ដោយ បូ សាវី និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី11 មេសា ឆ្នាំ2013 ម៉ោង08:40

រូបសំណាកសម្តេចសង្ឃរាជ ជូន ណាត
កំពុងអង្គុយសំឡឹងមើលរូបសំណាកពណ៌ខ្មៅ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលកសាងពីថ្ម ដែលគេដាក់តាំងក្នុងទិវារំលឹកឧបការៈគុណព្រះអង្គ និងអង្គជំនុំព្រះត្រៃបិដកខ្មែរ រយៈពេលបីថ្ងៃ កាលពីចុងសប្ដាហ៏មុន នៅទីធ្លាវត្ដព្រះរាជបូព៌ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានពុទ្ធបរិស័ទ្ធរាប់ម៉ឺននាក់ ធ្វើពិធីរាប់បាតព្រះសង្ឃ១ពាន់អង្គផងនោះ អ្នកស្រី ចិន ថា រៀបរាប់ពី ស្នាព្រះហស្តអង្គបានបន្សល់ទុក ដូចជាការបកប្រែភាសាបាលីមកជា ភាសាជាតិរបស់ខ្លួនបាន ដែលមនុស្សនៅលើពិភពលោក មិនអាចធ្វើបាន។
ស្តាប់សំឡេង៖
សម្ដេចសង្ឃ ជួន ណាត ដែលគាត់បានលះបង់នៅកាយដើម្បីបុព្វហេតុប្រជារាស្ដ្រ ហើយកូនចៅទាំងអស់ ហើយខាងព្រះពុទ្ធសាសនា មានដូចជាសៀវភៅធម៌ទាំងអស់ហ្នឹងឯងសំរាប់ទុកឲ្យកូនចៅជំនាន់ក្រោយ។
ស្ដ្រីវ័យ៥៦ឆ្នាំ ដែលមានសំលៀកបំពាក់ពណ៌ស ពាក់សញ្ញាសាសនាជាប់នឹងអាវផងនោះ គាត់មកពីស្រុកជីក្រែង ខេត្ដសៀមរាប។ គាត់បន្តថា គាត់មានសទ្ធាជ្រះថ្លាយ៉ាងខ្លាំង ចំពោះសម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ព្រោះថា ទ្រង់ជាស្ដេចសង្ឃមួយអង្គ ដែលបានបានបន្សល់ទុកនូវពាក្យប្រៀនប្រដៅកូនចៅខ្មែរនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ឲ្យស្គាល់តែអំពើល្អ ។
នៅក្នុងទីវត្ដអារាម នាថ្ងៃទី៦ខែមេសា នាចុងសប្ដាហ៏មុន មានពុទ្ធបរិស័ទ្ធ រាប់ម៉ឺននាក់ បានធ្វើពិធីបាតព្រះសង្ឃរាប់ពាន់អង្គ ដើម្បីឧទិសព្រះវិញ្ញាណក្ខន្ធ ក៏ដូចធ្វើឧបការៈគុណ ជូនសម្ដេចព្រះសង្ឃរាជ ជូន ណាត និងអង្គជំនុំព្រៃត្រៃបិដកខ្មែរផងដែរ។ ដៃម្ខាងចាប់ចង្ហាន់ និងដៃម្ខាងទៀតកាន់បច្ច័យដាក់ទៅបាតព្រះសង្ឃ អ្នកស្រី ទូច ភាលីណា អាយុជិត៥០ និយាយថា អ្នកស្រី មានអារម្មណ៏ជ្រះថ្លាក្រៃលែងក្នុងវិស័យព្រះពុទ្ធសាសនា។ គាត់នៅតែចងចាំជានិច្ចចំពោះឧបការៈគុណដល់សម្ដេចសង្ឃរាជ ជួន ណាត និងក្រុមអង្គជំនុំព្រះត្រៃដកខ្មែរ ដែលបានឲ្យកូនខ្មែរស្គាល់ពីធម៌ព្រះពុទ្ធសាសនា ៖ "ចា៎នៅតែឃើញ មើលតាមរូបសំណាក ព្រះអង្គនៅតែមានព្រះជននៅឡើយ សូមឧទិសដល់បុព្វការីជនសម្ដេចជូន ណាត និងក្រុមជំនំព្រៃបីដក់ទាំងអស់គ្នា "។
