កូនមន្ត្រីបក្សប្រជាជន១៤នាក់ឈរតំណាងរាស្ត្រ
- Monday, 06 May 2013
- មាស សុខជា

លោក ហ៊ុន ម៉ានី កូនប្រុសលោកហ៊ុន សែនត្រូវឈរជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលកំពង់ស្ពឺ។ រូបថត ជីវ័ន
យោងតាមបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតរបស់គណបក្សប្រជាជន ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ បានឲ្យដឹងថា គណបក្សកាន់អំណាចបានជ្រើសរើសកូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនចំនួន ១៤ នាក់ឲ្យឈរជាបេក្ខជនតំណាងរាស្រ្ត ក្នុងខេត្តចំនួន៩។
បេក្ខជនវ័យក្មេងទាំងនោះ មានលោក ហ៊ុន ម៉ានី អាយុ៣១ ឆ្នាំ កូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ។ លោក សុខ សូកាន អាយុ ៣០ឆ្នាំកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ឈរឈ្មោះនៅខេត្តតាកែវ។ លោក ស សុខា អាយុ ៣១ ឆ្នាំ កូនប្រុសលោកឧបនាយករដ្ឋមន្រ្តី ស ខេង ឈរឈ្មោះនៅខេត្តព្រៃវែង លោក សាយ សំអាល់ អាយុ ៣៤ ឆ្នាំ កូនប្រុសលោកសាយ ឈុំ អនុប្រធានព្រឹទ្ធសភា ឈរឈ្មោះនៅខេត្តកំពង់ចាម។ លោក ឌិត ទីណា កូនប្រុសរបស់ លោក ឌិត មន្ទី ប្រធានតុលាការកំពូលឈរឈ្មោះនៅខេត្តកណ្តាល លោក គីម រិទ្ធី អាយុ ៣៣ ឆ្នាំ កូនប្រុសអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទលោក គន់ គីម ឈរឈ្មោះនៅខេត្តកណ្តាល។ លោក ជាម ច័ន្ទសោភ័ណ អាយុ៤០ឆ្នាំ កូនប្រុសលោក ជាម យៀប ឈរឈ្មោះនៅខេត្តបាត់ដំបង និងលោក ឌី វិជ្ជា អាយុ ៣២ ឆ្នាំ ជាកូនប្រសារបស់លោក ហ៊ុន សែន ឈរឈ្មោះនៅខេត្តស្វាយរៀង។ ក្រៅពីនេះ មានកូន និងសាច់ញាតិ របស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនដទៃទៀតក៏ត្រូវបានជ្រើសរើស ឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រផងដែរ មានដូចជា លោក ថេង ចន្ទសង្វា អាយុ ៤០ ឆ្នាំ កញ្ញា ដំ ដារីនី អាយុ ២៨ ឆ្នាំ លោក ទុយ ស៊ីផាន អាយុ ២៩ឆ្នាំ លោក សួរ យ៉ារ៉ា អាយុ ៤០ ឆ្នាំ លោកស្រី បាន ស្រីមុំ អាយុ ៣៩ ដែលជាភរិយា លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន និងលោកគង់ ធារ៉ា អាយុ៣៨ ឆ្នាំ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា លោកត្រូវដើរតាមគោលនយោបាយគណបក្ស និងថា សកម្មភាពល្អៗរបស់គណបក្សប្រជាជននឹងនាំមកនូវជោគជ័យ សម្រាប់គណបក្សប្រជាជន។
លោក ជាម ច័ន្ទសោភ័ណ បានបន្ថែមថា៖ «យើងជាសមាជិកគណបក្សនយោបាយ យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលល្អ ដូច្នេះ យើងអាចមានការគាំទ្រពីប្រជាជន។ យើងតែងតែជួយអ្នកដែលជួបគ្រោះមហន្តរាយ។ នេះជាសកម្មភាពល្អរបស់គណបក្សប្រជាជន»។
លោក ហង្ស ពុទ្ធា នាយកប្រតិបតិ្តនៃអង្គការឃ្លាំមើលការបោះឆ្នោត NICFEC បានហៅការជ្រើសរើសកូនមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនឲ្យឈរ ឈ្មោះជាបេក្ខជនតំណាងរាស្ត្រនេះ ថា ជាការធ្វើឲ្យបាត់បង់ឱកាស សម្រាប់កូនមន្ត្រីតូចតាច និងកូនប្រជាពលរដ្ឋក្រីក្រ។
លោក ហង្ស ពុទ្ធា បាននិយាយថា៖ «យើងបានមើលឃើញថា អ្នកដែលគ្មានសែស្រឡាយពួកគេនៅតែបាត់បង់ឱកាស»។
លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ក៏បានឲ្យដឹងដែរថា គណបក្សប្រឆាំងដែលជាគូប្រជែងជាមួយគណបក្សប្រជាជនមួយនេះ ក៏បានសម្រេចផ្តល់ឱកាសដល់យុវជនឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ក្នុងខេត្តចំនួន ៩ ផងដែរដែលរួមមាន រាជធានីភ្នំពេញ ខេត្តប៉ៃលិន ព្រៃវែង កំពង់ចាម កណ្តាល តាកែវ កំពត បាត់ដំបង មណ្ឌលគិរី និងខេត្តរតនគិរី។ លោក កឹម សុខា មិនបានប្រាប់ឲ្យដឹងពីឈ្មោះយុវជន ដែលត្រូវឈរឈ្មោះជាតំណាងរាស្ត្រទាំងអស់នោះទេ ដោយប្រាប់តែឈ្មោះយុវជនពីរនាក់ប៉ុណ្ណោះ គឺលោក សួង សុភ័ណ្ឌ អាយុ ២៨ ឆ្នាំ ជាប្រធានចលនាយុវជនឈរឈ្មោះនៅខេត្តប៉ៃលិន និងលោក ឡុង គឹមខន អាយុ ២៩ ឆ្នាំ ឈរនៅខេត្តព្រៃវែង។ លោក កឹម សុខា បានបន្តថា លោកមិនបានជ្រើសរើសកូនរបស់លោកទៅឈរឈ្មោះជាតំណាងរាស្រ្តទេ ហើយថា លោកមិនខ្វល់អំពីកូនរបស់មន្រ្តីគណបក្សប្រជាជនឡើយ។លោក កឹម សុខា បានបញ្ជាក់ថា៖ «មានសំណើផ្ទៃក្នុងគណបក្សស្នើសុំខ្ញុំជ្រើសរើសកូនខ្ញុំឲ្យឈរ ឈ្មោះជាតំណាងរាស្រ្ត ប៉ុន្តែខ្ញុំមិនយល់ស្របទេ។ ខ្ញុំទុកឱកាសឲ្យកូនប្រជាជន»។
លោក ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាជននៅខេត្តព្រៃវែងកាលពីសប្តាហ៍មុន ពេលធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធសមិទ្ធផលនៅក្នុងវត្តមួយថា គណបក្សប្រជាជនជ្រើសរើសកូនឲ្យឈរឈ្មោះជាតំណាងរាស្រ្ត មិនមែនជាញាតិនិយមទេ ហើយថា ការរៀបចំនេះគឺដើម្បីឲ្យពួកគេរក្សាសមិទ្ធផលរបស់គណបក្សប្រជាជន ដែលបានកសាងឡើង៕ TK
No comments:
Post a Comment