ធម្មិកោ ចាត់ទុកការព្រមានឲ្យប្រកាសទ្រព្យថាជារឿងនយោបាយ
- Wednesday, 22 May 2013
- វង្ស សុខេង

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ។ រូបថត ហេង ជីវ័ន
ព្រះអង្គម្ចាស់ ធម្មិកោ ដែលជាបេក្ខជនតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ បានមានបន្ទូលថា.ព្រះអង្គបានទទួល លិខិតមួយពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលទាមទារការប្រកាសទ្រព្យសម្បត្តិ។ ប៉ុន្តែព្រះអង្គបានមានបន្ទូលថា៖ «ខ្ញុំនឹងមិនប្រកាសទ្រព្យសម្បតិ្តទេ ព្រោះស្ថាប័នព្រះមហាក្សត្រ ជាស្ថាប័នឯករាជ្យ។ ដូច្នេះ វាមិនគួរជ្រៀតជ្រែក ដោយរដ្ឋាភិបាល ឬអង្គភាពប្រឆាំងអំពើពុករលួយឡើយ»។
ក្នុងលិខិតដែលចុះថ្ងៃចន្ទ និងទទួលបានកាលពីម្សិលមិញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា សមាជិកគ្រួសាររាជវង្ស ១៤៨ អង្គ-នាក់ និងមន្រ្តីព្រះបរមរាជវាំង បានប្រកាសទ្រព្យសម្បតិ្តដោយសម្ងាត់ នៅសល់តែព្រះអង្គ ធម្មិកោតែមួយអង្គគត់ដែលអង្គភាពកំពុងរង់ចាំ។
លិខិតបានសរសេរទៀតថា៖ «អង្គភាពប្រឆាំងអំពើពុករលួយសូមព្រមានព្រះអង្គធម្មិកោថា ក្នុងករណីរឹងរួសនិងគ្មានឆន្ទៈប្រកាសទ្រព្យសម្បតិ្តនិងបំណុល ក្នុងរយៈពេល ១ សប្តាហ៍...ត្រូវទទួលទោសតាមមាត្រា ៣៨ នៃច្បាប់ប្រឆាំងអំពើពុករលួយ»។ «ការខកខានមិនគោរពតាមការប្រកាសអាចទទួលទោសជាប់ពន្ធនាគារពី ១ ខែដល់ ១ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២ លានរៀល ហើយនឹងកើនឡើងពីរដងក្នុងករណីរឹងរូស»។
ប៉ុន្តែព្រះអង្គ ធម្មិកោ បានមានបន្ទូលថា ព្រះអង្គជឿថា លិខិតនេះបានចេញដោយសារមូលហេតុនយោបាយ។ ព្រះអង្គ ដែលជាបេក្ខជនតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ក្នុងខេត្តព្រះសីហនុមានបន្ទូលថា៖ «ខ្ញុំគិតថា លិខិតព្រមាននេះ ជាឧបករណ៍របស់គណបក្សប្រជាជនដើម្បីបំភិតបំភ័យ និងដាក់សម្ពាធលើខ្ញុំព្រោះខ្ញុំបានចូលប្រឡូកក្នុងឆាកនយោបាយ»។
ព្រះអង្គ ធម្មិកោបញ្ជាក់ថា លិខិតនោះ បានបញ្ជូនមកព្រះអង្គក្នុងស្រោមសំបុត្រ ដែលគ្មានសញ្ញាផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោក សរ សម្បតិ្ត សមាជិកអចិន្រៃ្តយ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា លោកមិនបានដឹងអំពីលិខិតនេះទេ ហើយមិនអាចបញ្ជាក់ថា ត្រឹមត្រូវឬយ៉ាងណាឡើយ។ លោកបន្ថែមថា៖ «ខ្ញុំមិនទទួលបន្ទុកនាយកដ្ឋានប្រកាសទ្រព្យសម្បតិ្តទេ។ វាជាសំណួរល្អត្រូវសួរប្រធានខ្ញុំ»។
ប៉ុន្តែ លោក យ៉ិនទៀង ពុំអាចទាក់ទងសុំការពន្យល់បានទេ។
ពីមុនអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា មន្រ្តីប្រហែល ១០០០០០ នាក់នឹងត្រូវប្រកាសទ្រព្យសម្បតិ្ត។ ចំនួននេះបានធ្លាក់មកត្រឹម ២៥០០០ នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសទ្រព្យសម្បតិ្តជាការសម្ងាត់នៅថ្ងៃទី១ ខែមេសា ហើយក្រោយមកអះអាងថា លោកមានចំណូលប្រាក់ខែ ១១២៥ ដុល្លារក្នុងមួយខែ៕ TK
No comments:
Post a Comment