តុលាការរតនគិរីគំរាមចាប់ជនរងគ្រោះដាក់គុក
- Wednesday, 22 May 2013
- ផាក់ ស៊ាងលី

ប្រជាពលរដ្ឋមួយក្រុមផ្សេងទៀត នៅពេលចូលទៅបំភ្លឺ នៅសាលាដំបូងខេត្តរតនគិរីកន្លងមក។ រូបថត អាដហុក
កាលពីថ្ងៃអង្គារម្សិលមិញ លោក រី សារុន អាយុ ៥២ឆ្នាំ ជាឪពុកជនរងគ្រោះនិងកូនស្រីឈ្មោះ រី ស្រីតុប ត្រូវបានតុលាការកោះហៅទៅសួរនាំបន្ទាប់ពីពួកគាត់បានដាក់ពាក្យ បណ្តឹងប្តឹងទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារ ពីក្រុមហ៊ុនDM group។
លោក រី សារុន បានថ្លែងបន្ទាប់ពីការសួរនាំរបស់តុលាការថា៖«ចៅក្រុមស៊ើបសួរលោក អេង ចំនាប់ និងមានចៅក្រុមម្នាក់ទៀតបានសួរខ្ញុំជាច្រើន ហើយប្រាប់ឲ្យសម្រុះសម្រួល បើមិនដូច្នេះទេ គេនឹងចាប់កូនខ្ញុំដាក់គុក»។
លោក រី សារុន បន្ថែមថា តុលាការថា គ្រួសារលោកទាមទារសំណងច្រើនពេក។ ទោះយ៉ាងណា លោកកំពុងពិចារណាដើម្បីសម្រេចចិត្តលើរឿងនេះ។
លោក ឆាយ ធី មន្រ្តីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងថា ការគំរាមនេះជាការបំបាក់ស្មារតីជនរងគ្រោះបន្ថែមទៀត ហើយអង្គការលោកនិងបន្តស៊ើបអង្កេតរឿងនេះ។
លោក ឆាយ ធី បានបញ្ជាក់ថា៖«តុលាការចោទថា កូនគាត់ (សារុន) បានវាយអ្នកបើកអាអ៊ិចដែរ។ ដូចនេះបើមិនសម្រុះសម្រួល គេនឹងចាប់កូនគាត់ដាក់គុក។ រឿងនេះ វាខុសប្រក្រតី។ បើកូនគាត់បានវាយមែន ម៉្លេះគេចាប់តាំងពីពេលនោះទៅហើយ»។
លោក រី សារុន បន្តឲ្យដឹងផងដែរថា លោកបានយកកូនប្រុស រី សុខលីន អាយុ១៤ឆ្នាំដែលរងរបួសធ្ងន់ជាងគេនោះទៅឲ្យគ្លីនិកឯកជនមួយក្នុង ក្រុងបានលុងពិនិត្យកាលពីថ្ងៃចន្ទ ហើយពេទ្យនឹងធ្វើការបូមឈាមចេញពីក្បាលកូនរបស់លោក នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ លោកបានបញ្ជាក់ថា៖«ក្បាលកូនខ្ញុំនៅប៉ោង ហើយពេទ្យថា នឹងបូមឈាមបីដងទៀតចេញពីក្បាល។ មិនដឹងធ្វើយ៉ាងម៉េចទេ កំពុងអត់លុយផង»។ លោកបានបន្តថា ដោយសារផ្ទះនៅឆ្ងាយពិបាកធ្វើដំណើរទៅមក ហើយគ្មានលុយដេកផ្ទះសំណាក់ផង លោកបានយកកូនប្រុសនេះទៅឲ្យស្នាក់នៅបណ្តោះអាសន្នជាមួយនឹងជីដូន នៅក្នុងវត្តភ្នំស្វាយនៅក្នុងក្រុងបានលុង។
កាលពីដើមខែឧសភានេះបងប្អូនបង្កើត៣នាក់និងអ្នកជិតម្នាក់ទៀត ត្រូវបានកម្មកររបស់ក្រុមហ៊ុន DM គ្រុបវាយនឹងដំបងឈើដែកគាស់ និងទាត់ធាក់ បណ្តាលឲ្យម្នាក់ក្នុងចំណោមពួកគេរបួសធ្ងន់។ ការវាយតប់នេះបានកើតឡើងនៅពេលដែលពួកជនរងគ្រោះទាំងនោះ ចូលទៅឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនដែលកំពុងធ្វើការឈូសឆាយដោយ បំពានទៅលើដីចម្ការរបស់ប្រជាពលរដ្ឋទាំងនេះ។
បើតាមអាជ្ញាធរមូលដ្ឋាន ដីចម្ការរបស់ប្រជាពលរដ្ឋដែលក្រុមហ៊ុន DM group បានប្រើគ្រឿងចក្រចូលឈូសឆាយហើយបានប្រើអំពើហិង្សាទៅលើអ្នកភូមិ ឲ្យរងរបួសធ្ងន់នេះ ត្រូវបានក្រុមនិស្សិតស្ម័គចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើការវាស់វែងនិងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំងនេះរួចរាល់ អស់ហើយ។
លោក អេង ចំនាប់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី មិនអាចទាក់ទងសុំការអធិប្បាយបានឡើយ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល៕
No comments:
Post a Comment