និស្សិតមួយក្រុមចំអកឡកឡឺយឲ្យលោក ស៊ូប៊ែរឌី
- Wednesday, 22 May 2013
- Kevin Ponniah និង មាស សុខជា

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សូរិយា ស៊ូប៊ែរឌី នៅឯការិយាល័យ គ.ជ.ប កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
លោកសាស្រ្តាចារ្យ ស៊ូប៊ែរឌី បានផ្តល់បាឋកថា ស្តីពីច្បាប់វិនិយោគអន្តរជាតិនៅកម្ពុជា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលមិនមែនជាប្រធានបទស្តីពីសិទិ្ធមនុស្សនោះ បានបញ្ចប់បាឋកថា និងទទួលសំណួរពីសាធារណជន ដែលមានការប្រមាថ។
និស្សិត៦នាក់បានទាញក្បាលមេក្រូមកនិយាយលើប្រធានបទស្រដៀងគ្នា ជុំវិញសិទិ្ធរបស់លោក ស៊ូប៊ែរឌី នៅក្នុងការរាយការណ៍អំពីប្រទេសកម្ពុជា។ មាននិស្សិតជាច្រើននាក់ចោទសួរពីភាពមិនលម្អៀងនិងរបៀបវារៈរបស់ លោក។
សំណួរនេះធ្វើឲ្យមានការទះដៃសាទរខ្លាំងៗពីនិស្សិតដែលកំពុងចូលរួមស្តាប់ក្នុងសាលប្រជុំ។
យុវនិស្សិតម្នាក់សួរថា៖ «តើលោកកំពុងធ្វើអីនៅកម្ពុជា? តើលោកបាត់បង់ការងារឬ? បើលោកនិយាយថា ស្ថានការណ៍សិទិ្ធមនុស្សនៅកម្ពុជាល្អ?»។
និស្សិតម្នាក់ទៀតបន្ទរថា៖« លទ្ធផល[ក្នុងរបាយការណ៍លោក]គឺដូចគ្នានឹងគណបក្សប្រឆាំង។ ខ្ញុំមិនមានសំណួរទេ ព្រោះខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះលោក»។
លោក ស៊ូប៊ែរឌី បានឆ្លើយនឹងសំណួររបស់និស្សិត ដោយបានថ្លែងថា បើទោះជាលោករំពឹង នឹងពិភាក្សាអំពីច្បាប់វិនិយោគ ក៏ប៉ុន្តែលោកសុំសរសើរចំពោះភាពក្លាហានរបស់ម្ចាស់សំណួរ។
លោកបន្តថា៖ «របាយការណ៍ខ្ញុំស្តីពីសិទិ្ធមនុស្សគឺផ្អែកលើការវិភាគស្ថានការណ៍ នៅទីនេះ។ ខ្ញុំស្តាប់ប្រជាជនគ្រប់ស្រទាប់។ ជាមិត្តរបស់ប្រទេសកម្ពុជា ខ្ញុំផ្តល់យោបល់ស្តីពីវិធានធ្វើឲ្យអភិបាលកិច្ចនៅក្នុងប្រទេស នេះកាន់តែល្អប្រសើរ»។ លោកបន្ថែមថា អង្គការសហប្រជាជាតិមិនបង្ខិតបង្ខំទៅលើអ្នកណាម្នាក់ឡើយ។
លោកប្រាប់ក្រុមនិស្សិតថា៖ « អ្នកនឹងអរគុណខ្ញុំក្នុងរយៈពេល២០ឆ្នាំទៀត។ អ្នកនៅក្មេង ហើយមានអារម្មណ៍ក្មេងខ្ចី។ តែខ្ញុំសូមស្វាគមន៍ និងកោតសរសើរ»។
បន្ទាប់ពីការឆ្លើយរបស់លោក ស៊ូប៊ែរឌី រួចមក លោក អ៊ិច សេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានឡើងធ្វើ បាឋកថា ពេលនោះក្រុមនិស្សិតមួយក្រុមមកពីក្រុមដដែលនោះបានប្រមូលផ្តុំ គ្នានៅច្រកចូល ហើយលើកបដាអំពាវនាវឲ្យដកតំណែងអ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិ។ និស្សិតជាច្រើននាក់បានអង្គុយជុំវិញសាលរាប់ទាំងអ្នកដែលសួរសំណួរ ផងបន្ទាប់មកបានដកបដាសរសេរដៃពីក្រោមតុ និងច្រៀង «No more Surya Subedi” ជាភាសាអង់គ្លេស។
ក្រោយមកនិស្សិតបានប្រមូលផ្តុំគ្នានៅខាងក្រៅច្រកចូលពេលចប់ ព្រឹតិ្តការណ៍នេះរួចបន្តច្រៀងនិងមិនព្រមទៅណា បើទោះមានសំណើពីសាកលវិទ្យាល័យក្តី។
