សហគមន៍កំពុងរង់ចាំការសន្យារបស់អភិបាលថ្មី
- Monday, 06 May 2013
- ឃុត សុភចរិយានិង Shane Worrell

សកម្មជនស្ត្រីនៃសហគមន៍បឹងកក់ ក្នុងកូដកម្មតវ៉ារកដំណោះស្រាយកាលពីអាទិត្យមុន។ រូបថត ហុង មិនា
អ្នកស្រី ហេង មុំ សកម្មជនដីធ្លីនៅតំបន់បឹងកក់ បានថ្លែងថា៖ «ខ្ញុំមានជំនឿមុតមាំថា អភិបាលក្រុងថ្មី លោក ប៉ា សុជាតិវង្ស មិនអាចមិនអើពើចំពោះបញ្ហារបស់យើងដូចអភិបាលចាស់នោះទេប្រសិនបើ គាត់ពិតជាចាត់ទុកយើងជាប្រជាជនរបស់គាត់»។
អ្នកស្រីបានបន្ថែមថា អ្នកស្រីគាំទ្រអត្ថាធិប្បាយរបស់លោក ប៉ា សុជាតិវង្ស ដែលលោកបានថ្លែងក្នុងអំឡុងពេលលោកស្បថចូលកាន់តំណែងជាអភិបាល រាជធានី កាលពីថ្ងៃសុក្រ។
អ្នកស្រី ឆាយ គឹមហ៊ន ជាតំណាងសហគមន៍បុរីកីឡាមានការរំពឹងស្រដៀងគ្នានេះដែរ។ អ្នកស្រីថ្លែងថា៖ «យើងរំពឹងថា ឥឡូវនេះគាត់នឹងធ្វើដូចអ្វីដែលគាត់សន្យា»។
លោក អ៊ី សារ៉ុម មន្រ្តីសម្របសម្រួលកម្មវិធីសម្រាប់សមាគមធាងត្នោត ដែលជាអង្គការការពារសិទ្ធិដីធ្លីថ្លែងថា ខណៈការបោះឆ្នោតជិតមកដល់លោកនឹងរង់ចាំមើលថា តើជម្លោះដីធ្លីនៅក្នុងរាជធានីនឹងអាចដោះស្រាយបានឬយ៉ាងណា?
លោកបន្តថា៖«យើងទាំងអស់គ្នានឹងរង់ចាំមើលការសន្យានេះក្លាយជាការអនុវត្តពិតឬទេ?»។
សហគមន៍បឹងកក់ និងសមាគមធាងត្នោត ពីសប្តាហ៍មុនបានចេញផែនទីនៃសំណើផែនការកាត់ចែកដីធ្លីថ្មីនៅ តំបន់បឹងកក់ដែលពួកគេនិយាយថា អាចជួយដោះស្រាយបញ្ហាជម្លោះរ៉ាំរ៉ៃជាយូរមកនេះបាន៕ PS
No comments:
Post a Comment