លោក ហង្ស មុន្នី ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាមួយរូបទៀត បានរំលឹកថា ព្រះកិត្ដិនាមរបស់សម្ដេចសង្ឃរាជ ជួន ណាត ត្រូវបានគេចងក្រងពីជីវប្រវត្ដិ និងដាក់បង្ហាញរូបសំណាកពីភាពអស្ចារ្យរបស់ទ្រង់នៅតាមសារមន្ទីរ វប្បធម៌នានា និងនៅទីធ្លាសាធារណៈផងដែរ។ លោកបន្ថែមថា ភាពល្បីល្បាញរបស់ព្រះអង្គ ធ្វើមនុស្សជំនាន់ក្រោយចង់យកគំរូតាម ៖ "ឈ្មោះរបស់គាត់គឺអស្ចារ្យ ហ្នឹងហើយប្រជាជនខ្មែរនៅតែគោរពស្រឡាញ់និងកោតសសើរសូប្បីតែយើងទៅ ភូមិវប្បធម៌ ក៏ឃើញគេធ្វើរូបសំណាកព្រះអង្គចេញចូលតែងគោរពព្រះអង្គ"។

សម្តេចព្រះសង្ឃរាជ ជួន ណាត
យុវតីវ័យ២០ឆ្នាំរូបនោះ បន្ដថា បើទោះបីកញ្ញានៅវ័យក្មេង តែកញ្ញាដឹងថា កាលពីសម័យអាណានិគមបារាំង អក្សសាស្ដ្រខ្មែរស្ទើរតែលុបបំបាត់ទៅហើយ។ ក៏ប៉ុន្ដែដោយសារតែមានសម្ដេចព្រះរាជ ជួន ណាត បានបំផុសបំផុលឲ្យកូនខ្មែរគ្រប់រូបប្រឆាំងនិងអាណានិគមបារាំងទាមទារ យកមកវិញ ៖ "ចង់ដូចដែរ តែតាមគិតទៅសម្ថភាពមិនដល់ព្រះអង្គទេ ព្រោះអីព្រះអង្គជាសង្ឃមួយអង្គដែលមានភាពវ័យឆ្លាតមែនទែន តាំងពីកុមារភាពរហូតដល់ទ្រង់សុគត ប៉ុន្ដែបើទោះបីនាងខ្ញុំមិនដូចព្រះអង្គក៏ដោយក៏នាងខ្ញុំ ប្ដេជ្ញាចិត្ដថានឹងខំប្រឹប្រែងរៀនសូត្រ ដើម្បីឲ្យប្រទេសជាតិរីកចម្រើន និងលុបបំបាត់អំពើពុករលួយ គឺចង់យកគំរូតាមទី១ គឺចេះច្រើនភាសារដូចព្រះអង្គ ហើយទី២ ចង់សិក្សាស្វែងយល់ពីអក្សសាស្ដ្រខ្មែរដូចព្រះអង្គ"។
យុវតីរាងស្ដើងសំបុរស្រអែម ដែលមានពាក់រូបថតសម្ដេចព្រះសង្ឃរាជ នៅជាប់នឹងខ្លួនផងនោះ បន្ដថា យុវជនខ្មែរជំនាន់ក្រោយមួយចំនួនតូច មិនសូវយកចិត្ដទុកដាក់ស្វែងយល់ពីអក្សរសាស្ដ្រខ្មែរ និងសិក្សាផ្នែកធម៌ព្រះពុទ្ធសាសនានោះទេ គឺគិតតែសប្បាយភ្លើតភ្លើនភ្លេចវប្បធម៌របស់ខ្លួន ៖ "គឺដោយសារសង្គមអូសទាញ អញ្ចឹងហើយធ្វើឲ្យយុវ័យភាគច្រើន ជាពិសេសអ្នកនៅតាមទីក្រុង គឺគាត់អត់បានខ្វល់ខ្វាយពីរឿងអក្សសាស្ដ្រខ្មែរ ឬក៏រៀនសូត្រធម៌អាភាសាបាលីអីទេគឺគាត់គិតពីសប្បាយ និយាយទៅរឿងសប្បាយគេអូសទាញយើងលឿនណាស់ ប៉ុន្ដែរឿងល្អគឺគាត់ធ្វើបានដោយកម្រ ដូចពាក្យមួយគេនិយាយថាអំពើល្អធ្វើបានដោយកម្រ អំពើអាក្រក់ធ្វើបានដោយងាយ"។
សម្ដេចព្រះសង្ឃរាជ មហាសុមេធាធិបតី (ជោតញ្ញាណោ) ជូន ណាត ប្រជាជនខ្មែរ ចាត់ទុកព្រះអង្គថា គឺជាមហាវីរៈបុរសខេមរៈជាតិដីល្បាញមួយអង្គ នៅទូទាំងប្រទេសនិងលើឆាកអន្ដរជាតិ។
នៅក្នុងពិធីរំលឹកព្រះឧបការៈគុណទ្រង់និងអង្គជំនំព្រៃត្រៃបិដក ខ្មែរ ព្រះសង្ឃបានសម្ដែងធម៌ទេសនាឲ្យពលរដ្ឋខ្មែរគ្រប់រូបចងចាំថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ជាមោទនភាពជាតិខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជាបេះដូងខ្មែរ មិនមែនយកស្រាបៀរទៅផ្សាយជាមោទនភាពជាតិខ្មែរទៅវិញនោះទេ៕
No comments:
Post a Comment