បក្សសង្គ្រោះជាតិបន្តទាមទារឲ្យ គ.ជ.ប កែខ្លួន
- Thursday, 16 May 2013
- ម៉ៃ ទិត្យថារ៉ា

លោកកឹម សុខា នៅក្នុងការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ២៤ ខែមេសា។ រូបថត ផា លីណា
លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិជាគណបក្សដែលទើបបង្កើតថ្មី ដោយការច្របាច់បញ្ចូលគ្នា រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានថ្លែងថា គណបក្សរបស់លោក បានធ្វើការកែតម្រូវបញ្ជីឈ្មោះបេក្ខជន ទៅតាមការកំណត់របស់គ.ជ.ប រួចរាល់អស់ហើយ ហើយក៏បានបញ្ជូនទៅកាន់ គ.ជ.ប រួចរាល់អស់ហើយដែរកាលពីព្រឹកម្សិលមិញ។ លោកបន្តថា៖ «យើងបានដាក់ចប់រួចរាល់អស់ហើយ ហើយយើងនឹងធ្វើមហាបាតុកម្មជាលើកទី២ នៅថ្ងៃទី២០ ខែឧសភានេះ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការធ្វើមហាបាតុកម្មនៅថ្ងៃទី២០ ខែឧសភា នឹងចាប់ផ្តើមនៅម៉ោង៧ព្រឹក នៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួមប្រមាណពី ៥០០០ ទៅ ៦០០០ នាក់។ លោកបានថ្លែងថា៖«យើងជំរុញឲ្យគ.ជ.ប សើរើ ឡើងវិញនូវបញ្ជីឈ្មោះបោះឆ្នោត ពីព្រោះបញ្ជីឈ្មោះបោះឆ្នោតនេះ បានធ្វើឲ្យបាត់ឈ្មោះប្រជាជនរាប់លាននាក់ដែលយើងមិនអាចទទួលយក បានទេហើយមហាបាតុកម្មនេះ ក៏ទាមទារឲ្យអនុញ្ញាតឲ្យឯកឧត្តម សម រង្ស៊ី បានវិលត្រឡប់មកកម្ពុជាវិញដោយឥតលក្ខខណ្ឌឲ្យបានមុនថ្ងៃបោះឆ្នោត ខាងមុខ»។
តាមសេចក្តីជូនដំណឹងមួយ របស់គណបក្សសង្គ្រោះជាតិ ក៏បានឲ្យដឹងផងដែរថា ការសម្រេចធ្វើបាតុកម្មជាថ្មីទៀតនេះគឺដោយសារតែ គ.ជ.ប មិនបានដោះស្រាយនូវការទាមទាររបស់ខ្លួន ដែលធ្វើឡើងនៅក្នុងការធ្វើបាតុកម្មកាលពីថ្ងៃទី ២៤ ខែមេសា។ ក្រៅពីការលើកឡើងរបស់លោក យឹម សុវណ្ណ ខាងលើ គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរ ទាមទារឲ្យ គ.ជ.ប អនុវត្តទៅតាមអនុសាសន៍របស់លោក ស៊ូរិយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាទាក់ទងនិងការបោះឆ្នោត ដោយត្រូវរៀបចំសាជាថ្មី នូវបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១២ សម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣ ដោយយោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌នៅកម្ពុជា Comfrell។
បើតាមលោកយឹម សុវណ្ណ បាតុកម្មនៅថ្ងៃទី២០ ខែឧសភា បន្ទាប់ពីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នឹងមានការដង្ហែយកញត្តិទៅដាក់ជូនសហភាពអឺរ៉ុបនិងលោក ស៊ូរិយ៉ា ស៊ូប៊ែរឌី នៅឧត្តមស្នងការសហប្រជាជាតិ ប្រចាំនៅកម្ពុជា។ លោកបានឲ្យដឹងទៀតថា៖«យើងមិនទាន់បានដាក់លិខិតសុំការអនុញ្ញាត ពីអាជ្ញាធរនៅឡើយទេដោយសារជាថ្ងៃឈប់សម្រាប់ យើងនឹងដាក់លិខិតសុំការអនុញាតនៅថ្ងៃស្អែក(ថ្ងៃព្រហស្បតិ៍)»។
លោក ទេព នីថា អគ្គលេខាធិកា គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បានទទួលបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើការកែតម្រូវនោះរួចរាល់ហើយហើយ គ.ជ.ប នឹងធ្វើការពិនិត្យសម្រេចនៅព្រឹកនេះ។
លោក បានបន្តថា ទាក់ទិនទៅនឹងការធ្វើបាតុកម្មរបស់គណបក្សនោះគឺវាជាសិទ្ធិរបស់ ពួកគាត់ពីព្រោះអនុសាសន៍ដែលពួកគាត់បានលើកឡើងនោះពុំមានអ្វី ថ្មីនោះទេហើយ គ.ជ.បក៏បានធ្វើការបកស្រាយរួចរាល់ហើយដែរ។ លោកបាននិយាយថា៖«ការធ្វើបាតុកម្មនោះគឺពួកគាត់ចង់ជួបជុំគ្នា គាត់ជាជាងអ្វីដែលគាត់ដាក់ញតិ្តមក គ.ជ.ប»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment