សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Saturday, June 22, 2013

ការ​តស៊ូ​រង់ចាំ​យុត្តិធម៌​របស់​កម្មការិនី​រោងចក្រ​កៅវ៉េ​៣​នាក់

សំណុំ​រឿង​បាញ់​ប្រហារ​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​រង​របួស នៅ​តែ​ជា​ចំណុច​នៃ​ការ​ឃ្លាំ​មើល​ពី​សំណាក់​សហគមន៍​ជាតិ និង​អន្តរជាតិ បើ​ទោះ​ជា​ហេតុការណ៍​នោះ​បាន​កន្លង​ទៅ​ជាង ១​ឆ្នាំ​មក​ហើយ។ សាធារណៈ​មតិ​មាន​ជំនឿ​ថា មន្ត្រី​ពាក់ព័ន្ធ​ដែល​ទទួល​បន្ទុក​ការងារ​នោះ នឹង​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ ត្រឹមត្រូវ ហើយ​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​ក៏​រំពឹង​ថា​នឹង​បាន​យុត្តិធម៌។





នៅ​ខាង​ក្នុង​បរិវេណ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មន្ត្រី​នគរបាល និង​កង​រាជ​អាវុធហត្ថ​ប្រមាណ ១០​
នាក់ ត្រូវ​ដាក់​ពង្រាយ​ការពារ​សុវត្ថិភាព​នៅ​ពេល​បើក​សវនាការ​សំណុំ​រឿង​បាញ់​ កម្មករ ៣​នាក់ នៅ​ក្រុង​បាវិត។ នៅ​ឆ្ងាយ​ពី​សមត្ថកិច្ច​ទាំង​នោះ នារី​វ័យ​ក្មេង​បី​នាក់​បាន​អង្គុយ​លើ​បង់​រួម​តែ​មួយ ភ្នែក​សម្លឹង​ទៅ​រក​បន្ទប់​សវនាការ ហាក់​ទន្ទឹង​រង់ចាំ​អ្វី​ម្យ៉ាង។ ពួក​គេ គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ ដែល​សង្ស័យ​ថា​បាន​បង្ក​ដោយ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។
កែវ នា ដែល​ពេល​នេះ​មាន​អាយុ ២១​ឆ្នាំ បាន​អោយ​ដឹង​ថា ប្រសិន​បើ​យុត្តិធម៌​មាន​មែន​នោះ អ្នក​ដៃ​ដល់​បាញ់​ពួក​នាង​អោយ​របួស​ពិត​ប្រាកដ នឹង​ត្រូវ​វែក​មុខ ហើយ​ត្រូវ​នាំ​មក​ដាក់​ទោសទណ្ឌ។
កម្មការិនី​ទាំង ៣​នាក់ នៃ​រោងចក្រ​កៅវ៉េ ឈ្មោះ កែវ នា ប៊ុន ចិន្ដា និង នុត សាខន បាន​ដាក់​ពាក្យ​ប្ដឹង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា និង​ទាមទារ​សំណង។ ក្នុង​នោះ កែវ នា និង នុត សាខន ទាមទារ​សំណង​ជា​ប្រាក់​ចំនួន ៤​ម៉ឺន ៥​ពាន់​ដុល្លារ ចំណែក ប៊ុន ចិន្ដា ដែល​របួស​ធ្ងន់​ជាង​គេ បាន​ទាមទារ​សំណង​ចំនួន ៥​ម៉ឺន​ដុល្លារ។
សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ ខែ​មិថុនា បាន​បញ្ចប់​សវនាការ​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ អោយ​រង​របួស បន្ទាប់​ពី​បាន​ដេញ​ដោល​សាកសួរ​អ្នក​ពាក់ព័ន្ធ​អស់​រយៈពេល ៣​ថ្ងៃ​ពេញ។
យ៉ាង​ណា រឿង​ក្ដី​នេះ​មាន​ជន​ជាប់​ចោទ​ពីរ​នាក់ គឺ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត និង​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក សរ ចន្ថា។ ពួក​គេ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។
កម្មការិនី ប៊ុន ចិន្ដា បាន​អះអាង​នៅ​មុខ​ចៅក្រម​ជំនុំ​ជម្រះ​ថា នាង​នៅ​តែ​រក្សា​ជំហរ​ប្ដឹង​លោក ឈូក បណ្ឌិត ដ្បិត​នាង​នៅ​តែ​យល់​ថា អ្នក​ដៃ​ដល់ គឺ​មាន​តែ​ម្នាក់។ ប៊ុន ចិន្ដា ក៏​មិន​ខុស​ពី​កម្មការិនី ២​នាក់​ទៀត​ដែរ គឺ​ធ្លាប់​មាន​មនុស្ស​ទៅ​ចរចា​ផ្ដល់​ប្រាក់​អោយ​ឈប់​ប្ដឹង​ផ្ដល់។
នៅ​ក្នុង​បាតុកម្ម​របស់​កម្មករ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ ក្រុង​បាវិត កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មការិនី​បី​នាក់​ត្រូវ​បាញ់​អោយ​របួស​នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប។ ក្នុង​នោះ នាង ប៊ុន ចិន្តា របួស​ខាង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ខាង​ក្រោម​ភ្លៀក។ កែវ នា របួស​ដៃ និង នុត សាខន របួស​ខ្នង។ ពិត​មែន​ថា​របួស​បាន​ជា​សះ​ស្បើយ ប៉ុន្តែ​ការ​ឈឺ​ចាប់​នៅ​កើត​មាន​នៅ​ឡើយ​នៅ​លើ​មុខ​របួស​ចាស់។
