អ្នកចូលរួមខកចិត្តការលើកពេលសវនាការឈូក បណ្ឌិត
- Wednesday, 22 May 2013
- ម៉ៃ ទិត្យថារ៉ា

ស្ត្រីកម្មការិនីរងគ្រោះពីរនាក់ ក្នុងចំណោម ៣
នាក់និយាយទៅកាន់អ្នកកាសែត នៅមុខសាលាដំបូងខេត្តស្វាយរៀង
កាលពីម្សិលមិញ។ រូបថត ម៉ៃ វីរៈ
លោក លាង សួ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ដែលកាន់រឿងក្តីដ៏ចម្រូងចម្រាសមួយនេះបានប្រកាសនៅក្នុងអង្គ សវនាការដែលមានការចូលរួមពីជនរងគ្រោះ និងក្រុមអង្គការសង្គមស៊ីវិលរួមទាំងតំណាងក្រុមហ៊ុនបញ្ជាទិញសម្លៀក បំពាក់អន្តរជាតិកាលពីព្រឹកម្សិលមិញថា សវនាការនេះត្រូវលើកពេលទៅថ្ងៃទី១២ខែមិថុនា វេលាម៉ោង៨ព្រឹកវិញដោយសារមេធាវីរបស់លោក ឈូក បណ្ឌិត បានដាក់លិខិតសុំពន្យារដោយសារមេធាវីម្នាក់ជាប់ទៅបំពេញបេសកកម្ម នៅប្រទេសជប៉ុន.និងម្នាក់ទៀតជាប់ទៅការពារក្តី នៅឯខេត្តកំពង់ចាម។ លោកចៅក្រម បានថ្លែងថា៖ «យើងមិនអាចដំណើរការសវនាការបានទេដោយយើងគោរពសិទ្ធិមេធាវីទាំង ពីររបស់គាត់(ឈូក បណ្ឌិត)សុំពន្យារ ពេល ហើយតួអង្គសំខាន់នៅក្នុងរឿងក្តីនេះគឺលោកឈូក បណ្ឌិត ក៏អវត្តមានផងដែរ»។
ប៉ុន្តែ កញ្ញា សារី បុត្រចរិយា មេធាវីការពារក្តីឲ្យជនរងគ្រោះ មកពីអង្គការអប់រំច្បាប់សម្រាប់សហគមន៍បានស្នើសូមឲ្យតុលាការបន្ត បើកសវនាការទៅតាមពេលកំណត់ បើទោះបីជាមានតែសាក្សីជាមន្ត្រីប៉ូលិសចំនួន ១៨ នាក់ និងពុំមានសាក្សីរបស់ជនរងគ្រោះក៏ដោយ។ កញ្ញា បុត្រចរិយា បានថ្លែងថា៖ «បើទោះបីលោក ឈូក បណ្ឌិត ដែលជាតួអង្គសំខាន់អវត្តមានក៏ដោយក៏គាត់ធ្លាប់បានចូលសាលា ឧទ្ធរណ៍ផ្តល់ចម្លើយរួចហើយដែរដូច្នេះទោះបីជាគាត់មិនមកក៏ដោយបើ តាមនីតិវិធីច្បាប់គឺតុលាការអាចបន្តសវនាការបាន»។
កម្លាំងកងរាជអាវុធហត្ថ និងប៉ូលិសជាច្រើនត្រូវបានដាក់ពង្រាយ នៅជុំវិញបរិវេណតុលាការខេត្តស្វាយរៀងកាលពីម្សិលមិញ។
បន្ទាប់ពីតុលាការ បានប្រកាសលើកពេលសវនាការ អ្នកនាងកែវ នា កម្មកររងរបួសម្នាក់ក្នុងចំណោម ៣នាក់ បានថ្លែងនៅខាងមុខតុលាការ ខណៈកម្លាំងប៉ូលិសនិងកងរាជអាវុធហត្ថ នៅឈរពីក្រោយនាងថា តុលាការមិនមានចេតនាពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌ដល់ពួក នាងទាំងបីនាក់នោះទេ ពីព្រោះលោក ឈូក បណ្ឌិត តែងតែសូមពន្យារពេលរហូតនៅពេលដែលតុលាការកំណត់ពេលឲ្យចូលខ្លួន។ នាងបានថ្លែងថា ៖«ទោះយ៉ាងណា ខ្ញុំត្រូវតែតស៊ូ ដើម្បីស្វែងរកយុត្តិធម៌ បើទោះបីជាដឹងថា លោក ឈូក បណ្ឌិត មានលុយនិងមានឥទ្ធិពលក៏ដោយ»។ ដោយមានទឹកមុខក្រហម ដោយសារតែខកចិត្តនឹងការប្រកាសពន្យារពេលរបស់តុលាការអ្នកនាង កែវ នា បាននិយាយទៀតថា សព្វថ្ងៃនេះនាងរស់នៅទាំងភាពភ័យខ្លាច ខណៈដែលលោក ឈូក បណ្ឌិត នៅក្រៅឃុំហើយថាប្រសិនបើពួកនាងមានរឿងអ្វីកើតឡើងគឺគ្មានអ្នក ណាក្រៅពីលោក ឈូក បណ្ឌិតធ្វើឡើយ។