អ្នកតវ៉ារាប់ទាំងមេខ្លោងបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេ ខណៈម្នាក់ក្នុងចំណោមនោះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ពួកគេជាសមាជិកក្រុមនិស្សិតនៃគណបក្សនយោបាយក៏ដោយ។
តែនិស្សិតស្រីម្នាក់មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា គឺម្នាក់ក្នុងចំណោម៦នាក់ដែលចាប់ផ្តើមចំអកឲ្យលោក ស៊ូប៊ែរឌី និយាយថា នាងមិនមែនជាសមាជិកក្នុងគណបក្សនយោបាយទេ ហើយបានមកចូលរួមដោយស្ម័គ្រចិត្ត។
លោក ហ៊ុន យ៉ូន អាយុ២១ឆ្នាំ បានថ្លែងថា៖«ខ្ញុំអាចនិយាយអំពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំអាចនិយាយអ្វីដែលខ្ញុំដឹង។និស្សិតដទៃទៀតដែលបានចូលរួម ក្នុងបាឋកថានេះ បានសម្តែងការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើង។
លោក ណា រិទ្ធ អាយុ៣០ឆ្នាំ បានថ្លែងថា៖ «ខ្ញុំមិនរំពឹងថាមានរឿងនេះទេ។ ខ្ញុំគិតថា វាមិនល្អទេ ព្រោះខ្ញុំគាំទ្រគាត់។ គាត់ល្អសម្រាប់ប្រទេសកម្ពុជា»។
អតីតសិស្សហើយបច្ចុប្បន្នជាបុគ្គលិកនៅសាកលវិទ្យាល័យមេគង្គ កម្ពុជាថ្លែងថា បើទោះជាគាត់មិនរំពឹងពីការតវ៉ានេះក៏ដោយតែគាត់បានគាំទ្រ សិទិ្ធពួកគេ។
ទោះជាយ៉ាងណា និស្សិតដទៃទៀតបានចោទសួរពីមូលហេតុនយោបាយរបស់ក្រុមអ្នកតវ៉ា។
លោកស្រី Gaye Valerie Salacup ប្រធានការិយាល័យអន្តរជាតិនៅសាកលវិទ្យាល័យបានថ្លែងថា ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនិស្សិតពីសាកលវិទ្យាល័យផ្សេងៗ។
លោកស្រីបន្ថែមថា៖«ពួកគេជានិស្សិតចម្រុះមកពីសាកលវិទ្យាល័យ ជាច្រើនគេចង់និយាយថា គេខឹងលោក ស៊ូប៊ែរឌី ចំពោះរបាយការណ៍គាត់ ...ប៉ុន្តែនេះមិនមែនជាកន្លែងបង្កករណីនេះទេ»។
លោក ស៊ូប៊ែរឌី មានទឹកមុខស្ងប់ស្ងាត់ចំពោះការតវ៉ាដោយផ្តល់ការឆ្លើយតបបែប ចិត្តសាស្រ្ត ខណៈលោកចាកចេញពីអគារនោះថា៖«វាមិនភ្ញាក់ផ្អើលចំពោះខ្ញុំទេ។ គេកំពុងសិក្សា ហើយវាជាដំណើរការសិក្សា។ វានឹងបន្ត»។
កាលពីព្រឹកថ្ងៃអង្គារ លោក ស៊ូប៊ែរឌី ក៏បានចំណាយពេលជិត ២ ម៉ោងដើម្បីជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត(គ.ជ.ប)ជុំវិញការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
លោក ស៊ូប៊ែរឌី ពុំបាននិយាយជាមួយអ្នកយកព័ត៌មានច្រើនទេបន្ទាប់ពីប្រជុំនោះ គ្រាន់តែថា កិច្ចប្រជុំនេះមានប្រយោជន៍ខ្លាំងណាស់។ លោកថាមានបញ្ហាជាច្រើនដើម្បីពិភាក្សាជាមួយនឹងគ.ជ.ប ហើយលោករីករាយដែលមានការឆ្លើយតបពីមេដឹកនាំគ.ជ.ប ចំពោះអនុសាសន៍លោក។
លោក អ៊ឹម សួស្តី ប្រធានគ.ជ.ប ប្រាប់អ្នកកាសែតថា លោក ស៊ូប៊ែរឌី បានលើកឡើងបញ្ហាដដែលពីអ្វីដែលលោកមើលឃើញនិងបានឮទាក់ទងនឹងការ បោះឆ្នោតនៅខែកក្កដា ដូចជា បញ្ជីឈ្មោះអ្នកបោះឆ្នោត ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងការជ្រើសរើសមន្រ្តីរៀបចំការបោះឆ្នោត។ លោកបន្តថា ៖ «នេះជាឱកាសល្អដែលយើងបានពន្យល់ប្រាប់គាត់អំពីស្ថានការណ៍ក្នុង ប្រទេសកម្ពុជាអំពីច្បាប់ប្រទេសកម្ពុជា បទពិសោធដែលយើងបានធ្វើពីមុនមក»៕TK
No comments:
Post a Comment