កម្មការិនី ប៊ុន ចិន្ដា បាន​អោយ​ដឹង​ថា មុខ​របួស​បាន​ធ្វើ​ទុក្ខ​ស្ទើរ​រាល់​ថ្ងៃ ដែល​មិន​អាច​អោយ​នាង​បំពេញ​ការងារ​បាន​ជាប់​លាប់​ដូច​ពេល​មុន​ឡើយ។ ម្យ៉ាង ដើម្បី​តស៊ូ​រឿង​ក្ដី​នេះ នាង​បាន​សុំ​ច្បាប់​រោងចក្រ​ជាច្រើន​លើក​ច្រើន​សារ ដែល​ជាទូទៅ​ត្រូវ​កាត់​ប្រាក់​រង្វាន់។
ចំណែក​កម្មការិនី នុត សាខន ដែល​គិត​ត្រឹម​ថ្ងៃ​សវនាការ នាង​ទើប​សម្រាល​កូន​បាន ២១​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​នៅ​តែ​ស៊ូ​ទ្រាំ​មក​ចូលរួម​ក្នុង​សវនាការ​ដែល​នាង​សង្ឃឹម​ទុក​ ថា​នឹង​អាច​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​ដល់​រូប​នាង។
យ៉ាង​នេះ​ក្ដី ពួក​គេ​អះអាង​ថា ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​រឹត​តែ​ធ្វើ​អោយ​ពួក​គេ​ឈឺ​ចាប់​មួយ​កម្រិត​ ទៀត។ ចំណែក​នាយក​ផ្នែក​សង្វាក់​ផ្គត់ផ្គង់​សុវត្ថិភាព​នៃ​ក្រុមហ៊ុន​បញ្ជា​ទិញ​ សម្លៀកបំពាក់​ពូម៉ា (Puma) និង​ជា​ក្រុមហ៊ុន​ទិញ​សម្លៀកបំពាក់​ពី​រោងចក្រ​កៅវ៉េ លោក រ៉ែននើ ហេងម៉ាន់ (Reiner Hengstmann) បាន​អះអាង​ដែរ​ថា នឹង​បន្ត​តាម​ដាន​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​សំណុំ​រឿង​ នេះ។
សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​កំណត់​ថា​នឹង​ប្រកាស​សាល​ក្រម​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មិថុនា។
ពិត​មែន​ថា​មាន​ពន្លឺ​យុត្តិធម៌ ក៏​យុត្តិធម៌​នោះ​មិន​ដឹង​ថា​ត្រឹមត្រូវ ឬ​ពិត​ប្រាកដ​យ៉ាង​ណា? ពួក​គេ​ដែល​ជា​ជន​រងគ្រោះ តែង​ចោទ​សួរ​ថា តើ​លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ​នោះ នឹង​ត្រូវ​ផ្ដន្ទាទោស​ឬ​ទេ? ចំពោះ​អ្នក​ដែល​តាម​ដាន​សវនាការ បាន​លើក​ឡើង​ថា លោក ឈូក បណ្ឌិត គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ ប្រហារ​ក្រុម​កម្មករ។
ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា តាម​សម្ដី​សាក្សី​ក្នុង​សវនាការ ចង្អុល​បង្ហាញ​ថា គឺ​លោក ឈូក បណ្ឌិត មាន​ចេតនា​គួរ​តែ​ត្រូវ​ឃាត់​ខ្លួន និង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា។
សំណុំ​រឿង​បាញ់​កម្មករ​នៅ​ក្រុង​បាវិត មាន​សាក្សី ២០​នាក់ ភាគ​ច្រើន គឺ​ជា​មន្ត្រី​នគរបាល មន្ត្រី​កង​រាជ​អាវុធហត្ថ។ សាក្សី​ចំនួន ១៩​នាក់ ចូល​ទៅ​ឆ្លើយ​ក្នុង​សវនាការ ក្នុង​នោះ​មាន​សាក្សី ៣​នាក់ បាន​អះអាង​ថា បាន​ឃើញ​លោក សរ ចន្ថា ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​កម្មករ។ យ៉ាង​ណា ចម្លើយ​របស់​សាក្សី​ទាំង​នោះ​ហាក់​មិន​ស៊ី​សង្វាក់​គ្នា​ទាំង​ពេល​វេលា និង​ទី​កន្លែង ដែល​ត្រូវ​មេធាវី​ទាំង​ជន​រងគ្រោះ និង​មេធាវី​របស់​លោក សរ ចន្ថា ចាត់​ទុក​ជា​ចម្លើយ​ប្រឌិត។
ប្រធាន​អង្គ​ជំនុំ​ជម្រះ លោក​ចៅក្រម លាង សួស្តិ៍ បាន​អះអាង​ថា ចៅក្រម​នឹង​បំពេញ​ភារកិច្ច​ដោយ​ត្រឹមត្រូវ នៅ​ពេល​ដែល​ត្រូវ​ចោទ​សួរ​ថា តើ​លោក ឈូក បណ្ឌិត មាន​ឥទ្ធិពល​មក​លើ​តុលាការ​ដែរ​ឬ​ទេ?
យ៉ាង​នេះ​ក្ដី គេ​នៅ​ចាំ​ថា សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ តុលាការ​ខេត្ត​ស្វាយរៀង ធ្លាប់​បាន​ទម្លាក់​បទ​ចោទ​ចំពោះ​លោក ឈូក បណ្ឌិត ម្ដង​រួច​មក​ហើយ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២។ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​សំណុំ​រឿង​មក​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង កាត់​សេចក្តី​រឿង​នេះ​ឡើង​វិញ​ម្តង​ទៀត។ សវនាការ​លើក​ទី២ នេះ គ្មាន​វត្តមាន​ជន​ជាប់​ចោទ​លោក ឈូក បណ្ឌិត ឡើយ៕
ប្រភព ស៊ីសេវិទ្យុអារី

No comments:

Post a Comment