អ្នកនាងប៊ុត ចិន្តា ដែលជាជនរងគ្រោះម្នាក់ទៀត បានថ្លែងថានាងនៅតែទទូចរកយុត្តិធម៌បើទោះបីជានាងដឹងថា យុត្តិធម៌នៅសែនឆ្ងាយពីនាងក៏ដោយ។ នាងបានថ្លែងថា៖ «រឿងក្តីនេះ បានអូសបន្លាយយូរណាស់មកហើយតែពុំមានអ្វីវិវត្តនោះទេ។ ពួកខ្ញុំខ្លះរៀបការមានកូនអស់ទៅហើយតែលោកឈូក បណ្ឌិត នៅតែគ្មានទោសហើយរស់នៅយ៉ាងមានសេរីភាព»។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍បានសម្រេចធ្វើការចោទប្រកាន់សាជាថ្មីទៅលើលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលបានបាញ់កម្មការិនីរោងចក្រនៅក្រុង បាវិត ៣ នាក់ឲ្យរងរបួសពីបទបង្ករបួសស្នាមដោយអចេតនា ហើយបង្វិលសុំណុំរឿងនេះទៅឲ្យតុលាការខេត្តស្វាយរៀង បើកសវនាសាជាថ្មីឡើងវិញ។
ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ បានធ្វើឡើងបន្ទាប់ពីតុលាការខេត្តស្វាយរៀង បានសម្រេចលើកចោលមិនចាត់ការលើសំណុំរឿងដ៏ចម្រូងចម្រាសមួយនេះ ដែលបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែង បន្ទាប់ពីមានការបាញ់ប្រហារទៅលើកម្មករឲ្យរងរបួសធ្ងន់៣ នាក់ នៅក្នុងការតវ៉ាមួយ កាលពីថ្ងៃទី ២០ ខែកុម្ភៈនៅក្រុងបាវិតថា លោក ឈូក បណ្ឌិត គឺជាជនសង្ស័យតែម្នាក់គត់ ដែលបានធ្វើការបាញ់ប្រហារទៅលើកម្មករ។ ប៉ុន្តែយោងទៅតាមដីកាដំណោះស្រាយ ចុះហត្ថលេខាដោយលោកប៉ិច ឈឿត ចៅក្រមសាកសួរ សាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១២ បានឲ្យដឹងថា នៅវេលាម៉ោង ៩ ព្រឹក ដោយឃើញស្ថានភាពហ្វូងបាតុករឃាត់មិនស្តាប់ ឈ្មោះ ស ចន្ថា នាយផ្នែកព្រហ្មទណ្ឌនគរបាលក្រុងបាវិតដែលស្ថិតនៅពីមុខអគារទី២ទល់ មុខបន្ទប់ទឹកស្រ្តីក្នុងរោងចក្រកៅវ៉េ បានដកកាំភ្លើងខ្លី ម៉ាកឡុកចិន បាញ់ចំនួនពី ២ ទៅ ៣ គ្រាប់ ក្នុងហ្វូងបាតុករ ដើម្បីទប់ស្កាត់អំពើហិង្សា។ ស្របពេលនោះលោកឈូក បណ្ឌិត បានចុះពីលើរថយន្តរបស់ខ្លួនចូលទៅក្នុងចំណោមកម្មករដើម្បីរក ដំណោះស្រាយបញ្ឈប់សកម្មភាពហិង្សាក៏ត្រូវហ្វូងកម្មករនាំគ្នាស្រែក និងសម្រុកចូលដោយមានកាន់ដំបងដុំថ្មបានវាយគប់ទៅលើរោងចក្រនិង វាយមកលើឈូក បណ្ឌិត លោកក៏បានដកកាំភ្លើងខ្លី ម៉ាកឡុកចិន កាន់លើកកាណុងឡើងលើគំរាមដាក់កូដករ ទើបបណ្តាលឲ្យអាវុធកាន់នៅក្នុងដៃផ្ទុះគ្រាប់ឡើង។
ប៉ុន្តែលោក ស ចន្ថា បានបញ្ជាក់នៅក្នុងបរិវេណតុលាការខេត្តស្វាយរៀងកាលពីម្សិលមិញថា លោកពុំបាននៅក្នុងកន្លែងកើតហេតុនោះទេ ក្នុងថ្ងៃដែលមានការផ្ទុះអាវុធនោះពីព្រោះលោកប្រចាំការនៅកន្លែង ផ្សេងតែបែរជាត្រូវគេចោទប្រកាន់ទៅវិញ។ លោកបានបញ្ជាក់ថា៖ «ថ្ងៃក្រោយគ្មានសមត្ថកិច្ចណាហ៊ានធ្វើការអីទៀតនោះទេបើខ្លួនជា អ្នកប្រព្រឹត្តតែបែរជាចោទគេឯងទៅវិញពីព្រោះប៉ូលិស បានយាមនៅកន្លែងហ្វូងបាតុកម្មនោះបួនថ្ងៃមកហើយ ពុំមានរឿងអ្វីកើតឡើងសោះស្រាប់តែគាត់(ឈូក បណ្ឌិត)មកដល់ភ្លាមមានរឿងកើតឡើងតែម្តង»។
