ក្រសួងមហាផ្ទៃសម្រេចដាក់ពង្រាយកម្លាំងការពារលោក កឹម សុខា
ដោយ វណ្ណ វិចារ
2013-06-08
2013-06-08
កំលាំងនគរបាលអន្តរាគមន៍បង្ហាញឈុតមួយ
ក្នុងថ្ងៃបិទវគ្គហ្វឹកហ្វឺនស្ដីពីយុទ្ធសាស្ត្របង្ការ ទប់ស្កាត់
និងបង្ក្រាបកូដកម្ម បាតុកម្ម និងកុបកម្មហិង្សា នៅថ្ងៃទី៣១ កក្កដា
ឆ្នាំ២០១២។
RFA/Sok Serey
មន្ត្រីគណបក្សសង្គ្រោះជាតិ និងប៉ូលិសក្រសួងមហាផ្ទៃ
សម្រេចដាក់ពង្រាយកម្លាំងសន្តិសុខចំនួនបីទីតាំង
ដើម្បីការពារសុវត្ថិភាពជូនលោក កឹម សុខា គឺនៅផ្ទះរបស់លោក កឹម សុខា
ស្នាក់ការគណបក្សសង្គ្រោះជាតិ និងការពារមន្ត្រីគណបក្សសង្គ្រោះជាតិ
ដែលនឹងចេញមកទទួលញត្តិពីតំណាងក្រុមបាតុករ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គុយ ប៊ុនរឿន
មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានអញ្ជើញមន្ត្រីគណបក្សសង្គ្រោះជាតិ
ទៅពិភាក្សាគ្នារឿងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក កឹម សុខា
ព្រោះខ្លាចមានក្រុមភេរវជនណាមួយធ្វើទុក្ខបុកម្នេញលើក្រុមគ្រួសារ
របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រូបនេះ។
លោកបន្តថា
បញ្ហាសន្តិសុខសុវត្ថិភាពផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ
ក៏ត្រូវរឹតបន្តឹងដែរ ប៉ុន្តែគណបក្សប្រឆាំងមិនមានគម្រោងការណាមួយ
ដើម្បីតបតនឹងក្រុមបាតុករនោះឡើយ។ លោកបញ្ជាក់ថា
ចាប់ពីពេលពេលនេះរហូតដល់ថ្ងៃបោះឆ្នោត
សន្តិសុខរបស់មន្ត្រីគណបក្សប្រឆាំង ជាពិសេសលោក កឹម សុខា
ស្ថិតក្នុងស្ថានភាពផុយស្រួយដែលគួរឲ្យបារម្ភ។
លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃ
ចាត់តាំងស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ហ៊ី ព្រូ
ជាអ្នកទទួលខុសត្រូវចាត់ចែងកម្លាំងការពារសុវត្ថិភាពជូនមន្ត្រី
ធំៗរបស់គណបក្សសង្គ្រោះជាតិ។ យ៉ាងណាក្តី
បក្សប្រឆាំងនៅតែប្រកាន់ជំហរមិនសុំទោសជនរងគ្រោះក្នុងរបបខ្មែរ
ក្រហមទេ ដោយគណបក្សប្រកាន់ថា លោក កឹម សុខា
មិនបាននិយាយដូចការចោទប្រកាន់ទេ។
នៅក្នុងលិខិតមួយរបស់ក្រសួងមហាផ្ទៃ ចេញកាលពីថ្ងៃទី៧ ខែមិថុនា
ហើយចុះហត្ថលេខាដោយលោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងមហាផ្ទៃ អញ្ជើញលោក
កឹម សុខា ឬតំណាងរបស់លោក ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ
សុវត្ថិភាពជូនលោក កឹម សុខា។ ប៉ុន្តែមិនមានមន្ត្រីណាម្នាក់
បញ្ជាក់ថា
កម្លាំងសមត្ថកិច្ចចំនួនប៉ុន្មាននាក់ដែលនឹងត្រូវដាក់ឲ្យការពារ
សុវត្ថិភាពជូនលោក កឹម សុខា នោះទេ។
ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ
វីរៈ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ
ត្រូវតែរ៉ាប់រងធានាសន្តិសុខជូនអ្នកនយោបាយបក្សប្រឆាំង ព្រោះថា
បាតុកម្មរបស់អ្នករងគ្រោះក្នុងរបបខ្មែរក្រហម
ទំនងជាមានអ្នកនយោបាយនៅពីក្រោយខ្នង។ លោកបន្តថា បើសិនជាលោក កឹម
សុខា មានរឿងរ៉ាវណាមួយកើតឡើងនោះ ប្រទេសកម្ពុជា
អាចនឹងឈានទៅអស្ថិរភាពសង្គម និងនយោបាយទៀតផង។
អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី
ប្រកាសថានឹងដឹកនាំមហាបាតុកម្មប្រឆាំងនឹងលោក កឹម សុខា នៅថ្ងៃទី៩
ខែឧសភា ហើយមានមនុស្សជាង ២ម៉ឺននាក់ ចូលរួម។ បាតុកម្មនោះ
ក៏ត្រូវបានអ្នកតាមដានបញ្ហាសង្គមកត់សម្គាល់ថា
ជាបាតុកម្មដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា។
ចំណែកឯសមាជិកសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហម
ដែលមានថ្នាក់ដឹកនាំចំនួន ១០រូប នៅថ្ងៃទី៨ ខែឧសភា នេះ
ក៏ចេញសេចក្តីថ្លែងការណ៍រួមមួយ ច្រានចោលការចូលរួមបាតុកម្មនោះ
ក្រោមហេតុផលផ្សះផ្សាជាតិ មិនបម្រើផលប្រយោជន៍អ្នកនយោបាយ
ប្រកាន់ជំហរអព្យាក្រឹត្យជាដើម៕
ប្រភព អាស៊ីសេរី
No comments:
Post a Comment