លោក ឱម យ៉ិនទៀង រិះគន់លោក ស៊ូប៊ែរឌី
- Thursday, 23 May 2013
- មាស សុខជា និង Kevin Ponniah

លោក សូរិយា ស៊ូប៊ែរឌីជួបលោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជាកាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
ក្រោយជំនួបបិទទ្វាររយៈពេល ២ម៉ោង នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជានិងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា លោកបានរិះគន់ទៅលើអនុសាសន៍របស់លោក សូរិយា ស៊ូប៊ែរឌី។ លោកបានថ្លែងថា៖ «យើងបានប្រាប់គាត់ថា ប្រសិនបើគាត់លើកឡើងនូវអនុសាសន៍បែបនេះ វាជាភ័ស្តុតាងច្បាស់ថា គាត់មិនបានពិនិត្យមើលរបាយការណ៍ដែលយើងបានផ្ញើឲ្យគាត់ទាល់តែ សោះ»។
លោកបានបន្ថែមថា៖ «យើងបាន[បកស្រាយអនុសាសន៍របស់គាត់] មួយចំណុចម្តងៗ ហើយបានផ្ញើទៅឲ្យគាត់ ប៉ុន្តែ ផ្ទុយទៅវិញ គាត់មិនបានទាំងមើលមួយបន្ទាត់ផង»។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានឆ្លើយតបចំពោះបញ្ហាជាច្រើនរួចមកហើយ ដូចជាការបណ្តេញចេញនៅបឹងកក់ និងដីសម្បទានសេដ្ឋកិច្ច ដែលលោក សូរិយា ស៊ូប៊ែរឌី បន្តលើកមកពិភាក្សានោះ។
លោក សូរិយា ស៊ូប៊ែរឌី ដែលកំពុងបំពេញបេសកកម្មលើកទី៩ នៅកម្ពុជា បានបង្ហាញរបាយការណ៍ជូនក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហ ប្រជាជាតិ កាលពីខែកក្កដា និងខែកញ្ញាឆ្នាំមុន ជាមួយនឹងអនុសាសន៍ដែលផ្តោតជាចម្បងទៅលើកំណែទម្រង់ការបោះឆ្នោត និងផលប៉ះពាល់នៃដីសម្បទានមកលើសិទិ្ធមនុស្ស។
បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញ លោក សូរិយា ស៊ូប៊ែរឌី បានបន្តនៅស្ងៀមស្ងាត់មិនផ្តល់ព័ត៌មានជាក់លាក់អំពីអ្វីដែលបាន ពិភាក្សាទេតែលោកសន្យាថា នឹងថ្លែងជាសាធារណៈ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍ មុនពេលលោកចាកចេញពីប្រទេសកម្ពុជា។
លោកបន្ថែមថា ៖ «បញ្ហាគ្រប់យ៉ាងពិតជាបានលើកឡើង ... ខ្ញុំបានទទួលព័ត៌មានជាច្រើន។ ខ្ញុំនឹងពិនិត្យវា ហើយវានឹងដាក់ចូលក្នុងរបាយការណ៍ដែលត្រូវដាក់ជូនក្រុមប្រឹក្សា សិទិ្ធមនុស្សអង្គការសហប្រជាជាតិ»។
លោកបានបន្តថា ការពិភាក្សារវាងគណៈកម្មាធិការសិទិ្ធមនុស្ស និងការិយាល័យសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិក្នុងស្រុក កំពុងដើរទៅមុខទាក់ទងនឹងរបាយការណ៍សិទិ្ធមនុស្សកម្ពុជាដែលជា ផ្នែកនៃដំណើរការត្រួតពិនិត្យជាសកលជាប្រចាំរបស់អង្គការសហ ប្រជាជាតិ ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិនៅចុងឆ្នាំនេះដោយបញ្ជាក់ ថា ចំណុចនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ។
លោក ឱម យ៉ិនទៀង បានថ្លែងថា អនុសាសន៍របស់លោក សូរិយា ស៊ូប៊ែរឌី ពុំដែលតម្រង់គោលដៅលើក្រុមប្រឆាំងទេ។ លោកបានអះអាងថា អ្នករាយការណ៍ពិសេសរូបនេះ គួរពិនិត្យកិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាក្នុងការញុះញង់ជាតិ សាសន៍ និងកំហឹងលើបញ្ហាអន្តោប្រវេសន៍ និងបញ្ហាព្រំដែន។
លោកបានបន្ថែមថា ៖ «យើងនិយាយថា នៅអឺរ៉ុបក្រុមអាជ្ញាកណ្តាលបាល់ទាត់បានប្រកាសម្តងហើយម្តងទៀត ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដូច្នេះ នេះយើងបានប្រាប់គាត់យ៉ាងច្បាស់របាយការណ៍ឯកឧត្តម គឺមានស្តង់ដារទាបជាងអាជ្ញាកណ្តាលបាល់ទាត់នៅអឺរ៉ុប»។
លោកបានបន្តថា៖ «របាយការណ៍គាត់លម្អៀង។ គាត់រកឃើញនោះ មិនមានរបាយការណ៍ពហុបក្ស ហើយរបាយការណ៍នេះត្រូវយកមកប្រើដើម្បីចំណេញនយោបាយ»។ លោកប្រៀបធៀបការងាររបស់លោក ស៊ូប៊ែរឌី ទៅនឹងព្រួញដែលបាញ់មកតែខាងរដ្ឋាភិបាល។
សង្គមស៊ីវិលបានឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោក ឱម យ៉ិនទៀង ជាមួយនឹងការភ្ញាក់ផ្អើលតិចតួចកាលពីម្សិលមិញ។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានប្រដូចសម្តីលោក ឱម យ៉ិនទៀងទៅនឹងថាសចម្រៀងចាស់ដែលខូច។
លោកថ្លែងថា៖ «វាជាចម្រៀងចាស់។ វាជាការឆ្លើយតបដែលមិនធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ។ វាជាសម្តីចាស់ដែលនិយាយដដែលៗ ដោយសារតែរដ្ឋាភិបាលប្រឆាំងនឹងការរិះគន់នៅក្នុងកំណត់ត្រាសិទិ្ធ មនុស្សរបស់លោក ស៊ូប៊ែរឌី»។ លោកបន្ថែមថា៖«វាជាបញ្ហា ព្រោះវាបានបង្ហាញថា គ្មានឆន្ទៈនយោបាយដើម្បីទទួលស្គាល់ទេ ដូច្នេះ ពុំមានសេចក្តីប្រាថ្នាដោះស្រាយបញ្ហាទេ ហើយការរំលោភនឹងបន្តកើតមាន»៕ TK
No comments:
Post a Comment