លោក ឡុង ភន នាយរងប៉ុស្តិ៍នគរបាល សង្កាត់ប្រាសាទ ជាសាក្សីដែលហ៊ាននិយាយនៅសាលាឧទ្ធរណ៍ថា លោក ឈូក បណ្ឌិតគឺជាអ្នកបាញ់កម្មករឲ្យរងរបួស បានថ្លែងនៅខាងមុខតុលាការខេត្តកាលពីម្សិលមិញដែរថា លោកនៅតែរក្សាពាក្យដែលលោកបានឆ្លើយប្រាប់សាលាឧទ្ធរណ៍ដដែល។ លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំនៅតែរក្សាពាក្យថា ឈូក បណ្ឌិត បានបាញ់សំដៅក្រុមអ្នកតវ៉ាគឺគាត់ពុំបានបាញ់ទៅលើអាកាសទេ ពីព្រោះខ្ញុំនៅចម្ងាយប្រមាណជា ៧ ម៉ែត្រ ពីលោក ឈូក បណ្ឌិត»។
លោក Reiner Hengstmann, Global Director of Safe SupplyChain របស់ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ Puma ដែលបានជិះយន្តហោះ ពីប្រទេសអាល្លឺម៉ង់ ដើម្បីមកតាមដានដំណើរការសវនាការរបស់តុលាការខេត្តស្វាយរៀងកាលពី ម្សិលមិញ បានសម្តែងការខកចិត្ត ខណៈដែលតុលាការបានប្រកាសលើកពេល។ លោកបាននិយាយថា៖«ខ្ញុំខកចិត្តចំពោះការលើកពេលសវនាការនេះប៉ុន្តែ យើងនៅតែបន្តតាមដានករណីនេះទៀតពីព្រោះយើងមកទីនេះ ដើម្បីស្វែងរកយុត្តិធម៌»។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានហៅការលើកពេលបើកសវនាការនេះថាជាល្បែងមួយរបស់តុលាការនៅ ប្រទេសកម្ពុជា។ លោកបានថ្លែងថា៖ «ឈូក បណ្ឌិត គឺជាជនល្មើសទៅហើយ ដូច្នេះជនល្មើសដែលមិននៅក្នុងពន្ធនាគារបែរជាអាចធ្វើឲ្យការ ដំណើរការក្តីវាមិនប្រក្រតីដូចនៅថ្ងៃនេះ»។
លោក ណៃ វណ្ណដា ប្រធានផ្នែកសិទ្ធិមនុស្ស របស់អង្គការការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា ការពន្យារពេលសវនាការនេះ គឺហាក់ដូចជាមិនសមហេតុផល។ មេធាវី និងជនជាប់ចោទ គួរតែធ្វើការជូនដំណឹងមកតុលាការឲ្យបានយ៉ាងហោចណាស់ក៏២សប្តាហ៍ ជាមុនដើម្បីឲ្យតុលាការអាចធ្វើការសម្រេចប្រកាសលើកពេលជាមុន មិនមែនដល់ថ្ងៃត្រូវបើកសវនាការ ទើបធ្វើការប្រកាសលើកពេលដូច្នេះទេ។ លោកបាននិយាយថា ៖ «ចំពោះករណីនេះគឺឃើញថាខ្វះនីតិវិធីច្រើនក្នុងដំណើរការសវនាការ វាគ្មានហេតុផលណាមួយដើម្បីពន្យារពេលនោះទេគឺតុលាការអាចដំណើរ ការដោយកំបាំងមុខ»។
ចំណែកលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ក៏យល់ស្របទៅនឹងការលើកឡើង របស់លោក ណៃ វណ្ណដា ដែរ ហើយបានគូសបញ្ជាក់បន្ថែមថា តុលាការហាក់ដូចជាពុំមានចេតនាពិតប្រាកដ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនោះទេ ខណៈដែលលោក ឈូក បណ្ឌិត នៅតែអាចរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។ លោកសំអាតថ្លែងថា៖ «ការពន្យារពេលសវនាការនៅថ្ងៃនេះគឺហាក់ដូចជា ផ្តល់ផលប្រយោជន៍មួយដល់លោក ឈូក បណ្ឌិត ពីព្រោះការពន្យារពេលនេះគឺបានបង្ហាញថាលោក ឈូក បណ្ឌិត មានចេតនា មិនចង់ចូលក្នុងសវនាការនេះទេ»៕
No comments:
Post a Comment