លោក ជុំ ម៉ី ប្រឈមនឹងការបាត់បង់តួនាទីជាប្រធានសមាគម
មន្ត្រីជាន់ ខ្ពស់នៃសមាគមក្សេមក្សាន្ត បានឲ្យដឹងនៅថ្ងៃទី១១ មិថុនា ថា សមាគមក្សេមក្សាន្តនឹងធ្វើមហាសមាជមួយដើម្បីជ្រើសរើសប្រធានសមាគម ថ្មីនៅក្រោយពេលបោះឆ្នោតជាតិខាងមុខ។
ការប្រកាសគ្រោងធ្វើ សមាជជ្រើសរើសប្រធានសមាគមក្សេមក្សាន្តថ្មីនេះ គឺនៅបន្ទាប់ពីអតីតជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងជាប្រធានសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី បានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សាប្រឆាំងនឹងលោក កឹម សុខា ដោយទាមទារឲ្យលោក កឹម សុខា សុំទោសជាសាធារណៈចំពោះការលើកឡើងរបស់លោក កឹម សុខា ថា គុកទួលស្លែងជាគុកសិប្បនិម្មិតនោះ។
ប្រធានរដ្ឋបាលសមាគម ក្សេមក្សាន្ត លោក ឆាត គឹមឈុន មានប្រសាសន៍ថា សមាគមមិនដកតួនាទីរបស់លោក ជុំ ម៉ី ទេ ប៉ុន្តែសមាគមនឹងរៀបចំធ្វើមហាសមាជមួយនៅក្រោយពេលបោះឆ្នោតជាតិ នីតិកាលទី៥ ខាងមុខ ដើម្បីជ្រើសរើសប្រធានសមាគមថ្មីតាមបែបប្រជាធិបតេយ្យ។ ប៉ុន្តែយ៉ាងនេះក្ដី លោក ឆាត គឹមឈុន អះអាងថា សកម្មភាពធ្វើបាតុកម្មរបស់លោក ជុំ ម៉ី កាលពីថ្ងៃទី៩ មិថុនា នោះ លោក ជុំ ម៉ី មិនបានជូនដំណឹងដល់ជនរងគ្រោះដែលជាសមាជិកសមាគមនៅទូទាំងប្រទេស ដែលមានប្រមាណ ៣ពាន់នាក់នោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឬសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី១១ មិថុនា។ ប៉ុន្តែកាលពីថ្ងៃទី៩ មិថុនា នៅពេលលោក ជុំ ម៉ី ដឹកនាំប្រជាពលរដ្ឋបាតុកម្មនោះ លោក ជុំ ម៉ី ប្រកាសថា លោកដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នេះ មិនជាប់ពាក់ព័ន្ធសមាគមទេ ហើយក៏គ្មានគណបក្សណាមួយនៅពីក្រោយខ្នងដែរ។
ទោះបីជាយ៉ាង នេះក្ដី លោក ជុំ ម៉ី បញ្ចេញកំហឹងរបស់លោកបែបគាំទ្រគណបក្សកាន់អំណាចទៅវិញ៖ «សម្ដីរបស់ កឹម សុខា វាថា ដូរៗៗ ដូរខ្មោចយកអី គេធ្វើការចង់ងាប់ កឹម សុខា ចង់ដូរ។ ខ្ញុំក្ដៅក្រហាយណាស់ចំពោះសម្ដី កឹម សុខា នេះ»។
ទាក់ទង នឹងបញ្ហានេះ មេធាវីជនដើមបណ្ដឹងរដ្ឋប្បវេណី និងជាមេធាវីសមាគមក្សេមក្សាន្ត លោក គឹម ម៉េងឃី មានប្រសាសន៍ថា ការដឹកនាំធ្វើបាតុកម្មរបស់លោក ជុំ ម៉ី នេះ ធ្វើឲ្យប៉ះពាល់ដល់សមាគមក្សេមក្សាន្តទាំងមូល។ លោកបញ្ជាក់ថា ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ឲ្យបើកសមាគមនេះ មិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ តែការដឹកនាំរបស់លោក ជុំ ម៉ី នេះ លោកបានផ្ញើសារនយោបាយទៅកាន់អ្នកចូលរួម។
លោក ជុំ ម៉ី មានអាយុ ៨៣ឆ្នាំ។ លោកបានធ្វើជាប្រធានសមាគមក្សេមក្សាន្ត បន្ទាប់ពីសមាគមនេះបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដែលមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ដែលមានអនុប្រធានពីររូបទៀត គឺលោក ប៊ូ ម៉េង និងលោក ជុំ ស៊ីរ៉ាត់ និងមានសមាជិកជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងជាដើមបណ្ដឹងរដ្ឋប្បវេណីនៃសំណុំរឿងលេខ ០០១ លេខ ០០២ និង ០០៣ នៃសាលាក្ដីខ្មែរក្រហមចំនួន ៣ពាន់នាក់នៅទូទាំងប្រទេស។
នៅ ក្នុងលក្ខន្តិកៈសមាគមក្សេមក្សាន្ត អាណត្តិធ្វើជាប្រធានសមាគមមានរយៈពេល ៣ឆ្នាំ ត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីម្ដង រហូតមកទល់ពេលនេះ ការដឹកនាំរបស់លោក ជុំ ម៉ី លើសពី ៣ឆ្នាំហើយ ដោយសារសមាគមនេះគ្មានថវិការៀបចំធ្វើសមាជដើម្បីបោះឆ្នោតជ្រើសរើស ប្រធានថ្មី៕
ប្រភព ខ្មែរស្ថាបនា
No comments:
Post a Comment