![]() |
កីឡាការិនីឈឿង ពុទ្ធារីម លើកមេដាយសំរឹទ្ធដែលនាងបានឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតតេ ក្វាន់ដូពិភពលោក លើកទី៩។ រូបថត សហការី |
លោក ហែមសំណាងអគ្គលេខាធិការខេមរៈសហព័ន្ធតេក្វាន់ដូបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីព្រឹកថ្ងៃព្រសហ្បតិ៍ម្សិលមិញថា ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូពិភពលោក លើកទី៩ នៃបណ្តាប្រទេសនិយាយភាសាបារាំង លើកនេះ មានប្រទេសចំនួន១៨លើពិភពលោក បានចូលរួម។
លោក បានគូសបញ្ជាក់ថា៖«កម្ពុជាយើងបានខកខានចូលរួមការប្រកួតនេះចំនួន ៦ឆ្នាំមកហើយ។ ប៉ុន្តែសម្រាប់ការប្រកួតលើកទី៩នេះ កម្ពុជាយើងបានបញ្ជូនកីឡាករ កីឡាការិនីតេក្វាន់ដូ២នាក់ឲ្យទៅចូលរួមប្រកួតប្រជែងនឹងគេ គឺកីឡាករ សូរ ណារ៉ូដែលប្រកួតនៅក្នុងប្រភេទទម្ងន់៨១គីឡូក្រាមនិងកីឡាការិនី ឈឿងពុទ្ធារីម ត្រូវប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ហើយជាលទ្ធផលទទួលបានក្នុងការប្រកួតនោះ អ្នកទាំង២ ដណ្តើមបានមេដាយសំរឹទ្ធដូចគ្នា»។
ទាក់ទងទៅនឹងការប្រកួតនោះកីឡាការិនីស្រស់សោភាឈឿង ពុទ្ធារីមបានធ្វើការគូសបង្ហាញពីសកម្មភាពនៃការប្រកួតថា៖«នៅ ក្នុងការប្រកួតនោះ ខ្ញុំបានយកឈ្នះកីឡាការិនីមកពីប្រទេសកាមេរូន ប៉ុន្តែបានចាញ់កីឡាការិនីរបស់ប្រទេសសេណេហ្គាល់ នាការប្រកួតក្នុងទម្ងន់ក្រោម៥១គីឡូក្រាម ទើបឈ្នះបានមេដាយសំរឹទ្ធនេះ។ចំណែកកីឡាករ សូរ ណារ៉ូ គឺគេឈ្នះការប្រកួតលើកទី១ ដោយស្វ័យប្រវត្តិដោយសារគូប្រកួតរបស់គាត់ ដែលជាកីឡាករមកពីប្រទេសកុងហ្គោបានអវត្តមាន ប៉ុន្តែសម្រាប់ការប្រកួតបន្ទាប់ ណារូ បានប្រកួតចាញ់កីឡាករមកពីហ្គាបុង ទើបទទួលបានមេដាយសំរឹទ្ធតែម្តង»។
ជុំវិញលទ្ធផល ដែលទទួលបាននៅក្នុងការប្រកួតនេះលោកហែមសំណាងបានធ្វើការវាយតម្លៃ ថា៖«ការចេញទៅប្រកួតនេះ វាហាក់ដូចជាសញ្ញាណល្អមួយ សម្រាប់វាស់ស្ទង់ពីកម្រិតបច្ចេកទេសសម្រាប់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិនៃកីឡាតេក្វាន់ដូកម្ពុជារបស់យើងមុនពេលពួកគេ ចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ និយាយរួមការប្រកួតនេះប្រៀបដូចជាការប្រកួតកម្តៅសាច់ដុំ ក្នុងកម្មវិធីថា្នក់អន្តរជាតិមួយដែលមានលក្ខណៈស្តង់ដារ។
លោក ហែម សំណាង បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖«ពួកគេទាំងពីរនេះគឺជាបេក្ខភាពដ៏ ឆ្នើមនៃក្រុមជម្រើសជាតិនៃកីឡាតេក្វាន់ដូកម្ពុជារបស់យើង បន្ទាប់ពីកីឡាការិនីបងប្អូនបង្កើតត្រកូលស៊ន គឺ ស៊ន ដាវីននិង ស៊នសៀវម៉ីដែលកំពុងតែធ្វើការហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង»៕
ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment