សៀវភៅដែលមានចំណងជើងថា “របបមច្ចុរាជ” បង្ហាញពីភាពឃោរឃៅនៃរបបខ្មែរក្រហមានចេញជាផ្លូវការហើយ
ភ្នំពេញ:ជាការ ចែករំលែកមេរៀនដ៏សែនជូរចតត់នៃរបបខ្មែរក្រហមប្រល័យជាតិឯង ដែលមិនអាច បំភ្លេចបាន ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជូនដល់ជនរួមជាតិ និងអន្តរជាតិទាំងបច្ចុប្បន្ននិងអនាគត មន្ត្រី កាទូតមួយរូបបានសហការជាមួយអ្នកសារព័ត៌មានកម្ពុជាចងក្រងសៀវភៅថ្មី ដែលមានទាំងភាសារខ្មែរ និង ភាសាអង់គ្លេស ហើយបានចេញផ្សាយជាផ្លូវការនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគុយវ៉ែត លោក ឡុង កែម បានចងក្រងសៀវភៅដែលមាន ចំណងជើងថា “របបមច្ចុរាជ” ហើយបានស្មើឲ្យលោក ឆាយ សុផល ដែលជាអ្នកសារព័ត៌មាន ដែលមាន បទពិសោធន៍ ក្នុងការសរសេរព័ត៌មាន និងការសរសេរសៀវភៅជួយកែសម្រួល និងបន្ថែមខ្លឹមសារនិងរូបថតដើម្បីឲ្យសៀវភៅជាប្រវត្តិសាស្ត្រនេះ មានលក្ខណៈវិជ្ជាជីវៈ និងសមស្របតាមស្តង់ដារសៀវភៅ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការសម្ភោធសៀវភៅនេះជាផ្លូវការ នៅឯ ក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល ដែលជាអ្នកកែសម្រួលបាននិយាយថា សៀវភៅ “របបមច្ចុរាជ” នេះជាសៀវភៅថ្មីមួយទៀតដែលជាស្នាដៃនិពន្ធនិងកែសម្រួលដោយផ្ទាល់ របស់ ជនរងគ្រោះជាជនជាតិកម្ពុជា ដោយមិនមានការកែសម្រួលពីជនបរទេសឡើយ។
លោក សុផល បានបញ្ជាក់ថា កន្លងមក មានអ្នកនិពន្ធជាច្រើនជាជនជាតិខ្មែររស់នៅឯបរទស និងជនជាតិបរទេសបានសរសេរសៀវភៅស្តីពីអំពើដ៏សែនយង់ឃ្នងព្រៃផ្សៃ របស់ពួកខ្មែរក្រហម ប៉ុល ពត នួន ជា ខៀវ សំផន និង អៀង សារី ដែលធ្វើឲ្យមនុស្សស្លាប់ជិត ២ លាននាក់ ដោយសារការសម្លាប់ ការធ្វើទារុណកម្ម ការបង្តត់អាហារ និងការធ្វើការបាក់កម្លាំងក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩។
គួរ បញ្ជាក់ថា កាលពីពាក់កណ្តាលខែឧសភាកន្លងទៅនេះ នួន ជា ដែលជាបងធំទី២ និង ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបខ្មែរក្រហមបានទទួលស្គាល់ពីអពើ ប្រល័យពូជសាសន៍ ដែលកើតមាននៅក្នុងការគ្រប់គ្រងរបស់ខ្លួន ហើយបានធ្វើការសូមទោសជាសាធារណៈជាលើកដំបូងនៅក្នុង សាលាក្តីខ្មែរក្រហម។
ក្នុងមាតិកានៃសៀវនេះមានរៀបរាប់ពី ការបាក់ទ័ពរបស់អ្នកនិពន្ធនៅពេលដែលខ្មែរក្រហមវាយចូលទីក្រុង ភ្នំពេញ នាថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ការចាកចេញពីភ្នំពេញដោយតក់ក្រហល់ ហើយមានជីវភាពថ្មីដោយមានការងារចម្លែកៗរបស់អង្គការលើដែនដី បដិវត្តន៍ ការកប់មនុស្សក្នុងរណ្តៅរួម ការត្រៀមខ្លួនរបស់លោកក្នុងការធ្វើអត្តឃាតជាមួយកូនប្រុស និងការបាត់បង់ជីវិតប្អូនថ្លៃនិងក្មួយលើទឹកដីបដិវត្តន៍ ។ល។ និង។ល។
នៅក្នុងទំព័រថ្លែងអំណរគុណ លោក ឡុង កែមបានសរសេរថា “ដោយមានបំណងរួមចំណែក ក្នុងការរក្សាទុក នូវព្រឹត្តិការណ៍ មួយចំនួន ដែលបានកើតមានក្នុងជីវិតខ្ញុំផ្ទាល់ និងជាមរតកបន្សល់ទុក សម្រាប់អនុជនជំនាន់ក្រោយខ្ញុំសូមឧទ្ទិសនូវសមិទ្ធិផលនេះឲ្យទៅ ជា កម្លាំងជម្រុញស្មារតី ស្នេហាជាតិ ការពារនូវបូរណភាពទឹកដី ដ៏ពិសិដ្ឋ របស់កម្ពុជាយើងឲ្យបានគង់វង្សរីកចម្រើនជាអមតៈ និងជាការការពារកុំឲ្យស្រមោលអតីតកាលដូចរបបមច្ចុរាជនេះកើតមាន ឡើងវិញជាដាច់ខាត”៕ដោយ៖ ស្រីផល
No comments:
Post a Comment