ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយដែលដើរតួនាទីជាមាសបៃតង ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតនិងបង្កើនការងារជូនប្រជាពលរដ្ឋធ្វើ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពីការអនុវត្តការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជាផ្នែកគេហកិច្ចតាម ស្តង់ដាអាស៊ាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣នេះ នាសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា កន្លងមកវិស័យទេសចរណ៍កម្ពុជា បានចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការចូលរួមសម្រេចគោលដៅនៃ យុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ សែន ជាប្រមុខ។ វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដែលដើរតួជាមាស បៃតង ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលជាច្រើន ការជំរុញការនាំចេញនៅនឹងកន្លែងដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រមទាំងអាចឆ្លើយតបបានទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុប្រកបដោយ ប្រសិទ្ធិភាព ដែលស្របនឹងនិន្នាការសកលលោកនាពេលបច្ចុប្បន្ន។
លោក ថោង ខុន បានចាត់ទុកវិស័យទេសចរណ៍ គឺជាវិស័យមួយមានលក្ខណៈជាប្រព័ន្ធ ជាអន្តរវិស័យប្រកបដោយប្រទាក់ក្រឡាគ្នាទាំងនៅកំរិតសកល កំរិតតំបន់ និងកំរិតជាតិ ហើយក៏ត្រូវបានចាត់ទុកទៀតថា ជាសមាសធាតុមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងទំនាក់ទំនងទៅវិញទៅមក ពិសេសការជំរុញវប្បធម៌សន្តិភាព ។

លោកបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការទេសចរណ៍អន្តរជាតិ(UNWTO) បានបង្ហាញថា នៅឆ្នាំ២០១២ ទេសចរធ្វើដំណើរទូទាំងពិភពលោកមានចំនួន១.០៣៥លាននាក់ ក្នុងកំណើន ៤ភាគរយ ហើយនៅឆ្នាំ២០២០ ទេសចរពិភពលោកនឹងកើនដល់១.៦០០លាននាក់ និងនៅឆ្នាំ២០៣០ នឹងកើនដល់ ១.៨០០លាននាក់ ដែលអាចទាញចំណូលប្រមាណ ៣ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយឈរក្នុងលំដាប់ទី៤ បន្ទាប់ពីប្រេងឥន្ទនៈ ឧស្សាហកម្មគីមី និងរថយន្ត។
ដោយឡែកចំពោះកម្ពុជាក្នុងឆ្នាំ២០១២កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៣.៥លាននាក់ ក្នុងកំណើន២៤,៤ភាគរយធៀបនឹងឆ្នាំ២០១១ជាមួយនឹងចំនួនទេសចរ ក្នុងស្រុកប្រមាណ៨លាននាក់ ក្នុងកំណើន១៤ភាគរយ ដោយបាននាំមកនូវចំណូលជូនជាតិប្រមាណ២.២១០លានដុល្លារអាមេរិក រួមចំណែកប្រមាណ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP) និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង៣៥ម៉ឺននាក់។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៣នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនប្រមាណ១.៥លាននាក់ កើនឡើង ១៧,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១២។
សូមបញ្ជាក់ថា ស្របគ្នាជាមួយនឹងពិធីបុណ្យសមុទ្រដែលគ្រោងធ្វើនៅខេត្តកែបចាប់ពី ថ្ងៃ០៥-១០ខែធ្នូឆ្នាំ២០១៣ខាងមុខនេះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកំរិតសាកលលោកថ្មី មួយទៀតគឺ មហាសន្និបាតលើកទី៩របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើ សកលលោក ក្រោមប្រធានបទ«ទឹកសមុទ្រខៀវស្រងាត់»នាទីក្រុងបៃតង នៃរមណីយដ្ឋានឋានសួគ៍បូកគោខេត្តកំពត ៕
No comments:
Post a Comment