ្រាន់តែបំពេញតួនាទីជានគរបាលយុត្តិធម៌ប៉ុណ្ណោះ។
ឯការសម្រេចចោទប្រកាន់ ឬយ៉ាងណានោះ គឺជាតួនាទីរបស់តុលាការ៖ «តាមដែលខ្ញុំពិនិត្យឃើញ គឺពួកគាត់ប្រើអួនវែងខុសពីច្បាប់កំណត់ជាលក្ខណៈគ្រួសារ ហើយគាត់ប្រើម៉ាស៊ីនអូសទៀតផង...»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តន់ សីហៈតេជៈ
មានប្រសាសន៍ថា
ជនសង្ស័យពីបទប្រព្រឹត្តល្មើសនេសាទត្រូវបានចោទប្រកាន់
និងបញ្ជូនទៅឲ្យចៅក្រមស៊ើបអង្កេតរួចហើយ៖ «យើងបានចោទប្រកាន់ និងបញ្ជូនទៅលោកចៅក្រមពីរឿងប្រើឧបករណ៍នេសាទដែលច្បាប់បានហាមឃាត់...»។
យ៉ាងណាក៏ដោយ យោងតាមច្បាប់ស្ដីពីជលផលមាត្រា ៩៥
ជនសង្ស័យពីបទប្រព្រឹត្តល្មើសនេសាទដោយប្រើអួនវែងអូសដោយទូក
ម៉ាស៊ីនពុំមានទោសត្រូវជាប់ពន្ធនាគារនោះឡើយ។
ច្បាប់កំណត់ឲ្យត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលប៉ុណ្ណោះ។
មាត្រា ៩៥ នៃច្បាប់ស្ដីពីជលផលឆ្នាំ២០០៦ ត្រង់ចំណុចទី៨ ចែងថា
ការនេសាទជាលក្ខណៈសិប្បកម្មដោយអួនលើសពី ៣០០ម៉ែត្រ
នៅក្រៅបឹងទន្លេសាប និងលើសពី ៦០០ម៉ែត្រនៅក្នុងបឹងទន្លេសាប
ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលជាប្រាក់សមាមាត្រទៅនឹង
ថ្លៃឈ្នួលនេសាទ ឯវត្ថុតាងទាំងអស់ត្រូវប្រគល់ឲ្យសាមីជនវិញ៕
ប្រភព អាស៊ីសេរី
No comments:
Post a Comment